អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​លោកដូណាល់ ត្រាំ​កំពុង​ជំរុញ​ឲ្យ​មានការផ្លាស់ប្តូរ​មេដឹកនាំ​នៅវ៉េណេស៊ុយអេឡា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​វេណេស៊ុយអេឡា​វិបត្តិ បាន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ មួយ​កម្រិតទៀត នៅពេល​មនុស្ស​ពីររូប​បាន​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វេណេស៊ុយអេឡា។ នៅថ្ងៃ​ពុធទី ២៣ មករា នៅក្នុង​មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ នៅរដ្ឋធានី ការ៉ាកាស លោក ហ័ន ហ្កាយដូ ប្រធាន​សភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង​បាន ប្រកាស​ចាត់ទុក​ខ្លួនឯង ជាប្រធានាធិបតី​ស្តីទី និង​សន្យា​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ សហរដ្ឋអាមេរិក រួម​ទាំង​ក្រុមប្រទេស​នៅ​អាមេរិកខាងត្បូង និង​នៅ​តំបន់​ការ៉ាអ៊ីប បាន​ប្រកាស​ គាំទ្រ និង​ទទួលស្គាល់ ប្រធាន​សភា មក​ពី​គណបក្ស​ប្រឆាំង ថា ជា​ប្រធានាធិបតី​ថ្មី​របស់​​វេណេស៊ុយអេឡា។ តើ​ស្ថានការណ៍​នយោបាយ​នៅ​​វេណេស៊ុយអេឡា​នឹង​វិវឌ្ឍន៍​ទៅ​យ៉ាងណា នៅក្រោយ ការប្រកាស​អន្តរាគមន៍​របស់​សហរដ្ឋអាមេរិក?

លោក​ហ័ន ហ្កាយដូ​ប្រធាន​រដ្ឋសភា បាន​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េណេស៊ុយអេឡា
លោក​ហ័ន ហ្កាយដូ​ប្រធាន​រដ្ឋសភា បាន​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េណេស៊ុយអេឡា REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

នៅ​វ៉េណេស៊ុយអេឡា នៅ​ក្នុង​មហាបាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក ហ័ន ហ្កាយដូ ប្រធាន​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង បាន​ប្រកាស​តាំង​ខ្លួន ជា​ប្រធានាធិបតី​ស្តីទី របស់​វេណេស៊ុយអេឡា។

នៅចំពោះមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់ ដែលបាន​ចូលរួម​ក្នុង​មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ នៅទីក្រុង​ការ៉ាកាស លោក​ហ័ន ហ្កាយដូ បាន​លើកដៃ​ស្បថ​ធ្វើ​ជា​ប្រធានាធិបតី ស្តីទី​របស់​វេណេស៊ុយអេឡា។ លោក​ហ្កាយដូ​បាន​និយាយ​ថា ទៅ​តាម​រដ្ឋធម្មនុញ្ញ​វ៉េណេស៊ុយអេឡា ក្នុង​នាម​លោក​ជា​ប្រធាន​រដ្ឋ​សភា គឺ​លោក​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធានាធិបតី ស្តីទី ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាល សម្រាប់​រៀបចំ​ការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ​មួយ។

នៅប៉ុន្មាន​នាទី​ក្រោយ​ការប្រកាស​របស់​ហ្កាយដូ សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អាមេរិកខាងត្បូង​៧ទៀត ដែល​ធ្លាប់​ជា​គូសត្រូវ​របស់​លោកប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ បាន​ចេញមុខ គាំទ្រ និង​ទទួល​ស្គាល់​ភ្លាមៗ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន នៅ​ថ្ងៃ​ម្សិលមិញ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ប្រកាស​ទទួល​ស្គាល់​លោក​ហ្កាយដូ ជា​ប្រធានាធិបតី​ស្របច្បាប់ របស់​វេណេស៊ុយអេឡា និង​បាន​ព្រមាន ថា អាមេរិក​នឹង​លូកដៃអន្តរាគមន៍ ប្រើ​គ្រប់មធ្យោបាយ បើសិន រដ្ឋអំណាច​របស់​លោកម៉ាឌូរ៉ូ ប្រើ​កម្លាំងយោធា ដើម្បី បង្រ្កាប​ដ៏ហិង្សា​ទៅលើ​ប្រជាជន​ដែល ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

អ្នកជំនាញ​វាយតម្លៃថា ដោយ​ប្រកាស​ទទួល​ស្គាល់​ប្រធាន​រដ្ឋសភា មក​ពី​ក្រុមបក្ស​ប្រឆាំង​ថា ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វេណេស៊ុយអេឡា រដ្ឋបាល​លោកដូណាល់ ត្រាំ អាមេរិក​ចង់​ចាប់​បង្ខំ ដាក់​សម្ពាធ​ ទាំង​ទៅលើ​រដ្ឋអំណាច​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ហើយ​និង​កងទ័ព​របស់​វ៉េណេស៊ុយអេឡា។ អាមេរិក​ដែល​ជា​គូសត្រូវ​របស់​មេដឹកនាំ​វ៉េណេស៊ុយអេឡា តាំង​ពី​សម័យដឹកនាំ​របស់​លោក​Chavez ម្ល៉េះ អាច​នឹង​ឆ្លៀតឱកាស​យក​វិបតិ្ត​នយោបាយ​លើកនេះ ​ដើម្បី ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ មេដឹកនាំ នៅ​វ៉េណេស៊ុយអេឡា។

នៅ​ថ្ងៃ​ពុធ ម្សិលមិញ នៅក្រោយ​អាមេរិក​ប្រកាស​ទទួល​ស្គាល់​លោក​ហ្កាយដូ ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េណេស៊ុយអេឡា លោក​ម៉ាឌូរ៉ូ​បាន​ប្រកាស​កាត់ផ្តាច់​នយោបាយ​ការទូត​ជាមួយ​អាមេរិក និង​បាន​ប្រកាស​បណ្តេញ​មន្រ្តី​ទូត​អាមេរិក​ទាំងអស់​ឲ្យ​ចាកចេញ​ពី ទឹកដី​វ៉េណេស៊ុយអេឡា ក្នុង​រយៈពេល ៣ថ្ងៃ។ លោក​ម៉ាឌូរ៉ូ​បាន​អំពាវនាវ​ផងដែរ​ឲ្យ​អ្នកគាំទ្រ​របស់លោក​ចុះថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អន្តរាគមន៍ របស់​ក្រុមចក្រពត្តិ​ដែល​ចង់​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​នៅ​វ៉េណេស៊ុយអេឡា។ សម្រាប់​លោកម៉ាឌូរ៉ូ ប្រធាន​រដ្ឋសភា ហ្កាយដូ ជា​អាយ៉ង​យ៉ាងច្បាស់​របស់​អាមេរិក។

ប៉ុន្តែ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​Mike Pompeo បាន​បដិសេធ មិន​ដក​មន្រ្តីទូត​អាមេរិក​ចេញពី​ទឹកដី​របស់​វ៉េណេស៊ុយអេឡា តាមការបញ្ជា​របស់​លោក​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ទេ ព្រោះ​លោក​ម៉ាឌូរ៉ូ មិនមែនជា​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែល​អាមេរិក​ទទួល​ស្គាល់។

លោកដូណាល់ ត្រាំ៖ គ្មានអន្តរាគមន៍​យោធា​អាមេរិក​នៅ​វ៉េណេស៊ុយអេឡា

ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត លោកដូណាល់ ត្រាំ បាន​បញ្ជាក់​នៅថ្ងៃ​ពុធ​ម្សិលមិញ​ថា អាមេរិក​នឹង​មិន​ធ្វើ​អន្តរាគមន៍​ទ័ព នៅ​វ៉េណេស៊ុយអេឡាទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​នៅ​មានជម្រើស​ផ្សេងទៀត​នៅ​លើ​តុ។ នេះ​បើតាម​មន្រ្តី​សេតវិមាន។

គេវាយតម្លៃថា អាមេរិក​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់លោក​ម៉ាឌូរ៉ូ តាមរយៈ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​វិស័យ​ប្រេង ឬ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តីរដ្ឋាភិបាល​ម៉ាឌូរ៉ូ ដែលរហូតមកដល់​ពេលនេះ នៅ​រួចផុត​ពី​ទណ្ឌកម្ម​របស់​អាមេរិក​នៅឡើយ។ អាមេរិក​នឹងអាច​ប្រើ​មធ្យោបាយ​ទាំងអស់​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ដាក់​សម្ពាធ​ខ្លាំង រហូត​ដល់​ក្រុមកងទ័ព​អាច​សម្រេចចិត្ត​ដោះដៃ​ចោល លោក ម៉ាឌូរ៉ូ។ លោក​ម៉ាឌូរ៉ូ ដែល​អាច​ចុះចេញ​ពីអំណាច ដោយសារ​តែសម្ពាធ​របស់​មហាជន​ផង និង​ដោយសារ​តែ​គ្មាន​ការគាំទ្រ​របស់​កងទ័ព​ដែរនោះ។

លោក​ហ្កាយដូ បាន​ការទទួលស្គាល់​ពី​ប្រទេស​មហាអំណាច ដូចជា​អាមេរិក និង​ប្រទេស​ជិតខាង​ក្នុង​តំបន់​ផ្សេងទៀត លើកលែង​តែ ម៉ិចស៊ិក គុយបា និង​បូលីវី ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គមនិយម និង​ដែល​គាំទ្រ​ទទួល​ស្គាល់​លោក​ម៉ាឌូរ៉ូ។ ចំណែក​ទីក្រុង​ម៉ូស្គូ​វិញ នៅថ្ងៃ​នេះ បាន​ចេញមុខ​រិះគន់​ ​អាមេរិក ដែល​កំពុង​លូកដៃ ចង់​ដណ្តើម​អំណាច​នៅ​វ៉េណេស៊ុយអេឡា។ ខុសពី​អាមេរិក និងរុស្ស៊ី ដែល​ចេញមុខ​ការពារ​ក្រុមម្ខាងៗ សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​សេរី ដើម្បី​បង្កើតរដ្ឋាភិបាល ថ្មីមួយ ដែល​អាច​មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា​នៅពេលនេះ។

លោក​ហ្កាយដូ​អំពាវនាវ​រក​ការគាំទ្រ​ពី​កងទ័ព

ឆ្លៀត​ឱកាស​ដែល​ប្រទេស កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច លោក​ហ័ន ហ្កាយដូ សង្ឃឹម​ទាក់ទាញ ការគាំទ្រ​ពី​ប្រជាជន​ក្រីក្រ វ៉េណេស៊ុយអេឡា ដែល​កំពុង​មិនពេញចិត្ត​នឹង​នយោបាយ​ដឹកនាំ​របស់​លោកម៉ាឌូរ៉ូ ដើម្បី ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​លោក​ម៉ាឌូរ៉ូ​ចុះចេញ​ពីអំណាច។ កម្លាំង​គាំទ្រ​របស់​មហាជន​វ៉េណេស៊ុយអេឡា​តែមួយ​មុខ​មិន​គ្រប់គ្រាន់ទេ ព្រោះ​លោក​ម៉ាឌូរ៉ូ ប្រធានាធិបតី​សង្គមនិយម ក៏​មានប្រជាជន គាំទ្រ​លោក​ច្រើន​ណាស់​ដែរ។

អ្វី​ដែល​កំពុង​តាមដាន​មើល​នៅពេលនេះ គឺ ជំហរ​របស់​យោធា​វ៉េណេស៊ុយអេឡា ដែល​នឹង​សម្រេច​ថា តើ​ត្រូវ​ដើរតាម​ផ្លូវណា? តើ​យោធា​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​លោកប្រធានាធិបតី ម៉ាឌូរ៉ូ ឬ​ក៏​ងាក​ទៅ​ចូល​រួម​ជាមួយ​មហាជន ដែល​គាំទ្រ​លោក ​ហ្កាយដូ ដែល​ប្រទេស​មហាអំណាច​ទទួល​ស្គាល់​ជា​ប្រធានាធិបតីស្របច្បាប់​របស់​វ៉េណេស៊ុយអេឡា ?

លោក​ហ្កាយដូ ដែល​ត្រូវការ​ជំនួយ​ពី​ក្រុម​យោធា​វ៉េណេស៊ុយអេឡា​បាន​ប្រកាស​សន្យា​ផ្តល់​ការលើកលែង​ទោស​ដល់​ទាហាន​ណា ដែល​ចេញមុខ ប្រឆាំង​លោកនីកូឡា ម៉ាឌូរ៉ូ។ គេ​មិនដឹងថា តើ​នឹង​មាន​ទាហាន​ប៉ុន្មាននាក់​ដែល​យល់ព្រម​ចុះចូល​ជាមួយ​ក្រុមប្រឆាំង​របស់​លោក​ហ្កាយដូ​នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រមុខដឹកនាំ​កងទ័ព​របស់​វ៉េណេស៊ុយអេឡា បាន​ប្រកាស​រួចហើយ ថ្កោលទោស លោក​ហ្កាយដូ​ដែល​ប្រកាស​ចាត់ទុក​ខ្លួន​ឯង​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​យ៉ាងដូច្នេះ។

គេ​វាយតម្លៃថា លោក​នីកូឡា ម៉ាឌូរ៉ូ ដើម្បី រក្សា​អំណាច​របស់ខ្លួន ឲ្យ​គង់វង្ស បាន​ទិញ​ទឹកចិត្ត​ក្រុមយោធា​វ៉េណេស៊ុយអេឡា តាមរយៈ ការផ្តល់​តំណែង​ខ្ពស់​ក្នុងរដ្ឋាភិបាល ឬ ផ្តល់​គម្រោង​វិនិយោគ​បូមប្រេង​ជាច្រើន​កន្លែង​ឲ្យ​ក្រុមយោធា​វេណេស៊ុយអេឡា​កាន់កាប់​ជាដើម។ ដោយសារ​តែ​អំណោយ របស់​លោកម៉ាឌូរ៉ូ មេទាហាន​គ្រាក់ៗ ទំនង​ជា​នឹងនៅ​ស្មោះស្ម័គ្រ ការពារ​អំណាច​របស់​លោកម៉ាឌូរ៉ូ​តទៅទៀត ប៉ុន្តែ នៅ​ជួរថ្នាក់​ក្រោមវិញ គេ​ត្រូវ​រង់ចាំ​មើល​តទៅទៀត ថា តើ​កូន​ទាហាន​ដែល​គ្មាន​ប្រាក់ខែ​គ្រប់គ្រាន់ អាច​នឹង​ចូលរួម ងើបបំរះ ជាមួយ​ក្រុមប្រឆាំង​ដែរឬទេ ជាពិសេស នៅពេល​ដែ​ក្រុមប្រឆាំង កំពុង​បាន​ការគាំទ្រ​ពី​ប្រទេស​លោក​ខាងលិច ដឹកនាំ​ដោយ​អាមេរិក​យ៉ាងដូច្នេះ។

តើ​លោក​ហ័ន ហ្កាយដូ ជាអ្នកណា ?

នៅ​ប៉ុន្មាន​ខែ​មុន​សោះ គេ​មិន​ដែល​ស្គាល់​ឈ្មោះ លោក​ហ័ន ហ្កាយដូ​ទាល់តែសោះ។ ថ្ងៃទី ៥​មករា ដើមឆ្នាំនេះ ក្រុមគណបក្ស​ប្រឆាំង ដែល​មាន​សំលេង​ភាគច្រើន​នៅ​រដ្ឋសភា ទើប​បាន​​ជ្រើសតាំង​លោកហ័ន ហ្កាយដូ ​ឲ្យ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។ អាយុ ៣៥​ឆ្នាំ លោក​ហ័ន ហ្កាយដូ ដែល​មាន​ជំនាញ​ជា​វិស្វករ និង​ធ្លាប់​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​សង្គមនិយម របស់​លោក​Chavez បាន​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​ ដ៏​វ័យ​ក្មេង​ជាង​គេបំផុត នៅ​វ៉េណេស៊ុយអេឡា។ នៅ​ថ្ងៃទី ១១​មករា គឺ​មួយថ្ងៃ​បន្ទាប់ពី​លោក​នីកូឡា ម៉ាឌូរ៉ូ​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី សម្រាប់​អាណត្តិទី២ លោក​ហ័ន ហ្កាយដូ បាន​ចាត់ទុក​លោកម៉ាឌូរ៉ូ​ជា​ប្រធានាធិបតី​មិន​ស្របច្បាប់ និង​បាន​អះអាង​ថា លោក​បាន​ត្រៀមខ្លួន រួចហើយ សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​វេណេស៊ុយអេឡា អន្តរកាល​មួយ។

នៅ២ថ្ងៃ​ក្រោយ​ប្រកាស​យ៉ាងដូច្នេះ លោក​ហ័ន ហ្កាយដូ ត្រូវ​បាន​ទាហាន​វ៉េណេស៊ុយអេឡា ចាប់ខ្លួន មុននឹង​ដោះលែង​មកវិញ នៅ​ថ្ងៃ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ