អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រេស៊ីល៖​ជោគវាសនា​ប្រធានាធិបតី​លោកស្រី​ឌីលម៉ា រូសេហ្វ​នឹង​ត្រូវ​ចប់​​នៅ​ក្រោយ​កីឡាអូឡាំពិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ព្រឹទ្ធសភា​ទើប​បាន​សម្រេច​នា​ថ្ងៃ​ពុធ ទី១០ សីហា​នេះ​ឲ្យ​បន្ត​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ចេញ​ពី​តំណែង​ប្រធានាធិបតី​ជា​ស្ថាពរ។ តំណែង​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ព្យួរ​តាំង​ពី​ខែ​ឧសភា និង​កំពុង​កាន់​ជំនួស​បណ្តោះអាសន្ន​ដោយ​លោក​មីសែល តេមែរ​ដែល​ជា​អនុប្រធានាធិបតី។ ការ​សម្រេច​របស់​ព្រឹទ្ធសភា​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រេស៊ីល​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ល្បែងកីឡាអូឡាំពិច។

ទិដ្ឋភាព​ក្នុង​ព្រឹទ្ធសភា​ប្រេស៊ីល​ក្នុង​ពេល​បោះឆ្នោត​បន្ត​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ពី​តំណែង​ប្រធានាធិបតី
ទិដ្ឋភាព​ក្នុង​ព្រឹទ្ធសភា​ប្រេស៊ីល​ក្នុង​ពេល​បោះឆ្នោត​បន្ត​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ពី​តំណែង​ប្រធានាធិបតី REUTERS/Adriano Machado
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា​អាច​ជា​រឿង​មួយ​ភ្ញាក់ផ្អើល និង​មិន​ភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល​ព្រោះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ពិភពលោក​កំពុង​ផ្តោត​ចក្ខុ​មើល​ការ​ប្រកួត​កីឡា​ផ្សេងៗ​ដែល​ប្រេស៊ីល​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ល្បែងកីឡាអូឡាំពិច​ឆ្នាំ​នេះ។ មិន​ភ្ញាក់ផ្អើល​ព្រោះ​អ្វីៗ​ជា​ផែនការ​ដែល​បាន​គ្រោង​ទុក​រួច​ហើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រឿង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ប្រេស៊ីល​ពេល​នេះ​មិន​អាច​ចូល​ទៅ​គ្របដណ្តប់​ព្រឹត្តិការណ៍​កីឡាអូឡាំពិច​បាន​ទេ ហើយ​ទស្សនិកជនជាតិ និង​អន្តរជាតិ​ក៏​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ដែរ។

បន្ទាប់​ពី​បាន​ជជែក​ដេញដោល​គ្នា​អស់​រយៈពេល​ជិត ២០ម៉ោង មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៩នាក់​ក្នុង​ចំណោម ៨១នាក់​បាន​បោះឆ្នោត​ឲ្យ​មាន​ការ​បន្ត​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ចេញ​ពី​តំណែង​ប្រធានាធិបតី​ជា​ស្ថាពរ។ ដំណើរការ​ជជែក​ដេញដោល​នៅ​ក្នុង​ព្រឹទ្ធសភា​ជិត ២០ម៉ោង​បាន​ដឹកនាំ​ដោយ​លោក​ប្រធាន​តុលាការកំពូល​រីកាដូ លីវ៉ានដូស្គ៊ី។ គួរ​រម្លឹក​ជូន​ថា តំណែង​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ត្រូវ​បាន​ព្រឹទ្ធសភា​ដដែល​ព្យួរ​តាំង​ពី​ថ្ងៃទី១២ ឧសភា ដោយ​ដាក់​លោក​មីសែល តេមែរ​ដែល​ជា​អនុប្រធានាធិបតី​ឲ្យ​ជំនួស​បណ្តោះអាសន្ន។

នីតិវិធី​ផ្តាច់ព្រាត់​នឹង​ចាប់​ផ្តើម​នៅ​ក្រោយ​បិទបញ្ចប់​ល្បែងកីឡាអូឡាំពិច

នីតិវិធី​បន្ទាប់ គឺ​ជា​នីតិវិធី​នៅ​ក្នុង​ព្រឹទ្ធសភា​ដដែល និង​ដែល​ជា​នីតិវិធី​ផ្តាច់ព្រាត់ មាន​ន័យ​ថា ជោគវាសនា​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​នឹង​ត្រូវ​ចប់​ជា​ស្ថាពរ​ត្រឹម​ណេះ។ សូម​ជម្រាប​ជូន​ថា នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​បាន​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់កាល តាំង​ពី​ការ​បោះឆ្នោត​នៅ​ក្នុង​គណៈកម្មការ​សភា​រហូត​ដល់​ការ​បោះឆ្នោត​នៅ​ក្នុង​សភា និង​ការ​បោះឆ្នោត​នៅ​ក្នុង​ព្រឹទ្ធសភា។

ហើយ​ការ​បោះឆ្នោត​នៅ​ក្នុង​ព្រឹទ្ធសភា​ក៏​ត្រូវ​មាន​ច្រើន​ដំណាក់កាល ដោយ​ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​ព្យួរ​តំណែង​លោកស្រី​ឌីលម៉ា រូសេហ្វ​យ៉ាង​យូរ​បំផុត ១៨០ថ្ងៃ ក្នុង​ពេល​រង់ចាំ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​ជា​ពីរ​ដំណាក់កាល ទី១ ការ​បោះឆ្នោត​ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ ៥០បូក១ ដើម្បី​អាច​បន្ត​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា និង​ដំណាក់កាល​ទី២ ចុង​ក្រោយ គឺ​ការ​បោះឆ្នោត​ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣ ដើម្បី​អាច​បញ្ចប់​តំណែង​លោកស្រី​ឌីលម៉ា​ជា​ស្ថាពរ។

ឥឡូវ​នេះ ការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​ក្នុង​ដំណាក់កាល​ទី១ បាន​ចប់​ដោយ​សមាជិក​ភាគ​ច្រើន​យល់​ព្រម​ឲ្យ​បន្ត​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា។ ចំណែក​ការ​បោះឆ្នោត​ក្នុង​ដំណាក់កាល​ទី២ នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៥ សីហា​ខាង​មុខ ពោល ៤ថ្ងៃ​ក្រោយ​ការ​បិទបញ្ចប់​ល្បែងកីឡាអូឡាំពិច។ តែ​អ្វីៗ​លែង​ស្រពិចស្រពិល​ទៀត​ឡើយ ជោគវាសនា​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា​ត្រូវ​ចប់ មាន​ន័យ​ថា ទំព័រ​សករាជ​សោយរាជ្យ​របស់​គណបក្ស​ពលករ​ជាង ១៣ឆ្នាំ​កន្លង​ទៅ​នឹង​ត្រូវ​បិទបញ្ចប់​ត្រឹម​នេះ។ នៅ​ពេល​នោះ លោក​មីសែល តេមែរ​ដែល​មាន​អាយុ ៧៥ឆ្នាំ​នឹង​ត្រូវ​ជំនួស​កន្លែង​លោកស្រី​ឌីលម៉ា​រហូត​ដល់​ដំណាច់​អាណត្តិ​នា​ឆ្នាំ ២០១៨។

ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ និង​ការ​គ្រប់គ្រង​គ្មាន​តម្លាភាព​

ដើមហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​នីតិវីធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ចេញ​ពី​តំណែងគឺ​រឿង​អាស្រូវ​ពុករលួយ​ដែល​បាន​បែក​ធ្លាយ​ក្នុង​ខែ​មីនា ឆ្នំា ២០១៤ និង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ប៉េត្រូប្រា និង​ក្រុមហ៊ុន​សំណង់​សាធារណៈ BTP។ ក្រុមហ៊ុន​ទំាង​ពីរ​នេះ​បាន​សហការណ៍​គ្នា​ដើម្បី​ទទួល​គម្រោង​សាងសង់​សំខាន់ៗ​របស់​រដ្ឋ។ តែ​ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​ក្រុមហ៊ុន​ប៉េត្រូប្រា​ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ក្រុមហ៊ុន​សំណង់​សាធារណៈ BTP បាន​សូក​លុយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ក្នុង​រដ្ឋាភិបាល​ចម្រុះកណ្តាល​ឆ្វេងនិយម​នា​ជំនាន់​លោក​ប្រធានាធិបតី​លូឡា​ចន្លោះ​ឆ្នំា ២០០៣ និង​ឆ្នំា ២០១០។ លុយ​សូបប៉ាន់​ទំាង​នោះ​ប្រហែល​ជា​ត្រូវ​បាន​គណបក្សនយោបាយ​យក​ទៅ​ចាយវាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ក៏​ប្រហែល​ជា​បាន​ធ្លាក់​ចូល​ក្នុង​ហោបៅ​ថ្នាក់ដឹកនំា​ក្រុមហ៊ុន និង​អ្នក​នយោបាយ​មួយ​ចំនួន​ផង។

តែ​រឿង​អាស្រូវ​ពុករលួយ​មួយ​នេះ​បាន​បែក​ធ្លាយ​នៅ​មុន​លោកស្រី​ឌីលម៉ា រូសសេហ្វ​ក្លាយ​ជា​ប្រធានាធិបតី។ លោកស្រី​ឌីលម៉ា​មិន​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​ជនសង្ស័យ​របស់​រដ្ឋអាជ្ញា​ទេ តែ​រឿងរ៉ាវ​នោះ​បាន​ផ្ទុះ​ឡើង​ក្នុង​ពេល​លោកស្រី​ឌីលម៉ា​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​របស់​លោក​ប្រធានាធិបតី​លូឡា។ អ៊ីចឹង​ហើយ​បាន​ជា​មតិមហាជន​ប្រេស៊ីល​ភាគ​ច្រើន​យល់​ឃើញ​ថា លោកស្រី​មិន​អាច​និយាយ​ថា មិន​ដឹង​អ្វី​ទំាង​អស់​នោះ​ទេ។ គួរ​រម្លឹក​ជូន​ថា មាន​អាយុ ៦៩ឆ្នាំ លោកស្រី​ឌីលម៉ា​បាន​ក្លាយ​ជា​ប្រធានាធិបតី​ប្រេស៊ីល​ក្នុង​ឆ្នាំ ២០១០ និង​បាន​ជាប់​មួយ​អាណត្តិ​ទៀត​ក្នុង​ឆ្នាំ ២០១៤។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ប្រជាប្រិយភាព​របស់​លោកស្រី​ឌីលម៉ា​បន្ត​ធ្លាក់​ដាំក្បាល​ចុះ​យ៉ាង​គំហុក​តាំង​ពី​ជិត ៨០% មក​នៅ​ត្រឹម​តែ ៨% ប៉ុណ្ណោះ។ គឺ​ជា​ប្រធានាធិបតី​ប្រេស៊ីល​ដែល​មាន​អប្រជាប្រិយភាព​ជាង​គេ គិត​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​របប​យោធា​ផ្តាច់ការ​នៅ​ប្រេស៊ីល​ក្នុង​ឆ្នំា ១៩៨៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ