អានតួអត្ថបទ
អាមេរិក-FIFA

ប្រតិបត្តិការ​វែក​រក​ជន​ពុក​រលួយ​ក្នុង​ FIFA កំពុង​ពុះ​កញ្ជ្រោល ដែល​អាច​ដុត​រោល​លោក​ Sepp Blatter ឲ្យ​ខ្ទាត​ចេញ​ពីតំណែង

ក្នុង​សប្តាហ៍​នេះ ព័ត៌មាន​ពី​អំពើ​ពុក​រលួយ​ក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ (FIFA) បាន​នឹង​កំពុង​តែ​បញ្ឆេះ​ភ្លើង​ក្រោម​កៅអី​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ របស់​លោក Sepp Blatter។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រធាន​សមាគមន៍​បាល់​ទាត់​អង់គ្លេស​ FA ទើប​បាន​ទទូច ឲ្យ​លោក Sepp Blatter ត្រូវ​តែ​ចេញ​ពី​តំណែង។ ហើយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ប្រតិបត្តិ​ការ​វែករក​ជន​ពុក​រលួយ​ក្នុង​វិស័យ​បាល់ទាត់​ ក៏​ទើប​បាន​ចាប់​ខ្លួន​អតីត​អនុប្រធាន ​FIFA លោក Jack Warner ​បន្ទាប់​ពី​រដ្ឋអាជ្ញា​អាមេរិក​ បាន​រក​ឃើញ​ថា លោក​បាន​ទទួល​សំណូក​ ពេល​ជ្រើសរើស​ប្រទេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup អំឡុង​ឆ្នាំ​ ១៩៩៨ និង ២០១០។ ក្រៅ​ពី​នោះ ​កាល​ពី​ថ្ងៃ​ពុធ​ ក៏​មាន​ផង​ដែរ​ ការ​ចាប់​ខ្លួន​មន្ត្រី ​FIFA ចំនួន ៧នាក់ ពី​រឿង​ទទួល​សំណូក​ និង​ពុករលួយ ក្នុង​ពិភព​បាល់​ទាត់​នេះ។

លោក Sepp Blatter ប្រធាន​ FIFA។
លោក Sepp Blatter ប្រធាន​ FIFA។ Reuters
ផ្សាយពាណិជ្ជកម្ម

«គ្មាន​ផ្លូវ​ដើម្បី​កសាង​ទំនុក​ចិត្ត​ចំពោះ FIFA​នោះ​ទេ ​ប្រសិន​បើ​លោក Sepp Blatter នៅ​តែ​បន្ត​តំណែង​ទៀត​នោះ។ លោក​ Sepp ត្រូវ​តែ​លា​ចេញ​ ឬ​ត្រូវ​ចេញ​ដោយ​ការ​បោះឆ្នោត​ទម្លាក់ ឬ​យើ​ងអាច​រក​ផ្លូវ​ទី​៣​ ដើម្បី​កុំ​ទុក​គាត់​ឲ្យ​នៅ។ ធ្វើ​យ៉ាង​ម៉េច​ក៏​បាន​ ឲ្យ​តែ​លោក Sepp Blatter ចេញ​ពី​តំណែង​ជា​ប្រធាន FIFA»។ នេះ​គឺ​ជា​សម្តី​របស់​ Greg Dyke ប្រធាន​សមាគមន៍​បាល់ ទាត់​អង់គ្លេស​ ដែល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រតិបត្តិ​ការ​វែកមុខ​រក​ជន​ពុក​រលួយ​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក​ កំពុង​តែ​កក្រើក​យ៉ាង​ខ្លាំង​ នៅ​ក្នុង​សប្តាហ៍​នេះ។ លោក Sepp Blatter ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ FIFA បាន​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ទទួល​សំណូក ដើម្បី​ឲ្យ​ប្រទេស​រុស្ស៊ី ​និង​កាតា ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ World Cup នា​ឆ្នាំ​ ២០១៨ និង​ឆ្នាំ ២០២២ ខាង​មុខ។

កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​អ្នក​តាម​ដាន​អំពើ​ពុក​រលួយ​ រួម​ជាមួយ​នឹង FBI និង​អាជ្ញាធរ​ស្វីស​ផង​ ទើប​បាន​ចាប់​ខ្លួន​មន្ត្រី ​FIFA ​ចំនួន​ ៧​នាក់​ នៅ​សណ្ឋាគារ​ Luxury Zurich ប្រទេស​ស្វីស​ ខណៈ​ពេល​ពួក​គេ​ត្រូវ​ទៅ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ ​និង​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រធាន FIFAថ្មី នៅ​ទី​នោះ។​ អាជ្ញាធរ​អាមេរិក បាន​និយាយ​ថា មន្ត្រី​ផ្នែក​បាល់ទាត់ ៩នាក់​ ក្នុង​ចំណោម​ ១៤នាក់ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ២០ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ១៥០លាន​ដុល្លារ​នោះ។

ក្រុមហ៊ុន​ដែល​បាន​ចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ​ ឧបត្ថម្ភ​បាល់​ទាត់​ធំៗ រួម​មាន Coca-Cola, Adidas, McDonald's និង​ Visa បាន​ជំរុញ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ ដើម្បី​កំចាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​បាល់ទាត់​នេះ។

អាជ្ញាធរ​អាមេរិក​ បាន​និយាយ​ថា មន្ត្រី​អាហ្វ្រិក​ខាង​ត្បូង បាន​ចំណាយ​ប្រាក់ ១០លាន​ដុល្លារ​ ដើម្បី​សូកប៉ាន់​ ឲ្យ​អាហ្វ្រិក​ខាង​ត្បូង​ អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ World Cup នៅឆ្នាំ ២០១០ ខណៈ​កិច្ច​ប្រជុំ​នៅ​ស្វីស​ កំពុង​បន្ត​ស៊ើប​ករណី​រុស្ស៊ី និង​កាតា អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៅ​ឆ្នាំ ២០១៨ និង​២០២២។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ អតីត​អនុប្រធាន ​FIFA លោក Jack Warner ក៏​ទើប​បាន​ត្រូវ​ចាប់​ខ្លួន​ នៅ​ក្នុង​ប្រទេស Trinidad and Tobago បន្ទាប់​ពី​រដ្ឋ​អាជ្ញា​អាមេរិក បាន​រក​ឃើញ​ថា លោក​បាន​ទទួល​សំណូក​ អំឡុង​ពេល​មាន​ការ​ជ្រើសរើស​ធ្វើជា​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ ១៩៩៨ និង​២០១០ នៅ​ក្នុង​ប្រទេស​បារាំង​ និង​អាហ្វ្រិក​ខាង​ត្បូង។

មិន​ទាន់​មាន​ការ​បញ្ជាក់​ថា ​តើ​លោក Warner អាច​នឹង​ជាប់​ពន្ធនាគារ​ ឬ​អត់​នោះ​ទេ។ លោក​ Warner ដែល​បាន​ចេញពី​ FIFA ក្នុងឆ្នាំ ២០១១ បាន​ជាប់​សង្ស័យ​ថា​មាន​អំពើ​ពុក​រលួយ ​ក្នុង​ពេល​លោក​ធ្វើ​ជា ប្រធាន CONCACAF ​និង​ពេល​ជា​អ្នក​ប្រឹក្សា​ឲ្យ​សមាគមន៍​បាល់ទាត់​ នៅ​ក្នុង​ប្រទេស ​Trinidad and Tobago។ ប៉ុន្តែ លោក​ Warner បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្តិ​កំហុស​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ