ព្យុះកំណាចHarvey ធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ច ប្រមាណ៥៨ពាន់លានដុល្លារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៦
បន្ទាប់ពីបក់បំផ្លាញរដ្ឋតិចសាស់ ព្យុះសង្ឃរាHarvey តាំងពីយប់ថ្ងៃពុធទី ៣០ សីហា បានរំកិលចូលទៅ រដ្ឋល្វីស្យាន។ តាមការព្យាករណ៍របស់ឧតុនិយមអាមេរិក ខ្យល់ព្យុះត្រូពិក Harvey នឹងរំកិលទៅដល់រដ្ឋ នូវែល អរឡេអង់ ដែលនៅថ្ងៃអង្គារខាងមុខ ត្រូវ រំលឹក ខួប ១២ឆ្នាំ នៃគ្រោះមហន្តរាយ ធម្មជាតិ បង្កឡើងដោយខ្យល់ព្យុះ កាទ្រីណា ដែលបានសម្លាប់ជីវិតមនុស្ស ១៨០០នាក់។
នៅរដ្ឋតិចសាស់ ខ្យល់ព្យុះ Harvey ហើយនិងទឹកជំនន់ បានសម្លាប់ជីវិតមនុស្ស ៣៣នាក់។ អាជ្ញាធររដ្ឋតិចសាស់បារម្ភខ្លាច ថា ចំនួនជនរងគ្រោះស្លាប់ដោយសារគ្រោះទឹកជំនន់ នឹងអាចកើនឡើង នៅក្រោយ ពេលគេចាប់ផ្តើមសកម្មភាពរុករក នៅក្រោយទឹកស្រកទៅវិញ។ ខ្យល់ព្យុះ Harvey បានបង្កឲ្យមានគ្រោះមហន្តរាយដល់ជីវិតមនុស្ស និងសេដ្ឋកិច្ចរបស់អាមេរិក។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនArkema ដែលជាម្ចាស់រោងចក្រផលិតសារធាតុគីមីនៅរដ្ឋតិចសាស់ បានអះអាងថា រោងចក្របានផ្ទុះឆេះ ដោយសារតែ ក្រុមហ៊ុនគ្មានលទ្ធភាពទប់ស្កាត់តទៅទៀត។ តាមការជូនដំណឹងរបស់ក្រុមហ៊ុន ប្រឈមនឹងការមកដល់ខ្យល់ព្យុះ Harvey គេបានត្រៀមលក្ខណៈជាមុនរួចហើយ ដោយបានដឹកជញ្ជូន សារធាតុគីមី ទៅរក្សាដាក់នៅកន្លែងខ្ពស់ នៅក្នុងរោងចក្រ។ ប៉ុន្តែ កំពស់ទឹក ឡើងខ្ពស់ពេក រហូតដល់ទៅជិត ២ម៉ែត្រ រហូតទៅ កាត់បំផ្លាញ ប្រភពផ្គត់ផ្គង់ ថាមពលចេញពីម៉ាស៊ីនភ្លើង។ គ្មានភ្លើងសម្រាប់រក្សាសីតុណ្ហភាព ឲ្យនៅចុះត្រជាក់ សារធាតុគីមី នឹងអាចឡើងកំដៅ ហើយនិងផ្ទុះជាយថាហេតុ។
ផ្សែងពុលខ្មៅចេញពីរោងចក្រផ្ទុះឆេះនឹងអាចប៉ះពាល់ទាំងបរិស្ថាន ហើយនិងសុខភាពផ្លូវដកដង្ហើម និងស្បែករបស់មនុស្ស។ ប្រជាជននៅក្រុង ហូសស្តុន មិនត្រឹមតែរងគ្រោះដោយសារទឹកជំនន់ ប៉ុន្តែ ប្រឈមផងដែរនឹងគ្រោះថ្នាក់សុខភាព ដែលបង្កឡើងដោយផ្សែងពុលរបស់រោងចក្រផ្ទុះឆេះ នៅថ្ងៃព្រហស្បតិ៍នេះ។
តាមអាជ្ញាធរតិចសាស់ អ្នករងគ្រោះដោយផ្ទាល់ដោយសារផ្សែងពុលនឹងមានចំនួនតិចតួច ព្រោះថា រោងចក្រស្ថិតនៅឆ្ងាយពីទីប្រជុំជន ហើយប្រជាជន និងបុគ្គលិករបស់រោងចក្រ ត្រូវបានគេជម្លៀសចេញរួចហើយ ពីបរិវេណរបស់រោងចក្រ។
Harveyជាខ្យល់ព្យុះកំណាចទី៧ ដែលធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់ច្រើន ជាប្រវត្តិសាស្រ្ត
ខ្យល់ព្យុះ Harveyផ្ទាល់ មិនបានសម្លាប់មនុស្ស និងបក់បំផ្លាញផ្ទះ និងហេដ្ឋរចនាសម្ព័ន្ធ ច្រើននោះទេ បើប្រៀបធៀបនឹងព្យុះសង្ឃរា កាទ្រីណា ដែលបានសម្លាប់មនុស្ស ១៨០០នាក់ និងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់ដល់ទៅ ១៦២ពាន់លានដុល្លារ កាលពីឆ្នាំ ២០០៥។
ទោះជាមិនកាចខ្លាំង ដូចព្យុះសង្ឃរា កាទ្រីណា នៅឆ្នាំ ២០០៥ ប៉ុន្តែ ហាវ៉េត្រូវគេចាត់ទុកជាព្យុះសង្ឃរាដែលធ្វើឲ្យរដ្ឋតិចសាស់ខាតបង់សេដ្ឋកិច្ច ធ្ងន់ធ្ងរ មិនចាញ់កាទ្រីណាប៉ុន្មានទេ គឺរហូតដល់ទៅ ៥៨ពាន់លានដុល្លារ។ ដោយផ្អែកទៅលើតួលេខនេះ អ្នកជំនាញអាល្លឺម៉ង់ បានចាត់ចូល ព្យុះ Harvey ជាគ្រោះមហន្តរាយធម្មជាតិ ទី ៩ ក្នុងលោក ដែលបានបង្កឲ្យមានការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ។
ផ្ទះសម្បែង ហើយនិងហេដ្ឋារចនាសម្ព័ន្ធភាគច្រើន ត្រូវបំផ្លាញ ជន់លិចដោយទឹកជំនន់ ប៉ុន្តែ មិនមែនដោយសារកម្លាំងខ្យល់ព្យុះនោះទេ។ តាមក្រុមហ៊ុនអាល្លឺម៉ង់ ទំហំខាតបង់ទៅលើផ្ទះសម្បែង មានតម្លៃ ពី១០ ទៅ២០ពាន់លានដុល្លារ។ ប៉ុន្តែ ការខាតបង់ដែលធ្ងន់ធ្ងរ គឺមានទៅលើប្រភពចំណូលសេដ្ឋកិច្ច។ រដ្ឋតិចសាស់ខាតបង់មិនតិចទេ ដោយសារតែរោងចក្រចម្រាញ់ប្រេង ដែលជាប្រភពចំណូលដ៏សំខាន់ របស់រដ្ឋ និងរបស់អាមេរិកទាំងមូល ត្រូវបិទទ្វារ គ្មានសកម្មភាព នៅប៉ុន្មានថ្ងៃមកនេះ។ ដោយសារតែខ្យល់ព្យុះហាវ៉េ រោងចក្រចម្រាញ់ប្រេងប្រមាណ ១៥ នៅក្នុងតំបន់តិចសាស់ ជាប់សមុទ្រម៉ិចស៊ិក ដែលតំណាងឲ្យ ២០ភាគរយនៃសមត្ថភាព ចម្រាញ់ប្រេងទូទាំងប្រទេសរបស់អាមេរិក ត្រូវបានបិទទ្វារ។ បិទទ្វារដោយសារតែរោងចក្រត្រូវទឹកជន់លិច ដល់ទៅជាងមួយម៉ែត្រ មិនអាចដំណើរការបាន។
ក្រោយភ្លៀង គឺមេឃស្រឡះ
ជាទូទៅ សេដ្ឋកិច្ចនៅតំបន់ដែលរងគ្រោះដោយសារខ្យល់ព្យុះ បានចាប់ល្អប្រសើរឡើងវិញ ដោយសារតែការវិនិយោគច្រើនទៅលើសំណង់ផ្ទះសម្បែង។ កំណើនសេដ្ឋកិច្ចតែងតែមានឡើងវិញ ជាមួយនឹងការបង្កើតការងារធ្វើ។ ជាក់ស្តែង នៅរដ្ឋនូវែលអរឡេអង់ ទឹកប្រាក់រាប់លានដុល្លារត្រូវបានគេវិនិយោគ ទៅលើការសាងសង់ ជួសជុលឡើងវិញ ផ្ទះសម្បែង របស់ប្រជាជន ឬហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារទឹកជំនន់។ ក្រុមហ៊ុនធានារ៉ាប់រ៉ងជាអ្នកចេញប្រាក់ សងទៅលើការខាតបង់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ។
ប៉ុន្តែ នៅក្នុងករណី ក្រុងហូសស្តុន ផ្ទាល់ ក្រុមហ៊ុនធានារ៉ាប់រង នឹងមិនសូវខាតបង់លុយច្រើនពីហៅប៉ាវដើម្បីសងអតិថិជននោះទេ។ Hannover Re’sនៅហូសស្តុន មានម្ចាស់ផ្ទះតិចណាស់ដែលបានទិញធានារ៉ាប់រង សម្រាប់គ្រោះមហន្តរាយធម្មជាតិ។ បញ្ហានៅក្រុងហូសស្តុនបានលាតត្រដាងឲ្យឃើញផងដែរ ពីការគ្រប់គ្រងមិនល្អរបស់អាជ្ញាធរ ព្រោះថា ផ្ទះរបស់ប្រជាជនជាច្រើន ត្រូវបានសាងសង់ឡើងនៅដីដែលអាចលិចទឹក។ គ្មានធានារ៉ាប់រង ហើយផ្ទះសង់នៅលើដីដែលងាយលិចទឹក ប្រជាជនអាមេរិកាំងនៅក្រុងហូសស្តុន នឹងធ្លាក់រងគ្រោះ គ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវនឹងគេ នៅក្រោយ ខ្យល់ព្យុះហាវ៉េលើកនេះ។ ក្នុងស្ថានភាពបែបនេះ ប្រជាជនដែលគ្មានផ្ទះសម្បែង មានផ្លូវតែមួយគត់ គឺរង់ចាំជំនួយពីអាជ្ញាធរ។ តើអាជ្ញាធររបស់រដ្ឋបាលលោកដូណាល់ ត្រាំ អាចឆ្លើយតបយ៉ាងណា ទៅនឹងការទន្ទឹងរង់ចាំជំនួយរបស់ប្រជាជនតិចសាស់? យើងនឹងរង់ចាំមើលបន្តទៀត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ