អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហា​សុខភាព​កំពុងក្លាយ​ជា​ឧបសគ្គ​របស់​លោកស្រី​គ្លីនតុន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​វ័យ​​៦៨​ឆ្នាំ បេក្ខនារីប្រធានាធិបតីអាមេរិក​​បក្ស​ប្រជាធិបតេយ្យ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន ​កំពុង​ស្ថិត​ក្រោម​សម្ពាធយ៉ាង​ខ្លាំង នៅ​ថ្ងៃចន្ទ​នេះ ដោយ​​កាលពីថ្ងៃ​អាទិត្យ លោកស្រី​បាន​ចាក​ចេញ​ពី​​កម្មវិធី​​​ប្រារព្ធ​ខួប​​១៥​ឆ្នាំ​នៃ​មហាភេរវកម្ម​ថ្ងៃទី ១១​កញ្ញា នៅ​វ័លស្ទ្រីត​សឺនធ័រ ទាំង​កណ្តាល​ទី ព្រោះ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង។ លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ ​ត្រូវ​បង្ខំ​ចិត្ត​​បក​ស្រាយ​អំពី​បញ្ហា​សុខភាព​របស់​លោកស្រី ថា​កំពុង​មាន​ជំងឺ ​រលាក​សួត​និង​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ តាំង​ពី​សុក្រ​មក។ គម្រោង​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ចន្ទ​ និង​ថ្ងៃអង្គារ​នេះ​ ត្រូវ​លុប​ចោល។ តែ​​តម្លាភាព​​សុខភាព​របស់​បេក្ខជន​​ប្រធានាធិបតី​កំពុង​បាន​ផុសផុល​ជា​ថ្មី។ គូប្រជែង​មក​ពី​បក្ស​សាធារណរដ្ឋ​ អាច​យក​​ចំណេញ​ពី​ស្ថានភាព​នេះ​ យ៉ាង​​ពេញ​លេញ។

លោកស្រី​គ្លីនតុន បេក្ខនារី​ប្រធានាធិបតី​​អាមេរិក​ត្រូវ​​​គ្រា​ចូល​ឡាន ពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​
លោកស្រី​គ្លីនតុន បេក្ខនារី​ប្រធានាធិបតី​​អាមេរិក​ត្រូវ​​​គ្រា​ចូល​ឡាន ពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​ REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ខួប​មហាភេរវកម្ម​ ១១​កញ្ញា ថ្ងៃ​ដែល​អាមេរិក​ទាំង​មូល​កំពុង​ផ្លុង​អារម្មណ៍​​ក្នុង​អតីតកាល​ដ៏​ជូរចត់ លោកស្រី​បេក្ខនារី​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ​ស្រាប់​តែ​បាន​ចាក​ចេញ​ពី​កន្លែង​រៀបចំ​កម្មវិធី ដោយមាន​អាការៈ​​មិន​ស្រួល​ខ្លួន​ខ្លាំង។ ​កម្មវិធី​ឃោសនា​​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​លុប​ចោល។  តើ​ពេល​នេះ លោកស្រីយ៉ាង​ម៉េច​ទៅ​ហើយ ?

កាលពី​ព្រឹក​ថ្ងៃទី ១១​កញ្ញា​ម្សិលមិញ លោកស្រី គ្លីនតុន មាន​អាការៈ​មិន​ស្រួល​ខ្លួនខ្លាំង រហូត​បង្ខំ​ចិត្ត​ចាក​ចោល​​កម្មវិធី​គោរព​រំលឹក​ខួប​១៥​ឆ្នាំ​នៃ​មហាភេរវកម្ម​ ទាំង​កណ្តាល​ទី ដោយ​សម្រួល​និង​ស្ងាត់ៗ។ វីដេអូ​ថត​ដោយ​ពលរដ្ឋ​ម្នាក់ បង្ហោះ​លើ​ប្រព័ន្ធ​សង្គម​ បង្ហាញ​រូប​​លោកស្រី​ គ្លីនតុន បាត់​លំនឹង ធីងធោង រក​កល​នឹង​ដួល ទាល់​តែ​មាន​អ្នក​នៅ​ក្បែរ​ពីរបី​ជួយ​គ្រា​ចូល​ឡាន។

 
​ក្រោយ​ពី​បាន​ចូល​សម្រាក​ក្នុង​ផ្ទះ​កូន​ស្រី បាន​​ពី​រ​ម៉ោង លោកស្រី​ បានត្រលប់​ទៅផ្ទះ ក្នុង​ទឹក​មុខ​ស្រស់​ស្រាយ ញញឹម​ប៉ប្រិយ ទៅ​កាន់​សាធារណជន និង​បាន​ថត​រូបសែលហ្វី​ជាមួយ​កុមារី​ម្នាក់ តាម​​ចិញ្ចើម​ថ្នល់​ផង ដោយ​អះអាង ថា “ខ្ញុំ​ស្រួល​ខ្លួន​ធម្មតា​ទេ !

ដំបូង​ឡើង គេ​គិត​ថា អាការៈ​មិន​ស្រួល​ខ្លួន​នេះ គឺ​ដោយ​​សារ​អាកាសធាតុ​ក្តៅថប់​​ខ្លាំង។ ប៉ុន្តែ​ក្រោយ​ពី​រក្សា​ភាព​ស្ងប់ស្ងាត់ និង​លាក់​ការ​សម្ងាត់​​អស់​ជា​ច្រើន​ម៉ោង ក្រុមការងារ​របស់​លោកស្រី​បេក្ខនារី​ប្រធានាធិបតី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​របស់​គ្រូពេទ្យ​ប្រចាំ​ខ្លួន ថា លោកស្រី គ្លីនតុន មាន​ជំងឺ​រលាក​សួត តាំង​ពី​ថ្ងៃ សុក្រ​មក និង​កំពុង​ទទួល​ការ​ព្យាបាល​ដោយប្រើ​ថ្នាំ​អង់ទីប៊ីយូទិក ថ្នាំ​ផ្សះ ទើប​ងាយ​ហត់​ ងាយ​ខ្សោះជាតិ​ទឹក​។ គ្រូពេទ្យ​សូម​ណែនាំ​ឱ្យ​លោកស្រី សម្រាក​ពីរ​បី​ថ្ងៃសិន។

តម្លាភាព​សុខភាព

នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោកស្រី​ហាក់​ដូច​ជា​​មាន​សភាព និង​ទឹកមុខ​អស់​កម្លាំង​ខ្លាំង។ ក្អក​ញយៗ​ដង ក្អក​រហូត​ដល់​ទៅ​លែង​អាច​ថ្លែង​សុន្ទរកថា​អស់​ពីរបី​នាទី។ ជាក់ស្តែង កាលពី​ថ្ងៃ​សុក្រ លោកស្រី​ក្អក​ខ្លាំង ប្តូរ​សំឡេង តែបាន​បន្លំ​ញ៉ាំទឹក​សើច​ចំអក​បែប​ឡែបខាយ ថា ឱ្យ​និយាយ​ដល់​ឈ្មោះ​ ដូណាល់ ត្រាំ លោកស្រី​កើត​រោគ​អាឡែហ្សិក​ភ្លាម។
លោកស្រី​ គ្លីនតុន ធ្លាប់​មាន​ជំងឺ​​ ស្ទះ​​សរសៃ​ឈាម​ក្នុង​ខួរក្បាល រហូត​​​ចូល​សម្រាកព្យាបាល​ក្នុង​​មន្ទីរ​ពេទ្យ​មួយ​រយៈ​ខ្លី ​ ​កាល​នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​​ការបរទេស នៅ​ឆ្នាំ​២០១២។ ប៉ុន្តែ​លោកស្រី​បាន​ជា​សះ​ស្បើយ​ជា​ធម្មតា​ឡើង​វិញ និង​មាន​កម្លាំង​ថាមពល​ពេញ​លេញ រហូត​ដល់​​បេក្ខជន​ជា​អនុប្រធានាធិបតី​របស់​លោក​ស្រី ដែល​មាន​វ័យ​ក្មេង​ជាង​ច្រើន លើក​សរសើរ​ថា គាត់​នៅ​ក្មេង​សោះ ចេញ​ឃោសនា​ទើប​បាន​តែ​​១០០​ថ្ងៃ រត់​លែង​ចង់​ទាន់​លោកស្រី​គ្លីនតុន។
 

ក្រោយ​បាន​សម្រាក​ពីរ​ម៉ោង លោកស្រី​ស្រួល​ខ្លូន​ឡើង​វិញ​ ចេញ​​ថត​រូប​ជា​មួយ​ក្មេង​តាម​ផ្លូវ​
ក្រោយ​បាន​សម្រាក​ពីរ​ម៉ោង លោកស្រី​ស្រួល​ខ្លូន​ឡើង​វិញ​ ចេញ​​ថត​រូប​ជា​មួយ​ក្មេង​តាម​ផ្លូវ​ REUTERS/via Reuters TV

លោក ដូណាល់ ត្រាំ ដែល​ជា​គូប្រជែង​ ថ្វី​បើ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ភ្លាមៗ​​មែន តែធ្លាប់​បាន​បំផុស​ភាព​សង្ស័យ​លើ​សុខភាព​របស់​លោកស្រី គ្លីនតុន​ ជា​យូរ​មក​ហើយ។ លោក​ធ្លាប់​បាន​ទន្ទេញដដែល​ៗ​ ថា​លោកស្រីគ្លីនតុន ជា​មនុស្ស​មាន​ជំងឺ ពុំ​មាន​កម្លាំង​ពលំ​គ្រប់គ្រាន់ សម្រាប់​ទទួល​ភារៈ​ជា​មេដឹកនាំ​ប្រទេស ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​នោះ​ទេ។ ទីប្រឹក្សា​លោក​ដូណាល់ ​ត្រាំ ម្នាក់ ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក ក៏ធ្លាប់ព្រលយ​ពាក្យ​ថា​លោកស្រី​ គ្លីនតុន មាន​ជំងឺ​ជាប់​នឹង​ខ្លួន​​ខ្លាំង​ជាង​អ្វី​ដែល​យើង​គិត​ទៅ​ទៀត។

ទោះបី​​លោក​ស្រី គ្លីនតុន ចេញ សេចក្តីថ្លែងការណ៍​វេជ្ជសាស្ត្រមួយ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ​បញ្ជាក់​ថា លោកស្រី មាន​សុខភាព​ល្អ​ពេញ​លេញ ក៏​ពាក្យ​ចចាម​អារាម ពាក់ព័ន្ធ​នឹង​សុខភាព​របស់​លោកស្រី​មិន​បានស្ងប់​ស្ងាត់​ដែរ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ដូច្នេះ ការ​ធ្លាក់​ខ្លួន​មាន​ជំងឺ​រលាក​សួត នា​ពេល​នេះ បាន​ត្រឹម​តែ​បណ្តុះ​​​ភាព​សង្ស័យ​លើ​សុខភាព​លោកស្រី​កាន់​តែ​ខ្លាំង និង​អាច​ជា​ដើម​ហេតុ​ បង្ខំ​ឱ្យ​បេក្ខជន​ប្រធានាធិបតី​ បង្ហាញ​តុល្យការ​សុខភាព​ ជា​សាធារណៈ ​ដែល​លោកស្រី គ្លីនតុន ក៏​ដូច​លោក​ ដូណាល់​ត្រាំ បាន​បដិសេធ​មិន​ព្រម​ធ្វើ​តាំង​ពី​ដើម​មក។
​​
លោក ដូណាល់ ត្រាំ បញ្ជា​ក្រុម​បក្ស​មិន​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​

​​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយដែល​លោក​ដូណាល់ ត្រាំ ចង់​សម្រុក​វាយប្រហារ​លើ​ ​បញ្ហា​សុខភាព​របស់​លោកស្រី​ គ្លីនតុន។ ស្រាប់​តែពេល​​នេះ​​គូប្រជែង​ បាន​បង្ហាញ​​​ភស្តុតាង​​ដោយ​ជាក់​ស្តែងមែនទៅ​ហើយ​ តើ​លោកដូណាល់ ត្រាំ អត់​មិន​យក​ធ្វើ​ការ​​វាយ​ប្រហារ​ចំៗ​​លើ​លោកស្រី​គ្លីនតុន ទៅ​កើត។

​ប៉ុន្តែក្នុង​ពេល​ភ្លាមៗ អាច​ជា​យុទ្ធសាស្ត្រ​ និង​ដើម្បី​បង្ហាញ​​ថា​លោក​ជា​បេក្ខជន​ចេះ​​គោរព​គ្នា លោក​បាន​បញ្ជា​ឱ្យ​អ្នក​សាធារណរដ្ឋ​ទាំង​កុំ​​ធ្វើ​​អត្ថាធិប្បាយអ្វី​ដែល​ទាក់​ទង​នឹង​អាការៈ​ជំងឺ​របស់​លោកស្រី គ្លីនតុន។ តែ​ចង់​ឬ​មិន​ចង់ សុខភាព បាន​ក្លាយ​ ​ចំណុច​ខ្សោយ​របស់លោកស្រី គ្លីនតុន និង​ជាប្រធានបទ​ដ៏​​រសើបរបស់​​បក្ស​ប្រជាធិបតេយ្យ។ ដល់​អាយុ​នេះ​ហើយ បញ្ហា​សុខភាព​អាច​នឹង​ប្តូរ​ផ្លាស់ ពី​ថ្ងៃ​នេះ ទៅ​ថ្ងៃ​ស្អែក​បាន​យ៉ាង​ងាយ។ សូម​បញ្ជាក់​ថា បេក្ខជន​ប្រធានាធិបតី​ គ្លីនតុន និង​ត្រាំ ជា​អនាគត​ប្រធានាធិបតី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ប្រវត្តិ លើក​លែង​តែ​លោក​ រីហ្កែន​មួយ​​ចេញ។

​បញ្ហា​សុខភាព​កើត​ឡើង​ជួន​ចំពេល​ដែល​ ការ​បោះឆ្នោត​កាន់​តែ​ខិត​មក​ដល់ យុទ្ធនាការ​ឃោសនា កាន់​តែ​តាន​តឹង​ឡើងៗ គម្លាត​រវាង​លោក​ដូណាល់ ត្រាំ និង​​​ លោកស្រី​ គ្លីនតុន កាន់តែតូច ហើយ លោកស្រី​គ្លីនតុន ហាក់​ដូច​ជា​មានភ្លាត់​​កំហុសមួយ​ដែល​ពិបាក​​ស្តារ ៖ កាលពី​បី​ថ្ងៃ​មុន លោកស្រី បាន​​ប្រើ​ពាក្យ​មិន​គប្បី​ខ្លាំងវាយប្រហារ មិន​មែន​លើ​លោក​ដូណាល់ ត្រាំ​ទេ តែ​ទៅ​​លើ​សកម្មជន​អ្នក​គាំទ្រលោក​​ ដោយ​ម៉ៅ​ពួក​គេ​ថា​ជា​បង្កោម​មនុស្ស​គួរ​ឱ្យ​អាណិត។ នៅសល់​តែ​ជាង​១០​ថ្ងៃ​ទៀតប៉ុណ្ណោះ ​ថ្ងៃ​ទី ២៦ កញ្ញា​ នឹង​មាន​​ការ​តស៊ូ​មតិ​ទល់​មុខ​គ្នា​ ​​រវាង​បេក្ខជន​ប្រធានាធិបតី នឹង​ចាប់​ផ្តើម​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ