អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

លោក​ដូណាល់​ត្រាំ ទទួល​ជួប​លោក អាបាស ​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន

២ខែ​ បន្ទាប់​ពី​បាន​ជួប​ជា​មួយ​នឹង​លោក ​ណេតាន់យ៉ាហ៊ូ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​នឹង​ទទួល​ជួប​លោក ​ម៉ាមូដ អាបាស ​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន ​នៅ​សេតវិមាន ​នៅថ្ងៃ​ពុធ​ ទី​៣​ឧសភា​នេះ។ ការ​ទទួល​ជួប​នឹង​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​នាពេល​នេះ ​ បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ខ្លះ ​​ទាក់ទិន​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក​ត្រាំ ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង ​ស្វែងរក​សន្តិភាព ​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន។ សេចក្តី​សង្ឃឹម​ដែល​គេ​មិន​បាន​រំពឹង​ទុក​សោះ ​បើ​ក្រលេក​មើល​ កាល​ពីប៉ុន្មាន​ខែ​មុន​នេះ ​ព្រោះ​លោកត្រាំ ​បាន​ប្រកាន់​គោល​ជំហរ ​មិន​ចង់​ឲ្យ​ប៉ាឡេស្ទីន ​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ទេ។

លោក Mahmoud ABBAS ប្រមុខដឹកនាំប៉ាឡេស្ទីន
លោក Mahmoud ABBAS ប្រមុខដឹកនាំប៉ាឡេស្ទីន
ផ្សាយពាណិជ្ជកម្ម

មុននឹង​មាន​ថ្ងៃ​នេះ ​លោក ម៉ាមូដ អាបាស ​បាន​ជួប​ជាមួយ​មន្ត្រី​ធំៗ ​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី ​​ច្រើន​នាក់​មក​ហើយ ​នៅ​តំបន់​ Ramallah ​ដូចជា​បាន​ជួប​លោក​ប្រធាន ​CIA ​និង​អ្នក​តំណាង​ពិសេស​របស់​​លោក​ ដូណាល់ ត្រាំ។ ឆ្លង​កាត់​ជំនួប​ទាំង​នេះ ​ លោក​ អាបាស ​បាន​អះអាង​ថា ​រដ្ឋាភិបាល​របស់​លោក​ដូណាល់ ត្រាំ ​ខុស​ពី​អ្វី​ដែល​គាត់​ធ្លាប់​គិត​ ​គឺ​រដ្ឋាភិបាល​នេះ ​បាន​សំដែង​ពី​ការ​យកចិត្ត​ទុក​ដាក់ ​ មក​លើ​ការ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព ​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន។

 
ជា​ការពិត​ កន្លងមក​គ្រប់គ្នា​តែងតែ​បារម្ភ​ ព្រោះ​លោក​ដូណាល់ ត្រាំ​ ធ្លាប់​បាន​ប្រកាន់​គោល​ជំហរ​តឹងតែង ​នឹង​លំអៀង​ខ្លាំង​ ទៅ​ខាង​អ៊ីស្រាអែល ​ដោយ​បាន​ច្រាន​ចោល ​សំណើ​របស់​សហគម​អន្តរជាតិ​ ដែល​ពួក​គេ​លើកឡើង​ថា ​ដំណោះស្រាយ​សន្តិភាព​យូរ​អង្វែង ​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ មាន​តែ​មួយ​គត់ ​គឺ​ត្រូវ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​ប្រទេស​ឯករាជ្យ ​ស្មើភាព​គ្នា ​នឹង​អ៊ីស្រាអែល។

ជាការ​កត់​សម្គាល់ ​ លោក​ដូណាល់ ត្រាំ ​ហាក់​បាន​កែប្រែ​គោលជំហរ​ ភាគ​ច្រើន ​ ក្នុង​សំណុំ​រឿង​កិច្ចការ​អន្តរជាតិ​ ខុសគ្នា ​ពី​អ្វី​ដែល​គាត់​ធ្លាប់​បាន​ស្រែក​សន្យា ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ អ្នក​វិភាគ​ជាច្រើន​ បាន​យល់​ថា ​ គ្រាន់តែ​លោក​ដូណាល់ ត្រាំ​ អញ្ជើញ​ ប្រមុខ​ដឹកនាំ​ដែន​ដី​ប៉ាឡេស្ទីន​ទៅជួប​នៅ​សេតវិមាន​ នា​ពេល​នេះ ​ គឺ​វា​ជា​សញ្ញា​ល្អ​ណាស់​ទៅ​ហើយ។ ទោះបី​លោកត្រាំ ​ធ្លាប់​បាន​ច្រានចោល​ដំណោះស្រាយ ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​ប្រទេស​ឯករាជ្យ ​តែ​លោកត្រាំ ​ធ្លាប់បាន​ក្រើន​រំឮក​លោក​នេតាន់យ៉ាហ៊ូ ​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល ​កាល​ពី​ពេល​ជួប​គ្នា ​ ​ថាត្រូវ​តែ​បញ្ឈប់​សកម្មភាព​វាទទី ​យក​ដី​ប៉ាឡេស្ទីន​តទៅ​ទៀត។

តែយ៉ាងណា ​ក្នុង​ឱកាស​ជំនួប​រវាង​លោកត្រាំ ​និង​លោក​អាបាស​ថ្ងៃនេះ ​ គេ​មិន​រំពឹង​ថា​នឹង​បាន​លទ្ធផល​ធំដុំ​ឡើយ។ ជាក់ស្តែង ​គ្មាន​នរណា​ដឹងថា​ លោក​ដូណាល់ ត្រាំ ​មាន​បំណង​ចង់​ស្នើ​ដំណោះស្រាយ​បែបណា ​នោះ​ទេ។ លោកត្រាំ ​គ្រាន់តែ​បាន​និយាយ​អះអាង​ប្រាប់​អ្នក​កាសែត​ កាល​ពី​សប្តាហ៍​មុន​ថា ​វា​គ្មាន​ហេតុផល​អ្វី ​ដែល​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​មិន​អាច​មាន​សន្តិភាព​នឹងគ្នា​នោះ​ទេ!
 
សំណុំ​រឿង​អ៊ីស្រាអែល​ ប៉ាឡេស្ទីន ​គឺជា​រឿង​ស្មុគស្មាញ​បំផុត។ លោក​បារ៉ាក់​ អូបាម៉ា ​ដែល​ធ្លាប់​ផ្តល់​ក្តីសង្ឃឹម​ ក៏​បាន​ជួប​បរាជ័យ​ក្នុង​រឿង​នេះ​ដែរ។ ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ ​ជា​ប្រទេស​ឯករាជ្យ ​ ​គឺ​មាន​ន័យ​ថា ​នឹង​ត្រូវ​ត្រលប់​ទៅរក​ព្រំដែន​ដែល​មាន​មុន​ឆ្នាំ​១៩៦៧ ​ហើយ​បិទ​បញ្ចប់​ការ​ដាក់​អណានិគម​របស់​អ៊ីស្រាអែល ​នៅ​តំបន់​ស៊ីហ្សកដានី ​តំបន់​ហ្កាហ្សា ​និង​ហ្សេរូសាឡឹម​ខាង​កើត។ មួយ​វិញ​ទៀត​ ការ​ខ្វែង​គំនិត​​គ្នា​​ រវាង​អាជ្ញាធរ​កណ្តាល​​ប៉ាឡេស្ទីន ​និង​ក្រុម​ហាម៉ាស​ ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា ​ក៏​អាច​ជា​ឧបសគ្គ ​ដល់ការ​ប្រឹងប្រែង​របស់​លោក ​ម៉ាមូដ អាបាស​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ