អានតួអត្ថបទ
អ.ស.ប.-ស៊ីរី

ស៊ីរី៖​អ.ស.ប.​ផ្អាក​សកម្មភាព​ជំនួយ​មនុស្សធម៌​នៅ​ស៊ីរី ក្រោយ​រង​ការ​វាយប្រហារ

អ្នកនំាពាក្យ​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី២០ កញ្ញា​ពី​ការ​ផ្អាក់​រាល់​សកម្មភាព​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ទឹកដី​ស៊ីរី។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​របស់​អង្គការ​អឌ្ឍច័ន្ទក្រហម​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់។ ដោយឡែក រុស្ស៊ី និង​ស៊ីរី​បាន​អះអាង​ថា ខ្លួន​មិន​បាន​វាយប្រហារ​លើ​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​នោះ​ទេ។

លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កំពុង​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្ងៃទី២០ កញ្ញា ២០១៦
លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កំពុង​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្ងៃទី២០ កញ្ញា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ដល់​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​ស៊ីរី អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ផ្អាក​រាល់​សកម្មភាព​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ជា​បណ្តោះអាសន្ន។ ការ​សម្រេចចិត្ត​របស់​អង្គការ​ពិភពលោក​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​របស់​អង្គការ​អឌ្ឍច័ន្ទក្រហម​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​យ៉ាង​តិច ៣៦នាក់ ក្នុង​នោះ​មាន​បុគ្គលិក​មនុស្សធម៌​ចំនួន ១២នាក់។

ពី​ទីក្រុង​ញូយ៉ក អ្នកនាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ថ្ងៃ​ដែល​ត្រូវ​ផ្អាក​នោះ​ទេ តែ​គ្រាន់​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​ត្រូវ​រង់ចាំ​មើល​ស្ថានការណ៍​ប្រែប្រួល​ជាក់ស្តែង​នៅ​ទីកន្លែង ពិសេស​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ពី​លក្ខខណ្ឌ​សន្តិសុខ។ យោង​តាម​អង្គការ​សហប្រជាជាតិ មាន​រថយន្ត​កាមីញ៉ុង​ចំនួន ១៨គ្រឿង​ក្នុង​ចំណោម ៣១គ្រឿង​បាន​រង​ការ​វាយប្រហារ។ គឺ​ជា​ទង្វើ​មួយ​ដែល​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​លោក Peter Maurer ចាត់​ទុក​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ជា​រឿង​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ។

ការ​វាយប្រហារ​នោះ​ត្រូវ​បាន​អង្គការ​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីរី​ទម្លាក់​កំហុស​លើ​រុស្ស៊ី និង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ តែ​រុស្ស៊ី តាម​រយៈ​ក្រសួង​ការពារជាតិ​បាន​ច្រានចោល​ភ្លាមៗ​លើ​ការ​ចោទប្រកាន់​នេះ។ ចំណែក​កងទ័ព​ស៊ីរី​ក៏​បាន​ចេញ​មុខ​បញ្ជាក់​ភ្លាមៗ​ថា ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ដែល​ទម្លាក់​កំហុស​លើ​ខ្លួន​ជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី និង​សមភាគី​រុស្ស៊ី​លោក​ស៊ែហ្កី ឡាវរ៉ូស្វ​បាន​ជួប​សន្ទនា​គ្នា​ទាក់ទង​នឹង​សំណុំរឿង​ស៊ីរី ពិសេស​រឿង​ការ​វាយប្រហារ​លើ​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ