អានតួអត្ថបទ
បារាំង-កូឡុំប៊ី

នាយករដ្ឋមន្រ្តីបារាំងបំពេញទស្សនកិច្ចលើកទីមួយនៅកូឡុំប៊ី

លោក​ ម៉ានុយអែល ​វ៉ាល្ស ​នាយក​រដ្ឋមន្រ្តី​បារាំង ​កំពុងតែ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ ​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី ​ហើយ​ក៏​ជា​លើក​ទីមួយ​ដែរ ​សម្រាប់​ទ្វីប​អាមេរិក​ខាង​ត្បូង​ទាំង​មូល។ ដំណើរ​ទស្សនកិច្ច​ ដែល​ផ្តោត​សំខាន់​ ទៅ​លើ​ការ​រឹត​បន្តឹង​ចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ​បារាំង​ក៏​នឹង​ឆ្លៀត​ស្វែង​រក​ការ​គាំទ្រ ​ ពី​សំណាក់​កូឡុំប៊ី ​ដើម្បី​សម្រេច​ឲ្យ​បាន​ នូវ​កិច្ច​ព្រមព្រៀង​មួយ​ ស្តី​ពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល ​ ដែល​បារាំង​ នឹង​រៀបចំ​បើក​កិច្ច​ពិភាក្សា ​នៅ​ចុង​ឆ្នាំ​នេះ ​នៅ​ទីក្រុង​ប៉ារីស។

លោក ម៉ានុយអែល វ៉ាល្ស ក្នុង​ពេល​ប្រជុំសភា​
លោក ម៉ានុយអែល វ៉ាល្ស ក្នុង​ពេល​ប្រជុំសភា​ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

មាន​ស្រុក​កំណើត​នៅ​អេស្ប៉ាញ ​លោក​ម៉ានុយអែល ​វ៉ាល្ស​ នាយក​រដ្ឋមន្រ្តី​បារាំង​បច្ចុប្បន្ន ​ចេះ​និយាយ​ភាសា​អេស្ប៉ាញ​​ យ៉ាង​រត់​មាត់។ ដូច្នេះ ​វា​មិន​ជា​ការ​លំបាក​ទេ ​ក្នុង​ការ​ចរចា ​ ពិភាក្សា​ការងារ​ ជាមួយ​នឹង​ប្រទេស​អាមេរិក​ខាង​ត្បូង ​ដែល​ភាគ​ច្រើន​ជា​ប្រទេស​និយាយ​ភាសា​អាស្ប៉ាញ ​តួយ៉ាង​ដូច​ជា​ប្រទេស​កូឡុំប៊ី​ជា​ដើម។

 
អម​ដំណើរ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ​មាន​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ​និង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ​ព្រម​ទាំង​ប្រធាន​ក្រុមហ៊ុន​បារាំង​ធំៗ​ជាង​ ៤០នាក់​ផ្សេង​ទៀត។ កម្មវត្ថុ​ចំបង​នៃ​ទស្សនកិច្ច​នេះ ​គឺ​ផ្តោត​សំខាន់​ទៅ​លើ ​ការ​ដោះដូរ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ​ដែល​មាន​កំរិត​កើន​ឡើង ​ទ្វេរ​មួយ​ជា​បី ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៥​មក ​ដែល​គិត​ជា​ទឹក​ប្រាក់ ​មាន​ប្រមាណ​ជា​១ពាន់​៦រយ​លាន​អឺរ៉ូ។

បន្ទាប់​ពីបាន​ជួប​ជាមួយ ​តំណាង​ក្រុម​សង្គម​ស៊ីវីល​កូឡុំប៊ី ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី ​២៤​មិថុនា ​លោក ​ម៉ានុយអែល វ៉ាល្ស ​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក ​ជ័ន ម៉ានុយអែល​សានតូស ​ប្រធានា​ធិបតី​កូឡុំប៊ី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្រៅ​ពី​ពង្រីក​បន្ថែម​ ការ​ដោះដូរ​ពាណិជ្ជកម្ម ​បារាំង​មាន​គម្រោង​ចង់​បាន​ការ​គាំទ្រ​របស់​កូឡុំប៊ី ​ក្នុង​តំណើរ​ការ​ចរចា ​ស្វែងរក​កិច្ច​ព្រមព្រៀង​ ស្តីពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល ​កាបូនិក ​ដែល​ជា​មូលហេតុ​នៃ​ការ​កើន​ឡើង​កំដៅ​ផែនដី។ យ៉ាង​ណាមិញ​ កូឡូំប៊ី ​ជា​ប្រទេស​មាន​ទួនាទី​មិន​តូច​ទេ​ ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក ​ដោយសារ​ប្រទេស​នេះ ជា​ប្រទេស​ផលិត​ប្រេងឆៅ ​និង​ធ្យូងថ្ម។ ប្រភព​ថាមពល​ទាំងពីរ​នេះ​ហើយ ​ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស។

ដោយ​ឡែក ​លោក​នាយក​រដ្ឋមន្រ្តី ​ ក៏​បាន​រំលឹក​ផង​ដែរ ​ពី​ការ​ចូលរួម​របស់​បារាំង ​ក្នុង​ការ​កសាង​សន្តិភាព​​និងការ​បង្រួបបង្រួម​ជាតិ ​នៅ​កូឡុំប៊ី ​ដើម្បី​បញ្ចប់​ទាំង​ស្រុង​ នូវ​សង្គ្រាម​ស៊ីវីល ​ដែល​បាន​អូស​បន្លាយ​ អស់​រយៈ​ពេល​ ជាង​កន្លះ​សតវត្ស​មកហើយ។ លោក​ម៉ានុយអែល វ៉ាល្ស ​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថា ​បារាំង​នឹង​ឈរ​នៅ​ខាង​រដ្ឋាភិបាល​ កូឡុំប៊ី ​ក្នុង​ការ​កសាង​សន្តិភាព ​បញ្ចប់​សង្គ្រាម​ស៊ីវីល ​ជាមួយ​ក្រុម​ឧទ្ទាម។

គួរ​រំលឹក​ផងដែរ​ថា ​សង្គ្រាម​រវាង​រដ្ឋាភិបាល​កូឡុំប៊ី ​និង​ក្រុម​ឧទ្ទាម​ហ្វាក​កុម្មុយនីស្ត​និយម ​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា ​ជាង​២សែន​នាក់ ​និង​បាន​រុញច្រាន​ប្រជាជន​កូឡុំប៊ី ​ជា​ច្រើន​ពាន់​នាក់ ​ឲ្យ​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស។ សង្រ្គាម​ស៊ីវិល ​បាន​ធ្វើឲ្យ​ក្រុម​ជន​ទុច្ចរិត ​នឹង​ក្រុម​ឧទ្ទាម​ពង្រីក ​ការ​ជួញដូរ ​គ្រឿង​ញៀន​កូកាអ៊ីន ​ហើយ​ធ្វើ​ឲ្យ​កូឡុំប៊ី ​មាន​ឈ្មោះ​ល្បី​រន្ទឺ ​ថា​ជា​ប្រភព​ចែកចាយ​កូកាអ៊ីន។

ស្ថិត​ក្នុង​បរិបទ ​ពង្រឹង​សន្តិសុខ ​និង​ការ​បង្រួប​បង្រួម​ជាតិ ​បារាំង​បាន​បញ្ជូន​កង​ទាហ៊ាន ​មួយ​ចំនួន​តូច ​ដើម្បី​ទៅ​បង្វឹក​ហាត់ ​និង​អភិវឌ្ឍន៍​សមត្ថភាព ​និង​វិន័យ ​ដល់​កង​កំលាំង​ប្រដាប់​អាវុធ​របស់​កូឡុំប៊ី។ បារាំង​ក៏បាន​ផ្តល់​ជា​ជំនួយ​ផ្លូវច្បាប់​ផង​ដែរ ​ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​ការ​គ្រប់គ្រង​ និង​បែងចែក ​ដីធ្លី នៅ​តាម​តំបន់​ដែល​ធ្វើ​សមាហរណកម្ម។ បន្ទាប់​ពី​កូឡុំប៊ី ​លោក​ នាយក​រដ្ឋមន្រ្តី​បារាំង ​និង​បន្ត​ដំណើរ​ទៅ​ប្រទេស​អេក្វាទ័រ ​នៅ​ថ្ងៃ​សុក្រ​ស្អែក ​ដើម្បី​ជួប​ពិភាក្សា ​ជាមួយ​លោក​ប្រធានាធិបតី ​សង្គម​និយម ​រ៉ាហ្វាអែល កូរ៉េអា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ