អានតួអត្ថបទ

ភូមា៖ ចលនា​សង្ឃ​ពុទ្ធសាសនា​ជ្រុលនិយម​ប្រមូល​ផ្តុំ​គ្នា​ ផ្គើន​បំរាម​រដ្ឋ

បើ​ទោះ​បីជា​មាន​បម្រាម​ពី​អាជ្ញាធរ​ធម្មការ​ភូមា និង​ការ​ប្រកាស​រំលាយ​ចលនាពុទ្ធសាសនា​ជ្រុលនិយម​ ​​​ ម៉ាបាថា ​ក៏​ដោយ​ ក៏​សង្ឃ​ ​ និង​សកម្មជនពុទ្ធសាសនា​ជ្រុល​និយម​ ជាច្រើន​នាក់ នៅតែ​បន្ត​ផ្គើន​អាជ្ញាធរ ដោយ​បាន​​ប្រមូល​ផ្តុំបើក​សន្និសីទ​ប្រចាំ​ឆ្នាំ ​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​វត្ត​មួយ នា​ទីក្រុង​រ៉ង់ហ្គូន​។ ដឹកនាំយ៉ាង​សកម្ម​​ដោយ​ព្រះ​សង្ឃ​វីរ៉ាធុ​ ចលនា​ម៉ាបាថា ត្រូវ​ជាប់​ចោទ​​បាន​ញ៉ុះញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​អ្នក​កាន់​សាសនាអ៊ីស្លាម។

ក្រុម​ប្រឹក្សា​ធម្មការ​ភូមា​រំលាយ​ចលនា​ពុទ្ធសាសនា​ជ្រុលនិយម​ម៉ាបាថា ដែល​ញុះញង់​ឱ្យ​ស្អប់ខ្ពើម​អ៊ីស្លាម
ក្រុម​ប្រឹក្សា​ធម្មការ​ភូមា​រំលាយ​ចលនា​ពុទ្ធសាសនា​ជ្រុលនិយម​ម៉ាបាថា ដែល​ញុះញង់​ឱ្យ​ស្អប់ខ្ពើម​អ៊ីស្លាម ©AFP
ផ្សាយពាណិជ្ជកម្ម

 

ចលនា​ពុទ្ធសាសនា​ ជ្រុលនិយម​ ដ៏​មាន​អំណាច​នៅ​ក្នុង​ប្រទេស​ភូមា ម៉ាបាថា ត្រូវ​បាន​ហាម​ឃាត់ ដោយ​អាជ្ញាធរ​ធម្មការ​ភូមា កាលពី​ថ្ងៃ​២៣​ឧសភា។ រាល់​គ្រប់​បុគ្គល ឬ​ក្រុមណា ដែល​បញ្ចេញ​សកម្មភាព​ក្រោម​ផ្លាក ម៉ាបាថា ត្រូវ​ដក​ខ្លួនចេញ និង​លុប​ចោល​ឱ្យអស់​នៅ​នូវ​រាល់​ផ្លាក​សញ្ញា​ម៉ាបាថា ឱ្យ​បាន​មុន​ថ្ងៃទី ១៥​កក្កដា បើ​ពុំ​នោះ​ទេនឹង​ត្រូវ​ជាប់​ទោស !
ប៉ុន្តែ​ការ​គំរាម​កំហែង និង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ មិន​ត្រូវ​បាន​ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា ជា​សកម្មជន​របស់​ចលនា​ក្លបខ្លាច​ឡើយ។ សង្ឃជា​ច្រើន​អង្គ ព្រម​ទាំង​សកម្មជន នៅ​​បន្ត​បើក​ធ្វើសន្និសីទ​​ប្រចាំឆ្នាំក្រោម​ផ្លាក​ចលនា​ម៉ាបាថា​ នៅ​ថ្ងៃ​សៅរ៍​នេះ តាម​ការ​គ្រោង​ទុក​​​ដដែល។
សូម​បញ្ជាក់​ថា តាំង​ឆ្នាំ​២០១១ ឆ្នាំ​ដែល​ភូមា​ចាប់​បើក​ចំហ​ប្រទេស ចំពោះ​​សហគមន៍​អន្តរជាតិ​មក ចលនា​ពុទ្ធសាសនា​ ​ម៉ាបាថា ដែល​បង្កើត និង​រីកលូតលាស់​ខ្លាំង​ក្នុង​សម័យដឹកនាំ​សឹក បាន​តាំង​ខ្លួន​ជា​រនាំង​ការ​ពារនិង​បាន​បង្ហាញ​​​ ​វត្តមាន​ ព្រម​ទាំង​បញ្ចេញ​​សកម្មភាព​ខ្លាំង​ ​ប្រឈម​នឹង​រលក​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស ដែល​មាន​ប្រមាណ​តែ​៥%ប៉ុណ្ណោះ។ ក្រុម​ចលនា​សង្ឃ​ពុទ្ធសាសនា​ជ្រុលនិយម​នេះ មិន​សំចៃ​នឹង​សាបព្រោះ​ពាក្យ​សំដី និង​សារ​ញុះញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ និង​ហិង្សា​ប្រឆាំង​នឹ​ងសហគមន៍​អ៊ីស្លាម។
អំពើ​ហិង្សា​ប្រឆាំង​សហគមន៍​សាសនាអ៊ីស្លាម រ៉ូហ៊ីងយ៉ា ជនជាតិ​ភាគ​តិច​គ្មាន​ប្រទេស​គ្មាន​សញ្ជាតិ បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ភាព​តាន​តឹង បាន​បន្ត​ឆេះ​សន្ធោសន្ធៅ​ដដែល នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដោយ​ទាហាន​ភូមា​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​​តែ​ម្តង​​។ កាលពី​សប្តាហ៍​មុន ផ្ទះ​សម្បែង​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​ នៅ​ក្នុង​សង្កាត់​ជាយ​ក្រុង​រ៉ងហ្គូន ត្រូវ​ដុត​បំផ្លាញ។ សម្រាប់​អង្គការការពារ​សិទ្ធិ​មនុស្ស​ ភូមា​កំពុង​តែ​បើក​ប្រតិបត្តិការ​ បោស​សម្អាត​ជាតិ​ពិន្ធុ ដែល​មាន​ទម្រង់​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។
​លោកស្រី​អ៊ុងសានស៊ូជី ក៏ធ្លាប់​បាន​រង​ការ​រិះគន់ខ្លាំង​ ចំពោះ​ការ​សំងំ​គ្មាន​មិន​ចេញ​ស្តី​នឹង​​អំពើ​​ហិង្សា​របស់​ក្រុម​ពុទ្ធសាសនិក​ជ្រុល​និយម​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម។ កាលពី​ឆ្នាំ​ទៅ​រដ្ឋាភិបាល​ថ្មី​ថ្មោង​របស់​លោកស្រី​អ៊ុងសានស៊ូជី បាន​ត្រាម​​ចលនា​នេះ មិន​​​ឱ្យ​សាបព្រោះ​ការស្អប់​ខ្ពើម​អ៊ីស្លាម ហើយ​ទើប​តែ​ចេញ​បម្រាម​រំលាយ​ចលនាកាលពី​សប្តាហ៍​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ