អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោកស្រី​គ្លីនតុន​ប្រកាស​ជោគជ័យ តែ​គូប្រជែង​លោក​សេនដឺ​ប្រកាស​ពី​ការ​បន្ត​យុទ្ធនាការ

នៅ​សហរដ្ឋអាមេរិក យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​គាំទ្រ​នៅ​ផ្ទៃក្នុង​គណបក្ស​ដើម្បី​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ​បាន និង​កំពុង​បន្ត​មាន​យ៉ាង​សកម្ម។ នៅ​ខាង​គណបក្ស​សាធារណរដ្ឋ បេក្ខជន​ដែល​កំពុង​នាំ​មុខ​គេ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​ដូណាល់ ត្រាំ​ទេ។ តែ​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ គឺ​នៅ​សល់​បេក្ខជន​ចំនួន​ពីរ​នាក់​នៅ​ក្នុង​បញ្ជី គឺ​លោកស្រី​គ្លីនតុន និង​លោក​សេនដឺ។ នៅ​យប់​មិញ លោកស្រី​គ្លីនតុន​បាន​ប្រកាស​ជោគជ័យ​ជា​បេក្ខនារី​ប្រធានាធិបតី តែ​លោក​សេនដឺ​នៅ​មិន​ទាន់​ទទួល​ស្គាល់ ព្រម​ទាំង​ប្រកាស​បន្ត​យុទ្ធនាការ​ឃោសនា​រហូត​ដល់​ទឹក​ចុង​ក្រោយ។

លោកស្រី​ហ៊ីឡារី គ្លីនតុន និងស្វាមី
លោកស្រី​ហ៊ីឡារី គ្លីនតុន និងស្វាមី Drew Angerer/Getty Images/AFP Drew Angerer / GETTY IMAGES NORTH
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​លេច​កាន់​តែ​ច្បាស់ និង​គ្មាន​អ្វី​គួរ​ឲ្យ​មាន​មន្ទិលសង្ស័យ​សម្រាប់​លោកស្រី​ហ៊ីលឡារី គ្លីនតុន។ ច្បាស់ និង​គ្មាន​មន្ទិលសង្ស័យ ព្រោះ​លោកស្រី​គ្លីនតុន​ទទួល​បាន​សម្លេង​គ្រប់គ្រាន់​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​យប់​ថ្ងៃ​អង្គារ ទី៧ មិថុនា លោកស្រី​គ្លីនតុន​បាន​ទទួល​ការ​សាទរ​ពី​លោក​ប្រធានាធិបតី​អូបាម៉ា និង​បាន​រៀបចំ​ពិធី​យ៉ាង​គគ្រឹកគ្រេង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​លោកស្រី​នៅ Brooklyn។ នៅ​ក្នុង​ពិធី​នោះ លោកស្រី​គ្លីនតុន​បាន​ថ្លែង​អរគុណ​ក្រុម​អ្នកគាំទ្រ​លោកស្រី និង​ថា ជោគជ័យ​របស់​លោកស្រី​ពេល​នេះ មិនមែន​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​ទេ។

លោកស្រី​ហ៊ីឡារី គ្លីនតុន បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ ២០១៦
លោកស្រី​ហ៊ីឡារី គ្លីនតុន បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ ២០១៦ ©REUTERS/Dominick Reuter

« ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​លោក អ្នក យើង​បាន​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់។ ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​យើង ស្រី្តម្នាក់​នឹង​ក្លាយ​ជា​បេក្ខនារី​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ដ៏​ធំ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នា​ពេល​ខាង​មុខ។
 
ជោគជ័យ​នៅ​ក្នុង​រាត្រី​នេះ មិន​មែន​ជា​ជោគជ័យ​របស់​មនុស្ស​ម្នាក់​ទេ។ ជោគជ័យ​ក្នុង​រាត្រី​នេះ​ជា​ជោគជ័យ​របស់​ជំនាន់​បុរស និង​ស្រ្តី​ដែល​បាន​ប្រឹងប្រែង​តស៊ូ និង​បាន​ធ្វើ​ពហិការ​គ្រប់បែប​យ៉ាង​រហូត​ទទួល​បាន​ផ្លែផ្កា​នា​ពេល​នេះ។
 
ជោគជ័យ​ក្នុង​រាត្រី​នេះ គឺ​ជា​ជោគជ័យ​របស់​លោកអ្នក​ទាំង​អស់​គ្នា »

ជា​ការ​ពិត នេះ​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​អាមេរិក​ដែល​មាន​ស្រី្តម្នាក់​នឹង​ក្លាយ​ជា​បេក្ខនារី​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ដ៏​ធំ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នា​ពេល​ខាង​មុខ។ គួរ​រម្លឹក​ជូន​ថា កាល​ពី ៨ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ២០០៨ ភរិយា​អតីត​ប្រធានាធិបតី​អាមេរិក ប៊ីល គ្លីនតុន​រូប​នេះ​ក៏​ធ្លាប់​បាន​ចូល​ប្រឡូក​ដណ្តើម​បេក្ខភាព​ប្រធានាធិបតី​ទល់​នឹង​លោក​អូបាម៉ា​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ម្តង​ហើយ។ តែ​អ្វី​ដែល​ខុស​គ្នា​លើក​នេះ លោកស្រី​គ្លីនតុន​បាន​ដាក់​ខ្លួន​ជា​សកម្មជន​ស្ត្រីម្នាក់ ជា​ម្តាយ ជា​ជីដូន និង​ដែល​ខ្លឹមសារ​ឃោសនា​បាន​ផ្តោត​សំខាន់​លើ​ស្រ្តី។

លោកស្រី​គ្លីនតុន​បាន​ប្រកាស​ជោគជ័យ​ជា​បេក្ខនារី​ប្រធានាធិបតី តែ​លោក​សេនដឺ​ដែល​ជា​គូប្រជែង​ក្នុង​គណបក្សប្រជាធិបតេយ្យ​នៅ​មិន​ទាន់​ទទួល​ស្គាល់ ព្រម​ទាំង​ប្រកាស​បន្ត​យុទ្ធនាការ​ឃោសនា​រហូត​ដល់​ទឹក​ចុង​ក្រោយ។
 

លោក​សេនដឺ
លោក​សេនដឺ Scott Olson/Getty Images/AFP

« មនុស្ស​រាប់លាន​នាក់​មក​ពី​ទូទាំង​ប្រទេស តាំង​ពី​ចុង​ម្ខាង ដល់​ចុង​ម្ខាង បាន​នាំ​គ្នា​ងើប​ឡើង ដោយ​ដឹង​ច្បាស់​ថា ប្រទេស​ជាតិ​របស់​យើង​គួរ​តែ​មាន​ការ​រីកចម្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ថ្ងៃ​អង្គារ​ក្រោយ យើង​នឹង​នៅ​តែ​បន្ត​យុទ្ធនាការ​របស់​យើង នៅ​ក្នុងការ​បោះឆ្នោត​ចុងក្រោយ ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។
 
បន្ទាប់​ពី​នោះ​ទៅ​ទៀត យើង​ក៏​នឹង​នៅ​តែ​បន្ត​ការ​តស៊ូ​របស់​យើង​រហូត​ទៅ​ដល់​សមាជ​បក្ស​នៅ​​ហ្វីឡាឌែលហ្វីយ៉ា ដើម្បី​ទាមទារ​ឲ្យមាន​យុត្តិធម៌​សង្គម សេដ្ឋកិច្ច ជាតិសាសន៍ និង​បរិស្ថាន។
 
ខ្ញុំ​ក៏​ចេះ​គិត​លេខ​ដែរ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា ការ​បោះឆ្នោត​នា​ពេល​ខាង​មុខនេះ គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​សម្រាប់​យើង។ ក៏​ប៉ុន្តែ យើង​នឹង​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​រហូត​ដល់​ទីចុង​បំផុត។ យើង​នឹង​ខិត​ខំ​សន្សំ​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត​បាន​មួយ​សំឡេង យក​មួយសំឡេង »

ដើម្បី​ចៀសវាង « អ្នក​ឈ្នះ​មុខ​ខ្លាញ់ អ្នក​ចាញ់​មុខ​សេះ » និង​ក៏​ដើម្បី​អូសទាញ​ក្រុម​អ្នកបោះឆ្នោត​ឲ្យ​លោក​សេនដឺ​ផង លោកស្រី​គ្លីនតុន​បាន​ឆ្លៀត​លើក​សរសើរ​គូប្រជែង​លោក​សេនដឺ​ពី​យុទ្ធនាការ​ឃោសនា​ដ៏​អស្ចារ្យ​របស់​លោក។
 

លោកស្រី​គ្លីនតុន
លោកស្រី​គ្លីនតុន AFP/David McNew

« ខ្ញុំ​ចង់​ថ្លែង​សាទរ​លោក​សេនដឺ​ចំពោះ​យុទ្ធនាការ​ឃោសនា​ដ៏​អស្ចារ្យ​របស់​គាត់។ លោក​សេនដឺ​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​អស់​ជា​ច្រើន​ឆ្នាំ និង​ដែល​ក្នុង​រយៈពេល​នោះ លោក​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​បុព្វហេតុ និង​គោលការណ៍​នៃ​ភាព​ចម្រើន។ លោក​បាន​ទាក់ទាញ​អ្នក​បោះឆ្នោត​រាប់សិបលាន​នាក់ ពិសេស​គឺ​យុវជន។
 
ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា បុគ្គល​សេនដឺ យុទ្ធនាការ​ឃោសនា​របស់​គាត់ និង​ការ​តស៊ូមតិ​របស់​យើង​ស្តីពី​ប្រាក់បៀវត្ស ឬ​ស្តីពី​ការ​កាត់បន្ថយ​វិសមភាព​ក្នុង​សង្គម គឺ​សុទ្ធសឹង​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ និង​សម្រាប់​អាមេរិក។ យុទ្ធនាការ​ឃោសនា​នៅ​ផ្ទៃក្នុង​បក្ស​មាន​ការ​លំបាក​ខ្លាំង តែ​យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​លោក អ្នក​បាន​គាំទ្រ​ខ្ញុំ គាំទ្រ​លោក​សេនដឺ ឬ​មួយ​ក៏​គាំទ្រ​បេក្ខជន​ណា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​ឲ្យ​អាមេរិក​ខ្លាំង និង​រីកចម្រើន »។

នៅ​ខាង​គណបក្ស​សាធារណរដ្ឋ​ឯណោះ​វិញ លោក​ដូណាល់ ត្រាំ​មិន​បាន​ទុក​ឱកាស​នៃ​ការ​ប្រើ​សម្តី​ឆ្លងឆ្លើយ​គ្នា​រវាង​លោកស្រី​គ្លីនតុន និង​លោក​សេនដឺ​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​កន្លង​ហួស​បាន​ទេ។ នៅ​ក្នុង​ន័យ​នេះ និង​ដោយ​ដឹង​ថា​គូប្រជែង​ប្រធានាធិបតី​របស់​លោក​មិន​មែន​លោក​សេនដឺ លោក​ដូណាល់ត្រាំ​មិន​ញញើត​នឹង​ប្រើ​សម្តី​វាយប្រហារ​លោកស្រី​គ្លីនតុន​ត្រង់ៗ ព្រម​ទាំង​អំពាវនាវ​ហៅ​អ្នកបោះឆ្នោត​គាំទ្រ​លោក​សេនដឺ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​វិញ។
 

លោក​ត្រាំ
លោក​ត្រាំ REUTERS/Lucas Jackson

« ខ្ញុំ​យល់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ក្នុង​នាម​ជា​បេក្ខជន​របស់​លោក អ្នក ហើយ​ខ្ញុំ​ចង់​ជម្រាប​លោក អ្នក​ថា ខ្ញុំ​នឹង​មិន​បោះបង់​ចោល​លោក អ្នក​ទេ។ ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​កាន់​អ្នកបោះឆ្នោត​គាំទ្រ​លោក​សេនដឺ​ដែល​បាន​ទទួល​បរាជ័យ​ដោយសារ​តែ​ប្រព័ន្ធ​ពុករលួយ​ថា យើង​ទទួល​យក​លោក អ្នក​ដោយ​ដៃ​ទាំង​ពីរ។
 
ក្រុមគ្រួសារ​គ្លីនតុន​បាន​អនុវត្តន៍​នយោបាយ​ដើម្បី​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន។ ក្រុម​នេះ​ទទួល​បាន​ផលចំណេញ​រាប់សិប​លាន​ដុល្លារ​តាម​រយៈ​ការ​លក់​កុងត្រា​ផ្តាច់មុខ និង​ការ​ទទួល​បាន​កុងត្រា​ពី​រដ្ឋាភិបាល។ ខ្ញុំ​និយាយ​ច្បាស់​ហើយ គឺ​ទទួល​បាន​លុយ​រាប់សិបលានដុលា្លរ។
 
ប្រទេស​នេះ​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី ហិនហោច​អស់ ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ជួប​មហន្តរាយ សាលារៀន​របស់​យើង​បាត់បង់​គុណភាព ឧក្រិដ្ឋកម្ម​បាន​កើន​ឡើង ពលរដ្ឋ​កំពុង​ភ័យខ្លាច។
 
តើ​យើង​ពិត​ជា​ត្រូវ​ការ​ឲ្យ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ធ្វើ​ជា​ម្ចាស់​សេតវិមាន​ឬ ?។ ការ​ប្រគល់​កៅអី​ប្រធានាធិបតី​ឲ្យ​លោកស្រី​គ្លីនទុន គឺ​ដូច​ជា​ការ​បន្ត​នយោបាយ​វិនាសអន្តរាយ​របស់​លោក​អូបាម៉ា​អ៊ីចឹង »។

សម្តី​វាយប្រហារ​ខ្លាំងៗ​របស់​លោក​ដូណាល់ ត្រាំ​របៀប​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោកស្រី​គ្លីនតុន​ឈរ​ក្រពាត់ដៃ​ស្តាប់​បាន​ឡើយ និង​បាន​បរិហារ​បក​វិញ​ថា កម្មវិធី​នយោបាយ​របស់​លោក​ត្រាំ​កំពុង​ពុះចែក​អាមេរិក​ជា​ពីរ។ អ្វី​ទៅ​ជា​ជម្រើស​របស់​ពលរដ្ឋ​អាមេរិក​រវាង​លោកស្រី​គ្លីនតុន និង​លោក​ត្រាំ?។ គេ​ត្រូវ​រង់ចាំ​ចម្លើយ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ