អានតួអត្ថបទ
អង់គ្លេស-អាហ្សង់ទីន

អាហ្សង់ទីន​ដំឡើង​សំឡេង​ដាក់​អង់គ្លេស​ដោយសារ​ជម្លោះ​ប្រជុំកោះ​ម៉ាលូវីន

រងើក​ជម្លោះដណ្តើម​ដីកោះ​រវាង​អង់គ្លេស និង​អាហ្សង់ទីន​កំពុង​ចង់​ឆេះ​ឡើងវិញ។ កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​អាហ្សង់ទីន​បាន​ថ្កោលទោស​សមយុទ្ធ​របស់​អង់គ្លេស ដែល​អាហ្សង់ទីន​ចាត់ទុក​ជា សកម្មភាព​រគំរាមកំហែង​យោធា​ជាថ្មី​ដល់​ដែនដី​អាហ្សង់ទីន។ ក្រសួងការបរទេស​អង់គ្លេស​វិញ បាន​បកស្រាយ​ទៅវិញ ថា សមយុទ្ធ​យោធា នៅលើ​ប្រជុំកោះ ម៉ាលូវីន ដែល​ជាទឹកដី​នៅ​ឯ​នាយសមុទ្រ​អង់គ្លេស ​តែងតែ​ធ្វើ​ទៅតាម​ទម្លាប់ ពីរដង ក្នុង​មួយឆ្នាំ។

អតីត​យុទ្ធជន​នៅក្នុង​សង្រ្គាម​ប្រយុទ្ធ​ជាមួយ​អង់គ្លេស ប្រារព្ធ​ខួប​រំលឹក​ព្រលឹង​ទាហាន​ដែល​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​បង្ហូរឈាម នៅ​ឆ្នាំ ១៩៨២
អតីត​យុទ្ធជន​នៅក្នុង​សង្រ្គាម​ប្រយុទ្ធ​ជាមួយ​អង់គ្លេស ប្រារព្ធ​ខួប​រំលឹក​ព្រលឹង​ទាហាន​ដែល​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​បង្ហូរឈាម នៅ​ឆ្នាំ ១៩៨២ ©REUTERS/Enrique Marcarian
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ក្រសួងការបរទេស​អង់គ្លេស ការចោទប្រកាន់​របស់​អាហ្សង់ទីន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អង់គ្លេស អាហ្សង់ទីន​ចោទ​អង់គ្លេស​ថា កំពុង​បំពាក់សព្វាវុធ នុយក្លេអ៊ែរ​នៅលើ​ប្រជុំកោះ ម៉ាលូវីន ដែល​អាហ្សង់ទីន​នៅតែ​ទាមទារ​ចង់ធ្វើ​ជា​ម្ចាស់​ដែរនោះ។

កាលពី​ថ្ងៃ​សុក្រ ទីក្រុង​ប៊ុយណូស៊ែ​បាន​បរិហារ​សមយុទ្ធ​យោធា​របស់​អង់គ្លេស នៅលើ​ប្រជុំកោះ ម៉ាលូវីន​ថា ជា​សកម្មភាព​រំលោភបំពាន​ជាថ្មី​របស់​អង់គ្លេស ទៅលើ​អាហ្សង់ទីន។ ក្រសួងការបរទេស​អាហ្សង់ទីន​បាន​ប្រកាស​ថា នឹង​កោះហៅ​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ប៊ុយណូស៊ែ ដើម្បី​សំដែង​ការមិនពេញចិត្ត​របស់​រដ្ឋាភិបាល​អាហ្សង់ទីន។

ប្រតិកម្ម​មិន​ពេញចិត្ត​របស់​អាហ្សង់ទីន​កើតមានឡើង បន្ទាប់​ពី​អង់គ្លេស​គ្រោង​ធ្វើ​សមយុទ្ធ​នៅ​លើ​ប្រជុំ​កោះ​ម៉ាលូវីន ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៧ មេសា​ខាងមុខ។ ប្រជុំកោះ​ម៉ាលូវីន ដែល​ស្ថិតនៅ​ជិត​ទឹកដី​អាហ្សង់ទីន ជាង​អង់គ្លេស ត្រូវ​បាន​អង់គ្លេស គ្រប់គ្រង​តាំង​ពី​ឆ្នាំ ១៨៣៣។ នៅឆ្នាំ ១៩៨២ អាហ្សង់ទីន​បាន​ប៉ុនប៉ង​វាយដណ្តើម​យក​មក​គ្រប់គ្រង​វិញ ប៉ុន្តែ ការប្រយុទ្ធ​បង្ហូរ​ឈាម បាន​ធ្វើ​ឲ្យ​អាហ្សង់ទីន​ចាញ់​អង់គ្លេស យ៉ាង​ទ្រមខ្លួន។

ភាពតានតឹង​រវាង​អង់គ្លេស និង​អាហ្សង់ទីន​នៅជុំវិញ ជម្លោះ​ដណ្តើម​ប្រជុំកោះ​ម៉ាលូវីន​បាន​ចាប់​កំរើក​ឡើងវិញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​អង់គ្លេស​ចាប់ផ្តើម​បើក​តំបន់​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ក្នុង​សមុទ្រ ជិត​ប្រជុំកោះ​ម៉ាលូវីន។ កាលពី​ដើម​ខែ​មេសា ក្នុង​ឱកាស​ប្រារព្ធ​ខួប​៣២​ឆ្នាំ​នៃ​សង្រ្គាម​ប្រយុទ្ធគ្នាជាមួយ​អង់គ្លេស ដើម្បី​​ដណ្តើម​ប្រជុំកោះ ម៉ាលូវីន លោកស្រី​ប្រធានាធិបតី​​អាហ្សង់ទីន Cristina Kirchner បាន​និយាយ​ថា កោះ​ម៉ាលូវីន​ត្រូវ​បាន​អង្គការ​សម្ព័ន្ធមិត្ត​អូតង់ ដែល​មាន​អង់គ្លេស​ជា​សមាជិក ប្រើ​ធ្វើ​ជា​មូលដ្ឋាន​ស្តុក​គ្រាប់​នុយក្លេអ៊ែរ នៅ​តំបន់​អាត្លង់ទិក​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ