អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖​បទឈប់បាញ់​ត្រូវ​បាន​ជំនួស​ដោយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​លើ​សមរភូមិ

នៅ​ក្នុង​ប្រទេស​ស៊ីរី ការ​ប្រយុទ្ធ​គ្នា​នៅ​លើ​សមរភូមិ​បាន​ចាប់​ផ្តើម​ជា​ថ្មី​នា​យប់​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កងទ័ព​ស៊ីរី​បាន​ប្រកាស​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ភ្លាម ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ក៏​បាន​ចាប់​ផ្តើម​យ៉ាង​គំហុក​ដោយ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ជនស៊ីវិល​ចំនួន ៣៦នាក់ ក្នុង​នោះ​មាន​បុគ្គលិក​មនុស្សធម៌​ចំនួន ១២នាក់ និង​អ្នកបើកបរ​ឡាន​កាមីញ៉ុង​ម្នាក់។ ប្រតិបត្តិការ​សឹក​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​នា​ឱកាស​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​នៅ​ថ្ងៃ​អង្គារ ទី២០ កញ្ញា​នេះ។

ស៊ីរី៖​បទឈប់បាញ់​ត្រូវ​បាន​ជំនួស​ដោយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​លើ​សមរភូមិ
ស៊ីរី៖​បទឈប់បាញ់​ត្រូវ​បាន​ជំនួស​ដោយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​លើ​សមរភូមិ BULENT KILIC / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​បិទបញ្ចប់​កិច្ចព្រមព្រៀង​ឈប់បាញ់​ពី​សំណាក់​ទ័ពរដ្ឋាភិបាល​ស៊ីរី​ភ្លាម ប្រតិបត្តិការសឹក​ផ្លូវអាកាស​ក៏​បាន​ចាប់​ផ្តើម​ក្រោម​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ទីក្រុង​អាឡិប ពិសេស​នៅ​តំបន់​ប៉ែក​ខាង​កើត​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម។ ពេញ​មួយ​យប់​មិញ មាន​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​យ៉ាង​តិច ៤០ដង​ទៅ​លើ​ទីតាំង​របស់​ក្រុម​បះបោរ។ តែ​ប្រតិបត្តិការ​សឹក​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​បាន​កើត​មាន​ឡើង​លើ​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​របស់​អង្គការ​មនុស្សធម៌ Croissant Rouge ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៦នាក់ ក្នុង​នោះ​មាន​បុគ្គលិក​មនុស្សធម៌​ចំនួន ១២នាក់ ព្រម​ទាំង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

ក្រៅ​ពី​មាន​មនុស្ស​ស្លាប់ និង​របួស ការ​វាយប្រហារ​ផ្លូវអាកាស​ក៏​បាន​កម្ទេច និង​ធ្វើ​ឲ្យ​ខូចខាត​ឡានកាមីញ៉ុង​ដឹកជំនួយ​មនុស្សធម៌​ប្រមាណ​ជា ១៨គ្រឿង ព្រម​ទាំង​ឥវ៉ាន់​ដែល​មាន​នៅ​ក្នុង​ឡាន​កាមីញ៉ុង​ទាំង​នោះ។ អង្គការ​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​បាន​បញ្ជាក់​ពី​ដំណឹង​វាយប្រហារ​នេះ តែ​មិន​ទាន់​ហ៊ាន​អះអាង​ថា តើ​យន្តហោះ​ដែល​បាន​ទម្លាក់​គ្រាប់បែក​នោះ​ជា​យន្តហោះ​របស់​ទ័ពអាកាស​រុស្ស៊ី ឬ​មួយ​ជា​យន្តហោះ​របស់​ទ័ពអាកាស​ស៊ីរី។ ទន្ទឹម​គ្នា​នឹង​ប្រតិបត្តិការ​ផ្លូវអាកាស ក៏​មាន​ការ​បាញ់ផ្លោង​គ្រាប់​កំាភ្លើងត្បាល់​ដាក់​គ្នា​រវាង​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដែល​គ្រប់គ្រង​តំបន់​ប៉ែកខាង​លិច និង​កម្លំាងបះបោរ​ដែល​គ្រប់គ្រង​តំបន់​ប៉ែកខាងកើត​ទីក្រុង​អាឡិប។

នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​បើក​មហាសន្និបាត​ប្រចាំ​ឆ្នាំ វិបត្តិស៊ីរី​ក៏​បាន​ក្លាយ​ជា​ប្រធានរឿង​មួយ​យ៉ាង​សំខាន់​ដែរ។ តែ​នៅ​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​មាន​លើ​សមរភូមិ​ស៊ីរី​ពេល​នេះ អាមេរិក និង​រុស្ស៊ី​ដែល​ជា​តួអង្គ​នៃ​កិច្ចព្រមព្រៀង​ឈប់បាញ់​បាន​ឆ្លៀត​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ ដោយ​មិន​ចង្អុល​ចំ​មុខ​រុស្ស៊ី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក John Kirby បាន​ថ្លែង​ថា អាមេរិក​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ឥរិយាបទ​របស់​រុស្ស៊ី និង​ថា អ្វី​ដែល​កំពុង​កើត​មាន​នៅ​ស៊ីរី​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ណាស់​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​នាំ​សន្តិភាព​ឲ្យ​ស៊ីរី។

យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ដែល​កំពុង​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​មាន​ការ​ពន្យារ​កិច្ចព្រមព្រៀង​ឈប់បាញ់​ដែល​អនុម័ត​ដោយ​អាមេរិក និង​រុស្ស៊ី។ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​ដែល​ទើប​ទៅ​ដល់​អាមេរិក​ថ្ងៃ​អង្គារ ទី២០ កញ្ញា​នេះ​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​ឈប់បាញ់​ជា​បន្ត​ទៀត និង​ថា អសកម្មភាព​របស់​សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​ស៊ីរី​ធ្លាក់​ក្នុង​ជ្រោះ​កាន់​តែ​ជ្រៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ