អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោកស្រី​ ហ៊ីឡារី​ ក្លីនតុន​ ត្រូវ​ធ្វើ​បែបណា​ដើម្បី​បង្រួបបង្រួម​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី ​Hillary Clinton​ បាន​ឈ្នះ​ការ​បោះឆ្នោត​ចុងក្រោយ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន កាលពី​ថ្ងៃ​អង្គារ​ ទី​១៤ មិថុនា​នេះ។ នេះ​ជាជ័យ​ជំនះ​ប្រកប​ដោយ​និមិត្តរូប​មុន​នឹង​លោកស្រី​ត្រូវ​ទទួល​ការ​តែងតាំង​ជា​បេក្ខនារី​ផ្លូវការ​ប្រចាំ​គណបក្ស​ប្រជាធិបតេយ្យ។ ​ ប៉ុន្តែ​ទោះបីជា​យ៉ាង​​ក៏​ដោយ​​​​ លោកស្រី​​ហាក់​នៅ​មិន​ទាន់​រីករាយ​នឹង​ជ័យជំនះ​នេះ​ទេ។​ កិច្ចការ​បន្ទាប់​របស់​លោកស្រី​ គឺ​បង្រួម​​បង្រួម​​អ្នកគាំទ្រ​​គណបក្ស​ប្រជាធិតេយ្យ​ ដើម្បី​ផ្តួល​គូប្រជែង​ គឺ​លោក​ Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ សំរាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ដើម​ខែ​វិច្ឆិការ​ខាង​មុខ​នេះ។​ ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​ លោកស្រី​ត្រូវការសំលេង​ឆ្នោត​ពី​ក្រុម​អ្នកគាំទ្រ​លោក​ Bernie Sanders។ 

លោកស្រី​Hillary Clinton​បេក្ខជន​ប្រធានាធិបតីនៃបក្ស​ប្រជាធិបតេយ្យ​នា​យុទ្ធនាការ​នៅ​Cleveland, Ohio​ថ្ងៃ​១៣​មិថុនា​​២០១៦​
លោកស្រី​Hillary Clinton​បេក្ខជន​ប្រធានាធិបតីនៃបក្ស​ប្រជាធិបតេយ្យ​នា​យុទ្ធនាការ​នៅ​Cleveland, Ohio​ថ្ងៃ​១៣​មិថុនា​​២០១៦​ REUTERS/Aaron Josefczyk
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ប្រចាំបក្ស​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ហើយ។​ សំរាប់​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hillary Clinton នឹង​ទទួល​បាន​ការ​តែង​តាំង​​ជា​បេក្ខនារី​ផ្លូវការ ​នា​សមាជ​បក្ស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចន្លោះ​ពី​ថ្ងៃ​ទី ២៥ ដល់​២៨ ខែ​កក្កដា​ខាង​មុខ​នេះ។ សមាជ​បក្ស​នេះ​នឹង​រៀប​ចំ​ឡើង​​នៅ​ទីក្រុង​ Philadelphia នៃ​រដ្ឋ​ Pennsylvania។ បើ​តាម​ការ​បូក​សរុប​លទ្ធផល​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP លោកស្រី​ Hillary Clinton ទទួល​បាន​សំលេង​ប្រតិភូ​ចំនួន​ ២ ៨06 នាក់​ ហើយ​គូប្រជែង​ក្នុង​បក្ស​ គឺ​លោក​ Bernie Sanders ទទួល​បាន​​ប្រតិភូ​តែ​ ១ ៨៨០ នាក់​ប៉ុណ្ណោះ។


សូម​បញ្ជាក់​ថា​ ប្រតិភូ​ទាំង​អស់​នេះ គឺ​ជា​អង្គបោះឆ្នោត​ដើម្បី​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​តំណាង​ឲ្យ​បក្ស​របស់​ខ្លួន។​ បើ​តាម​ការ​គណនា​តួលេខ​ វា​គ្មាន​មន្ទិល​សង្ស័យ​អ្វី​ឡើយ​ដែល​លោកស្រី​ Hillary Clinton ​នឹង​ក្លាយ​ជា​ស្រ្តី​​តំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ​សំរាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​។​ គិត​មក​ដល់​ពេល​នេះ​ វា​ជា​ជំហាន​ដ៏​ធំ​មួយ​ដែល​លោកស្រី​បាន​ឈាន​ដល់។​ ប៉ុន្តែ​ ជំហាន​បន្ទាប់​ គឺ​ត្រូវ​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដោយ​ផ្តួល​លោក​Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ។

ដើម្បី​អាច​សំរេច​ក្តី​ស្រមៃ​នេះ​បាន​ កិច្ចការ​អាទិភាព​របស់​លោកស្រី​ Clinton គឺ​បញ្ចុះ​បញ្ចូល​លោក​ Bernie Sanders ​ឲ្យ​គាំទ្រ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី។​ សូម​បញ្ជាក់​ថា​ ភ្លាមៗក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីងតោន​ លោក​ Bernie Sanders និង​លោកស្រី​ Hillary Clinton បាន​ជួប​សន្ទនា​ទល់​មុខ​គ្នា។​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ លោក​ Sanders​ នៅ​ពុំ​ទាន់​ទទួល​ស្គាល់​បរាជ័យ​ខ្លួន​ឡើយ។

​ ម៉្យាង​ទៀត​ ​លោក​អះអាង​ប្រាប់​អ្នក​គាំទ្រ​ខ្លួន​ថា​នឹង​តស៊ូ​រហូត​ដល់​ទីបញ្ចប់​ ពោល​គឺ តថ្លៃ​ជាមួយ​លោកស្រី​ Clinton ដើម្បី​ឲ្យ​បក្ស​អនុម័ត​កម្មវិធី​នយោបាយ​របស់​ខ្លួន ​នាសមាជ​បក្ស​ក្នុង​កំឡុង​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ។​ តើ​លោក​ Bernie Sanders​ តថ្លៃ​កម្មវិធី​នយោបាយ​អ្វី​ខ្លះ?

១)​ កំណែទម្រង់គណបក្សប្រជាធិបតេយ្យ
លោក​ Sanders​ ប្រាថ្នា​ចង់​ឲ្យ​គណបក្សនេះ​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទូទៅ​ បាន​ន័យ​ថា​​អ្នក​បោះឆ្នោត​ឯករាជ្យ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​សមាជិក​បក្ស​ណា​មួយ​ឡើយ​ អាច​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ។​ បច្ចុប្បន្ន​ គណបក្ស​ប្រជាធិបតេយ្យ​​អនុញ្ញាតិ​ឲ្យ​តែ​សមាជិក​បក្សខ្លួន​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន។​លោក​ Sanders​ ក៏​យល់​ឃើញ​ថា​ យុវជន​អាមេរិក​បច្ចុប្បន្ន​ខុស​ពីមនុស្ស​ជំនាន់​មុន​។ យុវជន​ទាំង​នោះ​ជា​អ្នក​បោះឆ្នោត​ឯករាជ្យ​គ្មាន​ស្លាក​គណបក្ស​នយោបាយ​ជាប់​ខ្លួន​ឡើយ។

២)​ អព្យាក្រឹត្យ​ភាព​ប្រធានគណកម្មាធិការជាតិ​បក្ស
លោក​ Sanders​ ​ស្នើ​ឲ្យ​ដកលោកស្រី​ Debbie Wasserman Schultz ​ដែល​មាន​តួនាទី​ប្រធាន​គណកម្មាធិការ​ជាតិ​ប្រចាំ​​គណបក្ស​ប្រជាធិបតេយ្យ​​ចេញ​ពី​មុខ​តំណែង។ ​មូលហេតុ​ គឺ​លោក​ Sanders មិន​ពេញ​ចិត្ត​នឹង​ភាព​លម្អៀង​កន្លង​មក​របស់​លោកស្រី​ Schultz ​ដែល​ប្រកាស​អះអាង​គាំទ្រ​លោកស្រី​ Hillary Clinton។ សំរាប់​លោក​ Sanders ទង្វើ​នេះ​ជា​អំពើ​អយុត្តិធម៌​មិន​ស្រប​នឹង​ដំណើរការ​ប្រជាធិបតេយ្យ​ ជាពិសេស​ គឺ​​តួនាទីប្រធាន​គណកម្មាធិការ​ជាតិ​បក្ស​។

៣)​ លប់​ចោល​ប្រតិភូជាន់ខ្ពស់​ (Super-délégués)
លោក​ Sanders ក៏​ស្នើ​ឲ្យ​លប់​ចោល​ប្រតិភូ​ជាន់​ខ្ពស់​ (Super-délégués) ចេញ​ពី​ដំណើរ​ការ​បោះឆ្នោត​ក្នុង​បក្ស។​ ប្រតិភូ​ជាន់​ខ្ពស់នេះ​ គឺ​រាប់​បញ្ចូល​ឥស្សរ​ជន​សំខាន់ៗ​ក្នុង​បក្ស​ អតីតៈ​ប្រធានាធិបតី​ តំណាង​រាស្រ្ត​ និងសមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន។​ ប្រតិភូ​ជាន់​ខ្ពស់​នេះ​មាន​សម្លេង​អាច​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី នា​សមាជ​តែងតាំង​បេក្ខជន​ផ្លូវការ។​ សូម​បញ្ជាក់​ក្នុង​ចំណោម​ប្រតិភូ​ជាន់​ខ្ពស់​ចំនួន​ ៦៣៥ នាក់​ ក្នុង​នោះ​មាន​​ ៥៨៧ នាក់​បាន​បង្ហាញ​ជំហរ​លំអៀង​តាំងពី​ដើម​យុទ្ធនាការ​បោះឆ្នោត​ ដោយគាំទ្រ​លោកស្រី​ Hillary Clinton។ សំរាប់​លោក​ Sanders នេះ​ក៏​ជា​ទង្វើ​អយុត្តធម៌​ផង​ដែរ។​

សំណើ​ផ្សេង​ទៀត​ គឺ​ទាក់​ទង​នឹង​កម្មវិធី​នយោបាយ​ ដែល​មាន​លក្ខណៈ​ឆ្វេង​និយម​បែប​គោលការណ៍​សង្គម​និយម​ ក្នុង​នោះ​មាន​ដូច​ជា​ ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​មិន​គិត​ថ្លៃ​, ការ​តំឡើង​ប្រាក់​ម៉ោង​ការងារ​អប្បបរមា​ដល់​ពលរដ្ឋ​អាមេរិក​ឲ្យ​បាន​ ១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង,​ ​ការផ្តល់​ការ​ធានារ៉ាប់​រង​សុខភាព​មិន​គិត​ថ្លៃ​ដល់​ពលលរដ្ឋ​ និង​ការ​បញ្ចប់​ការ​ធ្វើ​អាជី​វកម្ម​ប្រេង​ក្រោមដី​ តាម​រយៈ​វិធី​សាស្រ្ត​ប្រើ​សារជាតិ​គីមី​លាយ​ជាមួយ​ទឹក​ដើម្បី​បំបែក​ផ្ទាំង​ក្រោម​ដី។

តើ​លោកស្រី​ Hillary Clinton ​អាច​ទទួល​យក​កម្មវិធី​នយោបាយ​ទាំង​នោះ​ដែរ​ឬទេ? ហេតុអ្វី​បាន​ជា​លោកស្រី​ Hillary Clinton ត្រូវការ​សំលេង​អ្នក​គាំទ្រ​លោក​ Bernie Sanders ខ្លាំង​ម្ល៉េះ? បើ​តាម​លោក​ Larry Sabato សាស្រ្តាចារ្យ​នយោបាយ​ប្រចាំ​សាកលវិទ្យាល័យ​ Virginia ​បាន​វិភាគ​ថា​ លោកស្រី​ Clinton ​ ចាំបាច់​ត្រូវការ​ជំនួយ​ពី​លោក​ Sanders ដើម្បី​បង្រួប​បង្រួម​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ។ លោកស្រី​គ្មាន​លទ្ធភាព​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​ឡើយ។​
ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ប្រជាធិតេយ្យ​ចំនួន​ ២៧ លាន​នាក់​ លោក​ Sanders ​បាន​ទទួល​សំលេង​គាំទ្រ​ពី​ពលរដ្ឋ​អាមេរិក​ចំនួន ១២ លាន​នាក់។​ អ្នក​គាំទ្រ​ទាំង​នោះ​ភាគច្រើន​ជា​យុវជន​ ស្រ្តី​វ័យ​កណ្តាល​ កម្មករ​ និង​កសិករ។​ មាន​មនុស្ស​សរុប​ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ក្នុង​ជំនួប​ប្រមូល​ផ្តុំ​កន្លង​មក​របស់​លោក​ Sanders​។

កន្លង​មក​ ​អ្នក​គាំទ្រ​លោក Sanders បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោកស្រី​ Clinton។ នេះ​ក៏​ដោយសារ​តែ​លោកស្រី​បាន​ទទួល​ប្រាក់​រាប់រយ​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ឯកជន​ ធនាគារ ផ្សារភាគហ៊ុន និង​ក្រុម​ Lobby ​ជា​ដើម ដើម្បី​ដឹកនាំ​យុទ្ធនាការ​ឃោសនា។ ហើយ​វា​ខុសពី​លោក Sanders​ ដែល​បាន​ទទួល​ប្រាក់​កាក់​សេន​ពី​ពលរដ្ឋ​សាមញ្ញ។ សំរាប់អ្នក​គាំទ្រ​ទាំង​នោះ លោកស្រី​ Clinton ប្រៀបដូចជា​ផលិត​ផល​មួយ​អញ្ចឹង​តំណាង​អោយ​ក្រុមហ៊ុន​ឯកជន​ ដែល​សម្លឹង​តែ​ប្រយោធន៍​ទាំងនោះ​។ ហើយ​ពួក​គេ​ចាត់​ទុក​លោកស្រី​ Clinton ​ជា​ឥស្សរជន​តំណាង​ឲ្យ​ក្រុម​វរជន​ឆ្នើម​ក្នុង​ក្រុង​វ៉ាស៊ីងតោន​ ដែល​គិត​តែពី​ផល​ប្រយោធន៍​នយោបាយ​ជាជាង​ឆ្លើយ​តប​តំរូវ​ការ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ថ្នាក់​ក្រោម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ