អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំទៅ​អ៊ីស្រាអែលដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ដល់ការ​ស្វែង​រក​សន្តិភាព​ស្រាអែល-ប៉ាឡេស្ទីន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ដូណាល់ ត្រាំ ត្រូវបំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ដែន​ដី​ប៉ាឡេស្ទីន។ លោក​ប្រធានាធិបតីបាន​​​អញ្ជើញ​ទៅ​ដល់​ក្រុង​ហ្សេរ៉ុយសាឡិម​ ក្រុង​សក្តិសិទ្ធិ​របស់​សាសនា​គ្រិស្ត ជីហ្វ និង​អ៊ីស្លាម នៅ​ថ្ងៃ​ចន្ទ​ទី ២២​ឧសភា​២០១៧​នេះ ដោយ​គ្រោង​នឹង​អញ្ជើញ​ទៅ​វិហារ​គ្រិស្តសាសនា Saint-Sépulcre ​និង​ជញ្ជាំងឡាម៉ង់តាហ្សុង Lamentations ​របស់​ជីហ្វ ដោយ​សង្ឃឹម​ថា​នឹង​អាច​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​តំបន់​។ លោកត្រាំ​ត្រូវ​ជួប​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ នៅ​រសៀល​នេះ និង​លោក​ម៉ះមូដអាប៉ាស ប្រធាន​អាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន​នៅ​ថ្ងៃ​ព្រឹក​ស្អែក។

លោក ដូណាល់ ត្រាំ​ និង​ភរិយា អញ្ជើញ​​ដល់​អ៊ីស្រាអែល ថ្ងៃទី ២២​ឧសភា ២០១៧
លោក ដូណាល់ ត្រាំ​ និង​ភរិយា អញ្ជើញ​​ដល់​អ៊ីស្រាអែល ថ្ងៃទី ២២​ឧសភា ២០១៧ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ដំណើរ​​ទៅ​ដល់​​​ហ្សេរ៉ុយសាឡិម ​ក្រុង​កំណើត​នៃ​សាសនា​បី គ្រិស្ត ជីហ្វ និង​អ៊ីស្លាម ត្រូវ​បាន​ចាត់​ទុក​ជា​ទស្សនកិច្ច​ដ៏​​រសើប​ខ្លាំង ​ប្រកបដោយនិម្មិត្តរូប និង​​ខ្លឹម​សារ​​ការទូត​ខ្លាំង​ណាស់​។ ​

លោកត្រាំ​ ត្រូវ​ចាប់​ផ្តើម​ទស្សនកិច្ច​ដោយ​អញ្ជើញ​ទៅ​វិហារ Saint-Sépulcre ​ របស់​សាសនា​គ្រិស្ត បន្ទាប់​មក​លោក​បន្ត​ដំណើរ​ប្រមាណ​ពីរបី​រយ​ម៉ែត្រ ដើម្បី​ទៅ​ដល់​ជញ្ជាំង​ Lamentations ជញ្ជាំង​ដ៏​សក្តិសិទ្ធ​បំផុត​របស់​ជនជាតិ​ជីហ្វ ដែល​ពុំ​ធ្លាប់​មាន​ប្រធានាធិបតី​អាមេរិក​កាន់​អំណាច​រូប​ណា​ធ្លាប់​អញ្ជើញ​ទៅ​ដល់​ឡើយ។ អ៊ីស្រាអែល​បាន​ទទូច​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល​បាន​ជូន​លោក​ត្រាំ​ទៅ​បួងសួងនៅ​ជញ្ជាំង​ឡាម៉ង់តាហ្យុង​នេះ​ដែរ​។ ប៉ុន្តែ​ត្រូវ​បាន​អាមេរិក​បដិសេធ ព្រោះ​​ទីតាំង​មួយ​នេះ​មាន​អត្ថន័យ​នយោបាយ​ខ្លាំងណាស់។ ពេល​នេះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​កំពុងឈ្លោះ​គ្នា​ដណ្តើម​​យក​​ហ្សេរ៉ុយសាឡិមជា​រដ្ឋធានី ប្រសិនបើ​អាមេរិក​ព្រមឱ្យ​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល​ជូន​ទៅ នោះ​គេ​នឹង​អាច​បក​ស្រាយ​បាន​អាមេរិក​ទទួល​ស្គាល់​បូរណភាព​ដែនដីថា​ជញ្ជាំងLamentations ​ថា​ជា​​​របស់​អ៊ីស្រាអែលហើយ។

ប៉ាឡេស្ទីន​ព្រួយ​ អ៊ីស្រាអែលខកចិត្ត​នឹង​លោកត្រាំ
 

លោក ត្រាំ ថ្លែង​សុន្ទរកថា​ពេល​អញ្ជើញ​ដល់​អ៊ីស្រាអែល​ភ្លាម
លោក ត្រាំ ថ្លែង​សុន្ទរកថា​ពេល​អញ្ជើញ​ដល់​អ៊ីស្រាអែល​ភ្លាម REUTERS/Jonathan Ernst

តាំង​ពី​នៅ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឡើយ នរណា​ដ៏​ដឹង​និង​យល់​យ៉ាងច្បាស់​ថា​លោក​ត្រាំ មាន​ជំហរ​ការពារ​អ៊ីស្រាអែល​ខ្លាំងណាស់។ នៅពេល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ ជា​ផ្លូវការ​ លោក ដូណាល់ ត្រាំ ក៏​បាន​ចាប់​ផ្តើម​សាបព្រោះ​ ភ័យន្តរាយ​ និង​ភាព​អាសន្ន លើ​ប៉ាឡេស្ទីន ឱ្យ​អស់​សង្ឃឹម​ថា ​​ដំណោះស្រាយ​សន្តិភាព​ដោយ​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឱ្យ​រស់​ក្បែរ​គ្នា រសាត់​ទៅ​ឆ្ងាយពី​ដៃ​ហើយ។

ប៉ុន្តែ​ខាង​អ៊ីស្រាអែល ដែល​បាន​ទះដៃ​អបអរ​សាទរ​ជោគជ័យ​របស់​លោកត្រាំ ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខ្លាំង​ជាងគេ និង​ដែល​ស្រមៃ​ថា​អាច​បន្ត​ធ្វើ​អាណានិគមកិច្ច​ រហូត​បាន​ក្តោប​ក្តាប់​តំបន់​ស៊ីហ្ស័កដានី​របស់ប៉ាឡេស្ទីន ក៏​កំពុងតែ​ខក​ចិត្ត​នឹង​លោក​ត្រាំ ជា​បណ្តើរៗ​ដែរ។

ប្រជាពលរដ្ឋ​អ៊ីស្រាអែល កាន់​តែ​ច្រើនឡើងៗ មាន​អារម្មណ៍​ថា​លោក ត្រាំ លែង​សូវ​ ជា​អ្នក​គាំទ្រ​អ៊ីស្រាអែល ខ្លាំង​ ដូច​មុន​​ទៀត​ហើយ។ ការ​ខក​ចិត្តមាន​កាន់​តែ​​ខ្លាំង ទាក់ទង​នឹង​​ការ​រុះរើ​ស្ថានទូត​អាមេរិក​ពី​ក្រុង​ទែលអាវីល​ មក​ក្រុង​ហ្សេរ៉ុយសាឡិម​។ អ៊ីស្រាអែល បាន​ទាមទារ​ សុំ​ឱ្យ​អាមេរិក​លើក​ស្ថាន​ទូត​មក​ក្រុង​ហ្សេរ៉ុយសាឡិម តាំង​តែ​ពីយូរយា​មក​ហើយ ហើយលោក​ត្រាំ បាន​ធ្វើ​ការ​សន្យា​យ៉ាង​មុតមាំ ក្នុង​សម័យ​ឃោសនា។ ប៉ុន្តែពេល​នេះ​លោក​ត្រាំ​ហាក់​ប្តូរ​ចិត្តបន្តិច​វិញ ថា​មិន​ភ្លេច​ពាក្យ​សន្យានោះ​ឡើយ ប៉ុន្តែ​សុំ​លើក​ពេល​​​សិន ហើយ​មិន​គ្រោង​ធ្វើ​សេចក្តី​ប្រកាស​អ្វី​ទាក់ទង​នឹង​ការ​រុះរើ​ស្ថាន​ទូត​នេះ នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ​ឡើយ។

លោក ត្រាំ​ទំនង​ជា​នឹង​ត្រូវ​ពន្យល់​ថា ខ្លាច​មាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​តំបន់​ដើម​បូព៌ា និង​ខ្លាច​បាត់​បង់​សំណាងក្នុង​ការ​ស្វែង​រក​សន្តិភាព។

តើ​ ​លោកត្រាំ មាន​ផែនការ​​សន្តិភាព​សម្រាប់​​​អ៊ីស្រាអែល​និ​ងប៉ាឡេស្ទីន​ យ៉ាង​ដូច​ម្តេច ?

លោក​ ដូណាល់ ត្រាំ បាន​សន្យា​ ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​នាំ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ឱ្យ​បាន​ស្គាល់​សន្តិភាព។ លោក ចង់​ប្រែក្លាយ​​​បទ​ពិសោធន៍​ជា​អ្នក​ជំនួញ​ ទៅ​ជា​ជា​អ្នក​ដឹកនាំ​រកឱ្យ​ឃើញ​ “​កិច្ច​ព្រមព្រៀង​ចុងក្រោយ” សម្រាប់​ជម្លោះ​ដ៏​ចំណាស់​ជាងគេ​នៅ​តំបន់។ ប៉ុន្តែគ្មាន​សញ្ញា​អ្វី​មួយ​​បង្ហើប​បង្ហាញ​អំពី​ផ្លូវ​ដែល​ត្រូវ​ដើរ​ទេ។ នា​ឱកាស​ទទួល​ជួប​លោក​ អាបាស ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន នៅ​សេតវិមាន កាលពី​ដើម​ខែ​ឧសភា លោក​ត្រាំ ក៏​មិន​បាន​ពន្យល់​ដោយ​ច្បាស់​លាស់​ថា​អាមេរិក​មាន​ជំហរ​យ៉ាង​ណា​ចំពោះ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​​ ដែលរដ្ឋបាល​អាមេរិក​មុនៗ​ធ្លាប់​ប្រកាន់​យកឡើយ។

តែសម្រាប់​​​សេតវិមាន​ គេ​មិន​ត្រូវ​រង់​ចាំ​មើល​ផែនការ​សន្តិភាព ​ នៅ​ពេល​នេះ​បាន​ឡើយ ព្រោះ​រដ្ឋបាល​លោក​ត្រាំ ទើប​ចូល​កាន់​តំណែង​បាន​តែ​បួន​ខែ​ប៉ុណ្ណោះ។ ប្រធានាធិបតី​អាមេរិក​ស្វែង​រក​​ជា​បឋម និង​ យ៉ាង​សាមញ្ញ វិធីណា​ដែល​សម្រួលឱ្យ​មាន​ខិត​ខំ​ប្រឹង​ប្រែង​ចរចា​សន្តិភាព​ឡើង​វិញ និង​ដើម្បី​ឱ្យភាគី​ទាំង​ពីរ ធ្វើកិច្ចសន្យា​និង​ចាត់​វិធានការ​ប្រកប​ដោយ​ទំនុក​ចិត្ត។

រដ្ឋបាល​លោក​ត្រាំ កំពុង​មាន​កិច្ចពិភាក្សា​ល្អ​ជាមួយ​ភាគី​ទាំង​ពីរ​ហើយ ហើយ​នឹង​បន្ត​សកម្មភាព​នេះ​ទៅ​ទៀត។ ​លទ្ធផល​វិជ្ជមាន​ដំបូង ហាក់​ដូច​ជា​កំពុង​ផ្តល់​ជា​ផ្កា​ផ្លែ ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល បាន​អនុម័ត កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ​វិធានការ​មួយខ្សែ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ជន​ប៉ាឡេស្ទីន ស្រប​តាម​សំណើ​របស់​លោក ត្រាំ និង​មុន​​ដំណើរ​មក​ដល់​អ៊ីស្រាអែល​របស់​លោក​ត្រាំ​មួយ​ថ្ងៃ។ វិធានការ​ដែល​អាមេរិក​ចាត់​ទុក​ថា​ជា​ចំណែក​មួយ​នៃ​ការ​ស្តារ​ទំនុក​ចិត្ត​គ្នា​មុន​នឹង​ឈាន​ដល់​ចរចា​សន្តិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ