អានតួអត្ថបទ
អាមេរិក

លោក​​​​ត្រាំ​​​រង​​ការ​​ចោទប្រកាន់​​ថា​ ធ្លាប់​សុំ​​នាយក​FBI​ ​​អោយ​​​​​បញ្ចប់​​ការ​​អង្កេត​​លើ​​អតីត​​​​ទីប្រឹក្សា​​សន្តិសុខ​​ជាតិ​

លោកដូណាល់ ​ត្រាំ ​​​​​កាន់តែ​​ធ្វើអោ​យ​គេឃើញថា​ លោក​ផ្តេសផ្តាស​ទៀតហើយ។ ​​លោក​ទើប​នឹង​រង​កា​រ​ចោទ​ប្រកាន់​ថា លោក​ផ្តល់​ព័ត៌មាន​សំងាត់​អោយ​រុស្ស៊ី​ ឥឡូវនេះ​​ លោក​ដូណាល់ ត្រាំ​​​ ​​រងការ​ចោទប្រកាន់​ក្នុង​រឿង​មួយ​​ថ្មី​ទៀត គឺ​ថា លោក​​​​ប្រហែល​ជា​ធ្លាប់​បាន​សុំ​នាយកFBI អោយ​បិទ​បញ្ចប់​សំណុំរឿង​ស៊ើបអង្កេត​លើ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ ​Michael Flynn។ 

លោក​ត្រាំ លោក​Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ, និង​លោក​ចេម ខមី អតីត​នាយកFBI​ ដែល​លោក​ត្រាំ​បណ្តេញ​ពី​តំណែងសប្តាហ៍មុន
លោក​ត្រាំ លោក​Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ, និង​លោក​ចេម ខមី អតីត​នាយកFBI​ ដែល​លោក​ត្រាំ​បណ្តេញ​ពី​តំណែងសប្តាហ៍មុន Reuters
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ទាក់ទង​ការ​​​​ចោទប្រកាន់​ថ្មីនេះ គឺ​ចុះផ្សាយ​ដោយ​សារព័ត៌មានNew York Times​ញូវយក ថែមស៍ នៅល្ងាច​​ថ្ងៃ​អង្គារ​ម្សិលមិញ។ ​​កាសែត​ញូវយក ថែមស៍ ចុះផ្សាយ​ថា កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ​ប្រធានាធីបតី​​អាមេរិក ដូណាល់ ត្រាំ ​បានសុំ​អោយ​លោក​ចេម ខមី ជា​នាយកFBI ​​​ដែល​លោក​បណ្តេញ​ចេញ​ពីតំណែង​សប្តាហ៍​មុននេះ សុំអោយ​លោក​ខមី ​​បិទ បញ្ចប់​​ការ​ស៊ើបអង្កេតលើ​​​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ លោក​ Michael Flynn។​ ​

យោងតាម​​កាសែត​ញូវយក ថែមស៍ លោក​ខមី​បាន​​សរសេរ​​​​កត់ត្រា​ពី​ពាក្យ​សុំរបស់​លោក​ដូណាល់ ត្រាំ ដែល​បាន​និយាយ​​​ថា​ លោកMichael Flynn ​ជា​មនុស្ស​ដ៏ល្អ​ម្នាក់ ហើយ​លោកសង្ឃឹម​ថា លោក​ខមី​អាច​បោះបង់​ចោល​​ការ​ស៊ើបអង្កេត​។ ​​សេតវិមា​នបដិសេធ​ដាច់អហង្កា​នឹង​​ការ​ចោទប្រកាន់​នេះ ដោយ​លើកឡើង​ថា លោក​ត្រាំ​មិនដែល​សុំ​នាយក​ FBI ​រឺ​អ្នកណា​ផ្សេងទៀត អោយ​​បិទបញ្ចប់​​ការស៊ើបអង្កេត​ទេ។ លោក​រីឆាដ បឺរ ​ជា​ប្រធានគណៈកម្មការ​សភា​ទទួលបន្ទុក​ព័ត៌មា​នសំងាត់ លើកឡើង​ថា បើ​លោកត្រាំ​ពិតជា​បាន​​សុំ​បែបនេះ​មែន នោះ​​​នាយកFBI​ច្បាស់ជា​ប្រាប់​រឿងនេះ​ទៅ​ខាង​សភា​ហើយ។​

សូមរំលឹក​ថា ​អតីត​ទីប្រឹក្សា​​សន្តិសុខ​ជាតិ​​អាមេរិក ​Michael Flynn បាន​បង្ខំចិត្ត​លាលែង​តំណែង​ កាលពី​​ថ្ងៃ​១២កុម្ភៈ​ ក្រោយ​សារព័ត៌មាន​អាមេរិក​ទំលាយ​រឿងរ៉ាវ​ទាក់ទង​កិច្ចសន្ទនា​តាមទូរសព្ទ​​រវាង​លោក​ Flynn និង​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក។ ជា​កិច្ចសន្ទនា​ធ្វើឡើង​ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ ពេល​លោក​អូបាម៉ា​នៅ​កាន់​អំណាច​នៅឡើយ។ ក្នុង​ពេល​និយាយ​តាម​ទូរសព្ទ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ​លោក​​​ Flynn ​ប្រហែល​ជា​បាន​លើកឡើង​ពី​បញ្ហា​ទាក់ទង​ទណ្ឌកម្ម​អាមេរិក​ប្រឆាំ​ងរុស្ស៊ី។

សូមបញ្ជាក់​ថា ក្រុមលោកដូណាល់ ​ត្រាំ​កំពុង​ស្ថិត​​ក្រោម​​​ការស៊ើបអង្កេត​ថា អាច​​មាន ទំនាក់ទំនង​ជាមួយរុស្ស៊ី។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​​លោក​អាន់ឌ្រូ ម៉ាក់ខាបេ ជា​នាយក​FBI បណ្តោះអាសន្ន បាន​លើកឡើង​​​​​​ថា គ្មាន​ការ​ប៉ុនប៉ង​​​រាំងស្ទះ​ដល់​​ការស៊ើបអង្កេត ​ទាក់ទង​ការ​​សង្ស័យ​ចំពោះ​ទំនាក់ទំនង​រវាង​​​ក្រុមលោកត្រាំនិង​រុស្ស៊ីទេ៕ ​​  ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ