តុលាការថៃ បើកសវនាការ លើសំណុំរឿងជួញដូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៦
យើងទាំងអស់គ្នា ពិតជានៅចាំកាលពីខែឧសភា ឆ្នាំ២០១៥ នៅពេលដែលអាជ្ញាធរថៃ បានប្រទះឃើញ រណ្តៅកប់ខ្មោចរួម ជាច្រើនកន្លែង នៅក្នុងព្រៃភាគខាងត្បូងប្រទេសថៃ ក្បែរព្រំដែនម៉ាឡេស៊ី។ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ជាច្រើនរយនាក់ ត្រូវបានគេឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ចោល យ៉ាងអមនុស្សធម៌ ជាទីបំផុត។ អាជ្ញាធរថៃបានចាប់ផ្តើមបើកប្រតិបត្តិការ បំបែកបណ្តាញជួញដូរមនុស្សនេះ។ ឆ្លងកាត់ ពេលជិត២ឆ្នាំ សវនាការដ៏ធំមួយ កំពុងបើកទ្វារនៅតុលាការព្រហ្មទណ្ឌក្រុងបាងកក ដើម្បីប្រកាសទោស លើមនុស្សជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញទុច្ចរិតនេះ។
អស់រយៈពេលជិត២ឆ្នាំមកហើយ ដែលអាជ្ញាធរថៃ បានធ្វើការស៊ើបអង្កេត និងបញ្ជូនជនសង្ស័យទៅកាន់តុលាការ បន្ទាប់ពីបានរកឃើញរណ្តៅកប់ខ្មោចរួម និងកន្លែងឃុំឃាំងមនុស្សជាច្រើនកន្លែងនៅក្នុងព្រៃ តាមបណ្តោយព្រំដែនជាមួយម៉ាឡេស៊ី។ ជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិបង់ក្លាដែស ត្រូវបានគេជឿថា គឺជាជនរងគ្រោះ នៃបណ្តាញជួញដូរមនុស្ស ដ៏សែនព្រៃផ្សៃនេះ។ ពួកគេ ត្រូវបានពួកឈ្មួញបញ្ជូនតាមទូក យកមកឃុំនៅក្នុងព្រៃ ជាច្រើនខែ ដើម្បីជំរិតទារប្រាក់ពីក្រុមគ្រួសារ។ មនុស្សជាច្រើនរយនាក់ បានស្លាប់ ដោយសារជម្ងឺ ដោយសារអត់អាហារ និងត្រូវបានពួកឈ្មួញទុច្ចរិត ធ្វើទារុណកម្មរហូតដល់ស្លាប់។ ហេតុដូចនេះហើយ បានជាបានប្រទះឃើញ រណ្តៅកប់ខ្មោចរួម ជាច្រើនកន្លែងនៅតាមព្រៃ។
ជនជាប់ចោទ ១០២នាក់ ក្នុងនោះមានមេទ័ពថៃម្នាក់
ឆ្លងកាត់ការស៊ើបអង្កេត តុលាការថៃ បានធ្វើការចោទប្រកាន់ មនុស្ស១០២នាក់ ពីបទជួញដូរមនុស្ស ចាប់ជំរិតមនុស្ស និងមនុស្សឃាត ដែលទោសធ្ងន់បំផុត អាចឈានទៅដល់ ទោសប្រហារជីវិត។ ក្នុងចំណោមអ្នកដែលត្រូវទទួលការវិនិច្ឆ័យទោស នៅថ្ងៃនេះ មានមេទ័ពថៃម្នាក់ ឈ្មោះ Manas Kongpan ដែលជាមេបញ្ជាការទ័ពថៃ ប្រចាំភាគខាងត្បូង។ តាមការសង្ស័យ មនុស្សនេះហើយ ដែលជាមេកំពូលរៀបចំឲ្យមានបណ្តាញជួញដូរជនភៀសខ្លួននេះ ដោយឃុំឃិត ជាមួយអាជ្ញាធរនៅតំបន់នោះ។
ក្រៅពីមេទ័ពថៃម្នាក់នេះ នៅមានមន្ត្រីយោធាថៃម្នាក់ មន្ត្រីនគរបាលថៃសក្តិ៍ធំៗ ៤នាក់ ស្ត្រីបុគ្គលិកពេទ្យម្នាក់ អ្នកបកប្រែ ព្រមទាំងអ្នកនយោបាយ មន្ត្រីរដ្ឋការថៃជាច្រើននាក់។ លោក អភិបាលក្រុង Pedang Besar ក៏ជាប់ឈ្មោះក្នុងនោះដែរ។ មនុស្សទាំង១០២នាក់នេះ សុទ្ធតែបានប្រកែក មិនព្រមទទួលការចោទប្រកាន់ទេ។
សវនាការរ ដើម្បីស្រោចស្រង់កិត្តិយស ព្រះរាជាណាចក្រថៃ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអង្គការនានា បានព្យាយាមទាញសញ្ញាអាសន្ន និងចង្អុរមុខរដ្ឋាភិបាលថៃ ទាក់ទិននឹងបណ្តាញជួញដូរមនុស្សនេះ។ រហូតទាល់តែមានការប្រទះឃើញរណ្តៅកប់ខ្មោចរួមជាច្រើនកន្លែងនេះ ទើបបានមតិសាធារណៈ ជាពិសេសបណ្តាញព័ត៌មានអន្តរជាតិ បានចាប់អារម្មណ៍ខ្លាំង។ របាយការណ៍អង្គការអន្តរជាតិ នានា បានចាត់ទុកថៃក្នុងបញ្ជីរខ្មៅ ដែលមានអត្រាជួញដូរមនុស្សខ្ពស់បំផុត។ អាជ្ញាធរថៃ គ្មានជម្រើសអ្វី ក្រៅតែពីធ្វើអ្វីមួយ ដើម្បីលុបលាងកិត្តិយសខ្លួនទេ។
កន្លងមក អ្នកខ្លះ គេមិនមែនត្រឹមតែនិយាយថា អាជ្ញាធរថៃធ្មេញភ្នែក មិនធ្វើអ្វីសោះនោះទេ គឺគេហ៊ានទាំងនិយាយថា អាជ្ញាធរថៃ បានចូលដៃចូលជើង ក្នុងជំនួញទុច្ចរិតនេះទៀតផង។ ជាក់ស្តែងយើង ឃើញហើយ ថាក្នុងចំណោមជនជាប់ចោទទាំង១០២នាក់ខាងលើ គឺមានមេទ័ព នាយទាហាន នគរបាល និងអភិបាលក្រុងថៃ ផងដែរ ដែលជាប់ពាក់ព័ន្ធ។ ដូច្នេះ សវនាការប្រកាសទោសនាពេលនេះ គឺជាឱកាសមួយ សម្រាប់រដ្ឋាភិបាលយោធាថៃ ដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការទប់ស្កាត់បណ្តាញទុច្ចរិតនេះ។
តែយ៉ាងណា យុត្តិធម៌ ១០០% គ្មាននរណាសង្ឃឹមថាមានទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលតាមដានសវនាការនេះ បានលើកឡើងថា នៅមានចំណុចខ្វះខាតច្រើនណាស់។ គេសង្ស័យថា មន្ត្រីស៊ើបអង្កេត អាចត្រូវបណ្តាញទុច្ចរិតគម្រាមផង។ យ៉ាងណាមិញ មន្ត្រីនគរបាលថៃម្នាក់ ដែលទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងនេះ បានចាកចេញ ទៅសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី ដោយសារខ្លាចគេសម្លាប់។
មន្ត្រីអង្គការសិទ្ធិមនុស្សលើកឡើងថា អាជ្ញាធរថៃ បានព្យាយាមរារាំង មិនឲ្យមានវត្តមានអ្នកកាសែតចូលទៅស្តាប់សវនាការទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានការគំរាមកំហែងទៅលើសាក្សីជាដើម។ លោកស្រី Amy Smith មន្ត្រីរបស់អង្គការ Fortify Rights បានលើកឡើងថា អំពើជួញដូរមនុស្សនៅថៃ គឺជាជំនួញដ៏សែនកាក់កប ដោយមានការចូលរួមពីមនុស្សជាច្រើនក្រុម។ ដូច្នេះ នៅមានមនុស្សពាក់ព័ន្ធនឹងបណ្តាញជួញដូរមនុស្សនេះ នៅក្រៅឃុំច្រើនណាស់ ហើយសុទ្ធតែជាមនុស្សមានអំណាញ។
ដរាបណានៅតែមានការធ្វើបាបនៅភូមា ជនជាតិរ៉ូហ៊ីយ៉ា នៅតែប្តូរស្លាប់ ដើម្បីធ្វើចំណាកស្រុក
ថៃជាចំនុចស្នូលនៃបណ្តាញជួញដូរមនុស្សខុសច្បាប់។ នៅជុំវិញថៃ សុទ្ធតែជាប្រទេសក្រីក្រ ដូចជាភូមា ឡាវ និងកម្ពុជាយើងជាដើម។ ប្រជាជនតាមប្រទេសក្រីក្រទាំងនេះ បានធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ ហើយបានក្លាយជាជនរងគ្រោះ នៃបណ្តាញជួញដូរ ចាប់ជំរិត និងអំពើពេស្យាចារជាដើម។ តែករណី ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងជនជាតិបង់ក្លាដែស គឺជាករណីពិសេស និងមានទំហំធំហួសប្រមាណ។
ជនជាតិ រ៉ូហ៊ីងយ៉ា ក៏ដូចជាជនជាតិបង់ក្លាសែស បាននាំគ្នាធ្វើចំនាកស្រុក ដើម្បីគេចចេញពីភាពក្រីក្រ និងការធ្វើទុក្ខបុកម្នេញ។ នៅភូមា ក្នុងខេត្ត អារ៉ាខាន់ ប្រជាជនរ៉ូហ៊ីយ៉ា ប្រមាណ១លាននាក់ ត្រូវបានអាជ្ញាធរភូមា ធ្វើបាបយ៉ាងអមនុស្សធម៌បំផុត។ ជនជាតិរ៉ូហ៊ីងយ៉ា ពុំត្រូវបានភូមាទទួលស្គាល់ថាជាប្រជាជនភូមាទេ ដោយសារតែពួកគេកាន់សាសនាអ៊ីស្លាម។ សេចក្តីសង្ឃឹមតែមួយគត់សម្រាប់ពួកគេ គឺចាកចេញពីភូមា តាមច្រកសមុទ្រ ទៅបង់ក្លាដែស រួចបន្តទៅម៉ាឡេស៊ី ដោយឆ្លងកាត់តាមប្រទេសថៃ។
យ៉ាងណាមិញ ករណីបណ្តាញជួញដូរជនភៀសខ្លួននេះ យើងនិយាយតែប្រទេសថៃមួយទេ។ នៅមានម៉ាឡេស៊ីមួយទៀត ដែលគេបានរកឃើញ រណ្តៅកប់ខ្មោចរួម រាប់រយរណ្តៅ។ រហូតមកដល់ពេលនេះ ម៉ាឡេស៊ី នៅមិនទាន់បើកសវនាការ កាត់ទោសមនុស្សក្នុងសំណុំរឿងនេះនៅឡើយទេ។
វាសនារបស់ប្រជាជនរ៉ូហ៊ីយ៉ាស រំពឹងទាំងស្រុង ទៅលើការសម្រេចរបស់អាជ្ញាធរភូមា។ រហូតមកដល់ពេលនេះ ភូមា មិនទាន់បង្ហាញឆន្ទៈដោះស្រាយរឿងនេះនៅឡើយទេ។ យ៉ាងណាមិញ កាលពីខែមេសាកន្លងទៅនេះ អំពើហិង្សាបានផ្ទុះឡើងសាជាថ្មី ដោយទាហានភូមា បានដុតបំផ្លាញភូមិរបស់ប្រជាជនរ៉ូហ៊ីងយ៉ា។
ចរន្តជ្រុលនិយម ស្អប់ជនជាតិរ៉ូហ៊ីងយ៉ា ពីសំណាក់ប្រជាជនភូមា គឺជារឿងបន្ទាន់ដែលរដ្ឋាភិបាលប្រទេសនេះ ត្រូវតែយកចិត្តទុកដាក់។ បើបន្តមិនធ្វើអ្វីសោះ រដ្ឋាភិបាលភូមា រួមទាំងលោកស្រី អ៊ុង សានសូជី ផងនោះ នឹងត្រូវគេចោទប្រកាន់ថា បានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើជនជាតិរ៉ូហ៊ីងយ៉ា ជាក់ជាមិនខានទេ។ ដូចគ្នាដែរ សហគមអន្តរជាតិ មិនអាចបន្តឱបដៃ ទុកឲ្យអាជ្ញាធរភូមា ធ្វើអំពើរំលោភសិទ្ធិមនុស្សបែបនេះបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ