អានតួអត្ថបទ
កូឡុំប៊ី-វ៉េណេស៊ុយអេឡា

ព្រំដែន គឺ​ជា​ដើមចម​នៃ​វិបត្តិ​ការទូត​រវាង​ប្រទេស​កូឡុំប៊ី និង​ប្រទេស​វ៉េណេស៊ុយអេឡា

វិបត្តិ​ការទូត​រវាង​ប្រទេស​ជិត​ខាង​ពីរ គឺ​កូឡុំប៊ី និង​វ៉េណេស៊ុយអេឡា​កំពុង​បន្ត​យ៉ាង​ក្តៅ​គគុក។ ជំនួប​ជា​លើកទី២ រវាង​ប្រមុខការទូត​នៃ​ប្រទេស​ទំាង​ពីរ​នា​ថ្ងៃ​សៅរ៍ ទី១២ កញ្ញា​ក្នុង​ទីក្រុង​គីតូ ប្រទេស​អេក្វាទ័រ​នៅ​តែ​គ្មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ ពិសេស​មិន​អាច​កំណត់​ថ្ងៃ​ជំនួប​រវាង​លោក​ប្រធានាធិបតី​កូឡុំប៊ី ជាន់ ម៉ានុយអែល សង់តូស (Juan Manuel Santos) និង​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ (Nicolas Maduro)។ សព្វថ្ងៃ​នេះ ព្រំដែន​គោក​ប្រវែង​ជាង ២ ០០០គីឡូម៉ែត្រ​ដែល​ខ័ណ្ឌចែក​ប្រទេស​ជិត​ខាង​ទំាង​ពីរ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន។

លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ (Nicolas Maduro)
លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ (Nicolas Maduro) REUTERS/Andrea De Silva/Trinidad and Tobago Prime Minister's Off
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី ២០ សីហា​កន្លង​ទៅ។ នៅ​ថ្ងៃ​នោះ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ (Nicolas Maduro)បាន​ប្រកាស​បិទព្រំដែន​គោក​ប្រវែង​ជាង ២ ០០០គីឡូម៉ែត្រ​ដែល​ខ័ណ្ឌចែក​ប្រទេស​ជិត​ខាង​ទំាង​ពីរ​រយៈពេល ៣ថ្ងៃ។ លោក​ម៉ាឌុយរ៉ូ​បាន​លើក​យក​ហេតុផល​នៃ​ការ​បិទព្រំដែន​ទៅ​ពន្យល់​ថា គឺ​ដោយសារ​តែ​មាន​ការ​វាយប្រហារ​លើ​កម្លំាង​ទាហាន​វ៉េណេស៊ុយអេឡា​ដែល​កំពុង​បំពេញ​បេសកកម្ម​ប្រឆំាង​នឹង​ការ​រត់ពន្ធ​នៅ​តាម​បណ្តោយ​ព្រំដែន។ ការ​វាយប្រហារ​កាល​ណោះ​ត្រូវ​បាន​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ទម្លាក់​កំហុស​ដាក់​លើ​ទាហាន​កូឡុំប៊ី។

ទន្ទឹម​គ្នា​នឹង​ថ្ងៃ​ប្រកាស​បិទព្រំដែន រដ្ឋាភិបាល​ទីក្រុង​ការ៉ាកាស​ក៏​បាន​បណ្តេញ​ប្រជាជន​កូឡុំប៊ី​ប្រមាណ​ជា ១ ៥០០នាក់​ភ្លាមៗ​ចេញ​ពី​ទឹកដី​វ៉េណស៊ុយអេឡា​ដែរ។ ប្រជាជន​កូឡុំប៊ី​ទំាង​នោះ មាន​ភាគ​ច្រើន​បាន​រស់នៅ​ក្នុង​ទឹកដី​វ៉េណេស៊ុយអេឡា​ដោយ​គ្មាន​ក្រដាសស្នាម​ត្រឹមត្រូវ។ ក្រៅ​ពី​អ្នក​ដែល​រងការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ក៏​នៅ​មាន​ប្រជាជន​កូឡុំប៊ី​ជិត ២០ ០០០នាក់​បាន​ស្ម័គចិត្ត​ចាកចេញ​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​ទៅ​កាន់​កូឡុំប៊ី ដោយ​ពួក​គេ​ខ្លាច​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។ តំាង​ពី​ពេល​នោះ​មក ប្រទេស​ជិតខាងទំាង​ពីរ​ក៏​បាន​ព្យាយាម​ជួប​ចរចា​ក្នុង​គោលដៅ​ផ្សះផ្សា​គ្នា​ឡើង​វិញ។

ប្រមុខ​ការទូត​នៃ​ប្រទេស​ទំាង​ពីរ​បាន​ជួប​ចរចា​គ្នា​ជា​លើក​ទី២ នៅ​ថ្ងៃ​សៅរ៍ ទី១២ កញ្ញា​ក្នុង​ទីក្រុង​គីតូ ប្រទេស​អេក្វាទ័រ តែ​នៅ​ទាន់​ចុះ​សម្រុង​គ្នា​ក្នុង​ការ​កំណត់​ឲ្យ​មាន​ជំនួប​រវាង​លោក​ប្រធានាធិបតី​កូឡុំប៊ី ជាន់ ម៉ានុយអែល សង់តូស និង​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ។

សង្រ្គាមពាក្យសម្តី​រវាង​លោក​ជាន់ ម៉ានុយអែល សង់តូស និង​លោក​នីកូឡា ម៉ាឌុយរ៉ូ

តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ដំបូង​មក​ដល់​ពេល​នេះ សង្រ្គាម​ពាក្យ​សម្តី​បាន​និង​កំពុង​កើត​មាន​យ៉ាង​ខ្ទរខ្ទារ​របស់​បុរស​រដ្ឋ​ខ្លំាង​ទំាង​ពីរ​រូប គឺ​លោក​ប្រធានាធិបតី​កូឡុំប៊ី ជាន់ ម៉ានុយអែល សង់តូស និង​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ។ កាល​​ពី ១០ថ្ងៃ​មុន​នេះ លោក​ម៉ាឌុយរ៉ូ​បាន​ចោទ​លោក​សង់តូ​ជា​សាធារណៈ​ពី​បទ​បាន​ឃុបឃិត​នៅ​ក្នុង​ទង្វើ​ប៉ុនប៉ង​ធ្វើ​ឃាត​សម្លាប់​លោក។ ហើយ​កាល​ពី ១សប្តាហ៍​កន្លង​ទៅ​ទៀត លោក​សង់តូ​ក៏​បាន​ធ្វើ​ការ​គំរាម​លោក​ម៉ាឌុយរ៉ូ​វិញ ដោយ​គ្រោង​ប្តឹង​លោក​ម៉ាឌុយរ៉ូ​ទៅ​កាន់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ពី​បទឧក្រិដ្ឋកម្ម​ប្រមាជ​មនុស្សជាតិ។

ខណៈ​នេះ លោក​ប្រធានាធិបតី​កូឡុំប៊ី​កំពុង​ស្វែង​រក​ការ​គំាទ្រ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​វ៉េណេស៊ុយអេឡា ពិសេស​សុំ​ការ​គំាទ្រ​ពី​អង្គការ​នៃ​រដ្ឋ​អាមេរិក​ដែល​មាន​សមាជិក ៣៥ប្រទេស។ លោក​សង់តូស​ចង់​ឲ្យ​មាន​ការ​បើក​ជំនួបកំពូល​មួយ​ស្តីពី​វិបត្តិ​កូឡុំប៊ី និង​វ៉េណេស៊ុយអេឡា។ តែ​មាន​សមាជិក​តែ ១៧ប្រទេស​របស់​អង្គការ​នៃ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ដែល​បាន​គំាទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោក​សង់តូស។ ចំណែក​ទីក្រុង​ការ៉ាកាស​ក៏​បាន​ប្រឆំាង​នឹង​គំនិត​ផ្តួចផ្តើម​របស់​លោក​សង់តូស ព្រម​ទំាង​និយាយ​លែបខាយ​ដាក់​ទីក្រុង​បូហ្គោតា​ថា វ៉េណេស៊ុយអេឡា​មិន​ត្រូវ​ការ​ទទួល​មេរៀន​ពី​អ្នក​ណា​ទេ។

ជម្រៅ​នៃ​បញ្ហា​ព្រំដែន​រវាង​កូឡុំប៊ី និង​វ៉េណេស៊ុយអេឡា

រឿង​បញ្ហា​ព្រំដែន​រវាង​កូឡុំប៊ី និង​វ៉េណេស៊ុយអេឡា​ជា​រឿងចាស់ ច្រំដែល និង​ស្មុគស្មាញ។ វិបត្តិ​មួយ​នេះ​បាន​កើត​មាន​តំាង​ពី​ជំនាន់​ប្រធានាធិបតី​មុនៗ​ម្ល៉េះ។ តាម​ពិត​ទៅ វិបត្តិ​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទំាង​ពីរ​មិនមែន​ដោយសារ​តែ​រឿង​ដណ្តើម​ដី​គ្នា ឬ​មួយ​ក៏​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​វាស់វែង បោះ​បង្គោល​ព្រំដែន​រវាង​គ្នា​ទេ តែ​ដោយសារ​រឿង​អាណាធិបតេយ្យ និង​អសន្តិសុខ​ដែល​កើត​ចេញ​ពី​ការ​រត់ពន្ធ មាន​ទំាង​ការ​ជួញដូរ​មនុស្ស អាវុធ និង​ទំនិញ​គ្រប់ប្រភេទ។ ទីក្រុង​ការ៉ាកាស និង​ទីក្រុង​បូហ្គោតា​តែងតែ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​បទ​មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់។

មួយ​វិញ​ទៀត កូឡុំប៊ី​ក៏​ធ្លាប់​បាន​ចង្អុល​មុខ​វ៉េណេស៊ុយអេឡា​ពី​បទ​បាន​អនុញ្ញាត​ឲ្យ​ពួក​ឧទ្ទាម​ហ្វាក​ជ្រកកោន ពួនសំងំ​ក្នុង​ទឹកដី​របស់​ខ្លួន។ គួរ​រម្លឹក​ជូន​ថា ជិត​កន្លះ​សតវត្ស​ដែល​ដែល​កូឡំប៊ី​បាន​ឆ្លង​កាត់​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​នឹង​ពួក​ឧទ្ទាម​ហ្វាក មុន​នឹង​រក​ឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​នៅ​ផុយស្រួយ​នា​ខែ​កក្កដា​កន្លង​ទៅ។ តែ​វ៉េណេស៊ុយអេឡា​បាន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​ដែល​បាន​ទទួល​រង​ថ្ម​បាក់​ធ្ងន់​ជាង​គេ​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​នៅ​កូឡុំប៊ី។

លំហូរ​ជនភៀសខ្លួន ការ​ជួរដូរ​អាវុធ និង​ការ​រត់ពន្ធ​ទំនិញ​គ្រប់​សព្វសារពើ​បាន​កើត​មាន​ជា​ប្រចំា​ថ្ងៃ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទំាង​ពីរ នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ប្រមុខ​ការទូត​វ៉េណេស៊ុយអេឡា​ដែលស៊ី រ៉ូឌ្រីហ្គេ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​ថ្ងៃ​សុក្រ ទី១១ កញ្ញា។ សម្រាប់​លោកស្រី​រ៉ូឌ្រីហ្គេ ការ​ដែល​វ៉េណេស៊ុយអេឡា​បាន​បិទព្រំដែន​ពេល​នេះ គឺ​ជា​វិធានការ​ត្រឹមត្រូវ។

កូឡុំប៊ី​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង

កូឡុំប៊ី​មិន​បាន​បដិសេធ​លើ​ការ​លើក​ឡើង​របស់​វ៉េណេស៊ុយអេឡា​ចំពោះ​រឿងរ៉ាវ​ដែល​កំពុង​កើត​មាន​នៅ​តាម​បណ្តោយ​ព្រំដែន​សព្វថ្ងៃ ដូច​ជា​រឿង​ជនភៀសខ្លួន ការ​ជួរដូរ​អាវុធ និង​ការ​រត់ពន្ធ​ទំនិញ​គ្រប់​សព្វសារពើ​ទេ។ តែ​បាន​បដិសេធ​ថា ខ្លួន​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​ឯង​ទេ មាន​ន័យ​ថា វ៉េណេស៊ុយអេឡា​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ដែរ។ ដូច្នេះ​ឃើញ​ថា រឿងរ៉ាវ​​រវាង​ប្រទេស​ជិត​ខាង​ទំាង​ពីរ​នឹង​ត្រូវ​បន្ត​វែង​ឆ្ងាយ​ដែល​មិន​អាច​មាន​ដំណោះស្រាយ​ឆាប់ៗ​ទេ។

ម្យ៉ាង​ទៀត រឿង​នេះ​ក៏​ប្រហែល​មិនមែន​ជា​ប្រធានបទ​អាទិភាព​របស់​លោក​ប្រធានាធិបតី​កូឡុំប៊ី​សង់តូស និង​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ម៉ាឌុយរ៉ូ​ផង​ក៏​មិន​ដឹង ព្រោះ​ថា រដ្ឋបុរស​ទំាង​ពីរ​រូប​កំពុង​ខ្វាយខ្វល់​យ៉ាង​ខ្លំាង​ចំពោះ​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន។ នៅ​ថ្ងៃ​ទី២៥ តុលា​ខាង កូឡុំប៊ី​ត្រូវ​រៀបចំ​បោះឆ្នោត​ឃុំ សង្កាត់ រីឯ​នៅ​ទី៦ ធ្នូ​ខាង​មុខ វ៉េណេស៊ុយអេឡា​ត្រូវ​រៀបចំ​បោះឆ្នោត​សភា។ ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​សង់តូស និង​លោក​ម៉ាឌុយរ៉ូ​អាច​នឹង​ឆ្លៀត​យក​វិបត្តិ​រវាង​គ្នា​ដើម្បី​ទាញ​ចំណេញ​ប្រជាប្រិយភាព និង​នយោបាយ​ផ្ទៃក្នុង​រៀងៗ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ