អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖​ជោគវាសនា​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ឈាន​ដល់​ទីបញ្ចប់ !

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និតិវិធី​ទម្លាក់​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសេហ្វ​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ព្រឹទ្ធសភា​ដែល​ការ​បោះឆ្នោត​ត្រូវ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាលទី១ គឺ​ការ​បោះឆ្នោត​ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ ៥០បូក ១ និង​ដំណាក់កាល​ទី២ គឺ​ការ​បោះឆ្នោត​ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣។ ទីបំផុត​នៅ​ក្នុង​ការបោះឆ្នោត​ដំណាក់​កាល​ទី១ នា​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ឧសភា​នេះ ព្រឹទ្ធសភា​បាន​បោះឆ្នោតព្យួរតំណែង​​លោកស្រី​ឌីលម៉ា រូសេហ្វ​រយៈពេល​ ១៨០ថ្ងៃ ហើយ​​តំណែង​នេះ​បាន​ប្រគល់​​ទៅ​ឲ្យ​លោក​អនុប្រធានាធិបតី​មីសែល តេមែរ។

ប្រេស៊ីល៖​ជោគវាសនា​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ឈាន​ដល់​ទីបញ្ចប់ !
ប្រេស៊ីល៖​ជោគវាសនា​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ឈាន​ដល់​ទីបញ្ចប់ ! REUTERS/Adriano Machado
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ដូច​ដែល​បាន​គ្រោង​ទុក ព្រឹទ្ធសភា​បាន​បោះឆ្នោត​ព្យួរតំណែង​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ដោយ​មាន​សម្លេង​គាំទ្រ ៥៥សម្លេង​ក្នុង​ចំណោម ៨១សម្លេង​នៅ​ក្នុង​ព្រឹទ្ធសភា។ តែ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត សមាជិក​ព្រឹទ្ធសភា​ម្នាក់ៗ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ទាំង ៨១នាក់​បាន​ឡើង​ផ្តល់​ចំណាប់​អារម្មណ៍​ម្តង​ម្នាក់ៗ​រយៈពេល ១៥នាទី​ទាក់ទង​នឹង​ការ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ពី​តំណែង​ប្រធានាធិបតី។ នៅ​ក្នុង​ការ​ផ្តល់​ចំណាប់អារម្មណ៍ មាន​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​រួច​ជា​ស្រេច។

គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា ដើម្បី​អាច​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ជា​ស្ថាពរ​បាន ព្រឹទ្ធសភា​ត្រូវ​រៀបចំ​បោះឆ្នោត​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាលទី១ ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ ៥០បូក ១ និង​ដំណាក់កាល​ទី២ ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣។ ការ​បោះឆ្នោត​ក្នុង​ដំណាក់កាល​ទី២ នឹង​ត្រូវ​រៀបចំ​នៅ​ខែ​កញ្ញា​ខាង​មុខ។ តែ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ និង​ដោយ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ក្នុង​ដំណាក់កាល​ទី២ របស់​ព្រឹទ្ធសភា លោកស្រី​ឌីលម៉ា រូសេហ្វ​ត្រូវ​បាន​ព្យួរតំណែង​រយៈពេល​យ៉ាង​យូរ​បំផុត ១៨០ថ្ងៃ និង​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​លោក​អនុប្រធានាធិបតី​មីសែល តេមែរ។

បរិយាកាស​នយោបាយ​អាប់អួរ និង​តានតឹង

ក្រោយ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា បរិយាកាស​នយោបាយ​នៅ​ប្រេស៊ីល​មាន​ការ​អាប់អួរ និង​តានតឹង​ដល់​កំពូល។ នៅ​ម្ខាង គឺ​ក្រុមសកម្មជន​ដែល​ចង់​បិទទំព័រ​សករាជ​គ្រប់គ្រង​ដោយ​គណបក្សពលករ​ក្នុង​រយៈពេល ១៣ឆ្នាំ​កន្លង​ទៅ និង​ចង់​បញ្ចប់​អំណាច​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ រួម​ទាំង​បក្សពួកនិយម។ ចំណែក​នៅ​ម្ខាង​ទៀត គឺ​ក្រុម​សកម្មជន​ដែល​បន្ត​ចេញ​មុខ​គាំទ្រ​លោកស្រី​ឌីលម៉ា រូសេហ្វ​ដោយ​ពួក​គេ​ចាត់​ទុក​និតិវិធី​ទម្លាក់​លោកស្រី​ថា​ជា​រដ្ឋប្រហារ​ស្ថាប័ន។ នៅ​ថ្ងៃ​នេះ គណបក្ស​ពលករ​បាន​កោះហៅ​ក្រុមតំណាងរាស្រ្ត និង​សកម្មជន​របស់​ខ្លួន​ឲ្យ​ជួបជុំ​គ្នា​នៅ​ពី​មុខ​វិមាន​ប្រធានាធិបតី​ដើម្បី​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ក្រោម​ពាក្យស្លាក​ថា « យើង​នឹង​មិន​ទទួល​យក​រដ្ឋាភិបាល​ខុស​ច្បាប់​ទេ »។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ឧសភា​នេះ លោកស្រី​ឌីលម៉ា រូសេហ្វ​បាន​វេចបង្វេច​ចេញ​ពី​វិមាន​ប្រធានាធិបតី Planalto ទៅ​បន្ត​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​លំនៅដ្ឋានប្រធានាធិបតី Alvorada។ ដំណើរ​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ត្រូវ​បាន​ហែហម​ដោយ​ក្រុមសកម្មជន​គាំទ្រ​លោកស្រី។ សូម​បញ្ជាក់​ជូន​ថា អំណាច​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ​ត្រូវ​បាន​ព្យួរ​មែន តែ​លោកស្រី​អាច​បន្ត​រស់នៅ​ក្នុង​លំនៅដ្ឋាន​ប្រធានាធិបតី​ដោយ​រង់ចាំ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​នា​ដំណាក់កាល​ទី២ នៅ​ខែ​កញ្ញា​ខាង​មុខ។

បរិយាកាស​ក្រៀមក្រំ​ជាង​គេ​គឺ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី ព្រោះ​ក្រៅ​ពី​ការ​ចាកចេញ​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ ក៏​មាន​ការ​ចាកចេញ​របស់​បុគ្គលិក​ជា​ច្រើន​នាក់​ដែល​បាន​បម្រើការ​ឲ្យ​លោកស្រី​ដែរ។ ភាគ​ច្រើន​បាន​ចាកចេញ​ដោយ​ស្ម័គ្រ​ចិត្ត និង​កំពុង​ស្វែង​រក​ការងារ​ថ្មី ព្រោះ​មិន​សង្ឃឹម​ថា​លោក​ប្រធានាធិបតី​ស្តីទី​មីសែល តេមែរ​បន្ត​រក្សា​ទុក​ពួក​គេ​ទេ។ តែ​មាន​អ្នក​ខ្លះ​ទៀត​នៅ​ផ្សងព្រេង​ដោយ​សង្ឃឹម​មេថ្មី​បន្ត​ទុក​កូនចៅ​ចាស់។

លោក​មីសែល តេមែរ​កំពុង​ទទួល​អម្រែក​ធ្ងន់​របស់​លោកស្រី​ឌីម៉ា រូសេហ្វ

ការ​ឡើង​ជំនួស​កន្លែង​លោកស្រី​ឌីលម៉ា រូសេហ្វ​របស់​លោក​មីសែល តេមែរ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ប្រេស៊ីល​កំពុង​ផុង​ខ្លួន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច និង​សង្គម។ លោក​មីសែល តេមែរ​មិនមែន​ជា​មនុស្ស​ចេញ​មក​ពី​គណបក្ស​ពលករ​ដូច​លោកស្រី​ឌីលម៉ា រូសេហ្វ​ទេ ហើយ​ក៏​មិនមែន​ជា​មនុស្ស​ថ្មី​ស្រឡាង​ដែល​ទើប​ជាប់​ឆ្នោត​ដែរ តែ​ជា​អនុប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសេហ្វ។ គឺ​រូប​លោក​មីសែល តេមែរ​នេះ​ឯង​ដែល​ត្រូវ​បាន​គណបក្ស​ពលករ​ចោទ​ពី​បទ​ឃុបឃិត​រៀបចំ​ឆាកល្ខោន​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ពេល​នេះ។

ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​ប្រេស៊ីល លោក​មីសែល តេមែរ​បាន​រៀបចំ​ជើងព្រួល​ក្នុង​ការ​ទទួល​តំណែង​ប្រធានាធិបតី​ប្រេស៊ីល​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​អាយុ ៧៥ឆ្នាំ និង​ជា​កូន​អន្តោប្រវេសន៍​ជនជាតិ​លីបង់ ឈ្មោះ​លោកមីសែល តេមែរ​មិន​សូវ​នរណា​ស្គាល់​ទេ ហើយ​បើ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ លោក​មីលែល តេមែរ​បាន​ទទួល​ការ​គាំទ្រ​ពី​​ពលរដ្ឋ​ប្រេស៊ីល​មិន​ដល់ ៣% ផង។ ចាប់​ពី​ពេល​នេះ​ដល់​ខែ​កញ្ញា​ខាង​មុខ លោក​មីសែល តេមែរ​មាន​តំណែង​ត្រឹម​ជា​ប្រធានាធិបតី​ស្តីទី តែ​លោក​សង្ឃឹម​នឹង​ទទួល​តំណែង​ពេញ​មុខ​នៅ​ក្រោយ​ការ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសេហ្វ​ជា​ស្ថាពរ​ពី​ព្រឹទ្ធសភា។

តែ​ជា​ប្រធានាធិបតី​ស្តីទី ឬ​ជា​ប្រធានាធិបតី​ពេញ​មុខ លោក​មីសែល តេមែរ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ ពិសេស​បង្កើន​ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​ប្រេស៊ីល​ចំពោះ​រដ្ឋាភិបាល​ឡើង​វិញ។ ប្រធានរឿង​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ​រួម​មាន ស្ថានភាព​សេដ្ឋកិច្ច​ដើរ​ថយក្រោយ កំណើន​ចំនួន​អ្នក​អត់​ការងារធ្វើ អត្រា​អតិផរណា​ខ្ពស់ បំបាត់​អំពើ​ពុករលួយ​ស៊ីរូងផ្ទៃក្នុង កាត់បន្ថយ​បំណុល​សាធារណៈ និង​ឱនភាព​ថវិកាជាតិ។ គេ​ត្រូវ​រង់ចាំ​មើល​នា​ប៉ុន្មាន​ខែ​មុខ​ដើម្បី​ដឹង​ពី​ស្នាដៃ​ពិត​របស់​លោក​មីសែល តេមែរ។ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រេស៊ីល លោក​មីសែល តេមែរ​ត្រូវ​កាន់​តំណែង​ប្រធានាធិបតី​រហូត​ដល់​ការ​រៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៨។

តែ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោកស្រី​ឌីលម៉ា រូសេហ្វ​ពេល​នេះ​នាំ​ឲ្យ​គេ​បារម្ភ​ខ្លាច​លោក​មីសែល តេមែរ​ទទួល​វាសនា​ដូច​លោកស្រី​ឌីលម៉ា រូសេហ្វ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ