អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​លោក​ដូណាល់ ត្រាំ​ អាច​​ខ្ទាត​ពី​​តំណែង​​ប្រធានាធិបតី​អាមេរិក​​ដែរ​​ទេ?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងអាស្រូវ​របស់​​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ហាក់​កើត​មាន​មិនចេះចប់ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។ រឿងអាស្រូវចុងក្រោយ​ ទាក់ទង​ការ​​ចោទប្រកាន់​​ថា​លោក​ត្រាំ​សុំ​នាយក​FBI អោយ​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​អតីតទីប្រឹក្សា​សន្តិសុខជាតិ Michael Flynn ធ្វើអោយ​ទាំង​បក្ស​កាន់អំណាច ទាំង​បក្ស​ប្រឆាំង​ពិបាក​នឹង​ទទួលយក​បាន។ ​​សាធារណជន​តាម​បណ្តាញ​សង្គម​កំពុង​ចោទសួរថា តើ​គេអាច​ទំលាក់​លោក​ត្រាំ​ពី​តំណែង​ដែរទេ? 

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ​រឿងអាស្រូវ​របស់​លោកដូណាល់ ត្រាំ ហាក់​មាន​មិនចេះចប់ ធ្វើអោ​យ​គេ​មើលឃើញថា ប្រធានាធិបតី​អាមេរិក​កាន់តែ​ផ្តេសផ្តាស មិនសមជាអ្នកដឹកនាំគួរ​ទុកចិត្ត។ ​ ជាក់ស្តែង ​ទាក់ទង​ការ​​​​ទំលាក់លោក​ចេម ខមី James Comey ជា​​នាយក​FBI ពី​តំណែង កាលពី​សប្តាហ៍​មុន ត្រូវបាន​លោកដូណាល់ ត្រាំ ប្តូរចម្លើយ​ចុះឡើង។ ម្តង​សេតវិមាន​ថា លោក​ទំលាក់​នាយក​អេហ្វប៊ីអាយ ខមី ដោយសារ​លោកត្រាំ បានទទួល​អនុសាសន៍​ពី​ក្រសួង​យុត្តិធម៌ ថា​លោក​​ខមី ធ្វើការ​មិនល្អ ម្តងទៀត​ថា លោកត្រាំ​ចង់ដក​លោក​ខមី តាំងពីលោក​ឡើង​កាន់អំណាច​ម្ល៉េះ។

លោក​ត្រាំ​ខ្លួនឯងទៀត បន្ថែម​ល្បោយ​ថា ​ទោះ​ជា​គ្មាន​អនុសាសន៍​នេះ ក៏​លោក​ដកតំណែង​នាយក​ FBI ​ដែរ។ ពេលគេសង្ស័យ​ថា ​លោកត្រាំ​ដក​លោក​ខមី ពី​ FBI ដោយសារ​តែ​ FBI ស៊ើបអង្កេត​សង្ស័យ​ថា ក្រុមលោក​អាច​ពាក់ព័ន្ធ​ជាមួយ​​នឹង​រុស្ស៊ី។ លោកត្រាំ​រឹតតែ​ធ្វើអោយ​គេសង្ស័យ​ដូច្នេះទៅទៀត ​ព្រោះ​លោក​បានប្រាប់ថា លោក​ធ្លាប់សួរ​លោក​ខមី ដល់ទៅ៣ដង ថា​តើ​លោក​ខ្លួន​លោក​នេះ មាន​ជាប់ក្នុង​ការស៊ើបអង្កេត​ថា ពាក់ព័ន្ធជាមួ​យរុស្ស៊ីទេ។ លើសពីនេះ​ទៀត ​លោក​បាន​​លើកឡើង​ថា​ ពេលលោក​គិតថា លោក​ដកតំណែង​​​លោក​ខមីនោះ​ លោក​កំពុងគិតពីពាក្យ​ថា ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ហ្នឹងហើយ។

រឿងអាស្រូវ​ទាក់ទងដកតំណែង​នាយក​ FBI ​មិនទាន់ចប់​ផង ​ក៏​ផ្ទុះ​រឿង​​មួយទៀត គឺ​កាសែត​វ៉ាស៊ីនតោន ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា លោកត្រាំផ្តល់ព័ត៌មាន​សំងាត់​អោយ​រុស្ស៊ី ជាព័ត៌មា​នទាក់ទង​នឹង​ប្រតិបត្តិការ​​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។ ​​សារព័ត៌មាន​អាមេរិក​ជាច្រើនចុះផ្សាយ​ថា ព័ត៌មា​នសំងាត់​ទាំងនេះ ផ្តល់​ដោយ​អ៊ីស្រាអែល​ ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀងចារកិច្ច​អាមេរិក-អ៊ីស្រាអែល មិនអាច​អោយប្រទេស​ទី៣ដឹងលឺ​ពី​ព័ត៌មា​នសំងាត់​នេះបានទេ។ សេតវិមា​នចេញមុខ​បដិសេធ​ថាលោកត្រាំ មិនបាន​ផ្តល់​ព័ត៌មាន​សំងាត់​អោយ​រុស្ស៊ីទេ។ បដិសេធ​មែន តែ​លោក​ត្រាំវិញ​ចេញមុខ​និយាយ​ពាក្យ​បញ្ជោះទៅ​សារព័ត៌មា​នវិញថា លោក​មានសិទ្ធិចែករំលែក​ព័ត៌មាន​ស្តី​ពី​ភេរវកម្ម​ជាមួយ​រុស្ស៊ី។

​រឿងអាស្រូវ​ទាក់ទង​រុស្ស៊ី​​ផ្ទុះឡើង​​មិនបាន​ប៉ុន្មាន​ផង ម្សិលមិញ កាសែត​ញូវយក ថែមស៍ ចុះផ្សាយ​បន្ថែម​រឿងមួយជាន់ទៀត។ កាសែត​ញូវយក ថែមស៍​ ចុះផ្សាយ​ថា កាលពីពាក់កណ្តាល ​ខែ​កុម្ភៈ ​​ប្រធានាធីបតី​អាមេរិក​ ​បានសុំអោយ​​​នាយក​FBI ចេម ខមី ឈប់​ស៊ើបអង្កេត​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ ​ម៉ៃឃើល ភ្លីន​ តទៅទៀត។ ម៉ៃឃើ ភ្លីន បានបង្ខំចិត្តលាតំណែង ក្រោយ​សារព័ត៌មា​នទំលាយ​រឿងអាស្រូវថា ​លោក​បាន​និយាយ​តាមទូរសព្ទ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​សហរដ្ឋ​អាមេរិក កាលពី​ខែធ្នូ ឆ្នាំ២០១៦ ​ហើយ​លោក​ប្រហែល​ជា​បាននិយាយ​ពី​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​រុស្ស៊ី ជាមួយ​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ផងដែរ។ ​

យោងតាម​កាសែតញូវយក ថែមស៍ ​លោកត្រាំ​​​ស៊ិះស៊ុះ​សុំ​​​នាយក​FBI អោយ​ឈប់​ស៊ើបអង្កេត​លើ​លោក​ម៉ៃឃើល ភ្លីន ​​កាលពី​ថ្ងៃ​១៤កុម្ភៈ ​១ថ្ងៃ​ក្រោយ​លោក​ភ្លីន លាលែង​ពីតំណែង។ ថ្ងៃ​នោះ ក្រោយ​ចប់កិច្ចប្រជុំ​ស្តីពី​ការគំរាម​ភេរវកម្ម ​លោកត្រាំ​បានសុំ​អោយ​អ្នកចូលរួម​ទាំងអស់​ចេញ​ទៅក្រៅ​​ ហើយ​លោក​នៅតទល់គ្នា​តែ២នាក់ជាមួយ​លោក​ចេម ខមី ជា​​​នាយក​FBI។
តើ​លោកត្រាំ​ពិតជា​សុំ​លោក​ខមី ដូច្នេះមែនទេ?  បើដូច្នេះមែន​ ​គេអាច​ចោទលោក​ថា លូកដៃ​បង្ក​ការរាំងស្ទះ​ដល់​ប្រព័ន្ធ​យុត្តិធម៌​ទាំងស្រុង។ គេរឺត​តែអាច​និយាយ​​ថា លោក​ដូណាល់ ត្រាំ និង​ក្រុម​ការងារ​​​លោក ពិតជា​មា​នទំនាក់ទំនង​ជាមួយ​រុស្ស៊ីដូច​ដែលបាន​សង្ស័យ​​មែនហើយ ​ព្រោះ​តាមរយៈ​រឿងអាស្រូវទាំងអស់រៀបរាប់​មកពី​ខាងដើម​​នេះ គេមើលឃើញថា លោក​ដូណាល់ ត្រាំ ​ចង់​ធ្វើអ្វី​ស្រេចតែចិត្ត​លោក ដោយ​មិនខ្វល់​ មិនគោរព​ច្បាប់ទំលាប់។ លោក​​​​ហ៊ាន​លូកដៃ ហ៊ាន​ដាក់ឥទ្ធិពល ​លើ​ការស៊ើបអង្កេត​ ដើម្បី​អោយ​ក្រុម​​អ្នកជំនិត​របស់​លោក ​​បក្ស​ពួក​លោក ចៀសផុត​ពី​សំណាញ់ច្បាប់។

បើ​លោក​ចង់​លូកដៃ​ក្នុង​ការស៊ើបអង្កេត​របស់​អេហ្វប៊ីអាយ ​ទាក់ទងការចោទ​ប្រកាន់​លើ​ក្រុមការងារ​លោក​មែន គេអាច​​​ធ្វើនិតិ​វិធី​ដកតំណែង​លោកបាន។ ​សមាជិក​បក្សប្រឆាំង​ប្រជាធិបតេយ្យ​​មួយចំនួន​គិតថា លោកត្រាំ​កំពុង​តែ​ដើរ​ឆ្លង​បន្ទាត់​ក្រហម​។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយចំនួន​បានស្នើ​អោយ​បើក​និតិវិធី​ដកតំណែង​លោកត្រាំ​។ យោងតាម​មាត្រា​ទី២នៃ​​រដ្ឋធម្មនុញ្ញ គេអាច​ដកហូត​តំណែង​ពិ​​ប្រធានាធិបតី​ អនុប្រធានាធិបតី រឺ​ក៏​មន្ត្រី​រដ្ឋការ​ បើ​អ្នកទាំងនេះ​ករណី​ពួកគេ​រង​ការចោទប្រកាន់​ និង​ទទួលទោស​ពីបទ​ក្បត់ជាតិ ពុករលួយ រឺ​ក៌​បទឧក្រិដ្ឋផ្សេងទៀត។ ​និតិវិធី​ដកតំណែង​ប្រធានាធិបតី​ត្រូវឆ្លងកាត់​ការបោះឆ្នោត​ពី​សភា​ទាំង២ ហើយ​អាច​ចំណាយ​ពេល​ច្រើនខែ។

តាំងពី​ឆ្នាំ​១៧៨៩មក មាន​និតិវិធី​ដក​តំណែង​ប្រធានធិបតី ៣ នៅអាមេរិក ​គឺ​ប្រឆាំង​នឹង​លោក​អាន់ឌ្រូ ​ចនសុន នៅ​បក្ស​ប្រជាធិបតេយ្យ និង​លោកប៊ីល គ្លីនតុន​ ប៉ុន្តែ និតិវិធី​មិនដែល​ធ្វើដល់​ចប់ចុងចប់ដើម​ទេ។ ប្រធានាធិបតី រីឆាត និចសុន បាន​លាពី​តំណែង ក្នុង​​​ឆ្នាំ​១៩៧៤ មុនគេ​ចាប់ផ្តើម​​​​និតិវិធីដកតំណែង​លោក៕   ​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ