អានតួអត្ថបទ
​ស៊ីរី

ការជម្លៀស​ប្រជាជន​ស៊ីរី​នៅ​ក្រុង​ហូម​​ ថ្ងៃ​អាទិត្យ​នេះ អាច​ជួប​ការពិបាក​ច្រើន​

នៅ​ក្រុងហូម​ប្រទេស​ស៊ីរី ​បទឈប់បាញ់​៣ថ្ងៃ រវាង​កងទ័ព​លោក​អាសាដ និង​ក្រុមឧទ្ទាម​ ត្រូវ​ផុតកំណត់​នៅ​យប់ថ្ងៃ​អាទិត្យ​នេះហើយ។ បទឈប់បាញ់​នេះ មានទិសដៅ​ជម្លៀស​មនុស្ស​ដែល​​ចង់ចាកចេញពី​ក្រុងហូម និង​ជួយ​​ស្បៀងអាហារ​​ថ្នាំសង្កូវ​ ដល់​អ្នកដែល​បន្ត​រស់​នៅ​ក្នុង​ក្រុងនេះ។ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បទឈប់បាញ់​នេះ ត្រូវបាន​រំលោភ​បំពាន​​ទាំងស្រុង​​ ដោយសារ​តែ​រថយន្ត​ដឹកស្បៀង​របស់​អង្គការ​មនុស្សធម៌​ស៊ីរី​ ​បាន​រងការ​បាញ់ប្រហារ។

គណៈប្រតិភូ​អង្គការសហប្រជាជាតិ​ នៅ​ក្រុងហូម ថ្ងៃ​សៅរ៍​ម្សិលមិញ
គណៈប្រតិភូ​អង្គការសហប្រជាជាតិ​ នៅ​ក្រុងហូម ថ្ងៃ​សៅរ៍​ម្សិលមិញ REUTERS/Thaer Al Khalidiya
ផ្សាយពាណិជ្ជកម្ម

នៅក្រុងហូម ប្រទេស​​ស៊ីរី​ ថ្ងៃ​អាទិត្យ​នេះ ការជម្លៀសស្ត្រី​ កុមារ និង​មនុស្ស​ចាស់ជរា ប្រហែល​ជា​អាច​ពិបាក​នឹងដំណើរការ​បាន​ស្រួល​ណាស់។ ដើម្បី​ជម្លៀស​ប្រជាជន​ក្រុងហូម បទ​ឈប់បាញ់​​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ក្រុមឧទ្ទាម ​រយៈពេល​៣ថ្ងៃ ដាក់អោយ​មាន​​តាំង​ពី​ថ្ងៃ​សុក្រ​មក ​ត្រូវ​បាន​រំលោភ​ទាំងស្រុង​ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ។ រថយន្ត​​​ដឹកស្បៀង​ជំនួយ​របស់​អង្គការ​មនុស្សធម៌​ស៊ីរី គ្រាស់សង់រូស Croissant rouge បានរងការ​បាញ់​ប្រហារ​។

យោងតាម​អង្គការ​សិទ្ធិមនុស្ស​ស៊ីរី ការបាញ់ប្រហារ​នៅ​ក្រុងហូម​ ម្សិលមិញ បាន​ធ្វើអោយ​​មនុស្ស​ស្លាប់​៥នាក់ និង​​ប្រមាណ​២០នាក់ទៀត​រងរបួស។ កងទ័ព​លោក​អាសាដ និង​ក្រុម​ឧទ្ទាម​​បាន​ទំលាក់​កំហុស​គ្នាទៅវិញទៅមក ថាបាន​​​​​រំលោភ​បទឈប់បាញ់​នេះ។

ទោះ​ជា​មានការ​បាញ់​ប្រហារ​​​​ក្តី នៅ​ថ្ងៃសៅរ៍​ម្សិលមិញ អង្គការ​មនុស្សធម៌ស៊ីរី បាន​សម្រេច​ភារកិច្ច​ផ្តល់ចំណីអាហារ​ ថ្នាំសង្កូវ​ ជួយ​ដល់ប្រជាជន​​ក្រុងហូម ហើយ​អ្នក​ស្ម័គ្រចិត្ត​របស់​អង្គការគ្រាស់សង់​រូស​ រួមទាំង​អ្នកបំរើការងារ​អង្គការសហប្រជាជាតិ​ទាំងអស់គ្នា ដែល​ចុះទៅទីនោះ​ ​​ បាន​នាំគ្នា​ចាកចេញ​ពីក្រុងហូម​ដោយសុវត្ថិភាព។

គួររំលឹក​ថា បទឈប់បាញ់​៣ថ្ងៃ រវាង​កងទ័ពរដ្ឋាភិបាល​ស៊ីរី និងក្រុមឧទ្ទាម​ ដែល​ដាក់​អោយ​​មាន​តាំងពី​ថ្ងៃ​សុក្រ​ បានសម្រេច​ឡើង​​ក្រោមអធីបតីភាព​របស់​អង្គការ​សហ​ប្រជាជាតិ។ បទឈប់បាញ់​នេះ មាន​ទិសដៅ​ជម្លៀស​ស្ត្រី កុមារ និងមនុស្ស​ចាស់​ចេញ​ពី​ក្រុងហូម និងផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជនប្រមាណ​៣ពាន់នាក់​ទៀត ​ដែល​មិនចង់​ចេញ​ពី​ទីនោះ។ ​កាលពីថ្ងៃ​សុក្រ​មាន​មនុស្ស​៨៣នាក់ប៉ុណ្ណោះ​ ដែល​ត្រូវ​បានជម្លៀស​ពី​ក្រុងហូម។

ក្រុងហូម​ជាក្រុង​ចំណាស់​ស្ថិត​​នៅភាគកណ្តាល​​ស៊ីរី ត្រូវ​គេ​ចាត់ទុក​ថា ជា​ទីក្រុង​បដិវត្តន៍​ប្រឆាំង​​ប្រធានាធិបតី​អាសាដ។ នៅទីនោះ ប្រជាជន​មានការបែងចែក​បក្សពួកគ្នា រវាង​​អ្នកកាន់សាសនា​អ៊ីស្លាម​​និកាយ​ស៊ុននីត ដែលគាំទ្រ​ក្រុមឧទ្ទាម និង​អ្នកកាន់​និកាយ​អាឡាវីត គាំទ្រ​​លោក​អាសាដ។ កងទ័ព​រដ្ឋាភិបាល​​បាន​ឡោមព័ទ្ធ​ក្រុង​ហូម​ អស់​៦០០ថ្ងៃ​មកហើយ។ នៅយប់ថ្ងៃ​អាទិត្យ​នេះ បទឈប់បាញ់​៣ថ្ងៃ​រវាង​កងទ័ព​ស៊ីរី​និង​ក្រុមឧទ្ទាម​ នឹង​ផុតកំណត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ