អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ​ធ្លាក់​ក្នុង​អន្លុង​នៃ​ការរិះគន់​កាន់​ជ្រៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ បារ៉ាក់ អូបាម៉ា លោកស្រី​ ហ៊ីឡារី គ្លីនតុន ទន្ទេញ​ជាប់​នឹង​មាត់ ថា លោកដូណាល់ ត្រាំ គ្មាន​សមត្ថភាព​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទេ ! ព្រោះ​លោក​ត្រាំ មិន​ស្គាល់​សំណុំ​រឿងអន្តរជាតិ។ អតីត​នាយក​ទីភ្នាក់ងា​រ​ចារកិច្ច​ សេអ៊ីអា ដែល​មាន​បទ​ពិសោធ​ន៍​ការងារ​ជាង​៣៣​ឆ្នាំ បាន​ដំ​ពន្លិច​បន្ថែម​មួយ​កំរិតទៀត នៅ​ថ្ងៃសុក្រ​ម្សិលមិញ ដោយ​ចោទ​លោកដូណាល់​ត្រាំ​ ថា​អាច​ជា​គ្រោះ​ថ្នាក់​​សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក។

បេក្ខជនប្រធានាធិបតី លោក Donald Trumpថ្ងៃទី ៥ សីហា ២០១៦
បេក្ខជនប្រធានាធិបតី លោក Donald Trumpថ្ងៃទី ៥ សីហា ២០១៦ REUTERS/Eric Thayer
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​កាសែត New York Times អតីត​នាយក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក លោក Michael Morell មិន​ត្រឹម​តែ​​មិន​ជឿ​លើ​​សមត្ថភាព​របស់​​​បេក្ខជន​បក្ស​សាធារណរដ្ឋ ដូណាល់ត្រាំ ក្នុង​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកទេ តែ​ថែមទាំង​បានបាន​បង្ហាញភាព​​សង្ស័យរបស់​ខ្លួន​ ថា លោក ដូណាល់ត្រាំ អាច​​ជា​គ្រោះថ្នាក់​​សម្រាប់​សន្តិសុខ​ជាតិ​ផង។ ព្រោះ លោក ត្រាំ​ គឺ​ជា​ភ្នាក់ងារ​ចារកិច្ច​របស់​រុស្ស៊ី ដោយ​អចេតនា។

ចារកិច្ចរុស្ស៊ី

សម្រាប់​លោក ម៉ូរែល ប្រធានាធិបតី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន ដែល​ជាអតីត​ភ្នាក់ងារ​ចារកិច្ច​KGB ចេះ​កេង​ចំណេញ​ពី​ចំណុច​​ខ្សោយ​របស់​លោក​ត្រាំ ដែល​​បាន​​បណ្តោយ​ខ្លួន ឱ្យលង់​នឹង​សំដី​​ក្អេងក្អាង បញ្ចើចបញ្ចាល​​របស់​ពូទីន។ ហើយ​ជា​ការ​តប​ស្នង​ទៅ​វិញ លោក​ដូណាល់ ត្រាំ​ក៏​បានសរសើរ និង​​ចាត់​ទុក​​លោក​ពូទីន ជា “ប្រមុខ” ដឹកនាំ​ដ៏​ធំ​ម្នាក់​។ សម្រាប់ពិភព​អ្នក​ចារកិច្ច ប្រើ​ពាក្យ​ប៉ុណ្ណឹង គេ​ហៅ​ថា​ប្រលង​ ជាប់​ ដោយ​មិន​ដឹង​ខ្លួន ជា​ភ្នាក់ងារ​សំងាត់​របស់​សហព័ន្ធ​រស្ស៊ី ដែល​ផ្តល់​ប្រយោជន៍ឱ្យ​​រុស្ស៊ី​ហើយ។

 
អតីតនាយក​​ភ្នាក់ងារ​ចារកិច្ច​អាមេរិករូប​នេះ បាន​សម្តែង​ការ​គាំទ្រ​ដោយ​ច្បាស់ៗ និង​ត្រង់ៗ ​លើក​តម្កើង​លោកស្រី​​គ្លីនតុន ថា​ជា​អ្នក​ដែល​អាច​ធានា​រ៉ាប់រង​ការពារ​សន្តិសុខ​ជាតិ​អាមេរិក​បាន។ ទោះ​បី​មិនមែន​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ក្តី ក៏​លោក​បានប្រកាស​ថា​នឹង​បោះឆ្នោត​ជូន​លោក​ស្រី គ្លីនតុន នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា២០១៦។

គេ​ពិបាក​កំណត់​អំពីឥទ្ធិពល​នៃ​ ការ​បរិហារ ដែល​ចេញ​ពីមាត់​ឥស្សរជន​ មិន​សូវ​មាន​មុខ​មាត់​សម្រាប់ហ្វូង​មហាជន​ ទៅ​លើ​ការ​បោះឆ្នោត​​មែន តែ​វា​បានឆ្លុះ​បញ្ឆាំង​ឱ្យ​ឃើញ​អំពី​ក្តី​ព្រួយ​បារម្ភ​កាន់​ខ្លាំង​ឡើងៗ នៅ​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​ លើ​បុគ្គលិកលក្ខណៈ​និង​ភាព​រឹងប៉ឹង​របស់​បេក្ខជន ដូណាល់ ត្រាំ បន្ថែម​ពី​លើ​ទស្សនៈនយោបាយ​ផ្ទុយ​គ្នា។

លោក ដូណាល់ ត្រាំ ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង

ប៉ុន្តែ​ការ​រិះគន់​របស់​ឥស្សរជន​​ម្នាក់ ដែលមិន​ស្ថិត​នៅ​ក្នុង​បក្ស​ ពេល​នេះ ប្រៀប​បាន​ទៅ​នឹង​ដំណាក់​ទឹកស្រក់​តែ​មួយ​តក់​សោះ ក៏​អាច​ធ្វើ​ទឹក​មួយ​ពាង​ឬ​មួយ​ថូអាច​ហៀ​បាន។ ​ប្រជាប្រិយភាព​របស់​លោកដូណាល់ត្រាំ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​មានគម្លាត​កាន់​តែ​ឆ្ងាយ​ពី​លោកស្រី គ្លីនតុន។ ពេញ​មួយ​សប្តាហ៍នេះ ​លោក ដូណាល់ ត្រាំ បាន​រង​ការ​រិះគន់ និងវាយប្រហារ​ចំៗ ពី​គ្រប់​មជ្ឈដ្ឋាន សូម្បី​តែ​ឥស្សរជន​ក្នុង​ជួរ​បក្ស​សាធារណរដ្ឋ​តែ​មួយ ក៏​ទ្រាំ​មិន​បាន​ធ្លាយ​​យោបល់​ប្រឆាំង​នឹង​រូបបេក្ខជន​របស់​បក្ស​ដែរ។

ក្លឹប​អ្នក​សាធារណរដ្ឋ​ នៅ​មហាវិទ្យាល័យ ហាតវា ដ៏​ល្បីល្បាញ​លើ​ពិភពលោក ដែល​ជា​សមាគម​​អ្នក​បញ្ញាវន្ត​សាស្ត្រាចារ្យអាមេរិក​ បាន​សម្រេច​ចិត្ត​ជា​លើក​ទី​មួយ ផ្តាច់​ទម្លាប់​ជា​ប្រវត្តិសាស្ត្រ តាំង​ពី ១២៨​ឆ្នាំ​មក ​មិន​បោះឆ្នោត​ឱ្យ​​បេក្ខជន​ប្រធានាធិបតី​សាធារណរដ្ឋ​​ទេ នៅ​ថ្ងៃទី ៨​វិច្ឆិកា​ ២០១៦​ខាង​មុខ។ រដ្ឋ​អភិរក្សនិយម​បំផុត​ហ្ស័កហ្ស៊ី ដែល​មិន​ធ្លាប់គាំទ្រ​បេក្ខជន​ប្រជាធិបតេយ្យ​សោះតាំង​ពី​ឆ្នាំ​១៩៩២​មក ក៏​បើ​តាម​ការ​ស្ទង់​មតិ​ ត្រូវ​នាំ​មុខ​ដោយ​លោកស្រីគ្លីនតុន​ដែរ។

ទាំង​នេះ​ គឺ​បណ្តាល​មក​ពី​ភាព​ជ្រុល​និយម​​របស់​លោក​ដូណាល់ ត្រាំ​ ផ្ទាល់​តែ​ម្តង ៖ សំឡុត​អ្នក​ជាម្តាយ​ដែល​មានទារក​យំ​ពេល​ស្តាប់​មិទ្ទិញ​លោក ឬ​ប្រើ​ពាក្យ​វាយប្រហារ​ទៅ​លើ​គ្រួសារ​ទាហាន​អាមេរិក​ម្នាក់ ស្លាប់​លើ​សមរភូមិ … សំដី​អសុរស​របស់​លោកដូណាល់ត្រាំ ចំ​អក​ឱ្យ​ម្តាយ​ទាហាន​ ជា​រឿង​ដែល​អាមេរិក​មិន​អាច​អនុគ្រោះ​ឱ្យ​បាន​ឡើយ​។ ជីវិត​ទាហាន​អាមេរិក​មាន​តម្លៃ​ណាស់​ព្រោះ​ជាអ្នក​ការពារ​សន្តិសុខ​សុវត្ថិភាព​ជាតិ។

គ្រប់គ្រង​សំណុំ​រឿង​អន្តរជាតិ​មិន​ជុំ

លោកដូណាល់ត្រាំ​ កំពុង​ដើរ​ជាន់​កែង​ខ្លួន​ឯង​ហើយ ! ក្នុង​រឿង​នេះ។ កាលពី​ថ្ងៃពុធ លោក​ ដូណាល់ត្រាំ បាន​ប្រកាស​ថា​មាន​វីដេអូ​មួយ​បង្ហាញ​ពី​​អំពី​ការ​ផ្តោះប្តូរ​លុយ ដើម្បី​រំដោះ​ចំណាប់​ថ្នូរ​ ដែល​រដ្ឋាភិបាល​​អូបាម៉ា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ មិន​ដោះស្រាយ​តាម​ការ​បង់​លុយ​ទេ។ ទើប​តែ​ល្ងាច​មិញ លោក​​បាន​ទទួល​ស្គាល់​ថា ច្រលំ​ប្រធានបទ​នៅ​ពេល​វីដេអូ​នៃ​ការ​ដោះដូរ​សង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និ​ងអ៊ីរ៉ង់។

កំហុស​បែបនេះ ចង់​ឬ​មិន​ចង់ បាន​មក​ពង្រឹង​ជំហរ​របស់​លោក​អូបាម៉ានិង​លោកស្រី​គ្លីនតុន ដែល​តែង​ទន្ទេញ​ដដែលៗ ថា​លោក​ត្រាំ​អសមត្ថភាព​ គ្រប់គ្រង​សំណុំ​រឿង​អន្តរជាតិ។ នៅ​ពីរ​​សប្តាហ៍​ទៀត​ខាង​មុខ បេក្ខជន​សាធារណរដ្ឋ​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​ស្តាប់​​ព័ត៌មាន​​សំងាត់​ផ្សេងៗ​ ផ្តល់​ដោយ​ភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​ ស្រប​តាម​​ប្រពៃណី​ និង​ជា​ការ​ត្រៀម​ខ្លួន មុន​នឹង​ចូល​កាន់​តួនាទី ជា​អ្នក​គ្រប់គ្រង​ប្រទេស។ សម្រាប់លោកអូបាម៉ា នេះ​ជាវិញ្ញាសា​មួយ​ដែល​លោក​ដូណាល់ ត្រាំ​ ត្រូវ​ជំនះ​ឱ្យ​បាន បើ​ចង់​ក្លាយ​ជា​ប្រធានាធិបតី។ មាន​ន័យ​ថា បេក្ខជន​រូប​នេះ​នឹង​រឿង​រ៉ាវ តែ​មិន​ត្រូវ​ទម្លាយ​ខ្លឹមសារ​អ្វី​ទាំ​ងអស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ