អានតួអត្ថបទ
សហរដ្ឋអាមេរិក

ច្បាប់​ការពារ​ជាតិ​អាមេរិក​ឆ្នាំ​២០១៦ ​បាន​បន្ត​រក្សា​មន្ទីរ​ឃុំឃាំង ​Guantanamo

លោក​បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​អាមេរិក ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ការពារ​ជាតិ​ សម្រាប់​ឆ្នាំ​២០១៦ ​ដែល​មាន​​ខ្លឹមសារ​ជាអាទិ៍ ​ហាម​ឃាត់​ការ​បិទ​មន្ទីរ​ឃុំឃាំង ​Guantanamo ​ដែល​ជា​មន្ទីរ​ឃុំឃាំង​ ដែល​ធ្លាប់​ត្រូវ​បាន​គេ​​រិះគន់​​ជាខ្លាំង ​ថា​បាន​ប្រើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ ទៅ​លើ​អ្នក​ទោស​ ដែល​ជា​ភេរវជន។ ទោះបី​លោក​ អូបាម៉ា ​ត្រូវ​បង្ខំ​ចិត្ត​ ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ ​ប៉ុន្តែ​លោក​នៅ​តែ​មិន​បោះបង់​ចោល​បំណង​ប្រាថ្នា ​ថា​នឹង​បិទ​មន្ទីរ​ឃុំឃាំង​ដ៏​ចម្រូង​ចម្រាស​នេះ​​ ឲ្យ​បាន​មុន​ចប់​អាណត្តិ​របស់​លោក។

អ្នកយាម​ កំពុង​ដើរ​ត្រូួ​តពិនិត្យសន្តិសុខ ​នៅ​ក្នុង​មន្ទីរឃុំឃាំង ​Guantanamo
អ្នកយាម​ កំពុង​ដើរ​ត្រូួ​តពិនិត្យសន្តិសុខ ​នៅ​ក្នុង​មន្ទីរឃុំឃាំង ​Guantanamo REUTERS/Bob Strong/Files
ផ្សាយពាណិជ្ជកម្ម

គម្រោង​ច្បាប់​ស្តី​ពី​កិច្ច​ការ​ការ​ពារជាតិ ​សម្រាប់​ឆ្នាំ​២០១៦ ​ ត្រូវ​បាន​អនុម័ត​ដោយ ​សភា​ជាន់​ខ្ពស់​​សហរដ្ឋ​អាមេរិក ​កាល​ពី​១៥​​ថ្ងៃ​មុន​នេះ។ ទើប​តែ​នៅ​ថ្ងៃនេះ​ លោក​ប្រធានាធិបតី​ អូបាម៉ា ​បាន​ចុះ​ហត្ថលេខា​សម្រេច​ដាក់​​ឲ្យ​ប្រើប្រាស់ ​ស្រប​ទៅ​​​តាម​​ការ​កំណត់​របស់​រដ្ឋ​ធម្មនុញ្ញ។ ខ្លឹមសារ​ មួយ​ផ្នែក​នៃ​ច្បាប់​ការពារ​ជាតិ​ឆ្នាំ​២០១៦​ នេះ ​គឺ​បាន​ហាម​ឃាត់​មិន​ឲ្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ផ្ទេរ​អ្នក​ទោស​ពី​មន្ទីរ​ឃុំឃាំង​ Guantanamo ​ដែល​ស្ថិត​នៅ​លើ​កោះ​គុយបា ​មក​លើ​ដី​សហរដ្ឋ​អាមេរិក​ទេ ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៦។ មាន​ន័យ​ថា ​ក្នុង​ន័យ​នេះ​ មន្ទីរ​ឃុំឃាំង ​Guantanamo ​នឹង​ត្រូវ​រក្សា ​ឲ្យ​ដំណើរការ​បន្ត​ទៀត​ ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៦។

 
លោក​បារ៉ាក់ អូបាម៉ា ​ថ្វី​ត្បិត​តែ​ត្រូវ​បង្ខំ​ចិត្ត​ចុះ​ហត្ថលេខា​ លើ​ច្បាប់​នេះ ​ តែ​លោក​នៅ​តែ​អះអាង​ថា ​ រដ្ឋាភិបាល​លោក និង​ខិតខំ​រក​វិធី​ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋសភា​អាមេរិក​ បិទ​មន្ទីរ​ឃុំឃាំង ​ដែល​គេ​រិះគន់​ពាសពេញ​ពិភពលោក​នេះ។ លោក បញ្ជាក់​ថា ​វា​ជា​រឿង​មួយ​ ដែល​មិន​អាច​ បន្ត​ទទួល​យក​បាន​ទៀត​ទេ ​ដែល​រដ្ឋ​ត្រូវ​ចំណាយ​ប្រាក់ ​មួយ​ឆ្នាំៗ​ ៣លាន​ដុល្លារ ​ក្នុង​អ្នក​ទោស​ម្នាក់ ​ឲ្យ​នៅ​ក្នុង​ពន្ធនាគារ​មួយ​  ដែល​គេ​ឯង​គ្រប់​គ្នា​រិះគន់​ថា​ ជា​ពន្ធនាគារ​ប្រើប្រាស់​ទារុណ​កម្ម​ឃោរឃៅ ​និង​អមនុស្សធម៌។ ការ​នេះ ​គឺ​វា​រិតតែ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អាម៉ាស​មុខ។ លោក​បន្ត​ថា វា​ល្មម​ដល់​ពេល​ហើយ ​ដែល​រដ្ឋសភា ​និង​រដ្ឋាភិបាល ​មូលមតិ​គ្នា ​បិទ​មន្ទីរ​ឃុំឃាំង​នេះ។

សូម​បញ្ជាក់​ថា ​មន្ទីរ​ឃុំឃាំង​ Guantanamo ​ត្រូវ​បាន​បង្កើត​ឡើង​ភ្លាម ​ក្រោយ​ព្រឹត្តិការណ៍ ​ភេរវកម្ម​ ថ្ងៃ​ទី​ ១១​ កញ្ញា​ ឆ្នាំ​២០០១​ ដើម្បី​ឃុំឃាំង ​និង​សួរ​ចម្លើយ​អ្នក​ទោស ​ ដែល​គេ​សង្ស័យ​ថា ​ជា​បណ្តាញ​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ អាល់កាអ៊ីដា។ ការ​សួរ​ចម្លើយ ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ ការ​ធ្វើ​ទារុណកម្ម​ដ៏​ព្រៃផ្សៃ ​ដែល​អ្នក​សារព័ត៌មាន​នានា ​បាន​សរសេរ​បរិហារ ​ ហើយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ រិះគន់​រដ្ឋាភិបាល​អាមេរិក ​ដែល​កាល​នោះ ​ដឹក​នាំ​ដោយ​លោក​ George W.Bush។ លោក​បារ៉ាក់ អូបាម៉ា ​បន្ទាប់​ពី​បាន​ឡើង​កាន់​ដំណែង ​បាន​សន្យា​ ធ្វើ​គ្រប់​យ៉ាង ​ដើម្បី​បិទ​បញ្ចប់​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​អាម៉ាស ​មួយ​នេះ។

ទោះបី​ជា​ច្បាប់​ការពារ​ជាតិ​ឆ្នាំ​២០១៦​នេះ ​ បាន​បន្ត​រក្សា ​មន្ទីរ​ឃុំឃាំង ​Guantanamo ​ក្តី ​ប៉ុន្តែ​ច្បាប់​នេះ ​បាន​ចែង​មាត្រា​មួយ​ចំនួន​ ដោយ​ហាមឃាត់ ​បច្ចេកទេស​ធ្វើ​ទារុណកម្ម ​មួយ​ចំនួន ​ដូចជា​ការ​ចាប់​ជ្រមុជ​ទឹក​ជាដើម។ ចាប់​ពី​ពេល​នេះ​ទៅ ​បច្ចេក​ទេស​ទារុណកម្ម​ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​គោរព ​ទៅ​នឹង​អ្វី​ដែល​មាន​ចែង​ នៅ​ក្នុង​សៀវភៅ​បច្ចេកទេស​កងទ័ព​របស់​សហរដ្ឋ​អាមេរិក។

សេតវិមាន ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​រដ្ឋាភិបាល​លោក​អូបាម៉ា ​កំពុង​ពិចារណា​ រក​មធ្យោបាយ​ថ្មី​ផ្សេង​ទៀត ​ ដើម្បី​បិទ​មន្ទីរ​ឃុំឃាំង ​Guantanamo ​នេះ។ តាម​ការ​ប៉ាន់ស្មាន ​លោក​ប្រធានាធិបតី​អាច​នឹង​ប្រើប្រាស់ ​សិទ្ធិ​របស់​លោក ​ក្នុង​ការ​ធ្វើ​ក្រិត្យ​ប្រធានាធិបតី ​ដើម្បី​ចាប់​បង្ខំ​រដ្ឋសភា ​ឲ្យ​ព្រម​បិទ​មន្ទីរ​ឃុំឃាំង ​Guantanamo។ យ៉ាងណា​ក៏ដោយ ​ ការ​ជជែក​វែកញែក​ផ្លូវ​ច្បាប់ ​អាច​នឹង​មាន​ឡើង​ ដើម្បី​ធានា​ឲ្យ​មាន​សមភាព ​នៃ​ការ​បែងចែក​អំណាច​ រវាង​ស្ថាប័ន​នីតិបញ្ញត្តិ​ និង​ស្ថាប័ន​នីតិប្រតិបត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ