អានតួអត្ថបទ

លោកស្រី គ្លីនតុន​​ក្លាយ​ជា​​បេក្ខជន​ប្រធានាធិបតីភេទ​ស្រី​ដំបូង​នៅ​អាមេរិក

លោកស្រី ហ៊ីឡារី គ្លីនតុន បាន​ទទួល​សំឡេង​គាំទ្រ​​គ្រប់គ្រាន់​ សម្រាប់​អាច​ក្លាយ​ជា​បេក្ខជន​​ប្រធានាធិបតី​បក្ស​​ប្រជាធិបតេយ្យ​បាន​ ដើម្បី​ទៅ​ប្រកួត​ប្រជែង​ជាមួយ​លោក ដូណាល់ ត្រាំ នៃ​បក្ស​សាធារណរដ្ឋ​បាន​ហើយ។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ និង​ទូរទស្សន៍​អាមេរិក។ លោកស្រី បេក្ខនារី នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ ដែល​មក​ប្រកួត​ប្រជែង​យកតំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ​គូប្រជែង​ក្នុង​បក្ស លោក ប៊ែរនី សេនដឺ មិន​ទាន់​ប្រកាស​ចុះ​ចាញ់​ទេ។ ការ​ប្រកួត​ប្រជែង​នៅ​តែ​បន្ត​​ទៀត។

លោកស្រី គ្លីនតុន ធ្វើ​មិទ្ទិញ​នៅ​ Lynwook, Los Angeles ថ្ងៃទី ៦ មិថុនា ២០១៦
លោកស្រី គ្លីនតុន ធ្វើ​មិទ្ទិញ​នៅ​ Lynwook, Los Angeles ថ្ងៃទី ៦ មិថុនា ២០១៦ REUTERS/Lucy Nicholson
ផ្សាយពាណិជ្ជកម្ម

គ្រប់ប្រព័ន្ធ​ឃោសនា​​ព័ត៌មាន​អាមេរិក ភ្នាក់ងារ​សារព័ត៌មាន​ ទូរទស្សន៍ NBC ABC CBS … បាន​ជូន​ដំណឹង​ព្រោងព្រាត អំពី​ជោគជ័យ​​របស់​លោកស្រី​គ្លីនតុន ថា​​​​បាន​ទទួល​សំឡេង​គាំទ្រ ឬ​ចំនួន​ប្រតិភូ ភាគ​ច្រើន​ដាច់​​ខាត​ (២៣៨៣ លើ​៤៤៨៣) សម្រាប់​ក្លាយ​ជា​ជា​បេក្ខជន​ប្រធានាធិបតី​​បក្ស​ប្រជាធិបតេយ្យ​ហើយ។ លោកស្រី​គ្លីនតុន​បាន​នាំ​មុខ​លោក សេនដឺ ជា​គូប្រជែង​ក្នុង​បក្ស​ដល់ទៅ​ជាង​៨០០​ប្រតិភូ។

ហើយ​ម្យ៉ាង​ទៀត ​​លោកស្រី ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន ​មិន​ទាន់​អាច​ស្រែក ជយោ ភ្លាម​​ទេ ព្រោះ​លោកស្រី ខ្លាច​សកម្មជន​គាំទ្រ​លោកស្រី​​ទម្លាក់​ដៃនៅថ្ងៃនេះ។ ថ្ងៃ​​​បោះឆ្នោតចុង​ក្រោយ នៅ​ក្នុង​រដ្ឋ​ចំនួន​៦ ក្នុងនោះ មាន​រដ្ឋកាលីហ្វ័រនីញ៉ា​​មួយ​ដែល​លោក​សេនដឺ ជា​គូប្រជែង​អាច​ឈ្នះ​ជា​និម្មិតរូបផង។​​

បន្ថែម​ពី​លើ​នេះ​ទៀត លោកសេនដឺ មិន​ទាន់​ប្រកាស​ចុះ​ចាញ់​ទេ ហើយ​ថែម​ទាំង​បាន​រិះគន់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ថា ផ្សព្វផ្សាយ​ដំណឹង​លឿន​ជ្រុល។ ​​
 
​លោក​សេនដឺ ​មិន​ព្រម​​​ប្រកាស​ចុះ​ចាញ់

​លោក​សេនដឺ នៅ​តែបន្ត​មាន​ក្តីសង្ឃឹម អាច​តស៊ូ​ទល់​នឹង​លោកស្រី​ គ្លីនតុន​បាន​ទៀត ព្រោះ​ថ្វី​បើ​ពេល​នេះ​លោកស្រី គ្លីនតុន​មាន​សំឡេង​ប្រជាជន សំឡេង​ប្រតិភូ ភាគច្រើន​ដាច់​ខាត​គាំទ្រ​មែន តែនៅ​មាន​ការ​បោះឆ្នោត​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃទី ២៥-២៨​កក្កដា របស់​​អ្នក​ទទួល​ខុស​ត្រូវ​បក្ស និង​សមាជិកសភា-ព្រឹទ្ធសភារបស់​បក្ស​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Superdelegate និង​ដែល​ជា​ថ្ងៃ​ប្រកាស​​ផ្លូវការ​ ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតីរបស់​បក្សប្រជាធិបតេយ្យ។

Superdelegate ​ អាច​ធ្វើព្យុះធ្វើ​ភ្លៀង​បាន​ ដោយ​អាច​បោះឆ្នោត​គាំទ្រ​បេក្ខជន​ណាក៏​បាន​ ទៅ​តាម​ជម្រើស​របស់​បុគ្គលផ្ទាល់។ ​​៥៧១​នាក់​នាក់​​ក្នុង​ចំណោម​៧១២​នាក់ បាន​គាំទ្រលោកស្រី គ្លីនតុន ទល់​៤៥​នាក់​គាំទ្រ​លោក​សេនដឺ។​

ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះ លោកសេនដឺ ដែល​ ពី​មុន​មក​លោក​មិន​ដែល​ទាំង​សង្ឃឹម​​លើ​ខ្លួន​ឯង​ ​ថា​អាច​បាន​ឈ្នះ ដល់​២០​រដ្ឋ​ផង ស្រាប់​តែ​បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ឃោសនា​ គួរ​ជា​ទី​គាប់​ចិត្ត ​ទទួល​ជោគជ័យ​ ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ និង​អាច​ទាក់ទាញ​យុវជន​ ឱ្យ​គាំទ្រ​លោក​បាន​យ៉ាង​សន្ធឹក​សន្ធាប់។ ដូច្នេះ​វា​ជា​លំបាកខ្លាំង​ណាស់​​ដែល​លោក​ត្រូវ​បោះបង់ការ​ប្រយុទ្ធ​នៅ​កណ្តាល​ទី​ នា​ពេល​នេះ។ លោក ទំនង​ជា​មិន​អាច​​ប្រកាស​ចុះ​ចាញ់ទេ​ ដរាប​ណា​ល្បែង​ប្រកួត​ប្រជែង​មិន​ទាន់​ចប់​នោះ។

លោកអូបាម៉ា អន្ទះសារ​ចង់​បង្ហាញ​ជំហរ​គាំទ្រ​លោកស្រី​គ្លីនតុន

​​នៅពី​ក្រោយ​​ប្រកួត​ប្រជែង​រក​បេក្ខជន​ប្រធានាធិបតី គឺ​ការ​រួបរួម​បក្ស​ដើម្បី​ប្រជែង​ជាមួយ​បក្ស​ផ្សេង​ទៀត ដើម្បី​ឈាន​ឆ្ពោះ​ទៅដណ្តើម​កៅអី​ប្រធានាធិ​បតី។ បេក្ខជន​នីមួយៗ​សុទ្ធ​តែ​បាន​យល់​ដឹង​លើ​ខ​សន្យា​នេះ​។ គេ​នៅ​ចង​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០០៨ លោកស្រី​គ្លីនតុន​បាន​ប្រកាស​ចុះ​ចាញ់​​លោកអូបាម៉ាភ្លាម​ ក្រោយ​បាន​ដឹង​ ​​គុណគិតលទ្ធផលបែប​គណិត​វិទ្យា​​ទៅ​ឃើញលោក​អូបាម៉ាឈ្នះ​​បោះឆ្នោត​។

​​​ហេតុផល​របស់​លោក សេនដឺ ដែល​នៅ​ក្រាញ​ ​ពន្យារសេចក្តី​សម្រេច​ចិត្ត​​ដល់​ចុង​ខែ​កក្កដា ក៏​ព្រោះ​តែ​លោក​ ចង់​ដាក់​សម្ពាធ ចង់​​​មាន​ឥទ្ធិពល​លើ​កម្មវិធី​​នយោបាយ​របស់​បក្ស​ និង​ ចង់​បាន​ការ​គិត​គូរ​យក​គំនិត​និង​សំណើ​នយោបាយ​លោក​ទៅ​ប្រើប្រាស់​ផង។

តែលោក​ប្រធានាធិបតី​អូបាម៉ាអាច​នឹងជំរុញ​អន្តរកាល​បាន​​លឿន។ បើតាម​សារព័ត៌មាន​ មាន​ការ​​​ជជែក​គ្នា​យ៉ាង​យូរ​តាមទូរស័ព្ទ​រវាង​លោក​អូបាម៉ា និង​លោកសេនដឺ។ ម្យ៉ាង​វិញ​ទៀត សេតវិមាន​បាន​ព្រលយ​ឱ្យ​ដឹង​ថា លោកអូបាម៉ា ដែល​តាមដាន​និង​មាន​ជំនក់​ចិត្ត​ក្នុង​យុទ្ធនាការ​ឃោសនា ទំនង​ជាង​នឹងប្រកាស​ជំហរ ​គាំទ្របេក្ខភាព​លោកស្រី ហ៊ីឡារី គ្លីនតុន នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ឬ​ក្នុង​សប្តាហ៍​នេះ​ផង។

ពី​មុន​មក ទោះ​បី​ជា​គេ​ដឹង​ថា​លោក​អូបាម៉ា មាន​ទំនោរ​លើ​លោកស្រីគ្លីនតុន​ក្តី ក៏​លោក​ប្រធានាធិបតី​បាន​រក្សា​អព្យាក្រឹត្យ​ភាព​ មិន​ប្រកាស​កាន់​ជើង​បេក្ខជនខាង​ណា ក្នុង​អំឡុង​ពេល​បោះឆ្នោត​។ ប៉ុន្តែ​ពេល​វេលា​កាន់​ខើច និង​ប្រឈម​មុខ​នឹង​គូប្រជែង​បក្ស​សាធារណ​រដ្ឋ​ ដូច​យ៉ាង​លោក ដូណាល់ ត្រាំ លោកប្រធានាធិបតី​អាមេរិក​ទំនង​ជា​ត្រូវ​បង្ហាញ​ជំហរ​ច្បាស់​លាស់​ ចុះ​ជួយ​ឃោសនា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ មុន​ការ​គ្រោង​ទុក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ