អានតួអត្ថបទ
អាមេរិក-ស្វីស

តើ​ការ​ផ្ទុះ​រឿងអាស្រូវ​ពួករលួយ​នៅ​ផ្ទៃក្នុង​ FIFA បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច?

រឿងអាស្រូវ​ពុករលួយ​កំពុង​បែក​ធ្លាយ​យ៉ាង​ខ្ចរខ្ចាយ​នៅ​ផ្ទៃក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហ្វីហ្វា (FIFA)។ មាន​មនុស្ស​ចំនួន ១៤នាក់ ក្នុង​នោះ​មាន​៩នាក់ ជា​មន្រ្តី និង​អតីត​មន្រ្តី FIFA និង ៥នាក់​ជា​ប្រធាន​ក្រុមហ៊ុន​បរទេស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទជាប់សង្ស័យ​ពុករលួយ។ ប្រតិបត្តិការ​ចាប់​ខ្លួន​មនុស្ស​សង្ស័យ​ទំាង ១៤នាក់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃពុធ ទី២៧ ឧសភា តាម​សំណើ​របស់​តុលាការ​អាមេរិកំាង។ ការ​ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​នៅ​ផ្ទៃក្នុង FIFA បាន​កើត​មាន​ឡើង ចំ​ពេល​ដែល FIFA កំពុង​ត្រៀម​បើក​សមាជ​ប្រចំា​ឆ្នំា​ក្នុង​ការ​ជ្រើសរើស​ប្រធាន​ថ្មី​ជំនួស​លោក សេប ប្លាតធ័រ (Sepp Blazer) ដែល​បាន​កាន់​តំណែង​មួយ​នេះ​អស់ ៤អាណត្តិ​ជាប់​គ្នា ពោល​តំាង​ពី​ឆ្នំា ១៩៩៨។ តែ​លោក​ប្លាតធ័រ​អាច​នឹង​ជាប់​មួយ​អាណត្តិ​ថ្មី​ទៀត​នៅ​ក្នុង​សមាជ​ប្រចំា​ឆ្នំា​រៀបចំ​ក្នុង​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ 

តើ​ការ​ផ្ទុះ​រឿងអាស្រូវ​ពួករលួយ​នៅ​ផ្ទៃក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច?
តើ​ការ​ផ្ទុះ​រឿងអាស្រូវ​ពួករលួយ​នៅ​ផ្ទៃក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច? FP PHOTO / FABRICE COFFRINI
ផ្សាយពាណិជ្ជកម្ម

ចម្ងល់​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ឡើង​ជា​សំណួរ​គឺ​ថា អាមេរិក​មិនមែន​ជា​ប្រទេស​ដែល​ល្បី​ល្បាញ​ខាង​បាល់ទាត់​ទេ ចុះ​ហេតុអ្វី​បាន​ជា​តុលាការ​អាមេរិកំាង​បែរ​ជា​បាន​យក​ចិត្ត​ទុក​ដាក់​លើ FIFA ខ្លំាង​ម្ល៉េះ និង​ថា តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ជម្រុញ​ឲ្យ​តុលាការអាមេរិកំាង​​ហ៊ាន​ចំណាយ​ពេល និង​លុយកាក់​យ៉ាង​ច្រើន​សម្បើម​ដើម្បី​បើក​ការ​ស៊ើបអង្កេត​រឿង​ពុករលួយ​នៅ​ផ្ទៃក្នុង FIFA។ តាម​ក្រុម​អ្នកសង្កេតការណ៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្វី​ដែល​បាន​ជម្រុញ​ឲ្យ​តុលាការអាមេរិកំាង​យក​ចិត្ត​ទុកដាក់​ចំពោះ​រឿង​ពុករលួយ​នៅ​ផ្ទៃក្នុង FIFA មក​ពី​អាមេរិក​តូចតិច តូចថ្លើម​មិន​បាន​ទទួល​ជា​ប្រទេស​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នំា ២០២២ ដែល FIFA បែរ​ជា​ប្រគល់​ទៅ​ឲ្យ​ប្រទេស​កាតា​ទៅ​វិញ។ គួរ​រម្លឹក​ជូន​ថា FIFA បាន​ប្រគល់​ឲ្យ​ប្រទេស​រុស្ស៊ី​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នំា ២០១៨ និង​ប្រទេស​កាតា​សម្រាប់​ឆ្នំា ២០២២។

តាម​ពិត​ទៅ ការ​សម្រេច​របស់ FIFA ឲ្យ​ប្រទេស​រុស្ស៊ី និង​កាតា​ក្នុង​ពេល​តែ​មួយ​បាន​ក្លាយ​ជា​សំណុំរឿង​បើក​ការ​ស៊ើបអង្កេត​ក្នុង​ប្រទេស​ស្វីស​តំាង​ពី​ថ្ងៃទី១០ មីនា​ក្នុង​បទជាប់​សង្ស័យ​រឿង​ពុករលួយ និង​ការ​គ្រប់គ្រង​គ្មាន​តម្លាភាព​របស់ FIFA។ តែ​រឿង​នេះ​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ពេល​នេះ។ នៅ​ខាង​អាមេរិកំាង​វិញ អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ​ដែល​តុលាការ​បាន​បើក​ការ​ស៊ើបអង្កេត​ពី​របៀប​ធ្វើការ ពិសេស​ពី​ការ​ដែល FIFA បាន​សម្រេច​ឲ្យ​ប្រទេស​នេះ ឬ​ប្រទេស​នោះ​ជា​អ្នក​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក។ តែ​ដើម្បី​អាច​រក​ឃើញ​ទង្វើ​ពុករលួយ​បាន លុះត្រា​ណា​តែ​មាន​ភស្តុតាង​ជាក់ស្តែង។ ភស្តុតាង​ជាក់ស្តែង និង​ដែល​មាន​ទម្ងន់ធ្ងន់​នោះ គឺ​ការ​រួម​សហការណ៍​របស់​លោក​ឆាក់ ប្លាហ្ស័រ (Chuck Blazer) ជាមួយ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិកំាង FBI។

តើ​លោក​ឆាក់ ប្លាហ្ស័រ (Chuck Blazer) ជា​នរណា?

បើ​តាម​កាសែត​អាមេរិកំាង​ឲ្យ​ដឹង​ថា ប្រភព​នៃ​ការ​ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​នៅ​ផ្ទៃក្នុង FIFA ពេល​នេះ គឺ​ផ្តើម​ចេញ​ពី​ការ​រួម​សហការណ៍​របស់​លោក​ឆាក់ ប្លាហ្ស័រ (Chuck Blazer) ជា​ជនជាតិ​អាមេរិកំាង។ លោក​ឆាក់ ប្លាហ្ស័រ ជា​អតីត​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិកខាងជើង និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ FIFA ពី​ឆ្នំា ១៩៩៨ ដល់​ឆ្នំា ២០១៣។ អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​ពី​កំហុស​ផ្ទាល់​ខ្លួន​របស់​លោក​ឆាក់ ប្លាហ្ស័រ (Chuck Blazer) ដែល​រដ្ឋអំណាច​អាមរិកំាង​បាន​រក​ឃើញ​ថា លោក​ឆាក់ ប្លាហ្ស័រ (Chuck Blazer) មិន​បាន​បង់ពន្ធ​លើ​ប្រាក់ចំណូល​រាប់សិប​លាន​ដុល្លារ​ដែល​លោក​ទទួល​បាន​ដោយ​ខុសច្បាប់​ក្នុង​ឋានៈ​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិកខាងជើង។ ទង្វើ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​លោក​ឆាក់ ប្លាហ្ស័រ​ទទួល​ទោស​ជា​ទម្ងន់។

តែ​ដើម្បី​អាច​បន្ត​ជីកឫស ជីកគល់​បន្ថែម​ពី​ដំណើរការ​របស់ FIFA តុលាការ​អាមរិកំាង​បាន​ដាក់​គំនាប​ឲ្យ​លោក​ឆាក់ ប្លាហ្ស័រ​រួម​សហការណ៍​ជាមួយ​ខ្លួន​ជា​ថ្នូរ​នឹង​ការ​សម្រាល​ទោស។ ក្នុង​ឆ្នំា ២០១១ ពោល​ក្នុង​ពេល​ដែល​លោក​ឆាក់ ប្លាហ្ស័រ​កំពុង​បម្រើការ​ឲ្យ FIFA លោក​ឆាក់ ប្លាហ្ស័រ​ក៏​បាន​រួម​ការងារ​ជាមួយ FBI ដោយ​បាន​បរិហារ ឆ្កឹះកកាយ​ការ​ពិត​ស្តីពី​រឿង​អាស្រូវ​ពុករលួយ​របស់ FIFA ដោយ​បាន​ប្រគល់​ភស្តុតាង​ឲ្យ FIB នូវ​ខ្សែអាត់សម្លេង​ជា​ច្រើន​ស្តីពី​កិច្ចប្រជុំ​របស់ FIFA ក៏​ដូច​ជា​កិច្ចសន្ទនា​នានា​រវាង​ថ្នាក់ដឹកនំា FIFA ដែល​លោក​ឆាក់ ប្លាហ្ស័រ​បាន​ថត​ទុក។ នេះ​ហើយ​ជា​ចំណុច​បែក​ធ្លាយ​នៃ​អំពើ​ពុករលួយ ស៊ីសំណូកសូកប៉ាន់​របស់ FIFA ទាក់ទង​នឹង​ការ​សម្រេចចិត្ត​ឲ្យ​ប្រទេស​នេះ ឬ​ប្រទេស​នោះ​ជា​អ្នក​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក និង​រឿង​ស៊ីសំណូកសូកប៉ាន់​ទាក់ទង​នឹង​ការ​ឲ្យ​ក្រុមហ៊ុន​នេះ ឬ​ក្រុមហ៊ុន​នោះ​ធ្វើ​ជា Sponsor របស់​ខ្លួន។

រឿង​ពុករលួយ​អាច​ជះឥទ្ធិពល​អាក្រក់​រូបភាព FIFA និង​ធ្វើ​តម្លៃ​កីឡាបាល់ទាត់​ធ្លាក់​ចុះ

នៅ​ក្នុង​ឯកសារ​កម្រាស់ ១៦៧ទំព័រ​ដែល​ជា​ផ្លៃផ្កា​បាន​មក​ពី​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ឆ្នំា មាន​បទចោទប្រកាន់​ចំនួន ៤៧ករណី​ដែល​តុលាការ​អាមេរិកំាង​បាន​ចោទប្រកាន់​លើ​មន្រ្តី FIFA ចំនួន ៩នាក់ ក្នុង​នោះ​មាន​អនុប្រធាន FIFA ពីរ​នាក់ និង ៥នាក់​ផ្សេង​ទៀត​ដែល​ជា​ប្រធាន​ក្រុមហ៊ុន Sponsor របស់ FIFA មាន​ដូច​ជា​ក្រុមហ៊ុន Coca-Cola Adidas McDonald's Nike និង​ក្រុម​កាតធនាគារ Visa។ បទចោទប្រកាន់​មាន​តំាង​ពី​ការ​លាងលុយ​កង្វក់ និង​មាន​គណនី​លួចលាក់​នៅ​បរទេស ដូច​ជា​នៅ​ហុងកុង ឬ​នៅ​ស្វីស​ក្នុង​រយៈពេល ២៥ឆ្នំា​កន្លង​ទៅ និង​ដែល​គិត​ជា​ទឹកប្រាក់​មាន​ដល់​ទៅ ១៥០លានដុល្លារ។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​នោះ​គឺ​ថា ហេតុអ្វី​បាន​ជា​តុលាការ​អាមេរិកំាង​មាន​សិទ្ធិ​ប្តឹងផ្តល់​ជនបរទេស​ដែល​មិន​ស្ថិត​ក្នុង​ប្រទេស​ខ្លួន?

ជា​ការ​ពិត ការ​ចាប់​ខ្លួន​មន្រ្តី FIFA ចំនួន ៧នាក់​មិនមែន​ស្ថិត​ក្នុង​ទឹកដី​អាមេរិកំាង​ទេ តែ​តាម​ច្បាប់​អាមរិកំាង ដោយ​ចរាចរណ៍​លុយ​ពី​​ទង្វើ​ពុករលួយ ស៊ីសំណូក​សូកប៉ាន់​ទំាង​នេះ​បាន​ឆ្លង​កាត់​តាម​ធនាគារ​អាមេរិកំាង តុលាការ​អាមេរិកំាង​អាច​ធ្វើ​ការ​ប្តឹងផ្តល់ និង​ទាមទារ​ឲ្យ​បញ្ជូន​ជនជាប់​ចោទ​ទៅ​កាត់​ទោស​ក្នុង​ទឹកដី​អាមេរិកំាង។ បើ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​មែន ជនជាប់​ចោទ​នឹង​អាច​ទទួល​ទោស​ជាប់​គុក ២០ឆ្នំា។ និយាយ​ពី​ប្រធាន FIFA លោក​សេប ប្លាធ័រ (Sepp Blatter) វិញ តុលាការ​អាមរិកំាង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទំាង​អស់។ តែ​នាយក​ទទួល​បន្ទុក​ទំនាក់ទំនង FIFA ឲ្យ​ដឹង​ថា លោក​ប្លាធ័រ​នឹង​បន្ត​កាន់​តំណែង FIFA និង​អាច​ជាប់​អាណត្តិទី៥ នៅ​ក្នុង​សមាជ​ប្រចំាឆ្នំា​ក្នុង​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។

យ៉ាង​ណា​ក៏​ដោយ រឿង​អាស្រូវ​ពុករលួយ​បាន​ធ្វើ​រូបភាព​របស់​សហព័ន្ធ​កីឡាបាល់ពិភពលោក​អាប់ឱន និង​ដែល​ចង់ ឬ​មិន​ចង់ រឿងអាស្រូវ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​កីឡាបាល់ទាត់​ដ៏​ប្រជាប្រិយ​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ