អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ច្បាប់​រដ្ឋ​អៃអូវ៉ា​បើក​សិទ្ធិ​ឲ្យ​ជនពិការ​ភ្នែក​ប្រើប្រាស់​អាវុធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

“ស្រមៃ​ទៅមើលថា ខ្ញុំ​កាន់​កាំភ្លើង​ក្នុង​ដៃ។ នោះ​គឺ​ពិតជា​រូបភាព​ដ៏​ឆ្កួតលីលា​មិនខាន” លោក​Stevie Wonder ជា​អ្នកចម្រៀង​អាមេរិកាំង​ដ៏ល្បី ដែល​ពិការភ្នែក​តាំងពីកំណើត ធ្លាប់​បាន​និយាយ​យ៉ាងដូច្នេះ​ប្រាប់​ទូរទស្សន៍​CNN ដើម្បី​ចំអក​ឲ្យ​ច្បាប់​ស្តីពីការ​ប្រើប្រាស់​អាវុធ​នៅ​សហរដ្ឋអាមេរិក។ នៅក្នុង​ច្បាប់​នោះ ពលរដ្ឋ​អាមេរិកាំង​ម្នាក់ៗ​មាន​សិទ្ធិ​កាន់កាប់​អាវុធ ដើម្បី ស្វ័យ​ការពារ​ខ្លួន។ សិទ្ធិ​ដែល​ត្រូវ​អនុវត្ត​ដោយ​គ្មាន​រើសអើង កំពុង​បង្ក​ឲ្យ​មាន​មតិ​​ចម្រូងចម្រាស បន្ទាប់​ពី​ជនពិការភ្នែក​ក៏ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​អាវុធដែរ។

រដ្ឋ​អៃអូវ៉ា​បាន​ចេញ​ច្បាប់​មួយ​នៅ​ឆ្នាំ ២០១១​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ពិការ​ភ្នែក​មាន​សិទ្ធិ​កាន់ និង​ប្រើប្រាស់​អាវុធ
រដ្ឋ​អៃអូវ៉ា​បាន​ចេញ​ច្បាប់​មួយ​នៅ​ឆ្នាំ ២០១១​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ពិការ​ភ្នែក​មាន​សិទ្ធិ​កាន់ និង​ប្រើប្រាស់​អាវុធ ©DR
ផ្សាយពាណិជ្ជកម្ម

 

នៅ​រដ្ឋអៃអូវ៉ា ច្បាប់​អនុញ្ញាត​ឲ្យ​ប្រជាជន​អាមេរិកាំង​ពិការ​ភ្នែក​អាច​មាន​សិទ្ធិ​កាន់កាំភ្លើង បាន​ចេញ​តាំង​ពី​ឆ្នាំ ២០១១​ម្ល៉េះ ប៉ុន្តែ រឿងជនពិការ​អាច​ប្រើប្រាស់​អាវុធ​បាន​ក្នុង​រដ្ឋ​នេះ ទើប​តែ​ចាប់​បែកខ្ចរខ្ចាយ នៅ​ដើម​សប្តាហ៍​មុន នៅ​អាមេរិក បន្ទាប់​ពីមាន​ការចុះផ្សាយ​ព័ត៌មាន​របស់​វិបសៃតិ៍​អាមេរិកាំង​មួយ​ឈ្មោះ Des Moines Register។

ច្បាប់​របស់​រដ្ឋ​អៃអូវ៉ា បាន​ហាមឃាត់​មិន​ឲ្យ​គេ​បដិសេធ​ផ្តល់​អាវុធ​ដល់​មនុស្ស​ពិការ។ ប្រធាន​ក្រុមសង្កាត់​ដើម្បី​សណ្តាប់ធ្នាប់​សន្តិសុខ នៅ​ក្នុង​រដ្ឋ​អៃអូវ៉ា​ឆ្លៀត​បកស្រាយ​​ច្បាប់​នេះ ដោយ​បាន​បើកដៃ​ផ្តល់​អាជ្ញាបណ្ណ​កាន់កាប់​អាវុធ​ដល់​មនុស្ស​ពិការ​ភ្នែក។

ហេតុអ្វី​បាន​ជាមនុស្ស​ពិការ​ត្រូវការ​កាន់អាវុធ? ឆ្លើយ​ទៅ​នឹង​សំណួរនេះ ជនពិការ​ភ្នែក​ដែល​បាន​ទិញ​អាវុធ​ពី​ហាង​អាវុធ​នៅ​រដ្ឋអៃអូវ៉ា បាន​និយាយ​ថា ពួកគេ​គ្រាន់តែ​ចង់​បាន​អាវុធ នៅ​ជាប់នឹង​ខ្លួន ដូចមនុស្ស​មិន​ពិការភ្នែក ទៅតាម​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​ម្យ៉ាងទៀត ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែងលើ​រូបរាងកាយ។

ដូច​រដ្ឋផ្សេង​ទៀត រដ្ឋ​អៃអូវ៉ា បាន​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ពិការភ្នែក ឬ​មើល​មិនសូវច្បាស់​បើកឡាន ប៉ុន្តែ ផ្ទុយទៅវិញ ក្នុង​រឿង​ប្រើអាវុធ រដ្ឋអៃអូវ៉ា​ធ្វើ​ខុសពីគេ​ដោយ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ពិការ​ភ្នែក​អាច​ប្រើប្រាស់​អាវុធ​បាន។

សំណួរ​នៅ​ត្រង់ថា បើ​ពិការភ្នែក ឬ​ស្រវាំងភ្នែក​មើលមិនច្បាស់ តើ​គេ​អាច​ប្រើអាវុធ បាញ់​ចំ​គោលដៅ​យ៉ាងម៉េច​បាន​ទៅ។ តាមច្បាប់​របស់​រដ្ឋ​អៃអូវ៉ា ជនពិការ​ភ្នែក​នីមួយៗ​ត្រូវឆ្លងកាត់​ការហ្វឹកហ្វឺន​បាញ់​អាវុធ​សិន មុន​នឹង​ទទួល​បាន​អាជ្ញាបណ្ណ​កាន់កាប់​អាវុធ។ ក្រុមអាជ្ញាធរ​សង្កាត់​ដែល​ជា​អ្នកមាន​សិទ្ធិ​ចេញ​អាជ្ញាបណ្ណ​ប្រើ​អាវុធ​ដល់​ជនពិការ​បាន​អះអាងថា​ពួកគេ​មាន​សមត្ថភាព​បង្រៀន​ដល់​ជនពិការ​ឲ្យ​ចេះ​បាញ់​កាំភ្លើង។ ឧទាហរណ៍ មនុស្ស​ពិការភ្នែក​ត្រូវ​គេ​បង្រៀន​ឲ្យ​ចេះ​ស្តាប់ និងទទួល​អារម្មណ៍​ដឹង​ពី​ស្ថានការណ៍​ដែល​អាច​គំរាមកំហែង​រូបកាយ​របស់​ពួកគេ។ ពួកគេ​ត្រូវ​បង្រៀន​ឲ្យ​តម្រង់​កាំភ្លើង ទៅលើ​ស្រមោល​ស្ទុងៗ ឬ​ទៅរក​សំឡេង​ដែល​ជា​ប្រភព​គំរាមកំហែង។ មនុស្ស​ពិការភ្នែក​ត្រូវ​គេ​បង្រៀន​ផងដែរ ពី​របៀបកាន់​អាវុធ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជីវិត​ផ្ទាល់​ខ្លួន និង​មនុស្ស​ដទៃ។ គឺ​គ្រោះថ្នាក់​ជីវិត​អ្នកដទៃ​នេះ​ដែល​កំពុងធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ ពីព្រោះ​ថា តាម​ច្បាប់​រដ្ឋ​អៃអូវ៉ា មនុស្ស​ពិការភ្នែក​អាច​កាន់អាវុធ​នៅ​ទីកន្លែង​សាធារណៈ។

បើតាម ប្រធាន​សមាគម​ជន​ពិការភ្នែក នៅ​រដ្ឋ​អៃអូវ៉ា ការលុប​បំបាត់​ច្បាប់​មិន​ឲ្យ​ជនពិការ​ភ្នែក​ប្រើប្រាស់​អាវុធ នោះ​គឺ​ជា​សកម្មភាព​រើសអើង​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​ពិការភាព។ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​បាន​ចេញមុខ​និយាយ​ការពារ​សិទ្ធិ​មនុស្ស​ពិការភ្នែក​ដោយ​អះអាង​ថា ពួកក្រុម​មនុស្ស​ពិការ​មាន​សតិសម្បជញ្ញៈ​គ្រប់គ្រាន់ ដើម្បី​មិន​លើក​កាំភ្លើង​បាញ់ ទៅលើ​ក្រុមហ្វូងមនុស្ស។

នៅត្រង់​ចំណុចនេះ អ្នកកំប្លែង​ស្ងួត​អាមេរិកាំង​ម្នាក់​គឺ​លោក​Stephen Colbert បាន​និយាយ​របៀប​ចំអកថា អាវុធ​មាន​ប្រសិទ្ធិភាព​ជាង​ឈើច្រត់​នាំផ្លូវ​របស់​មនុស្ស​ពិការភ្នែក។ ជឿចុះ​ថា បើសិន​អ្នក​មាន​កាំភ្លើង​ក្នុង​ដៃ នោះ​មនុស្ស​គ្រប់គ្នា នឹង​បើកផ្លូវ​ឲ្យ​អ្នកដើរ ​យ៉ាង​ឆាប់​បំផុត។

ពាក្យ​កំប្លែង​លាយឡំ​ដោយ​ការពិត ព្រោះថា គឺ​កំាភ្លើង​ដែល​លក់​ដោយ​ស្របច្បាប់​នេះ​ឯង​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៣​ម៉ឺននាក់ ក្នុង​មួយឆ្នាំៗ។ ការប្រើប្រាស់​អាវុធ​ដ៏​មាន​វិសាលភាព​ធំធេង ត្រូវ​បាន​គេ​រិះគន់​ប៉ុន្មាន​លើក​មកហើយ ជាពិសេស បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​ទៅលើ​មនុស្ស​ទាំងហ្វូងៗ ដូចជា​នៅ​រោងកុន​ក្នុង​រដ្ឋ​កូឡូរ៉ាដូ ឬ​ការបាញ់រះ​សម្លាប់​កូនសិស្ស​សាលា​ជាង​២០​នាក់ នៅ រដ្ឋ​ញូវថោន។ ជនឧក្រិដ្ឋ​ទាំងអស់​សុទ្ធ​តែ​ត្រូវ​គេ​រកឃើញ​ថា បាន​ប្រើសិទ្ធិ​ទិញ​អាវុធ​ស្របច្បាប់​របស់ខ្លួន។ លោកអូបាម៉ា​វិញ​ខំប្រឹង​តស៊ូមតិ​ដើម្បី​ធ្វើ​ឲ្យ​គេ​កែប្រែ​ច្បាប់​ស្តី​ពីការកាន់កាប់​អាវុធ ប៉ុន្តែ នៅទីបំផុត មិន​បានជោគជ័យ។

ហេតុអ្វី​បាន​ការប្រយុទ្ធ​របស់​លោកអូបាម៉ា​មិន​ងាយ​នឹង​បាន​ជោគជ័យ? នៅ​អាមេរិក មនុស្ស​កាន់​អាវុធ​គឺ​សឹង​ជារឿង​ធម្មតា។ នេះ​បើ​គេ​មើល​ទៅលើ​ប្រវត្តិ​ប្រពៃណី​របស់​ប្រទេស​នេះ។ ក្រុមហ៊ុន​លក់អាវុធ​ជាច្រើន ដែល​ខ្វល់​ពី​ឆ្នាំងបាយ​របស់ពួកគេ បាន​តស៊ូ​មតិ​ជាមួយ​អ្នកធ្វើ​ច្បាប់​អាមេរិក ដើម្បី​ពង្រឹង​ច្បាប់​កាន់កាប់​អាវុធ​នេះ។

អ្នកគាំទ្រ​ច្បាប់​នេះ​ភាគច្រើន គឺ​ក្រុមដើម្បី​សេរីភាព libéreaux ដែល​គិតថា ការមាន​អាវុធ​ក្នុង​ដៃ គឺ​បញ្ជាក់​ពី​សិទ្ធិ​ជាមូលដ្ឋាន​របស់​បុគ្គល​ម្នាក់។ ពោល​គឺ​មនុស្ស​ដែល​មាន​អាវុធ​ក្នុង​ដៃ គឺ​ជាមនុស្ស​ដែល​មាន​សេរីភាព​ពេញលេញ។ ក្នុង​ករណី​មាន​ការគំរាមកំហែង ពួកគេ​មិន​ចាំបាច់​ពឹង​តែ​ទៅលើ​ជំនួយ អន្តរាគមន៍​របស់​ប៉ូលិស។

មាន​កាំភ្លើង​ក្នុង​ដៃ ពួកគេ​អាច​ឆ្លើយតប​នឹង​ស្ថានការណ៍​អាក្រក់ ដែល​គំរាមកំហែង​ជីវិត​របស់​ពួកគេ។ ទ្រឹស្តី​ទាំងនេះ​បាន​ធ្វើ​ឲ្យ​អាមេរិក​ប្រគល់​សិទ្ធិ​ទិញ ​ប្រើប្រាស់​អាវុធ​ដល់​មនុស្ស​គ្រប់រូប លើកលែង​មនុស្ស​អាយុ​តិចជាង​២១​ឆ្នាំ មនុស្ស​ប្រមឹក ឬ​មនុស្ស​ដែល​ធ្លាប់ជាប់​បទឧក្រិដ្ឋ​កន្លងមក។ សម្រាប់ក្រុម ដើម្បី​សេរីភាព រដ្ឋ​មួយ​មាន​ភាពរីកចម្រើន និង​ពោរពេញ​ដោយ​សេរីភាព គឺ​ជារដ្ឋ ដែល​មនុស្ស​ស្លូតត្រង់​អាច​មាន​កាន់អាវុធ ដូចជា​ពួកឧក្រិដ្ឋជន។ បើតាម​ក្រុមនេះ បទល្មើស​មាន​តិច​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​កាន់អាវុធ​គ្រប់ដៃ ហើយ​បទ​ឧក្រិដ្ឋ​នឹង​កើតឡើង​ច្រើន នៅក្នុង​ប្រទេស​ដែល​មាន​តែ​ប៉ូលិស និង​ជនឧក្រិដ្ឋ​ដែល​មាន​អាវុធ​ក្នុង​ដៃ។

ការអះអាង​របស់​ក្រុមដើម្បី​សេរីភាព​នេះ​មិនអាច​បញ្ចុះបញ្ចូល​គេ​បាន​ទេ។ នេះ​បើ​គេ​មើល​ទៅលើ​ព្រឹត្តិការណ៍​សម្លាប់​មនុស្ស​ជាហ្វូងៗ​កន្លងមក។ ការមាន​អាវុធ ដើម្បីការពារ​ខ្លួន​ជាសិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង។ ប៉ុន្តែ ជាមួយ​គ្នា​នេះ ភាពធូរលុង​ក្នុង​ការផ្តល់​សិទ្ធិ​ដល់​មនុស្ស​ឲ្យ​កាន់កាប់​អាវុធ នឹង​អាច​បង្ក​ទៅ​ជាភាព​អនាធិបតេយ្យ ជាពិសេស នៅពេល​គេ​មិន​អាច​គ្រប់គ្រង​ចិត្ត​របស់​អ្នកកាន់អាវុធ។ ជាក់ស្តែង ជនឧក្រិដ្ឋ​បាញ់​សម្លាប់មនុស្ស នៅ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ ធ្លាប់​ត្រូវគ្រូពេទ្យ​វាយតម្លៃ​ថា មាន​ជម្ងឺផ្លូវចិត្ត ប៉ុន្តែ ពីសំបកក្រៅ ច្បាប់​នៅ​តែ​អនុញ្ញាត​ឲ្យ​ជនរូបនេះ​ទិញ​អាវុធ ដែល​គេ​បាន​យក​ទៅ​បាញ់​មនុស្ស​ពេញរោងកុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ