អានតួអត្ថបទ
សហរដ្ឋអាមេរិក-គ្រោះធម្មជាតិ

លោកដូណាល់ ​ត្រាំ​ នឹង​ទៅ​ដល់​តំបន់​រងគ្រោះ​ ដោយ​ខ្យល់ព្យុះ​អ៊ូរ៉ាហ្កង់​ Harvey

ខ្យល់ព្យុះ​អ៊ូរ៉ាហ្កង់ ​Harvey​ បាន​បោកបក់​ បង្ក​ជា​ជំនន់​ទឹកភ្លៀង ​នៅ​ក្នុង​រដ្ឋ​Texas ​សហរដ្ឋ​អាមេរិក ​តាំង​តែ​ពី​ថ្ងៃ​សុក្រ ​សប្តាហ៍​កន្លង​ទៅ ​ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​៩នាក់ ​និង​បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះសម្បែង ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ។ លោក ​ដូណាល់ ត្រាំ ​នឹង​អញ្ជើញ​ទៅ​ដល់ ​តំបន់​រងគ្រោះ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ ដើម្បី​សម្តែង​សាមគ្គីភាព​ និង​លើក​ទឹកចិត្ត​ដល់ ​ក្រុម​សង្រ្គោះ ​ដែល​កំពុង​តែ​មមា​ញឹក ​ជួយ​រំដោះ​ប្រជាជន​​ ចេញ​ពី​តំបន់ ​ដែល​លិច​លង់​ដោយ​ទឺក​ជំនន់។

ផ្លូវមួយ​ក្នុងក្រុង Houston រដ្ឋTexas ថ្ងៃទី ២៨ សីហា ២០១៧
ផ្លូវមួយ​ក្នុងក្រុង Houston រដ្ឋTexas ថ្ងៃទី ២៨ សីហា ២០១៧ REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​របស់​ខ្ញុំ ​និង ​សហការ​យ៉ាង​ម៉ឺងម៉ាត់​ ជាមួយ​នឹង​អាជ្ញាធរ​តំបន់​ ក្នុង​រដ្ឋ​ Texas ​និង​រដ្ឋ​ Louisiane​ ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស។ ហើយ​យើង​ សូម​ថ្លែង​អំណរ​គុណ ​ចំពោះ​ក្រុម​សង្រ្គោះ​បន្ទាន់​ ក៏ដូច​ជា​អ្នក​ដែល​បាន​ចូលរួម​ជួយ​សង្រ្គោះ​ផ្សេង​ទៀត”។ នេះ​គឺ​ជា​សម្តី​របស់​លោក​ដូណាល់ ត្រាំ ​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ចេញ​ពី​សេតវិមាន​នៅ​ក្រុង​វ៉ាស៊ីនតោន។ លោក​ត្រាំ ​ថែមទាំង​បាន​សន្យា​ថា​ រដ្ឋបាល​សហព័ន្ធ ​នឹង​ធានា​ជួយ​គាំទ្រ ​ផ្នែក​ហិរញ្ញវត្ថុ ​សម្រួល​ដល់​កិច្ច​ការ​សង្រ្គោះ ​និង​ការ​កសាង ​ហេដ្ឋា​រចនាសម្ព័ន្ធ​​តំបន់​រងគ្រោះ​ឡើង​វិញ។

តាម​ការ​គ្រោងទុក ​នៅ​ព្រឹក​ថ្ងៃទី ​២៩​សីហា​នេះ ​លោក​ដូណាល់ ត្រាំ ​នឹង​ត្រូវ​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ Corpus Christi​ ដែល​ស្ថិត​នៅ​មាត់​ឈូង​សមុទ្រ​មិចស៊ិក ​ហើយ​ជា​ទី​កន្លែង​ដែល​ខ្យល់​ព្យុះ​អ៊ូរ៉ាហ្កង់ ​Harvey​ បាន​ចាប់ផ្តើម​បោកបក់​ បង្ក​មហន្តរាយ។ បន្ទាប់​មក​ទៀត ​លោក​ប្រធានធិបតី ​ នឹង​អញ្ជើញ​ទៅ​ដល់​ក្រុង​ Austin។ ចំណែក​ទីក្រុង​ Houston ​ស្ថិតនៅ​ខាង​ត្បូង​រដ្ឋ​Texas ​ លោក​ប្រធានាធិបតី​មិន​អាច​អញ្ជើញ​ទៅ​បានទេ ​ដោយសារ​ផ្លូវ​គោក​ត្រូវ​កាត់​ផ្តាច់​ ដោយ​ទឹក​ជំនន់​ កន្លែង​ខ្លះ​កំពស់​ជាង​១ម៉ែត្រ ​ចំណែក​ព្រលាន​យន្តហោះ​វិញ​ ក៏​ត្រូវ​លិចលង់​ក្នុង​ទឹក​ដែរ។

នេះ​ជាលើក​ទីមួយ​ហើយ ​ដែល​លោក​ដូណាល់ ត្រាំ ​ក្នុង​នាម​ជា​ប្រធានាធិបតី ​ត្រូវ​ប្រឈម​មុខ​នឹង​កាលៈទេសៈ​គ្រោះ​ធម្មជាតិ ​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ។ គេ​សង្ឃឹម​ថា​ ការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​គាត់​ ទទួល​ស្គាល់​ខ្លះ​ អំពី​គ្រោះថ្នាក់​ នៃ​ការ​កើនឡើង​នូវ​កំដៅ​ផែនដី។ តាម​ការស្មាន​ លោក​ដូណាល់ ត្រាំ ​ប្រហែល​ជា​បាន​មើល​ឃើញ​ពី​បទ​ពិសោធន៍ ​កាល​ពី​ពេល​មាន​ខ្យល់​ព្យុះ​អ៊ូរ៉ាហ្កង់ ​Katrina ​នៅ​ឆ្នាំ​២០០៥។ កាល​នោះ​ ​លោក ​George W.Bush ​ បាន​ត្រឹម​តែ​ ​គយគន់​ទិដ្ឋភាព​តំបន់​រងគ្រោះ ​ពី​លើ​យន្តហោះ​តែ​ប៉ុណ្ណោះ ​ហើយ​ត្រូវ​បាន​ប្រជាជន ​រិះគន់​ថា ​បាន​បង្អែរ​បង្អង់​ ដាក់​វិធានការ​យ៉ាង​យឺតយ៉ាវ ​ដែល​ធ្វើ​ឲ្យ​ការ​ខូតខាត​កាន់​តែ​ធ្ងន់ ​និង​ចំនួន​អ្នក​ស្លាប់ ​បាន​កើន​រហូត​ដល់ ​១៨០០​នាក់។

សូម​បញ្ជាក់ថា​ ខ្យល់​ព្យុះ​អ៊ូរ៉ាហ្គង់ ​Harvey ​ដែល​បាន​ចាប់​ផ្តើម​បោកបក់​កាល​ពី​ថ្ងៃ​សុក្រ ​មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ទេ ​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ។ ខ្យល់ព្យុះ​បាន​ស្ងប់ ​តែ​បាន​ប្រែក្លាយ​ទៅ​ជា​ភ្លៀង ​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយ​នៅ​តែ​បន្ត​ធ្លាក់ ​ដដែល​រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ។ ក្រុម​សង្រ្គោះ ​រំពឹង​ថា ​អាច​មាន​មនុស្ស​ប្រហែល ​៣ម៉ឺន​នាក់ ​ដែល​ត្រូវ​ការ​ទី​ជំរក​បណ្តោះ​អាសន្ន​ជា​បន្ទាន់។ មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៩នាក់។ ការ​ខូចខាត​សម្ភារៈ ​សំណង់ ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ អាច​មាន​ទំហំ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ