អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​អាមេរិក៖​ចុះ​បើ​មាន​បេក្ខជន​ណា​ម្នាក់​បោះបង់​ការ​ប្រកួត​កណ្តាលទី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក បញ្ហា​សុខភាព​របស់​លោកស្រី​ហ៊ីលឡារី គ្លីនតុន បេក្ខនារី​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ រឿង​សុខភាព​លោកស្រី​គ្លីនតុន​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​លោកស្រី​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន និង​ឈរ​មិន​នឹងជើង​នៅ​ក្រោយ​ការ​ចូលរួម​ក្នុង​ពិធី​ប្រារព្ធខួប​គម្រប់ ១៥ឆ្នាំ​នៃ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា​កាល​ពី​ថ្ងៃ​អាទិត្យ ទី១១ កញ្ញា។ បន្ទាប់​ពី​បាន​សម្រេច​ផ្អាក​ធ្វើ​យុទ្ធនាការ​ឃោសនា​រយៈពេល ២ថ្ងៃ លោកស្រី​បាន​ប្រកាស​ពី​ការ​ផ្តើម​ចេញ​យុទ្ធនាការ​ជា​ថ្មី​ក្នុង​សប្តាហ៍​នេះ។ ចំណែក​លោក​ដូណាល់ ត្រាំ​ដែល​ជា​គូប្រជែង​បាន​ជូនពរ​លោកស្រី​ឲ្យ​ឆាប់​ជា និង​ត្រឡប់​ចូល​សៃវៀន​ប្រកួត​ជា​ថ្មី។

លោកស្រី Hillary Clinton និង​លោក Donald Trump
លោកស្រី Hillary Clinton និង​លោក Donald Trump REUTERS/David Becker/Nancy Wiechec/Files
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ចន្ទ​ឈាន​ចូល​ដល់​ថ្ងៃ​អង្គារ ទី១៣ កញ្ញា​នេះ លោកស្រី​ហ៊ីឡារី គ្លីនតុន​កំពុង​សម្រាក​យក​កម្លាំង​នៅ​គេហដ្ឋាន​របស់​លោកស្រី​ស្ថិត​ក្បែរ​ទីក្រុង​ញូយ៉ក។ នា​ឱកាស​ឈប់​សម្រាក​យក​កម្លាំង លោកស្រី​គ្លីនតុន​បាន​ឆ្លៀត​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ CNN ដោយ​អះអាង​ថា លោកស្រី​មាន​កម្លាំងកំហែង​ល្អ​ឡើង​វិញ​ហើយ និង​ថា លោកស្រី​មិន​សន្លប់​បាត់​ស្មារតី​ទេ គ្រាន់​តែ​វិលមុខ និង​បាត់លំនឹង​ប្រមាណ​ជា ១នាទី​ប៉ុណ្ណោះ។ លោកស្រី​បាន​បន្ថែម​ថា នៅ​ពេល​ចូល​អង្គុយ​ក្នុង​រថយន្ត​បាន​មួយ​ភ្លែត​មក លោកស្រី​ក៏​មាន​អារម្មណ៍​ធម្មតា​ឡើង​វិញ​ភ្លាមៗ​ដែរ។

ក្រៅ​ពី​បញ្ជាក់​ពី​សុខភាព​ល្អ​ធម្មតា​ដែល​គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ បេក្ខនារី​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ក៏​ឆ្លៀត​និយាយ​វាយប្រហារ​គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ​ទាក់ទង​នឹង​តម្លាភាព​ស្តីពី​សុខភាព​ដែរ។ លោកស្រី​គ្លីនតុន​បាន​អះអាង​ថា លោកស្រី​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ជា​ច្រើន​ទាក់ទង​នឹង​សុខភាព​របស់​លោកស្រី តែ​ចំពោះ​លោក​ដូណាល់ ត្រាំ​វិញ គឺ​មាន​តិចតួច​ណាស់។
 

លោកស្រី Hillary Clinton
លោកស្រី Hillary Clinton REUTERS/William Philpott

« ឱព្រះ​ជា​ម្ចាស់ ចូរ​អ្នក​ប្រៀបធៀប​នូវ​អ្វី​ដែល​អ្នក​ដឹង​អំពី​ខ្ញុំ​ជាមួយ​នឹង​គូប្រជែង​របស់​ខ្ញុំ។ វា​ល្មម​ដល់​ពេល​ដែល​គាត់​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​ដូច​ខ្ញុំ​ហើយ។ អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក លោក អ្នក​ធ្លាប់​មាន​ព័ត៌មាន​ជា​ច្រើន​ស្តីពី​សុខភាព​របស់​លោក​បារ៉ាក់ អូបាម៉ា ឬ​មួយ​លោក Mitt Romney។ គ្រូពេទ្យ​របស់​លោក​ដូណាល់ ត្រាំ​និយាយ​ថា លោក​ដូណាល់ ត្រាំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដែល​មាន​សុខភាព​រឹងមាំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត។ នេះ​ពិត​ជា​រឿង​លេងសើច​ខ្លាំង​ណាស់។
 
ខ្ញុំ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ប្រាក់បៀវត្ស​របស់​ខ្ញុំ​ក្នុង​រយៈពេល ៤០ឆ្នាំ​កន្លង​ទៅ តែ​លោក​ដូណាល់ ត្រាំ​មិន​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ទេ សូម្បី​១ឆ្នាំ​ក៏​អត់​ដែរ។ ពលរដ្ឋ​អាមេរិកាំង​មាន​សិទ្ធិ​ដឹង​ឮ​នូវ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​កំពុង​លាក់ និង​គោលបំណង​របស់​គាត់។ ចំពោះ​រូប​ខ្ញុំ លោក អ្នក​មាន​ព័ត៌មាន​ច្រើន​ណាស់ ព្រោះ​យើង​បាន​បង្ហាញ​ពី​តម្លាភាព តែ​យើង​គ្មាន​ព័ត៌មាន​អ្វី​ទាំង​អស់​ទាក់ទង​នឹង​លោក​ដូណាល់ ត្រាំ។ គឺ​តិច​ជាង​បេក្ខជន​ថ្មីៗ​ចុង​ក្រោយ​នៃ​ប្រវត្តិសាស្រ្ត​អាមេរិក​ឆ្ងាយ​ណាស់ »។

លោក​ដូណាល់ ត្រាំ​ជូនពរ​ឲ្យ​លោកស្រី​គ្លីនតុន​ឆាប់​ជា និង​ត្រឡប់​ចូល​សៃវៀន​ឡើង​វិញ

តាំង​ពី​ថ្ងៃ​ចន្ទ ទី១២ កញ្ញាលោក​ដូណាល់ ត្រាំ​បាន​ព្យាយាម​មិន​យក​បញ្ហា​សុខភាព​របស់​លោកស្រី​គ្លីនតុន​ទៅ​ធ្វើ​អាជីវកម្ម​វាយប្រហារ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ តែ​កន្លង​មក លោក​ដូណាល់ ត្រាំ​ក៏​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ទាក់ទង​នឹង​សុខភាព​ផុយស្រួយ​របស់​លោកស្រី​គ្លីនតុន។ នៅ​លើក​នេះ លោក​ដូណាល់ ត្រាំ​បាន​បង្វែរ​ការ​វាយប្រហារ​លើ​លោកស្រី​គ្លីនតុន​ទាក់ទង​នឹង​ពាក្យសម្តី​របស់​លោកស្រី​ដែល​និយាយ​វាយប្រហារ​លើ​សកម្មជន​គាំទ្រ​របស់​លោក។ ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​បាន​ជូនពរ​លោកស្រី​គ្លីនតុន​ឲ្យ​ឆាប់​មាន​សុខភាព​ល្អ​ឡើង​វិញ និង​ឆាប់​ត្រឡប់​ចូល​ប្រឡូក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ថ្មី។

ម្យ៉ាង​ទៀត និង​ដើម្បី​ឆ្លើយ​តប​នឹង​លោកស្រី​គ្លីនតុន លោក​ដូណាល់ ត្រាំ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​នឹង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ក្នុង​សប្តាហ៍​នេះ​នូវ​ព័ត៌មាន​ថ្មី​ស្តីពី​ស្ថានភាព​សុខភាព​របស់​លោក។ គួរ​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ មាន​សំបុត្រ​ពេទ្យ​តែ​មួយ​គត់​ដែល​គ្រូពេទ្យ​លោក​ដូណាល់ ត្រាំ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​ធ្នូ​ស្តីពី​ស្ថានភាព​សុខភាព​ទូទៅ​របស់​លោក​ដូណាល់ ត្រាំ។ ចំណែក​ក្រុមការងារ​របស់​លោកស្រី​គ្លីនតុន​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឯកសារ​ពេទ្យ​ថ្មីៗ​ទៀត​របស់​លោកស្រី​គ្លីនតុន​ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​បន្ថែម​ក្នុង​សប្តាហ៍​នេះ​ដើម្បី​បញ្ជាក់​ថា លោកស្រី​គ្លីនតុន​គ្មាន​ជម្ងឺ​អ្វី​ផ្សេង​ក្រៅ​ពី​ជម្ងឺ​រលាកសួត​ទេ។

ជម្រើស​បេក្ខជន​ថ្មី​ជា​សិទ្ធិសម្រេច​របស់​គណបក្ស​នីមួយៗ

អ្វី​ដែល​គេ​ដឹង បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប​លោកស្រី​គ្លីនតុន និង​លោក​ដូណាល់ ត្រាំ​សុទ្ធ​តែ​មាន​អាយុ​ច្រើន​ដូច​គ្នា។ លោកស្រី​គ្លីនតុន​នឹង​មាន​អាយុ ៦៩ឆ្នាំ​នៅ​២ថ្ងៃ​ទៀត ចំណែក​លោក​ដូណាល់ ត្រាំ​មាន​អាយុ ៧០ឆ្នាំ។ សេណារីយ៉ូ​ដែល​ពលរដ្ឋ​អាមេរិកាំង​ទូទៅ និង​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​មិន​ចង់​ឃើញ គឺ​ការ​បោះបង់​ការ​ប្រកួត​កណ្តាលទី​ដោយសារ​តែ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​ក៏​បញ្ហា​អ្វី​ផ្សេង។ រដ្ឋធម្មនុញ្ញ​អាមេរិក​មិន​បាន​ចែង​ពី​ករណី​ដែល​បេក្ខជន​បោះបង់​ការ​ប្រកួត​កណ្តាលទី​ទេ តែ​បាន​ហាម​មិន​ឲ្យ​រូប​ប្រធានាធិបតី​ណា​ដែល​បាន​កាន់​តំណែង​ចំនួន ២អាណត្តិ​ជាប់ៗ​គ្នា​ឈរ​ឈ្មោះ​ជា​ថ្មី​ទេ។

ដូច្នេះ ក្នុង​ករណី​ណា​ដែល​មាន​បេក្ខជន​ណា​ម្នាក់​បោះបង់​ការ​ប្រកួត​កណ្តាលទី​ដោយសារ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​បញ្ហា​អ្វី​ផ្សេង​នោះ គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​សុទ្ធសាធ មាន​ន័យ​ថា គណបក្ស​នីមួយៗ​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន។ នៅ​ត្រង់​ចំណុច​នេះ គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មាន​វិធានការ​មិន​ដូច​គ្នា​ទេ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ថ្មី។ សម្រាប់​គណបក្ស​សាធារណរដ្ឋ​មាន​ជម្រើស​ពីរ ទី១ កោះ​ប្រជុំ​សមាជ​ជា​បន្ទាន់​ដើម្បី​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ថ្មី ទី២ បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​សម្រេច​ជ្រើស​យក​រូប​បេក្ខជន​ណា​ម្នាក់។

តែ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​វិញ បទបញ្ជា​ផ្ទៃក្នុង​បាន​តម្រូវ​ឲ្យ​មាន​ត្រឹម​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​បក្ស​ដើម្បី​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ថ្មី ពោល​មិន​ចាំ​បាច់​កោះ​ប្រជុំ​សមាជ​ឡើង​វិញ​ទេ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ រូប​បេក្ខជន​ថ្មី​អាច​ជា​បេក្ខជន​ថ្មី​ស្រឡាង​ដែល​មិន​ធា្លប់​បាន​ចូល​ប្រកួតប្រជែង​ក្នុង​បក្ស​នា​ពេល​កន្លង​មក។ ករណី​លោក​ប៊ែរនី សេនដឺ​ដែល​បាន​ចាញ់​ឆ្នោត​ក្នុង​សមាជ​បក្ស​ប្រឈម​នឹង​លោកស្រី​គ្លីនតុន​មិនមែន​ជា​បេក្ខជន​អាទិភាព ឬ​មួយ​ក៏​ជា​បេក្ខជន​ដែល​ត្រូវ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដែរ។

នៅ​ក្នុង​ករណី​ដែល​លោកស្រី​គ្លីនតុន​លា​ឈប់​ដោយ​បញ្ហា​សុខភាព មាន​ការ​លើក​ឈ្មោះ​បេក្ខជន​ពីរ​រូប គឺ​លោក​ចន ឃែរី​អាយុ ៧២ឆ្នាំ​ដែល​កំពុង​មាន​តួនាទី​ជា​ប្រមុខ​ការទូត ឬ​មួយ​លោក Joe Biden មាន​អាយុ ៧៣ឆ្នាំ​ដែល​កំពុង​មាន​តួនាទី​ជា​អនុប្រធានាធិបតី។ កន្លង​មក ឥស្សរជន​ទាំង​ពីរ​នាក់​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​មិន​ព្រម​ឈរ​ឈ្មោះ​ដោយសារ​តែ​មាន​អាយុ​ច្រើន និង​មាន​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ តែ​បើ​កាលៈទេសៈ​តម្រូវ និង​បើ​មាន​គំនាប​ខ្លាំង​ពី​បក្ស ក៏​ឥស្សរជន​ទាំង​ពីរ​អាច​ពិចារណា​លើ​សេចក្តី​សម្រេច​របស់​ខ្លួន​ឡើង​វិញ​ដែរ។

តែ​នៅ​ចំពោះ​មុខ លោកស្រី​គ្លីនតុន​បាន​អះអាង​ថា លោកស្រី​មាន​សុខភាព​ធម្មតា​ទេ គ្រាន់​តែ​អស់​កម្លាំង​ម្តងៗ​ដែល​ជា​រឿង​មួយ​ធម្មតា។ នៅ​ថ្ងៃ​ទី២៦ កញ្ញា​ខាង​មុខ លោកស្រី​នឹង​ត្រូវ​ឡើង​វេទិកា​តស៊ូមតិ​តទល់​នឹង​លោក​ដូណាល់ ត្រាំ។ គឺ​ជា​ឱកាស​មួយ​ដែល​លោកស្រី​ត្រូវ​បង្ហាញ​ពលរដ្ឋ​អាមេរិកាំង​ថា លោកស្រី​កំពុង​មាន​សុខភាព​ល្អ និង​ត្រៀម​ខ្លួន​ក្លាយ​ជា​ប្រធានាធិបតី​ស្រ្តី​អាមរិកាំង​លើកទី១ នៅ​ក្នុង​ប្រវត្តិ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ