អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ហេតុអ្វី​បាន​ជា​ពន្ធនាគារ Guantanamo កំពុង​បន្ត​បំផុស​ឲ្យ​មាន​រឿងអាស្រូវ​ខ្លាំង​ម្ល៉េះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១៥ សីហា​ពី​ការ​បញ្ជូន​អ្នកទោស​ចំនួន ១៥នាក់​ពី​ពន្ធនាគារ Guantanamo ក្នុង​ប្រទេស​គុយបា​ទៅ​កាន់​ប្រទេស​អេមីរ៉ាអារ៉ាប់រួម។ នេះ​ជា​លើកទី១ ក្នុង​ជំនាន់​រដ្ឋបាល​អាមរិក​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​មាន​ការ​បញ្ជូន​អ្នកទោស​ដ៏​ច្រើន​ពី​គុក Guantanamo ទៅ​កាន់​ប្រទេស​ផ្សេង។ លោក​អូបាម៉ា​ធ្លាប់​បាន​សន្យា​ឆ្នាំ ២០០៩ ថា លោក​នឹង​បិទ​ពន្ធនាគារ Guantanamo ដ៏​ចម្រូងចម្រាស។ តែ ៧ឆ្នាំ​ក្រោយ​មក ពោល​ជិត​ដល់​ថ្ងៃ​ចាក​ចេញ​ពី​វិមាន​ប្រធានាធិបតី លោក​អូបាម៉ា​នៅ​តែ​មិន​ទាន់​អាច​បិទទ្វារ​ពន្ធនាគារ Guantanamoដដែល។

អាមេរិក៖​ហេតុអ្វី​បាន​ជា​ពន្ធនាគារ Guantanamo កំពុង​បន្ត​បំផុស​ឲ្យ​មាន​រឿងអាស្រូវ​ខ្លាំង​ម្ល៉េះ?
អាមេរិក៖​ហេតុអ្វី​បាន​ជា​ពន្ធនាគារ Guantanamo កំពុង​បន្ត​បំផុស​ឲ្យ​មាន​រឿងអាស្រូវ​ខ្លាំង​ម្ល៉េះ? REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

កាល​ពី ១៥ឆ្នាំ​មុន ពោល​តាំង​ពី​ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​អាមេរិក និង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​ដែល​លោក​ប្រធានាធិបតី George W Bushបាន​បង្កើត​ឲ្យ​មាន​ពន្ធនាគារ Guantanamoក្នុង​ទឹកដី​គុយបាគោលដៅ គឺ​ដើម្បី​ឃុំ​ពួក​ភេរវជន និង​ជនសង្ស័យ​ក្នុង​រឿង​ភេរវកម្ម។ ជា​សរុប មាន​អ្នកទោស​ប្រមាណ​ជា ៧៨០នាក់​ដែល​បាន​ឆ្លង​កាត់​ពន្ធនាគារ Guantanamo។

ក៏​ប៉ុន្តែ និង​អ្វី​ដែល​បាន​បង្ក​ឲ្យ​មាន​រឿង​អាស្រូវ​ខ្លាំង​ជាង​គេ​ទាក់ទង​នឹង​គុក Guantanamo គឺ​ការ​ដែល​អាមេរិក​បាន​ចាប់​ភេរវជន​ពិត និង​ជន​សង្ស័យ​ទៅ​ឃុំ​ដោយ​គ្មាន​ឆ្លង​កាត់​ការ​កាត់ទោស​នៅ​តុលាការ។ មាន​អ្នក​ទោស​ភាគ​ច្រើន​បាន​ជាប់​នៅ​ក្នុង​គុក Guantanamoជាង ១០ឆ្នាំ ដោយ​មិន​បាន​កាត់​ទោស​រក​ខុស រក​ត្រូវ​អ្វី​ទាំង​អស់។ លើស​ពី​នេះ អ្នកទោស​គ្រប់រូប​នៅ​ក្នុង​គុក Guantanamo បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម និង​ការ​វាយ​ធ្វើ​បាប​យ៉ាង​សាហាវ​ព្រៃផ្សៃ​ពី​សំណាក់​ទាហាន​អាមេរិកាំង​ដើម្បី​ឲ្យ​ពួក​គេ​ឆ្លើយ​សារភាព។
 
ទង្វើ​របស់​អាមេរិក​ពាក់ព័ន្ធ​នឹង​ពន្ធនាគារ Guantanamoនេះ​បាន​ធ្វើ​ឲ្យ​អាមេរិក​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង​ពី​គ្រប់​ទិសទី។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​ឃោសនា​បោះឆ្នោត និង​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០០៩ ភ្លាម លោក​អូបាម៉ា​បាន​សន្យា​បិទ​ពន្ធនាគារ Guantanamoជា​ស្ថាពរ។ តែ​រហូត​មក​ដល់​ពេល​នេះ លោក​អូបាម៉ា​នៅ​តែ​មិន​ទាន់​អាច​បិទ​គុក Guantanamoបាន​នៅ​ឡើយ​ទេ។
 
ឧបសគ្គ​ដែល​បន្ត​រារាំង​លោក​អូបាម៉ា​ក្នុង​ការ​បិទ​គុក Guantanamo

មាន​ឧបសគ្គ​ចម្បង​ពីរ​ដែល​ជា​ការ​លំបាក ទី១ គឺ​ចន្លោះ​ប្រហោង​ផ្លូវច្បាប់ និង​ទី២ គឺ​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ប្រទេស​ដែល​សុទ្ធចិត្ត​ទទួល​យក​អ្នកទោស​ដែល​ដោះលែង​ឲ្យ​រស់នៅ។ ឧបសគ្គ​ចន្លោះ​ប្រហោង​ផ្លូវច្បាប់ គឺ​មាន​តាំង​ពី​ដើមទី ពោល​គឺ​ការ​ចាប់​មនុស្ស​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ Guantanamo អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​កាត់ទោស​នៅ​តុលាការ។ ពិត​ណាស់​ថា អ្នកទោស​ដែល​បាន​ឆ្លង​កាត់​ពន្ធនាគារ Guantanamo មាន​អ្នក​ខ្លះ​ជា​ភេរវជន​ពិត និង​អ្នក​ខ្លះ​ជា​ជនសង្ស័យ។ តែ​បញ្ហា​នៅ​ត្រង់​ថា អាមេរិក​បាន​ចាប់​ញាត់​ក្នុង​ទ្រុង​តែ​មួយ​ដោយ​មិន​បាន​កំណត់ និង​បែងចែង​ឲ្យ​បាន​ច្បាស់លាស់​ទេ។
 
នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា មាន​អ្នក​ទោស​ជា​ច្រើន ពិសេស​អ្នកទោស​ដែល​ជាប់​ត្រឹម​ការ​សង្ស័យ និង​ដែល​អាច​ដោះលែង​បាន​ត្រូវ​បាន​អាមេរិក​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ចំណែក​ឧបសគ្គ​ទី២ គឺ​ការ​ស្វែង​រក​ប្រទេស​ណា​ដែល​យល់ព្រម​ទទួល​យក​អ្នកទោស​ដោះលែង។ គួរ​ជម្រាប​ជូន​ថា អ្នកទោស​ភាគច្រើន​ដែល​អាច​ដោះលែង​បាន​ច្រើន​ជា​ជនជាតិ​យេម៉ែន។ តែ​ដោយសារ​តែ​យេម៉ែន​កំពុង​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​តាំង​ពី​ឆ្នាំ ២០១៥ អាមេរិក​មិន​អាច​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​កំណើត​បាន​ឡើយ។
 
ដូច្នេះ​ត្រូវ​រក​ប្រទេស​ទី៣ ដែល​យល់ព្រម​ទទួល​យក ហើយ​នៅ​ក្នុង​ប្រទេស​ទី៣ ទៀត​សោត អតីត​អ្នកទោស Guantanamo ម្នាក់ៗ​ទទួល​បាន​សេរីភាព​ក្រោម​ការ​តាមដាន ឃ្លាំមើល និង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​សាលា​អប់រំ​ដើម្បី​អាច​បន្សាំខ្លួន​ត្រឡប់​ចូលរស់​ក្នុង​សង្គម​ធម្មតា​ឡើង​វិញ។ អ្នកទោស​ទាំង ១៥នាក់​ដែល​ទើប​បាន​ដោះលែង​ទៅ​កាន់​ប្រទេស​អេមីរ៉ាអារ៉ាប់រួម​ពេល​នេះ មាន ១២នាក់​ជា​ជនជាតិ​យេម៉ែន និង ៣នាក់​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន។
 
គណបក្ស​សាធារណរដ្ឋ​បន្ត​រារាំង​ផែនការ​របស់​លោក​អូបាម៉ា

លោក​អូបាម៉ា​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​បិទ​ពន្ធនាគារ Guantanamo ដែល​លោក​ធ្លាប់​បាន​បញ្ជាក់​ថា មិន​មែន​ជា​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​ទេ។ សម្រាប់​លោក​អូបាម៉ា ការ​បន្ត​រក្សា​ទុក​ពន្ធនាគារ Guantanamo មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​សន្តិសុខ និង​សុវត្ថិភាព​អាមេរិក។ នៅ​ដំណាច់​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ លោក​អូបាម៉ា​ថែម​ទាំង​បាន​ដាក់​ចេញ​នូវ​ផែនការ​ថ្មី​ក្នុង​គោលដៅ​បិទ​ពន្ធនាគារ Guantanamo។

តែ​បក្សប្រឆាំង គឺ​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​មាន​សម្លេង​ភាគច្រើន​ក្នុង​សភា​តែង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រឆាំង​នឹង​ផែនការ​របស់​លោក​អូបាម៉ា។ ពួក​អ្នក​សាធារណរដ្ឋ​មិន​បាន​យល់​ឃើញ​ដូច​លោក​អូបាម៉ា​ទេ ហើយ​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ គឺ​លោក​ដូណាល់ ត្រាំ​ថែម​ទាំង​បាន​ប្រកាស​ក្តែងៗ​ថា បើ​លោក​ជាប់​ឆ្នោត លោក​មិន​ត្រឹម​តែ​មិន​បិទ​ពន្ធនាគារ Guantanamo ទេ តែ​នឹង​ពង្រីក​គុក​ស្រដៀង​គ្នា​នេះ​បន្ថែម​ទៀត។ ដូច្នេះ​ឃើញ​ថា ជា​រឿង​ពិបាក​ដែល​ពន្ធនាគារ Guantanamo ត្រូវ​បិទ​ទ្វារ​ជា​ស្ថាពរ​ទន្ទឹម​គ្នា​នឹង​ការ​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី​ជា​ស្ថាពរ​របស់​លោក​អូបាម៉ា​នៅ​ដើម​ឆ្នាំ ២០១៧ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ