អានតួអត្ថបទ
អាមេរិក

អាមេរិក៖​FBI ទទួល​បាន​ភ្លើងខៀវ​ឲ្យ​ឆែក​មើល​អ៊ីមែល​របស់​លោកស្រី​គ្លីនតុន

នៅ​សហរដ្ឋអាមេរិក ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ FBI ទទួល​បាន​ភ្លើងខៀវ​ឲ្យ​ឆែកមើល​អ៊ីមែល​របស់​លោកស្រី​គ្លីនតុន អតីត​រដ្ឋមន្រ្តី​ការបរទេស និង​ជា​បេក្ខនារី​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដោយ​សារព័ត៌មាន​អាមេរិកាំង​ជា​ច្រើន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី៣០ តុលា។ តែ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណា​មួយ​ពី FBI នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង FBI កំពុង​ទទួល​គំនាប​យ៉ាង​ខ្លាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី​គ្លីនតុន​កំពុង​បន្ត​ប្រឈម​មុខ​នឹង​រឿងអាស្រូវ​អ៊ីមែល
លោកស្រី​គ្លីនតុន​កំពុង​បន្ត​ប្រឈម​មុខ​នឹង​រឿងអាស្រូវ​អ៊ីមែល REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អ្នកតំណាង FBI ណា​ម្នាក់​អាច​ចេញ​មុខ​បញ្ជាក់​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក​នៅ​ឡើយ​ទេ។ តែ​បើ​ជា​ព័ត៌មាន​ពិត​មែន​នោះ FBI មាន​សិទ្ធិ​ធ្វើ​ការ​ឆែកឆេរ និង​សិក្សា​លើ​អ៊ីមែល​របស់​លោកស្រី​គ្លីនតុន​ដែល​លោកស្រី​បាន​ប្រើ​ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ការបរទេរ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣។ រឿង​អាស្រូវ​អ៊ីមែល​របស់​លោកស្រី​គ្លីនតុន​បាន​ផ្ទុះ​ឡើង ដោយសារ​តែ​លោកស្រី​បាន​ប្រើ​ប្រអប់​អ៊ីមែល​ឯកជន​ដើម្បី​ដោះដូរ​ព័ត៌មាន​ជា​ផ្លូវការ​ក្នុង​នាម​ជា​ប្រមុខ​ការទូត។ កន្លង​មក FBI ក៏​ធ្លាប់​បាន​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​ម្តង​ហើយ តែ​មិន​បាន​រក​ឃើញ​អ្វី​ធំដុំ​ទេ។

នៅ​លើ​នេះ ការ​ដែល FBI បាន​ផ្តោត​ការ​ស៊ើបអង្កេត​ជា​ថ្មី​លើ​អ៊ីមែល​លោកស្រី​គ្លីនតុន​ក៏​ដោយសារ​ថា FBI បាន​រក​ឃើញ​សារអេឡិចត្រូនិច​របស់​លោក Anthony Weiner ដែល​បាន​ផ្ញើ​ទៅ​ឲ្យ​ក្មេងស្រី​មិន​ទាន់​គ្រប់វ័យ​អាយុ ១៥ឆ្នាំ​ម្នាក់​ក្នុង​រដ្ឋ​ការ៉ូលីនខាងត្បូង។ លោក Anthony Weiner ជា​អតីត​អ្នកតំណាងរាស្រ្ត​ក្នុង​រដ្ឋ​ញូយ៉ក និង​ជា​អតីត​ស្វាមី​របស់​លោកស្រី Huma Abedin ទីប្រឹក្សា​បម្រើការ​ឲ្យ​លោកស្រី​គ្លីនតុន។ FBI យល់​ឃើញ​ថា ដើម្បី​អាច​ដឹង​ព័ត៌មាន​បន្ថែម​លើ​លោក Anthony Weiner គេ​ត្រូវ​ការ​ស៊ើបអង្កេត​បន្ថែម​លើ​អ៊ីមែល​លោកស្រី​គ្លីនតុន។

ទង្វើ​របស់ FBI ពេល​នេះ​បាន​ទទួល​រង​គំនាប និង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ ពិសេស​លោក John Podesta និង​លោក Robby Mook សហប្រធាន​ទទួល​បន្ទុក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោកស្រី​គ្លីនតុន​ដែល​បាន​រិះគន់​នាយក FBI លោក James Comey ពី​បទ​បាន​ប្រាប់​ទៅ​សភា​ពី​ការ​ដែល FBI នឹង​ឆែក​អ៊ីមែល​លោកស្រី​គ្លីនតុន។ ចំណែក​លោក Harry Reid ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​នាយក FBI ពី​បទ​រំលោភ​ច្បាប់​ដោយ​បាន​ប្រើ​តួនាទី​សាធារណៈ​ដើម្បី​លូកដៃ​ក្នុង​រឿង​បោះឆ្នោត។

តើ​ការ​ឆ្កឹះ​រឿងអាស្រូវ​អ៊ីមែល​លោកស្រី​គ្លីនតុន​ជា​ថ្មី​ពី​សំណាក់ FBI ពេល​នេះ​អាច​នឹង​ជះ​ឥទ្ធិពល​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​គ្លីនតុន​ដែរ ឬ​ទេ?។ តិច ឬ​ច្រើន​ពិត​ជា​មាន ហើយ​អ្នក​ដែល​បាន​ឆ្លៀត​ចំណេញ​ពី​រឿង​អាស្រូវ​មួយ​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​គូប្រជែង​លោក​ដូណាល់ ត្រាំ​ពី​គណបក្ស​សាធារណរដ្ឋ​ទេ។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា លោកស្រី​គ្លីនតុន​ដែល​ធ្លាប់​មាន​សម្លេង​លើស​លោក​ត្រាំ​ពី ៧ ដល់​ជាង ១០ពិន្ទុ​នោះ ឥឡូវ​នេះ លើស​តែ​ពី ២ ទៅ ៣ពិន្ទុ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ