អានតួអត្ថបទ
អាមេរិក

សោកនាដកម្ម​នៅ​ថ្ងៃ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង​មនុស្ស​ប្រចៀវ

ចាប់តាំង​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រជាជន​អាមេរិក​បាន​ចូលរួម​រំលែកទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​យុវជន​អាមេរិក​បាញ់សម្លាប់ នៅក្នុង​រោងកុន​មួយ​ក្នុង​រដ្ឋ​Colorado។ កាលពីយប់​ថ្ងៃ​ព្រហស្បតិ៍ យុវជន James Holmes បាន​ចូលទៅក្នុង​រោងកុន និង​បាញ់រះ​ទៅលើ​ទស្សនិកជន ដែល​កំពុង​ជក់មើល​កុន​រឿង “មនុស្ស​ប្រចៀវ” “Batman”។ ភ្លាមៗ មនុស្ស​១២​ស្លាប់ ចំណែក មនុស្ស​ជាង​៦០​នាក់​ផ្សេងទៀត រងរបួស។ James Holmes ត្រូវ​បាន​ប៉ូលិស​ចាប់បាន នៅក្រៅរោងកុន។ សោកនាដកម្ម​លើកនេះ​បាន​ជំរុញ​ឲ្យ​លោកប្រធានាធិបតី​អូបាម៉ា​បង្រួញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់គាត់ និង​ត្រលប់​ចូល​មក​រំលែកទុក្ខ​ជាមួយ​គ្រួសារ​សព។ លោក​អូបាម៉ា​បាន​បញ្ជា​ឲ្យ​គេ​ទម្លាក់​ទង់ជាតិ​ពាក់កណ្តាលដង​រយៈពេល​មួយសប្តាហ៍​ដើម្បីចូលរួម​​គោរព​វិញ្ញាណក្ខន្ធរបស់​ជនរងគ្រោះ។ បញ្ហា​ត្រួតពិនិត្យ​អាវុធ នៅ​អាមេរិក​នឹង​អាច​ត្រូវ​គេ​លើក​យក​ទៅ​សួរ​ដេញដោល នៅក្នុង​ការឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី នាពេលខាងមុខ។

ប្រជាជន​អាមេរិក​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ត្រូវ​James Holmes បាញ់សម្លាប់​នៅក្នុង​រោងកុន កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១៩​កក្កដា
ប្រជាជន​អាមេរិក​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ត្រូវ​James Holmes បាញ់សម្លាប់​នៅក្នុង​រោងកុន កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១៩​កក្កដា © REUTERS
ផ្សាយពាណិជ្ជកម្ម

 

យុវជន​James Holmes​ ដែល​បាន​បាញ់សម្លាប់​មនុស្ស​ក្នុង​រោងកុន ក្នុង​រដ្ឋ​កូឡូរ៉ាដូ
យុវជន​James Holmes​ ដែល​បាន​បាញ់សម្លាប់​មនុស្ស​ក្នុង​រោងកុន ក្នុង​រដ្ឋ​កូឡូរ៉ាដូ ©Reuters

បើមើល​ទៅតាម​រូបថត​ដែល​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​អាមេរិក​បង្ហាញ​នៅលើ​អេក្រង់ យុវជន​ James Holmes អាយុ ២៤​ឆ្នាំ​មាន​ឫកពា​ជា​មនុស្ស​ស្លូតបូត។ គ្រូបង្រៀន​របស់​ James Holmes​បាន​ចាត់ទុក​យុវជន​រូបនេះ​ថា ជាសិស្ស​ពូកែ ដោយ​ធ្លាប់​បាន​ទទួល​ពិន្ទុ​ខ្ពស់​ផ្នែក​ជីវវិទ្យា នៅរដ្ឋ​កាលីហ្វនី។ នៅរដ្ឋ​កូឡូរាដូ យុវជន​ James Holmes​បាន​បន្ត​រៀនថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​ប្រសាទ ប៉ុន្តែ គេ​បាន​បោះបង់​ចោល​ថ្នាក់រៀន កាលពី​ខែ​មិថុនាមុន​នេះ។

អ្នក​ដែល​ស្គាល់​ James Holmes ភាគច្រើន​វាយតម្លៃ​ថា ជា​យុវជន​ទុយមុយ និង​រក្សាខ្លួន​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង។ ផែនការ​សម្លាប់​មនុស្ស​នៅរោងកុន កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា យុវជន​រូបនេះ​ឆ្លាត និង​បាន​រៀបចំ​ដោយ​ល្អិតល្អន់ តាំងពី​យូរណាស់​មកហើយ។

មុន​នឹង​ទៅ​រោងកុន James Holmes បាន​រៀបចំ​ដាក់​អន្ទាក់​ប៉ូលិស​នៅ​ក្នុង​ផ្ទះ​របស់ខ្លួន។ គេ​បាន​ដំឡើង​ប្រព័ន្ធ​បញ្ជាមួយ ពីចម្ងាយ​ដើម្បី​បញ្ជា​បំពង​សំឡេង​ចម្រៀង​ខ្លួនខ្លាំង​ដើម្បី​ទាក់ទាញ​ប៉ូលិស​ឲ្យ​ចូលទៅក្នុង​ផ្ទះ។ ទៅតាម​ផែនការ បើសិន​ប៉ូលិស​ចូល​ទៅក្នុង​ផ្ទះ នោះ គ្រឿងផ្ទុះ​ស្វ័យប្រវត្តិ​នឹង​សម្លាប់ប៉ូលិស ហើយ​ប៉ូលិស​ទាំងក្រុង​នឹង​សម្រុក​ទៅ​កន្លែង​កើតហេតុ​នៅផ្ទះ​របស់ខ្លួន។ ដូច្នេះ James Holmes​សង្ឃឹម​ថា នឹង​ពេល​បាញ់សម្លាប់​មនុស្ស​នៅរោងកុន ដោយ​គ្មាន​ការរំខាន​ពី​ប៉ូលិស។ គេ​ថែម​ទាំង​បាន​រៀបចំ​ចតឡាន នៅមុខ​ទ្វារ​ចេញ​ពីរោងកុន​ទៀតផង។ ប៉ុន្តែ អ្វីៗ មិន​បាន​ប្រព្រឹត្ត​ទៅតាម​ផែនការ។ ប៉ូលិស​បាន​ស្ទាក់ចាប់​បាន​ James Holmes នៅក្រោយ​គេ​បាញ់សម្លាប់​មនុស្ស​នៅក្នុង​រោងកុន។

នៅថ្ងៃ​សៅរ៍​នេះ ប៉ូលិស​ត្រូវ​ប្រើ​មនុស្ស​យន្ត​ដើម្បី​ចូល​ដោះគ្រឿងផ្ទុះ ក្នុង​ផ្ទះ​របស់​ James Holmes។ ប៉ូលិស​កំពុង​ធ្វើការ​យ៉ាងប្រយ័ត្ន​ប្រយែង ព្រោះថា យុវជន​ James Holmes​អាច​មាន​បង្កប់​គ្រឿងផ្ទុះ​ច្រើន នៅក្នុង​ផ្ទះ។

រហូត​មកដល់​ពេលនេះ គេនៅ​មិន​ទាន់ដឹង​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ James Holmes​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅឡើយទេ។ យុវជន​រូបនេះ​មិន​ធ្លាប់​មាន​ឈ្មោះថ្កោលទោស នៅតុលាការ ហើយ​អាវុធ​ទាំង​​បួនដើម និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ប្រើសម្លាប់​មនុស្ស​នៅក្នុង​រោងកុន សុទ្ធសឹង​ជា​អាវុធ​ដែល​ James Holmes​បាន​ទិញ​យ៉ាង​ស្របច្បាប់ ចន្លោះខែ​ឧសភា និង​កក្កដា។ យ៉ាងណា​ក៏​ដោយ មាន​ហេតុផល​មួយ​ដែល​គេ​វាយតម្លៃ​ថា កត្តា​ជំរុញ​ឲ្យ​យុវជន​ James Holmes សម្លាប់​មនុស្ស។ James Holmes​អាច​មាន​ចិត្ត​ម៉ួម៉ៅ​ក្តៅ​ក្រហាយ ព្រោះ​ថា បើទោះជា​មាន​សញ្ញាប័ត្រ​ថ្នាក់ខ្ពស់ច្រើន យុវជន​រូបនេះ​នៅតែមិន​អាច​រកការងារ​ល្អ​បាន​ធ្វើ។ ការងារ​តែមួយដែល​ James Holmes​រកបាន រហូតមកដល់​ពេលនេះ គឺ​អ្នកលក់នំ នៅហាង​McDonalds៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ