អានតួអត្ថបទ
លីប៊ី-ស.រ.អា

ការវាយ​ប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រហែល​ជាបាន​គ្រោងទុក​ជាមុន​

កាលទេសៈ​នៃ​មរណភាព​នៃ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​លីប៊ី​នៅមាន​លក្ខណៈ​ពុំទាន់​ច្បាស់លាស់​នៅឡើយ។ ​លោក​ Jay Christopher Stevens ​ប្រហែល​ជា​បាន​ប៉ុនប៉ង​រត់​គេច​ចេញ​ពី​អគារ​ដែល​កំពុង​ឆាបឆេះ​សន្ធោសន្ធៅ។​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​ សម្មតិកម្ម​មួយ​បាន​ត្រូវ​គេ​លើក​ឡើងថា​ ​ គឺជា​ប្រតិបត្តិការ​ដែល​បាន​ប្រុងប្រៀប​រៀបចំ​ជាមុន​ ​ ហើយ​អាចជា​ស្នាដៃ​របស់​ពួក​ភេរវជន​អាលកៃដា​ ​ ពុំមែន​កើតចេញ​ពី​កំហឹង​របស់​ក្រុមបាតុករ​ឡើយ។

បាតុកម្ម​ប្រឆាំង​នឹង​​ការវាយ​​ប្រហារ​​ទៅលើ​​ស្ថាន​កុងស៊ុល​​អាមេរិក​​នៅ​ទីក្រុង​​ Benghazi​ ​នៅ​ប្រទេស​លីប៊ី​​
បាតុកម្ម​ប្រឆាំង​នឹង​​ការវាយ​​ប្រហារ​​ទៅលើ​​ស្ថាន​កុងស៊ុល​​អាមេរិក​​នៅ​ទីក្រុង​​ Benghazi​ ​នៅ​ប្រទេស​លីប៊ី​​ REUTERS/Esam Al-Fetori
ផ្សាយពាណិជ្ជកម្ម

ការវាយ​ប្រហារ​ទៅលើ​ស្ថានកុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ Benghazi ​នៅ​ប្រទេស​លីប៊ី​ ​ ប្រហែល​ជា​បាន​រៀបចំ​គ្រោងទុក​ជាមុន​ ​ ហើយអាចជា​ស្នាដៃ​របស់​ពួក​ភេរវជន​អាលកៃដា។​ នេះជា​សម្មតិកម្ម​របស់​អាជ្ញាធរ​អាមេរិកាំង​បច្ចុប្បន្ននេះ។​ បើយោងតាម​ប្រភព​ជាច្រើន​ដែលបាន​ផ្សាយ​ឲ្យដឹង​ដោយ​សារព័ត៌មាន​ថា​ ​ ទីក្រុង​វ៉ាស៊ីនតោន​យល់ថា​ ​ ទាំងនេះ​ពុំមែន​កើតចេញ​ពី​កំហឹង​របស់​បាតុករ​ដែល​ខឹង​ក្រេវក្រោធ​ប្រឆាំង​ទល់នឹង​ខ្សែភាពយន្ត​ជេរប្រមាថ​សាសនា​អ៊ីស្លាម​ឡើយ។​ បាតុកម្ម​និង​កំហឹង​ទាំងនោះ​គ្រាន់តែ​ជា​លេស​សម្រាប់​យកមក​ធ្វើការ​វាយប្រហារ​តែ​ប៉ុណ្ណោះ។

 
រីឯ​ប្រធាន​នៃ​គណៈកម្មការ​ខាងយកការណ៍​នៅ​សភា​អ្នកតំណាង​អាមេរិក​លោក Mike Rogers ​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាសថា​ ​ ពិតជា​ស្នាដៃ​របស់​ពួក​​ភេរវជន​អាលកៃដា​ ​ ដោយគេ​សំអាង​ទៅលើ​សព្វាវុធ​ដ៏​ធ្ងន់ៗ​និង​ដ៏​ទំនើប​របស់​អ្នកមក​ធ្វើការ​វាយ​ប្រហារ​ទៅលើ​ស្ថានកុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ Benghazi ​នៃ​ប្រទេស​លីប៊ី។

សព្វាវុធ​ទាំងនោះ​មាន​ដូចជា​ កាំភ្លើង​បាញ់​គ្រាប់​រ៉ុកកែត​ វាយប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​អាមេរិក​ ​ ដែល​នៅ​ក្នុង​អគារ​នោះ​មាន​រូបលោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ Christopher Stevens​ ។​ ក៏​ប៉ុន្តែ​គឺ​ការ​ធ្លាក់ចំ​ថ្ងៃទី​១១កញ្ញា​ដែល​បាន​ធ្វើឲ្យ​អាមេរិកាំង​មាន​ចំណាប់​អារម្មណ៍​ជាងគេ​ ​ ដោយហេតុថា​ ​ នៅ​ថ្ងៃអង្គារ​ទី១១​កញ្ញា​ឆ្នាំ២០១២​គឺជា​ថ្ងៃ​ដែល​ស.រ.អា.​ប្រារព្ធ​ធ្វើបុណ្យ​ខួប​រំលឹក​ឆ្នាំទី១១​នៃ​ថ្ងៃ​មហា​ភេរវកម្ម​១១កញ្ញា​ឆ្នាំ២០០១។​ ហើយ​ម្យ៉ាងទៀត​ ​ ទីក្រុង​បេងហ្គាហ្ស៊ី​បាន​ត្រូវ​គេ​ចាត់​ទុកជា​ដែន​អំណាច​នៃ​ពួក​អ៊ីស្លាម​ជ្រុល​និយម​​នៅ​លីប៊ី។

គួរកត់​សម្គាល់ថា​ ​ អង្គការ​ Ansar al-Sharia​ ដែលគេ​ដឹងថា​មាន​ទំនាក់​ទំនង​ស្និទ្ធ​​ជាមួយនឹង​ពួក​អាលកៃដា​ ​ មាន​ទីតាំង​របស់​គេ​នៅ​ប៉ែកខាង​កើត​នៃ​ប្រទេស​លីប៊ី។​ នេះជា​ការ​ប្រកាស​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ​នៅ​តាម​ទូរទស្សន៍​ CNN ​ដោយ​អតីត​ទីប្រឹក្សា​ខាង​បញ្ហា​សន្តិសុខជាតិ​របស់​លោក​អតីត​ប្រធានាធិបតី​អាមេរិក​ George W Bush ។
ហើយ​លោកស្រី​អតីត​ទីប្រឹក្សា​ខាង​បញ្ហា​សន្តិសុខជាតិ​បាន​បន្ថែម​ទៀតថា​ ​ ការវាយ​ប្រហារ​នៅ​ថ្ងៃអង្គារ​ទី១១​កញ្ញា​ឆ្នាំ២០១២​គឺ​ជា​ស្នាដៃ​របស់​ពួក​ភេរវជន។

ចំណែកឯ​មន្ទីរ​ប៉ង់តាហ្គោន​វិញ​បាន​ប្រកាស​ថា​ ​ គេបាន​បញ្ជូន​នាវា​ចម្បាំង​ពីរគ្រឿង​ទៅ​ប្រទេស​លីប៊ី​ដើម្បី​ការពារ​ខ្លួន។​ ក៏ប៉ុន្តែ​ នាវា​ចម្បាំង​ពីរគ្រឿង​នេះ​ ​ មាន​ប្រដាប់​ទៅដោយ​កាំជ្រួច​មីស្ស៊ីល​ Tomahawk ​ដែល​បញ្ជា​ដោយ​ផ្កាយរណប​ ​ ហើយដែលគេ​អាច​យកទៅ​ប្រើ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន។

រីឯ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​ លោក​Mitt Romney វិញ​ ​ បាន​ធ្វើការ​វាយប្រហារ​ទៅលើ​រដ្ឋបាល​របស់​លោក​អូបាម៉ាថា​ ​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ ​ នៅខណៈពេល​ដែល​គេ​បាន​វាយ​ប្រហារ​មកលើ​អាមេរិក​ ​ ដោយហេតុថា​ នៅខណៈ​ពេល​ដែល​ភាព​តានតឹង​កើនឡើង​ ​ នៅ​ថ្ងៃអង្គារ​កន្លងទៅ​នៅ​ទីក្រុងគែរ​ឯណោះ​ ​ ស្ថានទូត​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ​ បរិហារ​ពី​ការវាយ​ប្រហារ​ទៅលើ​សាសនា​អ៊ីស្លាម​ ​ ដែលជា​មូលហេតុ​នាំឲ្យ​កើតមាន​កំហឹង​ក្រេវក្រោធ​របស់​ពួក​បាតុករ។

ក៏ប៉ុន្តែ​ ទាំងនេះ​កើតមាន​មុនការ​វាយប្រហារ​ទៅលើ​ស្ថានទូត​ហើយនិង​មុន​ព្រឹត្តិការណ៍​នៅ​ទីក្រុង​បេងហ្គាហ្ស៊ី។​ នេះជា​ការ​ថ្លែង​ការពារខ្លួន​របស់​រដ្ឋបាល​អូបាម៉ា​ ​ ដែលបាន​បរិហារ​ផងទៀត​ពី​ ការវាយ​ប្រហារ​យក​ចំណេញ​នយោបាយ​របស់​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​ លោក​Mitt Romney។
លោក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ប្រកាស​ប្រាប់​ទៀតថា​ ​ ទង្វើ​បែបនេះ​របស់​លោក​ Mitt Romney​ គឺជា​ទង្វើ​ពុំ​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ