អានតួអត្ថបទ

អំពើហិង្សាលើ​រ៉ូហ៊ីងយ៉ា ៖ អង្គការ​សហប្រជាជាតិ​ចង់​បញ្ជូន​ជាបន្ទាន់​ភ្នាក់​ងារ​អង្កេត​​ទៅភូមា

នៅ​ថ្ងៃសុក្រ​ទី ២៤​មីនា ២០១៧​នេះ អង្គការ​សហប្រជាជាតិ​បាន​រៀប​ចំ​បង្កើតឱ្យ​មាន​​ ភ្នាក់ងារ​​អន្តរជាតិ​ឯករាជ្យ​មួយ ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ភូមា ដ៏​ឆាប់ៗ​បំផុត​ខាង​មុខនេះ។ បេសកកម្ម​របស់​ពួក​គេ​គឺ​ចុះ​ទៅ​ធ្វើ​អង្កេត​​លើ​ហេតុការណ៍​ហិង្សា​ កាប់​សម្លាប់​មនុស្ស កាលពី​ថ្មីៗ​នេះ ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ភូមា​លើក្រុម​ជាតិ​ពិន្ធុ​រ៉ូហ៊ីងយ៉ា ជនជាតិភាគ​តិច​កាន់​សាសនា​អ៊ីស្លាម គ្មាន​ទឺក​ គ្មាន​ដី គ្មាន​សញ្ជាតិ។

ជនរ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ប្រទេស​បង់ក្លាដែល​ចាំ​ទទួល​ជំនួយ​អាហារ
ជនរ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ប្រទេស​បង់ក្លាដែល​ចាំ​ទទួល​ជំនួយ​អាហារ © Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​​​បង្កើត​ភ្នាក់ងារ​អង្កេត​ឯករាជ្យ​ ត្រូវ​បាន​អនុម័ត​ឡើង​ តាម​រយៈ​ការ​ព្រមព្រៀង​គ្នា ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​​អង្គការ​សហប្រជាជាតិ​ទេ។ ប្រទេស​ខ្លះ ដូច​យ៉ាង​ចិន និង​ឥណ្ឌា បាន​ដក​ខ្លួន​ចេញ​ពី​សេចក្តី​សម្រេច​ចិត្ត​នេះ។ ចំណែក​ជប៉ុន រក្សា​សិទ្ធិ​រង់​ចាំ​មើល​លទ្ធផល​អង្កេតជាតិ​​របស់​ភូមា​សិន​ មុន​នឹង​សម្រេច​ថា​​ចាំបាច់គួរ​បញ្ជូននិង​ចូល​រួម​ក្នុង​បេសកកម្ម​អង្កេត​នេះ​ឬ​អត់។

តាម​រយៈ​សេចក្តី​សម្រេច​ដែល​ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប  ក្រុមប្រឹក្សា​សន្តិសុខ បាន​​សម្រេច​ពន្លឿន​ការ​បញ្ជូន​ភ្នាក់ងារ​អង្កេត​អន្តរជាតិ​ឯករាជ្យ​មួយ ជា​បន្ទាន់​ ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​បាន​ដឹង​អំពី​ដំណើរ​ដើម​ទង​និង​បរិបទ​នៃ​អំពើ​ហិង្សា​ រំលោភ​សិទ្ធិ​មនុស្ស របស់​ទាហាន​និង​កម្លាំង​រក្សា​សន្តិសុខ​ នៅ​ក្នុង​ប្រទេស​ជាពិសេស​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ នៅ​តាម​ព្រំដែន។

បើ​​តាម​ឧត្តម​ស្នងការ​ការ​ពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ យុទ្ធនាការ​ បើក​ធ្វើ​តាំ​ង​ពី​ថ្ងៃ​ទី ១០​តុលា ២០១៦ នៅ​រដ្ឋ​រ៉ាឃីន​ដែលមាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​រស់​នៅ​ច្រើន ​មាន​ទម្រង់​ជា​បោស​សម្អាត​ជាតិពិន្ធុ និង​មាន​ទម្រង់​ស្រដៀង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ យោធា​និង​ប៉ូលិសភូមាទាំង​នោះ​ ត្រូវ​ជាប់​សង្ស័យ​ថា បាន​ប្រើ​អំពើ​ហិង្សា​ លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដោយ​បាន​​ចាប់ឃុំឃាំង​ ធ្វើ​ទារុណកម្ម​ ដូច​សត្វ​ធាតុ រំលោភ​ បំពានផ្លូវភេទ​គ្រប់​បែប​យ៉ាង​ ព្រម​ទាំង​សម្លាប់​ដោយ​គ្មាន​ឆ្លង​​កាត់​​តុលាការ ​​ដោយ​ចិត្ត​ពាល ធ្វើ​ឱ្យ​​មាន​ការ​​រត់ភៀស​ខ្លួនដោយ​បង្ខំ និង​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​ខុស​ច្បាប់​។

បេសកកម្ម​អង្កេត​នេះ នឹង​ផ្តល់​របាយការណ៍​ផ្ទាល់​មាត់ នៅ​ខែ​កញ្ញា និងផ្តល់​​របាយការណ៍លម្អិត​​ជា​លាយ​លក្ខណ៍​អក្សរ ទៅ​ឱ្យ​អង្គ​មហាសន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៅ​ខែ​កុម្ភៈ​ឬ​មីនា ២០១៨។

ឯកអគ្គរដ្ឋ​ទូត​ភូមា​ប្រចាំក្រុមប្រឹក្សា​សន្តិសុខ បានបរិហារ​ការ​បង្កើត​ភ្នាក់ងារ​អង្កេត​នេះ ដោយ​​យល់​ថា​ជា​សកម្មភាព​មិន​អាច​ទទួល​យក​បាន ព្រោះ​បេសកកម្ម​មិន​ស៊ី​នឹង​ស្ថានការណ៍។ ស្ថានការណ៍​នៅ​រ៉ាឃីន​ដែល​មាន​ស្ថិរភាពវិញ ហើយ​របាយការណ៍​របស់​គណៈកម្មការជាតិ​ស្តី​អំពី​ហិង្សា​នេះ ក៏​នឹងត្រូវ​​បង្ហាញនៅ​ខែ​សីហា​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ