អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ក្រោយ​យុទ្ធនាការ​បង្កប់​ដោយ​សង្រ្គាម​ពាក្យ​សម្តី ការ​ពិត​បាន​មកដល់​សម្រាប់​​​លោកស្រី​គ្លីនតុន និង​លោក​ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​បាន​ឈាន​ចូល​មក​ដល់​ហើយ​នា​ថ្ងៃ​អង្គារ ទី៨ វិច្ឆិកា​នេះ។ មាន​ពលរដ្ឋ​ប្រមាណ​ជា ២២៧លាននាក់​នឹង​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​រវាង​បេក្ខនារី​ហ៊ីលឡារី គ្លីនតុន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​បេក្ខជន​ដូណាល់ ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ។ គេ​ត្រូវ​រង់ចាំ​នៅ​ថ្ងៃ​ពុធ ទី៨ វិច្ឆិកា​ទើប​ដឹង​ថា តើ​លោកស្រី​គ្លីនតុន ឬ​មួយ​លោក​ត្រាំ​ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​ទី៤៥ របស់​អាមេរិក។

លោក Donald Trump និង​លោកស្រី Hillary Clinton
លោក Donald Trump និង​លោកស្រី Hillary Clinton REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​ក្នុង​លោក អាមេរិក​បាន​អនុវត្តន៍​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ពិសេស និង​ស្មុគស្មាញ។ ពិសេស និង​ស្មុគស្មាញ ព្រោះ​ពលរដ្ឋ​ដែល​ចូលរួម​បោះឆ្នោត​មិនមែន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដោយ​ផ្ទាល់​ទេ តែ​បោះឆ្នោត​ជ្រើសរើស​អ្នក​បោះឆ្នោតតំណាង​ប្រចាំ​រដ្ឋ​នីមួយៗ​របស់​ខ្លួន និង​បន្ទាប់​មក អ្នក​បោះឆ្នោតតំណាង​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​រូប​ប្រធានាធិបតី និង​រូប​អនុប្រធានាធិបតី​ថ្មី។ ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ជា​ប្រព័ន្ធ​បោះឆ្នោត​ដោយ​ប្រយោល ឬ​មិន​ចំពោះ និង​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សតវត្ស​ទី១៨ មក​ម្ល៉េះ។

នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ មាន​អ្នក​បោះឆ្នោតតំណាង​សរុប​ទាំង​អស់​ចំនួន ៥៣៨រូប ហើយ​ពួក​គេ​ត្រូវ​បាន​រើស​ចេញ​ពី​គណបក្ស​រៀងៗ​ខ្លួន គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ។ ចំនួន​អ្នកបោះឆ្នោតតំណាង​ក្នុង​រដ្ឋ​នីមួយៗ​ត្រូវ​បាន​គណនា​ទៅ​តាម​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​នីមួយៗ មាន​ន័យ​ថា រដ្ឋ​ណា​មាន​ពលរដ្ឋ​ច្រើន​ក៏​មាន​ចំនួន​អ្នកបោះឆ្នោតតំណាង​ច្រើន​ដែរ។ ជាក់ស្តែង​រដ្ឋ California ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន​ជាង​គេ​នៅ​អាមេរិក​រហូត​ដល់​ទៅ​ជាង ៣៩លាន​នាក់ មាន​អ្នកបោះឆ្នោត​តំណាង​ចំនួន ៥៥រូប ហើយ​រដ្ឋ​តូចតាច​មាន​អ្នកបោះឆ្នោតតំណាង​ត្រឹម ៣រូប​ប៉ុណ្ណោះ។
 
ថ្ងៃ​ទី៨ វិច្ឆិកា​ជា​ការ​រៀប​ចំ​បោះឆ្នោត​ផ្លូវការ តែ​មាន​រដ្ឋ​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​បោះឆ្នោត​មុន ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ មាន​អ្នក​បាន​បោះឆ្នោត​រួច​ប្រមាណ​ជា ២២លាននាក់។ បើ​អ្វីៗ​បាន​ប្រព្រឹត្តិ​ទៅ​ដូច​ការ​គ្រោង​ទុក គេ​នឹង​ស្គាល់​រូប​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ពុធ ទី៨ វិច្ឆិកា។ តែ​រូប​ប្រធានាធិបតី​ថ្មី​ត្រូវ​ទទួល​បាន​សម្លេង​គាំទ្រ​ភាគច្រើន​ដាច់ខាត​ពី​អ្នកបោះឆ្នោត​តំណាង ពោល​ត្រូវ​ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​តិច ២៧០សម្លេង ក្នុង​ចំណោម​អ្នកបោះឆ្នោត​តំណាង​ចំនួន ៥៣៨រូប។ ការ​រៀបចំ​បោះឆ្នោត​អ្នកបោះឆ្នោត​តំណាង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៩ ធ្នូ​ខាង​មុខ ហើយ​រូប​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២០ មករា ឆ្នាំ ២០១៧។
 
ក្រៅ​ពី​ជ្រើសរើស​រូប​ប្រធានាធិបតី ក៏​មាន​ការ​ជ្រើសរើស​សមាជិកសភា និង​ព្រឹទ្ធសភា​មួយ​ភាគ
 
ក្រៅ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​រូប​ប្រធានាធិបតី​ថ្មី ពលរដ្ឋ​អាមេរិក​ក៏​ត្រូវ​បោះឆ្នោត​ជ្រើសរើស​រូប​សមាជិកសភា​ថ្មី​មួយ​ចំនួន​សម្រាប់​អាណត្តិ ២ឆ្នាំ និង​រូប​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន ១ភាគ៣ សម្រាប់​អាណត្តិ ៦ឆ្នាំ។ ការ​បោះឆ្នោត​មួយ​នេះ​ពិត​ជា​រឿង​សំខាន់​ដែល​បេក្ខជន​នីមួយៗ​មិន​បាន​មើល​រំលង​ទេ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​នា​ពេល​កន្លង​មក។ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នយោបាយ​អាមេរិក គណបក្ស​មួយ​ដែល​ទទួល​បាន​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា ឬ​នៅ​ក្នុង​ព្រឹទ្ធសភា​ទេ ឬ​មួយ​ក៏​ថា ទទួល​បាន​ពី​ដំបូង តែ​ក៏​ស្រាប់​បាត់បង់​ទៅ​វិញ​នា​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ឬ​ការ​បោះឆ្នោត​ជា​ថ្មី។
 
ជាក់ស្តែង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​ដែល​មាន​សម្លេង​ភាគច្រើន​ដាច់ខាត​នៅ​សភា​ពី​ដំបូង​ក៏​ស្រាប់​តែ​បាត់បង់​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​គណបក្ស​សាធារណរដ្ឋ​ទៅ​វិញ​នា​ការ​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ។ នៅ​ក្នុង​ន័យ​នេះ ការ​លំបាក និង​ឧបសគ្គ​មាន​ច្រើន​សម្រាប់​លោក​អូបាម៉ា​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​លោក​បាន​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោកស្រី​គ្លីនតុន ក៏​ដូច​ជា​លោក​ត្រាំ​យល់​ច្បាស់​ណាស់​ថា បើ​គណបក្ស​ខ្លួន​មាន​សម្លេង​ភាគច្រើន​នៅ​សភា និង​នៅ​ព្រឹទ្ធសភា​ទៀត​នោះ វា​រឹត​តែ​ប្រសើរ​ក្នុង​ការ​សម្រេច​លើ​គម្រោង​កំណែទម្រង់​អ្វី​មួយ។
 
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បង្កប់​ពាក្យសម្តី​ហិង្សា​រវាង​លោកស្រី​គ្លីនតុន និង​លោក​ដូណាល់ ត្រាំ
 
មាន​ការ​កត់សម្គាល់​ជា​ច្រើន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក​លើក​នេះ។ ការ​កត់សម្គាល់​មាន​តាំង​ពី​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​បេក្ខជន​នីមួយៗ​រហូត​ដល់​កម្មវិធី​ដែល​បាន​យក​ទៅ​ឃោសនា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក​លើក​នេះ គឺ​ការ​វាយប្រហារ​គ្នា​ដោយ​ប្រើ​សម្តី​គ្រោតគ្រាត និង​សម្តី​ព្រមាន​គ្នា​រវាង​លោកស្រី​គ្លីនតុន និង​លោក​ដូណាល់ ត្រាំ។ គេ​សង្កេត​ឃើញ​ថា កាយវិការ​របៀប​នេះ​មាន​នៅ​គ្រប់​ឆាក​ឃោសនា​ទាំង​អស់ មិន​ថា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នៅ​ក្នុង​វេទិកា​តស៊ូមតិ ឬ​មួយ​ក៏​នៅ​ទីកន្លែង​សាធារណៈ​ទេ។
 
តាម​ធម្មតា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គឺ​ជា​ឱកាស​មួយ​ដែល​បេក្ខជន​ម្នាក់ៗ​ត្រូវ​បង្ហាញ​ចេញ​នូវ​កម្មវិធី​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ដើម្បី​ជំនះ​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ឲ្យ​ខ្លួន។ តែ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​គ្លីនតុន និង​លោក​ដូណាល់ ត្រាំ ពលរដ្ឋ​អាមេរិក​បែរ​ជា​ឃើញ​មាន​តែ​ការ​ប្រើ​សម្តី​វាយប្រហារ​គ្នា​ជាង​ការ​បង្ហាញ​កម្មវិធី​សម្រាប់​អនាគត​របស់​ប្រទេសជាតិ​ទៅ​វិញ។ ទន្ទឹម​គ្នា​នេះ ក៏​គេ​សង្កេត​ឃើញ​មាន​ផ្ទុះ​រឿង​អាស្រូវ​ជា​ហូរហែ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោកស្រី​គ្លីនតុនក្នុង​រឿងអាស្រូវ​អ៊ីមែល និង​លោក​ដូណាល់ ត្រាំ​ក្នុង​រឿង​ជេរប្រមាថ​ស្រ្តីភេទ និង​ការ​រើសអើង ប្រកាន់​ពូជសាសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ