អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការចរចា​ស្វែងរក​សន្តិភាព​ស៊ីរី នៅ​ហ្សឺណែវ​ទីពីរ​នៅតែ​គ្មាន​ពន្លឺ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុង​ហ្សឺណែវ ការចរចា​រវាងក្រុមប្រឆាំង និង​អ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី​បាន​បន្ត​ធ្វើ​មួយ​ថ្ងៃទៀត នៅថ្ងៃ​សៅរ៍​ទី ១៥ កុម្ភៈ។ ៦ថ្ងៃ​មកហើយ ដែល​ក្រុមប្រឆាំងស៊ីរី និង​តំណាង​រដ្ឋាភិបាល​ស៊ីរី​ជួប​ចរចា​គ្នា ក្រោម​ការដឹកនាំ​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ជំនួប​ចរចា​ត្រូវ​បាន​លោកប្រេសិត​រៀបរាប់​ថា មិន​បាន​បោះជំហាន​ទៅមុខ​សោះ។ នៅថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​បាន​សន្យា​​ទៅ​ព្រះមហាក្សត្រ​ហ្សកដានី​ថា នឹង​រកមធ្យោបាយ​ដាក់គំនាប​បន្ថែម​លើ​រដ្ឋាភិបាល​ស៊ីរី។

ការចរចា​រវាង​ភាគី​ក្រុមប្រឆាំង និង​រដ្ឋាភិបាល​ស៊ីរី​នៅ​ហ្សឺណែវ​ទីពីរ​ត្រូវជាប់គាំង ដោយភាគី​ជម្លោះ​មាន​ជំហរ​ផ្ទុយគ្នា​ទាំងស្រុង
ការចរចា​រវាង​ភាគី​ក្រុមប្រឆាំង និង​រដ្ឋាភិបាល​ស៊ីរី​នៅ​ហ្សឺណែវ​ទីពីរ​ត្រូវជាប់គាំង ដោយភាគី​ជម្លោះ​មាន​ជំហរ​ផ្ទុយគ្នា​ទាំងស្រុង REUTERS/Valentin Flauraud/Pool
ផ្សាយពាណិជ្ជកម្ម

 

ការចរចា​៦ថ្ងៃមកនេះ​ធ្វើឡើង នៅក្នុង​បរិយាកាស​មួយ​ដែល​ស្រពិចស្រពិល គឺ​គេ​មិន​បាន​​ឃើញ​ចេតនា ឆន្ទះ​របស់​ភាគី​ទាំង​ពីរ ដើម្បី​ចង់​ដោះស្រាយ​ជម្លោះ​ទាល់តែសោះ។ ភាគីម្ខាងៗ នៅ​តែ​ប្រកាន់​ជំហរ នយោបាយ​របស់ខ្លួន​មិន​ផ្លាស់ប្តូរ ហើយ​ជំហរ​របស់ពួកគេ​ទៀតសោត​គឺ​ខុសគ្នា ១៨០​ដឺក្រេ ដែល​មិន​អាច​ឲ្យ​ពួកគេ​គ្មាន​ចំណុច​រួម​ណាមួយ យក​មក​និយាយ​ត្រូវគ្នា។

ដើមឡើយ នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ដែល​បើកធ្វើ តាំងពីថ្ងៃ​ចន្ទ ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​បាន​កំណត់​ប្រធានបទ​បី​ដែល​ភាគី​ក្រុមប្រឆាំង និង​តំណាង​រដ្ឋាភិបាល​ស៊ីរី​ត្រូវ​យក​មក​ពិចារណា ដោះស្រាយ​រួមគ្នា។ ចំណុច​ទាំងនោះ​មាន​ដូចជា ការស្វែងរក​កុងសង់ស៊ុស ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន ការស្វែងរក​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់ និង​ទីបី គឺ បើក​ឲ្យ​មាន​សហប្រតិបត្តិការ​ផ្នែក​មនុស្សធម៌​នៅ​តាម​តំបន់​ជម្លោះ ពិសេស​ជម្លៀស​ជនស៊ីវិល​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​ការ​វាយប្រហារ​គ្នា​ រវាង​កម្លំាង​រដ្ឋាភិបាល និង​កម្លំាងប្រឆំាង។

ប៉ុន្តែ ចាប់តាំងពី​ថ្ងៃ​បើក​ដំបូង ការចរចា​បាន​ជាប់គាំង​នៅត្រឹម ចំណុច​ទីមួយ គឺ​ការបង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន។ ក្រុមប្រឆាំង​បាន​ទាមទារ​ឲ្យ​គេ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ ដើម្បី​គ្រប់គ្រង​ប្រទេស រហូត​ដល់​មាន​ការបោះឆ្នោត​ថ្មីមួយ។ ក្រុមប្រឆាំង​ទាមទារ​ដាច់ខាត មិន​ឲ្យ​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ ចូលរួម នៅក្នុង​រដ្ឋាភិបាល​អន្តរកាល​នោះទេ។

អ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី​វិញធ្វើថ្លង់ ធ្វើគ នៅចំពោះមុខ​ការទាមទារ​របស់​ក្រុមប្រឆាំង។ សម្រាប់​ភាគី​រដ្ឋាភិបាល គ្មាន​ទេ ច្រក​ដំណោះស្រាយ​នយោបាយ​ណា ដែល​គ្មាន​ការចូលរួម​ពីលោក​បាស្ហា អាល់អាសាដ។ ក្រុមតំណាង​រដ្ឋាភិបាល​វាយតម្លៃថា ក្រុមប្រឆាំង​កំពុង​ទាមទារ ចំណុច​ដែល​គេមិនអាច​ធ្វើ ទៅរួច។ ម្យ៉ាងទៀត នៅក្នុង​កិច្ចប្រជុំ​នៅហ្សឺណែវ ក្រុមតំណាង​រដ្ឋាភិបាល​ស៊ីរី មិន​បាន​និយាយ​ច្រើន​ទាក់ទង​នឹង​ដំណើរការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​នៅស៊ីរីទេ។ ផ្ទុយទៅវិញ អ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី លើក​និយាយ​ច្រើន​ពីការបង្កើត​យន្តការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវក ដែល​កំពុង​រុករាន នៅក្នុង​សង្រ្គាម​ស៊ីវិល​ស៊ីរី។

រហូតមក រដ្ឋាភិបាល តែងចាត់ទុក​ក្រុមប្រឆាំង​ប្រដាប់​អាវុធ​ទាំងអស់​ថា សុទ្ធតែ​ក្រុមភេរវករ ដែល គ្រោះថ្នាក់សម្រាប់​សន្តិសុខជាតិ។ ហើយ រដ្ឋាភិបាល​តែងតែ​លើក​យក​ហេតុផល​នេះ ដើម្បី​ការពារ​ការវាយ​ប្រហារ​ស្របច្បាប់​របស់​កងទ័ព​ស៊ីរី​ទៅលើ​ក្រុមប្រឆាំង។

នៅថ្ងៃសៅរ៍ អ្នកតំណាង​អាមេរិក និង​រុស្ស៊ី បានទៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​ហ្សឺណែវ​ទីពីរ។ អាមេរិក និង​រុស្ស៊ី ​ធ្លាប់​បាន​វែក​ត្រួសត្រាយ​ឲ្យ​មាន​កិច្ចប្រជុំ​ហ្សឺណែវ ដើម្បីបញ្ចប់​ជម្លោះ សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី។ កាលពីថ្ងៃសុក្រ​ទី ១៤ កុម្ភៈ នៅក្នុង​ជំនួប​មួយ ជាមួយ​ព្រះមហាក្សត្រ​ហ្សកដានី លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ទើបតែ​បញ្ជាក់ជាថ្មី​ជំហរ​របស់​អាមេរិក​ក្នុងការគាំទ្រ​ក្រុមប្រឆាំង​ស៊ីរី។ លោក​បាន​បញ្ជាក់ថា អាមេរិក​នឹង​សិក្សា ពិនិត្យ​មើល​យន្តការ​ថ្មី ដើម្បី​ដាក់គំនាប​ទៅលើ​រដ្ឋាភិបាល របស់​លោក​បាស្ហា អាល់អាសាដ។ ទោះជា​លោក​អូបាម៉ា​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ផែនការ​លម្អិត​របស់លោក ប៉ុន្តែ សេតវិមាន​ធ្លាប់​បាន​ប្រកាស​ថា នឹង​ជួយ​ផ្នែក​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី ដែល​សូវ​មិន​ជ្រុលនិយម ពោល​គឺ​ដើម្បី​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ស៊ីរី​ឲ្យបន្ទន់​ជំហរ ក្នុង​តុ ចរចា។

ជារួម ទាំង​អាមេរិក និង​រុស្ស៊ី គឺ​មាន​ភាគី​កាន់ជើង​រៀងៗខ្លួន។ អាមេរិក និង​ប្រទេស​លោកខាងលិច ដែល​ការពារ​ក្រុមប្រឆាំង នៅតែ​ចង់​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល មួយ គ្មាន​លោក​ប៉ាស្ហា អាល់អាសាដ ចំណែក​រុស្ស៊ី​វិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី នៅតែ​គិតថា ក្រុមប្រឆាំង​សព្វថ្ងៃ ជា​ក្រុមភេរវករ។ រុស្ស៊ី​ចង់​ឲ្យ​គេ​ដោះស្រាយ​បញ្ហា​ភេរវករ​នៅ​ស៊ីរី​ជាអាទិភាព​ចំបង។ និយាយទៅ និយាយមក គឺ​មិន​ខុសពី​ក្រុមប្រឆាំង និង​អ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី អាមេរិក និង​រុស្ស៊ី​នៅតែ​មាន​គំនិត​ខ្វែងគ្នា។

បើទោះបី ជាការចរចា​លើកនេះ បរាជ័យ លោក​ប្រេសិត​បាន​បញ្ជាក់ហើយថា លោក​នឹង​ធ្វើ​របាយការណ៍​មួយ​ទៅក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ឲ្យ​គេ​ពិចារណា​រក​ដំណោះស្រាយ​ថ្មី។ អាច​ចាត់វិធានការ​ជាក់ស្តែង ណាមួយ ដើម្បី ដាក់គំនាប​លើ​ភាគី​ជម្លោះទាំងពីរ ឬ​អាច​បង្កើត​ជំនួបប្រជុំ​ហ្សឺណែវ​ថ្មីមួយទៀត ក៏អាចថាបាន។

នៅក្នុង​កិច្ចចរចា​រហូតមក ភាគី​ក្រុមប្រឆាំង និង​រដ្ឋាភិបាល​បាន​យល់​ព្រមព្រៀង​គ្នា​តែ​លើ​ចំនុច​មួយ គឺ​បទឈប់បាញ់​បណ្តោះអាសន្ន ដែល​ឈាន​ទៅដល់​ការបណ្តោះ​ប្រជាជន​ស៊ីវិល​ចេញពី​ទីក្រុងហូម ​ដែល​បាន​ជាប់អន្ទាក់​នៅក្នុង​ការប្រយុទ្ធគ្នា រវាង​ក្រុមប្រឆាំង និង​ទាហាន​រដ្ឋាភិបាល។ ប្រធាន​ក្រុមមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​កំពុង​ស្រែក​អំពាវនាវ​បន្ថែម ឲ្យ​ប្រទេស​ទាំង​១៥​ដែល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ ឲ្យ​ដាក់​គំនាប​បន្ថែម​ទៅលើ​រដ្ឋាភិបាល​ស៊ីរី ដើម្បី​ឲ្យ​រដ្ឋាភិបាល​នេះ ឲ្យ​ដោះលែង​យុវជន​រាប់រយនាក់ ដែលត្រូវ​បាន​​ចាប់ខ្លួន នៅក្នុង​ការបង្រ្កាប​នៅក្នុង​ទីក្រុង​ហូម​កន្លងមក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ