អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

រាត្រី​ទឹកឃ្មុំ​រវាងចិន និង​សហរដ្ឋ​អាមេរិក កាន់តែ​​សាប​ទៅៗ

លោក​ស៊ី ជីនពីង ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ​ អញ្ជើញ​ទៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ ក្នុង​ឱកាស​នោះ ​គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​មហាអំណាច​ទាំង​ពីរ ​បាន​សម្តែង​ការ​ត្រូវរូវ​គ្នា​ច្រើន ​និង​បាន​សន្យា​សហការ​ជាមួយ​គ្នា ​លើ​គ្រប់​វិស័យ​ ទាំង​នយោបាយ​ការបរទេស ​និង​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ​ពេលនេះ​ ភាព​ផ្អែមល្ហែម​នេះ ​ហាក់​កំពុង​តែ​សាប​រលាប ​ក្រោយ​ពេល​ ដែល​រដ្ឋាភិបាល​អាមេរិក ​បាន​សម្រេច​លក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់ ​ហើយ​ថែម​ទាំង​បាន​ដាក់​ពិន័យ​ធនាគារ​ចិន​មួយ​ទៀត​ផង។

លោក ត្រាំ ទទួលជួបលោក ​ស៊ី ជីនពីង នៅវិមាន Mar-a-Lago ​ថ្ងៃទី​ ​៦ មេសា​ ២០១៧
លោក ត្រាំ ទទួលជួបលោក ​ស៊ី ជីនពីង នៅវិមាន Mar-a-Lago ​ថ្ងៃទី​ ​៦ មេសា​ ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលចិន ​ បាន​ជះ​កំហឹង​ដាក់​សហរដ្ឋ​អាមេរិក​ តាម​រយៈ​សំដី​របស់​លោក​ លូ កាង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន។ អ្នកនាំ​ពាក្យ​តំណាង​រដ្ឋាភិបាល​ចិន​រូបនេះ ​បាន​សម្តែង​ការ​មិនសុខចិត្ត ​ចំពោះ​ការ​ដែល​ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ បាន​សម្រេច​បិទ​ច្រក​មិន​ឲ្យ​ធនាគារ​ចិន​មួយ​ ឈ្មោះ ​Dandong Bank ​រកស៊ី​នៅ​លើ​ផ្សារ​ហិរញ្ញវត្ថុ​អាមេរិក។

មិនត្រឹម​តែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ចិន បានធ្វើការថ្កោលទោស​ជា​ឱឡាឫក​ ប្រឆាំង​នឹង​ការ​ដែល​អាមេរិក​ ​បាន​ចុះ​កិច្ចសន្យា​លក់​អាវុធ​ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ​ក្នុង​តំលៃ ​ប្រមាន​ជា​១៣០០​លាន​ដុល្លារ។ លោកលូ កាង បាន​និយាយ​ថា ​រដ្ឋា​ភិបាល​ចិន​ ​សង្ឃឹម​ថា​ រដ្ឋាភិបាល​អាមេរិក​ និង​កែ​តម្រូវ​កំហុង​ឆ្គង​ទាំង​នេះ​ជា​បន្ទាន់ ​ពុំនោះ​ទេ ​គឺវា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ ​រវាង​ប្រទេស​ទាំងពីរ។ អ្នក​នាំពាក្យ​ដដែល​នេះ ​ ក៏បាន​ឆ្លៀត​រិះគន់ ​សម្តី​របស់​ក្រសួង​ការបរទេស​អាមេរិក​​ ដែល​បាន​និយាយ​ថា​ព្រួយ​បារម្ភ​ពី​ការ​ចុះ​ថយ​ ​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​ នៅ​ដែន​ដី​ហុងកុង។

សូមបញ្ជាក់​ថា​​ រដ្ឋាភិបាល​អាមេរិក ​បាន​ដាក់​ពិន័យ​ លើ​ធនាគារ ​Dandong Bank ​បន្ទាប់​​ពី​បាន​ស្រាវជ្រាវ​ឃើញ​ថា ​ធនាគារ​នេះ​ បាន​លួច​ឃុបឃិត ​រកស៊ី​លាង​លុយ​ក្រខ្វក់ ​ជាមួយ​នឹង​របប​កូរ៉េ​ខាងជើង។ ការ​ផ្ទេរប្រាក់​ បាន​មក​ពី​ការ​ជួញដូ​អាវុធ​ខុសច្បាប់​ របស់​កូរ៉េ​ខាងជើង ​ក៏បាន​ឆ្លងកាត់​តាម​ធនាគារ​ចិន​មួយ​នេះ​ដែរ។ ក្រៅពីនេះ​ រដ្ឋាភិបាល​អាមេរិក​ ក៏បាន​ដាក់​ជនជាតិ​ពីរនាក់ ​ក្នុង​បញ្ជី​ខ្មៅ ​ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ ​រក​ស៊ី​ជាមួយ​កូរ៉េ​ខាងជើង។ លោក​ Steven Mnuchin ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​បាន​លើក​ឡើង​ថា ​ទណ្ឌកម្ម​ទាំង​នេះ ​មិន​មែន​រដ្ឋាភិបាល​អាមេរិក​ ដាក់​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ចិន។ អាមេរិក ​ដាក់​ទណ្ឌកម្ម​ ដើម្បី​បិទផ្លូវ​ នរណា ​ដែល​រកស៊ី​ស៊ុំ​គ្រលំ​ ជាមួយ​របប​ផ្តាច់​ការ​កូរ៉េ​ខាងជើង ​ព្រោះ ​ក្រុមហ៊ុន ​រឺ​មនុស្ស​ទាំង​នោះ ​បាន​ចូលរូម​ ជួយ​កូរ៉េ​ខាងជើង ​ឲ្យ​អភិវឌ្ឍន៍​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ និង​មីស៊ីល ​បាលីស្ទីក។

លោក ​Lam Willy ​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ហុងកុង​ បាន​និយាយ​ថា ​ រាត្រី​ទឹកឃ្មុំ ​ភាព​ផ្អែមល្ហែម​រវាង​រដ្ឋាភិបាល​កុម្មុយនីស្តិ​ចិន​ និង​រដ្ឋាភិបាល​លោកត្រាំ ​បាន​មាន​ធរមាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។ អ្វីៗ​កំពុង​ផ្លាល់​ប្តូរ​ទាំង​ស្រុង​នា​ពេល​នេះ។​ លោកត្រាំ ​បាន​យក​សំណុំ​រឿង​តៃវ៉ាន់ ​មក​ជា​មធ្យោបាយ​ ដើម្បី​ដាក់​គំនៀប​លើ​ចិន ​ក្នុង​សំណុំ​រឿង​កូរ៉េ​ខាង​ជើង។

មិនដល់​៣ខែ​ក្រោយ​មក​ផង​ ក្រោយ​ពេល​ដែល​លោកត្រាំ ​បាន​ទទួល​ជួប​លោក​ស៊ី ជីនពីង ​យ៉ាង​ល្អូកល្អឺន​នៅ​វិមាន​ដ៏​ស្កឹមស្កៃ ​ក្នុង​រដ្ឋ​ហ្ល័រីដា ​ លោកត្រាំ​ទើប​តែ​បាន​សរសេរ​សារ​ បន្ទោស​ចិន ​ដោយ​ត្រង់ៗ ​ថា ​“ផែនការ​ធ្វើ​ការ​ជាមួយ​ចិន​ រឿង​កូរ៉េ​ខាងជើង ​គឺ​គ្មាន​បាន​ប្រយោជន៍​ទេ!”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ