អានតួអត្ថបទ
ប្រេស៊ីល-នយោបាយ

ប្រេស៊ីល៖ ប្រធានសភា ចាត់ទុក​លទ្ធផល​បោះឆ្នោត​ទំលាក់​លោកស្រី​ឌីលម៉ា ជា​មោឃៈ

វិបត្តិ​នយោបាយ​នៅ​ប្រទេស​ប្រេស៊ីល ​កំពុងតែ​ដើរ​មក​ដល់​ដំណាក់​កាល​មួយ​ថ្មី​ទៀត ​ ប្រកប​ដោយ​ភាព​ចម្រូងចម្រាស ​ហើយ​ធ្វើ​ឲ្យ​គេ​លែង​យល់​អ្វី​ទាំងអស់។ នោះ​គឺ​ដោយសារ​តែ ​កាល​ពី​ថ្ងៃ​ចន្ទ ​លោក​ប្រធាន​បណ្តោះអាសន្ន​នៃ​សភាជាតិ​ប្រេស៊ីល ​បាន​សម្រេច​ចាត់ទុក​ជា​មោឃៈ​នូវ​លទ្ធផល​បោះឆ្នោត​របស់​តំណាងរាស្ត្រ ​ដែល​បាន​ផ្តល់​សំលេង​ភាគច្រើន ​ដល់​ការ​ទម្លាក់​លោក​ស្រី​ឌីលម៉ា ចេញពី​កៅអី​ប្រធានាធិបតី។

លោក Waldir Maranhão ប្រធានបណ្តោះអាសន្ន​រដ្ឋសភា​​ប្រេស៊ីល ​
លោក Waldir Maranhão ប្រធានបណ្តោះអាសន្ន​រដ្ឋសភា​​ប្រេស៊ីល ​ REUTERS/Adriano Machado
ផ្សាយពាណិជ្ជកម្ម

ភាព​ច្របូកច្របល់​ ការ​ផ្លាស់ប្តូរ​ស្ថានការណ៍​ថ្មី​នៃ​វិបត្តិ​នយោបាយ​ប្រេស៊ីល ​កំពុងតែ​ធ្វើ​ឲ្យ​មតិ​មហាជន ​ក៏ដូច​ជា​អ្នក​សារព័ត៌មាន ​លែង​យល់​អ្វី​ទាំងអស់។ តាម​ការ​គ្រោងទុក​ នីតិវិធី​នៃ​ការ​បោះឆ្នោត​ទម្លាក់​លោកស្រី ​ឌីលម៉ា រូសែហ្វ ​ត្រូវដើរ​មក​ដល់​ដំណាក់កាល​មួយ ​ដែល​ព្រឹទ្ធិសភា​ត្រូវ​បើក​សម័យប្រជុំ​ពេញ​អង្គ ​នៅ​ថ្ងៃពុធ​ ទី១១ ​ឧសភា​ ​ ដើម្បី​បោះឆ្នោត​សម្រេច​ បន្ទាប់​ពី​សមាជិក​សភា ​បាន​បោះឆ្នោត​រួចរាល់​ហើយ ​ កាល​ពី​ថ្ងៃ​ទី​ ១៧​មេសា។

 
ក៏ប៉ុន្តែ​ស្រាប់តែ​កាល​ពី​ថ្ងៃ​ចន្ទទី​៩ឧសភា​ ការភ្ញាក់ផ្អើល​ដ៏ធំ​មួយ ​បាន​លេច​ឡើង​ដោយសារ​លោក ​Waldir Maranhao ​ប្រធាន​បណ្តោះអាសន្ន​នៃ​សភា​ប្រេស៊ីស ​ដែល​ទើបតែ​ចូល​កាន់​តំណែង ​បាន​ប្រកាស​ទុកជា​មោឃៈ​នូវ​លទ្ធផល​បោះឆ្នោត​របស់​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ទី​១៧​មេសា។ ការ​ប្រកាស​បែប​នេះ ​បាន​ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ថា ​តើ​ព្រឹទ្ធសភា​នឹង​ត្រូវ​បន្ត​នីតិវិធី​បោះឆ្នោត ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ ​ដែរ​រឺ​ទេ? ហើយ​ថា​តើ​ ការ​សម្រេច​ទុក​ជា​មោឃៈ ​នូវ​លទ្ធផល​បោះឆ្នោត​របស់​តំណាងរាស្ត្រ ​ដែល​លោក​ប្រធាន​បណ្តោះអាសន្ន​នៃ​សភា​ប្រេស៊ីល ​បាន​ធ្វើ​នេះ ​ វា​ស្រប​ច្បាប់​ និង​មាន​សុពលភាព​ដែរ​រឺ​ទេ?

គ្រប់គ្នា​កំពុង​ស្ថិត​ក្នុង​ភាព​ងឿង​ឆ្ងល់​នៅឡើយ ​ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដដែល ​ លោក​ប្រធាន​ព្រឹទ្ធសភា ​ បាន​ប្រកាស​ថា ​សមាជិក​ព្រឹទ្ធសភា​នឹង​នៅ​តែ​បន្ត​បើក​អង្គ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ពុធ​ដដែល ​ដើម្បី​បន្ត​នីតិវិធី​បោះឆ្នោត​ទម្លាក់​លោកស្រី ​ប្រធានាធិបតី​ប្រេស៊ីល។

សម្រាប់​ពេលនេះ ​ សូម្បី​តែ​លោកស្រី​ឌីលម៉ា រូសែហ្វ ​ក៏មាន​ការ​វង្វេង​វង្វាន់​ដែរ។ លោកស្រី​បាន​ប្រកាស​ថា ​សូម​ឲ្យ​តំណាងរាស្ត្រ ​ទាំង​ក្នុង​សភា ​ទាំង​ក្នុង​ព្រឹទ្ធសភា ​ធ្វើការ​ក្នុង​បរិយាកាស​មួយ​ដែល​ធូស្រាល ​និង​គ្មាន​ការ​កៀបសង្កត់​ ដើម្បី​គោរព​ទៅ​ដល់​ សិទ្ធិ​របស់​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត ​ និង​គោលការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

គួររំលឹក​ថា ​លោកWaldir Maranhao ​ទើបតែ​ចូលកាន់​តំណែង​ជា​ប្រធាន​សភា​បណ្តោះអាសន្ន ​បន្ទាប់​ពី​លោក ​Eduardo Cunha ​ត្រូវ​បាន​តុលាការ​កំពូល​ប្រេស៊ីល​សម្រេច​ព្យួមុខ​តំណែង​ពី​ប្រធានា​សភា ​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ដ៏​ធំ​ ជាមួយ​ក្រុមហ៊ុន​ Petrobras

លោក​ប្រធាន​បណ្តោះអាសន្ន​សភា​ប្រេស៊ីល ​បាន​លើក​អំណះអំណាង​ថា ​លោក​សូម​ប្រកាស​លប់​ចោល​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​១៧​មេសា ​គឺ​ដោយសារ​មាន​ចំណុច​មិន​ប្រក្រតី​ពីរ ​ទីមួយ​គឺ​ តំណាងរាស្រ្ត​គ្រប់រូប​ មិន​ត្រូវ​ទៅ​ប្រកាស​ជា​សាធារណៈ​នៅ​ខាងក្រៅ​សភា ​ពី​ឆន្ទៈ​បោះឆ្នោត​របស់​ខ្លួន​នោះឡើយ  ​ហើយ​ចំណុច​ទីពីរ ​គឺ​នៅ​ថ្ងបោះឆ្នោត​ក្នុង​សភា ​លោកស្រី​ឌីលម៉ា ​រូសែហ្វ ​គួរណា​តែ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​មក​ផ្តល់​អំណះអំណាង ​ដើម្បី​ឲ្យ​លោកស្រី​មាន​ឱកាស​ការពារ​ខ្លួន ​ មុន​នឹង​មាន​ការ​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ