កូឡុំប៊ី៖ ជំហានថ្មីឆ្ពោះទៅកាន់សន្តិភាព ក្រោយ៥២ឆ្នាំនៃការប្រយុទ្ធរបស់ក្រុមឧទ្ទាម Farc
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៦
៥២ឆ្នាំហើយ ដែលប្រជាជនកូឡុំប៊ី មិនដែលបានស្គាល់សន្តិភាព ដោយសារតែការប្រយុទ្ធគ្នាឥតស្រាកស្រាន រវាងកងទ័ពរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមបដិវដ្តន៍កុម្មុយនីស្តិ ដែលមានឈ្មោះហៅកាត់ថា ក្រុមឧទ្ទាមហ្វាក (FARC)។ ប៉ុន្តែ ក្តីសង្ឃឹមសន្តិភាព កំពុងតែលេចរូបរាងនាពេលនេះ បន្ទាប់ពីភាគីទាំងពីរ បានបិទបញ្ចប់ការចរចាសនិ្តភាព ដែលធ្វើឡើងនៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។ ភាគីរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមហ្វាក បានត្រូវរូវគ្នា លើកិច្ចព្រមព្រៀងសន្តិភាព ហើយនឹងដាក់ឲ្យមានការបោះឆ្នោតប្រជាមតិ ពីសំណាក់ប្រជាជនកូឡុំប៊ី នៅដើមខែតុលា ខាងមុខនេះ។
ការចរចាសន្តិភាពកូឡុំប៊ី រវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមទ័ពព្រៃបដិវដ្តន៍ Farc បានបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃពុធ ទី២៤ សីហា។ សូមបញ្ជាក់ថា ការចរចានេះ ធ្វើឡើង ក្រោមការជ្រោមជ្រែង ពីប្រទេសគុយបា ប្រទេសន័រវ៉េហ្ស និងអង្គការសហប្រជាជាតិ ដែលបានចំណាយពេលអស់ជិត៤ឆ្នាំ។ ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការបិទបញ្ចប់ការចរចាសន្តិភាព មិនមែនមានន័យថា កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានភាគីទាំងពីរចុះហត្ថលេខាជាផ្លូវការទេ។
កិច្ចព្រមព្រៀងសន្តិភាពចូលជាធរមាន ក្រោយការបោះឆ្នោតប្រជាមតិ៖
សម្រាប់ប្រជាជនកូឡុំប៊ី ដែលបានរស់រងទុក្ខវេទនា ជាង៥០ឆ្នាំមកនេះ គឺវាជាដំណឹងមួយល្អណាស់ ដែលអ្នកខ្លះបានទាំងស្រក់ទឹកភ្នែកទៀតផង បន្ទាប់ពីបានឮការប្រកាសតំណឹងនេះ នៅតាមកញ្ចក់ទូរទស្សន៍។
សួរថា ចាប់ពីនេះទៅ នឹងមានអ្វីកើតឡើងតទៅទៀត? គឺថា ក្នុងពេលដ៏ខ្លីខាងមុខនេះ គម្រោងអត្ថបទកិច្ចព្រមព្រៀងសន្តិភាពនេះ នឹងត្រូវចុះហត្ថលេខា នៅរដ្ឋធានីបូហ្គោតា ដោយមេដឹកនាំនៃភាគីទាំងពីរ គឺលោកប្រធានាធិបតី កូឡុំប៊ី Juan Manuel Santos និងមេដឹកនាំក្រុមឧទ្ទាម Farc លោក Rodrigo Londoño រឺឈ្មោះហៅក្រៅថា Timochenko។
បន្ទាប់មកទៀត ប្រជាជនកូឡុំប៊ី នឹងត្រូវទៅបោះឆ្នោតប្រជាមតិ ទទួលយកកិច្ចព្រមព្រៀងសន្តិភាពនេះ នៅថ្ងៃទី២ខែ តុលា ខាងមុខនេះ។ ចំណែកក្នុងពេលនេះ ក្រុមឧទ្ទាមហ្វាក នឹងបើកសន្និបាទរបស់គេ ដើម្បីធ្វើការប្រកាសពីលទ្ធផលនៃការចរចាសន្តិភាពនេះ ទៅឲ្យកងកម្លាំងតស៊ូរបស់គេបានដឹង ហើយដើម្បីរៀបចំអនុវត្តន៍ ទៅតាមកិច្ចព្រមព្រៀងសន្តិភាព។
ទំលាក់អាវុធ រំសាយទ័ព សមាហរណកម្ម…
តាមការប្រកាសរបស់ភាគីរដ្ឋាភិបាលកូឡុំប៊ី ដែលទីភ្នាក់ងារព័ត៌មានបារាំងបានស្រង់បាន គឺកិច្ចព្រមព្រៀងសន្តិភាពមានកំណត់ចេញនូវចំណុចចំនួន៦ធំៗ មានជាអាទិ៍ ការព្រមព្រៀងទំលាក់អាវុធ និងការធ្វើសមាហរណកម្មរបស់ក្រុមឧទ្ទាមទ័ពព្រៃ។ តាមការពិត កាលពីខែ មិថុនាកន្លងទៅ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើ ចំណុចសំខាន់ៗមួយចំនួនរួចទៅហើយ ស្តីពីដំណើរការកសាងសនិ្តភាពនេះ។ កិច្ចព្រមព្រៀងបណ្តោះអាសន្ននោះ នឹងចូលជាធរមាន ព្រមគ្នាជាមួយនឹងកិច្ចព្រមព្រៀងផ្លូវការដែរ។
នៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្ននោះ មានចែង ដូចជា ផែនការអភិវឌ្ឍន៍ជនបទ ពោលគឺតំបន់ព្រៃភ្នំដែលធ្លាប់ជាមូលដ្ឋានសិក របស់ក្រុមឧទ្ទាមFarc ការសងសំណងខូចខាតដល់ជនរងគ្រោះ ការរៀបចំប្រព័ន្ធយុត្តិធម៌ ការកំណត់លក្ខខណ្ឌនានា ទាក់ទិននឹងការទំលាក់អាវុធ ព្រមទាំងការរំសាយទ័ព របស់ក្រុមឧទ្ទាមFarc។
តាមការបញ្ជាក់ ស្ថាប័នធំៗពីរ នឹងត្រូវបង្កើតឡើង ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ទីមួយគឺក្រុមប្រឹក្សាជាតិទទួលបន្ទុកការធ្វើសមាហរណកម្ម។ ហើយទីពីរ គឺគណកម្មាធិការតាមដាន វាយតំលៃការអនុវត្តន៍កិច្ចព្រមព្រៀង ព្រមទាំងដោះស្រាយវិវាទ។ គណកម្មាធិការនេះ មានសមាជិក៦រូប ៣រូបមកពីខាងរដ្ឋាភិបាល និង៣រូបទៀត មកពីក្រុមឧទ្ទាមFarc។ ដោយឡែក ចំពោះដំណើរការត្រួតពិនិត្យការទំលាក់អាវុធ និងរំសាយទ័ព គឺមានការចូលរួមអង្កេតការណ៍ ពីសំណាក់អង្គការសហប្រជាជាតិ ហើយដែលត្រូវធ្វើឲ្យរួចរាល់ ក្នុងរយៈពេល៦ខែ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពចូលជាធរមាន។
បន្ទាប់ពីរំសាយអាវុធរួចរាល់ហើយ ក្រុមឧទ្ទាមFarc នឹងត្រូវកែប្រែខ្លួន ទៅជាគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតនៅកូឡុំប៊ី។ ហើយគេបានព្រមព្រៀងគ្នាថា ក្នុងពីរអាណត្តិខាងមុខនេះ ក្រុមឧទ្ទាមFarc នឹងទទួលបានកៅអីសមាជិកសភា៥អាសនៈ និងសមាជិកព្រឹទ្ធសភា៥អាសនៈដែរ ទោះលទ្ធផលបោះឆ្នោតយ៉ាងណាក៏ដោយ។
មាគ៌ាសន្តិភាពដ៏វែងអន្លាយ និងប្រកបដោយឧបសគ្គ របស់កូឡុំប៊ី៖
សន្តិភាព គឺជាសេចក្តីសង្ឃឹមរបស់ប្រជាជនកូឡុំប៊ី។ តែយ៉ាងណាក៏ដោយ ដំណើរការកសាងសន្តិភាពមិនមែនធ្វើតែមួយឆ្នាំពីរឆ្នាំរួចរាល់ទេ។ ការព្រមព្រៀងគ្នា ទម្លាក់អាវុធ ចាប់ដៃគ្នាកសាងសន្តិភាព គឺជាចំណុចចាប់ផ្តើម ដ៏សំខាន់បំផុត។ អ្វីដែលលំបាកបំផុតនោះ គឺថាកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី មិនមែនដើម្បីបញ្ចប់ជម្លោះ ការប្រយុទ្ធតស៊ូដាក់គ្នាតែមួយមុខនោះទេ តែអ្វីដែលសំខាន់ គឺកិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវធ្វើយ៉ាងណាបោសសំអាតឲ្យវិនាស នូវឫសគល់នៃជម្លោះ ដើម្បីបញ្ចៀសជម្លោះទៅថ្ងៃអនាគត ហើយកសាងកូឡុំប៊ីជាប្រទេសថ្មីមួយ។
ការកសាងសន្តិភាព អាចពើបប្រទះនឹងឧបសគ្គច្រើនណាស់។ ឧបសគ្គចំបងបំផុត គឺទាក់ទិនទៅនឹងការធ្វើសមាហរណកម្ម របស់ក្រុមឧទ្ទាមទ័ពព្រៃ។ ពួកគេត្រូវវិលត្រលប់មករួមរស់ ក្នុងសង្គមធម្មតាវិញ លែងកាន់អាវុធ ហើយត្រូវប្រកបការងារចិញ្ចឹមជីវិតតាមធម្មតា ក្នុងសង្គមនីតិរដ្ឋ។ តាមការប៉ាន់ស្មាន កងកម្លាំងFarc សរុបមានប្រហែលជា៨ពាន់នាក់ ហើយ៤០%គឺជាមនុស្សស្រី។ ជាង៥០ឆ្នាំមកនេះ ពួកគេមិនដែលបានឃើញអ្វីផ្សេង ក្រៅពីការតស៊ូកាន់អាវុធ រស់នៅក្នុងព្រៃទេ។ ដូច្នេះការធ្វើសមាហរណកម្មរបស់ពួកគេ មករួមរស់ជាមួយនឹងប្រជាជនសាមញ្ញឯទៀត ប្រាកដជាជួបការលំបាក ហើយបញ្ហានេះ ទាមទារឲ្យមានការយកចិត្តទុកដាក់ និងមានគំរោងការច្បាស់លាស់ ពីសំណាក់រដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា កុំឲ្យពួកគេក្លាយជាមនុស្សក្រៅសង្គម និងត្រូវគេបោះបង់ចោល។
បញ្ហាធំមួយទៀត គឺទាក់ទិនទៅនិងការស្វែងរកយុត្តិធម៌ សម្រាប់អ្នករងគ្រោះ ដោយសង្រ្គាមរយៈពេលជាង៥០មកនេះ។ បើយោងតាមតួលេខ យ៉ាងហោចណាស់ មានអ្នកស្លាប់ ចំនួន២សែន២ម៉ឺននាក់ ហើយប្រជាជនជាង៧លាននាក់ ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក រត់គេចពីសមរភូមិកាន់កាប់ដោយក្រុមឧទ្ទាមFarc។
គេមិនអាចចាប់មនុស្សទាំងអស់មកដាក់ទោសបានទេ។ តាមការគ្រោងទុក ក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺមានតែមេទាហានធំៗរបស់ក្រុមឧទ្ទាមហ្វាក ដែលប្រពឹ្រត្តិអំពើឧក្រិដ្ឋ ដូចជាការកាប់សម្លាប់រង្គាល តែប៉ុណ្ណោះ ដែលនឹងត្រូវបញ្ជូនទៅកាន់តុលាការ។ ការស្វែងរកយុត្តិធម៌ ដល់ជនរងគ្រោះដែលស្លាប់ ក៏ដូចជាការសងសំណងជំងឺចិត្តដល់ប្រជាជន ដែលបានបាត់បង់ផ្ទះសម្បែង ដីស្រែចំការ គឺជាបញ្ហាមួយស្មុគស្មាញណាស់។ បើសិនជាគ្មានយន្តការច្បាស់លាស់ទេ បញ្ហាទាំងនេះ នឹងអាចក្លាយជាប្រភពជម្លោះ និងការបែកបាក់គ្នាផ្សេងទៀត ដល់កូឡុំប៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ