អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោក​អូបាម៉ា​អំពាវនាវ​ឲ្យ​បក្សប្រជាធិបតេយ្យ​គាំទ្រ​លោកស្រី​ហ៊ីឡារី គ្លីនតុន

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ផ្តើម​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ផ្ទៃក្នុង​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ បន្ទាប់​ពី​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ NBC លោក​អូបាម៉ា​ក៏​បាន​ទទួល​ជួប​លោក​ប៊ែរនី សេនដឺ​នៅ​សេតវិមាន​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មិថុនា។ លោក​សេនដឺ គឺ​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ និង​ដែល​រូប​លោក​នៅ​មិន​បាន​ទទួល​ស្គាល់​ជោគជ័យ​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន​ដែល​ជា​គូប្រជែង​នៅ​ឡើយ​ទេ។

លោកអូបាម៉ា​​​នៅ​ចំពោះ​មុខ​អ្នកកាសែត​ទូរទស្សន៍​ NBC ថ្ងៃទី៨ មិថុនា ២០១៦
លោកអូបាម៉ា​​​នៅ​ចំពោះ​មុខ​អ្នកកាសែត​ទូរទស្សន៍​ NBC ថ្ងៃទី៨ មិថុនា ២០១៦ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ និង​បើ​ទោះ​បី​ជា​លោកស្រី​គ្លីនតុន​បាន​ប្រកាស​ក្តែងៗ​ពី​ជោគជ័យ​របស់​លោកស្រី​តាំង​ពី​យប់​ថ្ងៃ​អង្គារ ទី៧ មិថុនា​ក៏​ដោយ ក៏​លោក​សេនដឺ​មិន​ព្រម​ទទួល​ស្គាល់ និង​ប្តេជ្ញា​បន្ត​យុទ្ធនាការ​ឃោសនា​រហូត​ដល់​នាទី​ចុង​ក្រោយ។ គឺ​នៅ​ចំពោះ​មុខ​ភាព​រឹងរួស​របស់​លោក​សេនដឺ​នេះ​ហើយ​ដែល​លោក​អូបាម៉ា​បាន​ចូល​ខ្លួន​អន្តរាគមន៍ តាម​រយៈ​ការ​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ NBC និង​ទទួល​ជួប​លោក​សេនដឺ​ផ្ទាល់​នៅ​ឯ​សេតវិមាន។ ទន្ទឹម​គ្នា​នេះ និង​ក្នុង​នាម​ជា​អ្នកប្រជាធិបតេយ្យ​ម្នាក់ លោក​អូបាម៉ា​ក៏​មិន​ញញើត​នឹង​វាយប្រហារ​គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​គេ​ស្គាល់​ថា​លោក​ដូណាល់ ត្រាំ។

ទាក់ទង​នឹង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក លោក​អូបាម៉ា​បាន​យល់​ឃើញ​ថា វា​ជា​រឿង​ល្អ​ណាស់​ដែល​មាន​គូប្រជែង​នៅ​ក្នុង​បក្ស តែ​អ្វី​ដែល​លោក​អូបាម៉ា​ចង់​បាន​នា​សប្តាហ៍​ខាង​មុខ គឺ​ការ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​គាំទ្រ​បេក្ខជន​តែ​ម្នាក់​ក្នុង​ការ​ចូលរួម​តទល់​នឹង​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ។ ការ​រួម​សាមគ្គី​ជា​ធ្លុង​មួយ​នៅ​ក្នុង​បក្សប្រជាធិបតេយ្យ​ដែល​លោក​អូបាម៉ា​ចង់​ស្នើ​លោក​សេនដឺ​ឲ្យ​ទទួល​ស្គាល់​ភាព​បរាជ័យ​របស់​ខ្លួន និង​ទទួល​ស្គាល់​ជោគជ័យ​របស់​លោកស្រី​គ្លីនតុន។

សូម​ជម្រាប​ជូន​ថា ការ​គាំទ្រ​របស់​លោក​អូបាម៉ា​ចំពោះ​លោកស្រី​គ្លីនតុន​លែង​ជា​រឿង​សម្ងាត់​ទៀត​ឡើយ គ្រាន់​តែ​ថា​លោក​អូបាម៉ា​មិន​សូវ​បាន​បង្ហាញ​ជា​សាធារណៈ​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​សេនដឺ​តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម និង​ក្នុង​រយៈពេល​យុទ្ធនាការ​ឃោសនា​ដែរ ពិសេស​សម្តែង​សាទរ​លោក​សេនដឺ​ដែល​ប្រធានបទ​ស្តីពី​ការ​កាត់​បន្ថយ​វិសមភាព​សេដ្ឋកិច្ច​ក្នុង​សង្គម​បាន​ទាក់ទាញ​អ្នក​បោះឆ្នោត​ឲ្យ​លោក​រាប់សិប​លាននាក់ ពិសេស​អ្នកបោះឆ្នោត​វ័យក្មេង។

លោក​អូបាម៉ា​បាន​ដឹង​ច្បាស់​ណាស់​ថា លោក​សេនដឺ​ជា​ឥស្សរជន​នយោបាយ​ម្នាក់​ដែល​កំពុង​មាន​ឥទ្ធិពល និង​មាន​ទម្ងន់​នៅ​ក្នុង​គណបក្សប្រជាធិបតេយ្យ តែ​អ្វី​ដែល​លោក​អូបាម៉ា​ចង់​បាន គឺ​ការ​បញ្ចប់​ភាព​ប្រទាញប្រទង់​គ្នា​រវាង​លោកស្រី​គ្លីនតុន និង​លោក​សេនដឺ​នៅ​មុន​សមាជ​បក្ស​នា​ដំណាច់ខែ​កក្កដា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ