អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមុទ្រ​ចិន​ខាងត្បូង៖ ចិន​ចាញ់ តែ​ហ្វីលីពីន​ក៏​​មិន​ប្រាកដ​ថា​ឈ្នះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​​មជ្ឈិតកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ​បាន​សម្រេច​ដោយ​យោង​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ ​ ថាចិន​ពុំ​មាន​សិទ្ធិ​អ្វី​មក​លើ​តំបន់​កូនកោះ ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ​ហើយ​ហេតុផល​ប្រវត្តិសាស្ត្រ​ដែល​ចិន​បាន​លើក​ឡើង ​ គឺ​វា​ពុំមាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​ ទៅ​តាម​សន្ធិសញ្ញា​ច្បាប់​សមុទ្រ​ ដែល​ចិន​ខ្លួនឯង​ជា​ប្រទេស​ហត្ថលេខី​នោះ​ទេ។ នៅថ្ងៃ​ពុធ​នេះ ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ក្តែងៗ ​ថាខ្លួន​មិន​ខ្វល់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ ​ហើយ​ចិន​ត្រៀម​កម្លាំង​គ្រប់គ្រាន់​​ ដើម្បី​ការពារ​អធិបតេយ្យភាព​ដែន​ទឹក​របស់​ខ្លួន ​បើមាន​នរណា​ហ៊ាន​មក​បំពាន។ ចំណែក​ហ្វីលីពីន ​ដែល​ជា​អ្នក​ឈ្នះ​ ហាក់​កំពុង​ប្រុង​ប្រយ័ត្ន​ខ្លាំង ​ដោយ​មិន​ចង់​ប្រលែង​ជាមួយ​គ្រោះថ្នាក់។

ប្រជាជនហ្វីលីពីន​​អបអរ​នឹងសេចក្តី​​សម្រេច​​របស់​​តុលាការ​​អាជ្ញារកណ្តាល​​អន្តរជាតិ
ប្រជាជនហ្វីលីពីន​​អបអរ​នឹងសេចក្តី​​សម្រេច​​របស់​​តុលាការ​​អាជ្ញារកណ្តាល​​អន្តរជាតិ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​យើង​អាច​ទាញ​ចេញ​បាន​ពី​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​ក្រុង​ឡាអេ ​កាលពី​ថ្ងៃ​ ១២ កក្កដា​ គឺ​មាន​ពីរ​ចំណុច​ធំៗ ​ហើយ​ដែល​ពីរ​ចំណុច​នេះ​ វា​មាន​ហុចផល​ឲ្យ​គ្នាទៅ​វិញ​ទៅ​មក។

ទាត់ចោល​ហេតុផល​ប្រវត្តិសាស្ត្រ​របស់ចិន៖
ទីមួយ​គឺ​ តុលាការ​បាន​ទាត់​ចោល​ហេតុ​ផល​ដែល​ចិន​បាន​លើកឡើង​ដើម្បី​សំអាង​ទាមទារ ​យក​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ​សឹងតែ​៨០%​ថា​ជា​របស់ខ្លួន។ ចិន​សំអាង​លើ​ហេតុផល​ប្រវត្តិសាស្ត្រ ​ថា​ដែនកោះ​ទាំងឡាយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ សុទ្ធតែ​ធ្លាប់​មាន​អ្នក​នេសាទ​ចិន​ទៅ​រកត្រី​ រឺ​ក៏​ទូក​ជំនួញ​ចិន​ទៅ​សំចត ​តាំង​តែ​ពី​សតវត្ស​ទី​១៣​មកម្លេះ។ ដូច្នេះ​កោះ​ទាំងនោះ​ជា​របស់​ចិន​ទាំង​អស់។

ចំណុចនេះ ​តុលាការ​បាន​សម្រេច​ថា ​ហេតុផល​ប្រវត្តិសាស្ត្រ ​មិន​អាច​យក​មក​ជា​សំអាង​ផ្លូវ​ច្បាប់​បានទេ។ មិនមែន​មានតែ​ទូក​នេសាទ​ចិន​ទេ ​ដែល​បាន​ឈប់​សំចត​នៅ​តាម​កោះ​ទាំងនោះ ​ទូក​នេសាទ​ជនជាតិ​ផ្សេង​ក៏មាន។ បើ​ដូច្នោះ​ទីណា​ធ្លាប់​មាន​ជនជាតិ​ចិន​ទៅ​ដល់ ​គឺ​ជា​របស់​ចិន​ទាំង​អស់​​ហើយ។ ឧទាហរណ៍ងាយ​យល់ ​ ប្រាសាទ​បូរាណ​ខ្មែរ​យើង ​ដែល​មាន​នៅ​ពាសពេញ​ប្រទេស​ថៃ​បច្ចុប្បន្ន ​វា​គ្រាន់តែ​បាន​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ​តែ​យើង​មិន​អាច​ទៅ​ទាម​ទារ​យក​ទឹកដី​នោះ​ ថា​ជា​របស់​ខ្មែរ​បានទេ។

គ្មានកោះ ​គ្មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ៖
ចំណុច​ទីពីរ​នៃ​សេចក្តី​សម្រេច​របស់​តុលាការ ​គឺ​ទាក់ទិន​ទៅ​នឹង​ការ​ឲ្យ​និយមន័យ​កោះ។ កោះ​ដែល​ជាប់​ជម្លោះ​នេះ ​ ​គឺ​តំបន់​កូនកោះ​Scarborough​ ដែល​មាន​ចំងាយ​ប្រមាណ​១៨០​គីឡូម៉ែត្រ​​ពី​​ឆ្នេរ​សមុទ្រ​ហ្វីលីពីន ​តែ​បើ​គិត​ពី​ចិន​មក​ ​គឺ​ចម្ងាយ​ដល់ទៅ​៥៦០​គីឡូម៉ែត្រ​ឯណោះ។ តាម​ច្បាប់​អន្តរជាតិ​ តែ​កាលណា​ដីមួយ​ដុំ​ក្នុង​សមុទ្រ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កោះ​របស់​ប្រទេស​មួយ​ គឺ​មាន​ន័យ​ថា ​នៅ​ជុំវិញ​កោះ​នោះ​ចំងាយ​៣២០​គីឡូម៉ែត្រ ​គឺ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​នោះ។

តុលាការ​សម្រេច​ថា ​តំបន់​Scarborough ​មិនមែន​ជា​កោះទេ ​គឺ​វា​គ្រាន់តែ​ជា​ថ្ម​ប៉ប្រះ​ទឹក ​ដែល​ម្តង​លិច​ម្តងឃើញ ​ទៅតាម​ទឹក​សមុទ្រ​ជោរ​រឺ​នាច​តែ​ប៉ុណ្ណោះ។ ហើយ​មួយទៀត ​ធាតុ​សំខាន់​ដែល​អាច​ចាត់ទុក​ជា​កោះបាន ​ គឺ​ត្រូវ​មាន​ប្រភព​ទឹក​សាប ​ដើម្បី​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន។ ដូចគ្នា​ដែរ ​សម្រាប់​តំបន់​កូនកោះ ​Spratleys ​ដែល​ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​នោះ ​ ​ក៏​តុលាការ​មិន​បាន​ចាត់​ទុក​ថា​ជា​កោះ ​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២​ដែរ។

អញ្ចឹង​មិនថា​ ថ្មនៅ​តំបន់​ Scarborough ​រឺ​ Spratleys​ទេ ​គឺ​មិនមែន​ជា​កោះ​ទាំងអស់ ​ហើយ​ដូច្នេះ ​គឺ​គ្មាន​ដំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​៣២០​គីឡូម៉ែត្រ ​នៅ​ជុំវិញ​ទេ។ អញ្ចឹង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ ​គឺ​ត្រូវ​វាស់​គិត​ពី​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​នីមួយៗ។ អញ្ចឹង​ចិន​ មាន​សិទ្ធិ​គ្រប់គ្រង​ដែន​សមុទ្រ ​តែ​ចម្ងាយ​៣២០​គីឡូម៉ែត្រ​ពី​ឆ្នេរ​កោះហៃណាន​តែ​ប៉ុណ្ណោះ។ រឺ​ក៏​តំបន់ ​Scarborough ​គឺ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន​ ដូចដែល​ហ្វីលីពីន​បាន​ទាមទារ។
 
ចិនថា ​សេចក្តី​សម្រេច​របស់​តុលាការ​គ្រាន់​តែ​ជា​ក្រដាស​ ដែល​គេ​អាន​ហើយ​បោះ​ចោល៖
ចិន ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការ ​ ថា​មិន​ទទួល​ស្គាល់​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ ​ព្រោះ​ចិន​ដឹង​យ៉ាង​ច្បាស់​ថា​គ្មាន​សង្ឃឹម​ឈ្នះទេ​ ​បើ​យក​ផ្លូវ​ច្បាប់​អន្តរជាតិ​មក​និយាយ។ គោលជំហរ​ចិន​នៅពេល​នេះ ​យើង​ឃើញ​ថា​នៅ​តែ​រឹង​ទទឹង​ដដែល។ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​ថ្លែង​ថា ​សេចក្តី​សម្រេច​នេះ ​ វា​​គ្មាន​អី​ខុស​ពី​ក្រដាស​មួយ​សន្លឹក​ដែល​គេអាន​ហើយ​ រួច​ឈ្លី​យក​ទៅចោល​ក្នុង​ធុង​សម្រាម​ទេ។ ពាក្យនេះ​ធ្ងន់​ណាស់​ ​ព្រោះវា​មាន​ន័យ​ថា ​ចិន​មិន​ញញើត​នឹង​ស្ថាបន័​យុត្តិធម៌​អន្តរជាតិ​ទេ ​ទាំង​ចិន​ខ្លួន​ឯងជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ច្បាប់​សមុទ្រ​ទៀត។

អគ្គរដ្ឋទូត​ចិន ​នៅ​សហរដ្ឋ​អាមេរិក​ ថា​សេចក្តី​សម្រេច​នេះ​ វា​មិនខុស​ពី​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​ឲ្យកាន់​តែ​ឆេះ​នោះ​ទេ។ សេចក្តី​សម្រេច​របស់​តុលាការ ​នឹង​ជម្រុញ​ឲ្យ​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ បាន​ចិត្ត ​ហើយ​បង្ករ​បញ្ហា​រករឿង​ចិន​កាន់​តែ​ខ្លាំង ​ ដែល​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​តាម​ការ​ចរចា ​ត្រូវ​តែ​ជួប​បរាជ័យ។

ចិន​ត្រៀម​ការពារ​ដែន​អាកាស ​ក្នុង​តំបន់​មាន​ជម្លោះ៖
មិនត្រឹម​តែ​ប៉ុណ្ណោះ ​នៅថ្ងៃ​ពុធ​នេះ​ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ​និង​បើក​តំបន់​ការពារ​ដែន​អាកាស ​នៅ​ជុំវិញ​តំបន់​ដែល​មាន​ជម្លោះ។ មូលដ្ឋាន​ទ័ព​អាកាស​ដែល​ចិន​បាន​សាងសង​នៅ​តំបន់​ Spratleys ​នឹង​ទទួល​យន្តហោះ​ចម្បាំង​ ដើម្បី​ធ្វើ​ការ​ការពារ​សន្តិសុខ ​ហើយ​វាយ​ប្រហារ​បើ​សិន​ជា​បរទេស​ណា​ហ៊ាន​ចូល​លុក​លុយ។ ហើយ​សូម្បីតែ​យន្តហោះ​ស៊ីវីល​ដែល​ចង់​ហោះ​ឆ្លងកាត់​ ក៏ត្រូវ​ផ្តល់​អត្តសញ្ញាណ ​និង​សុំការ​អនុញ្ញាតិ​ពី​ចិន​ដែរ ​ពុំនោះ​ទេ ​គេ​នឹង​បាញ់​បំផ្លាញ​ចោល។

តៃវ៉ាន់ ​ក៏ចាញ់​នឹង​គេ​ដែរ៖
បញ្ហា​លំបាក​កាន់តែ​មាន​ច្រើន​ថែមទៀត ​ដោយសារ​ពេល​នេះ​តៃវ៉ាន់ ​ក៏​ក្តៅ​ស្លឹក​ត្រចៀក​ដែរ ​ ដោយសារ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ ​បាន​ទាក់ទង​ដោយ​ប្រយោល​ទៅ​ដល់​តៃវ៉ាន់។ តៃវ៉ាន់ ​បច្ចុប្បន្ន​នេះ​កំពុង​គ្រប់គ្រង​កោះ​មួយ​ឈ្មោះ ​Taiping ​ដែល​ជា​កោះ​ធំ​ជាង​គេ​ស្ថិតក្នុង​ប្រជុំ​កោះ​តំបន់​Spratleys។ កោះនេះ ​មាន​ប្រជាជន​តៃវ៉ាន់​រស់នៅ ​ហើយ​មាន​ប្រភព​ទឹក​សាប​៤កន្លែង។ តែ​យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ​គឺ​ថា​ គ្មាន​កោះ​ណាមួយ​ ត្រូវ​ទទួល​ស្គាល់ជា​កោះ​ពេញ​លក្ខណៈ​តាម​ផ្លូវ​ច្បាប់​ទេ។ ឥឡូវ​រដ្ឋាភិបាល​តៃវ៉ាន់ ​បាន​បញ្ជូន​នាវា​ចម្បាំង​ឆ្ពោះទៅ​កោះ​នោះ ​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ​ដែរ។

ហ្វីលីពីន​ឈ្នះក្តី ​ តែ​ត្រូវ​ប្រយ័ត្ន​ខ្លួន៖
បើ​ យោង​តាមទ្រឹស្តី ​គឺ​ហ្វីលីពីន​ឈ្នះ​មែន ​តែ​ការ​ពិត​ជាក់ស្តែង ​ហ្វីលីពីន​នៅ​មិន​ទាន់​ឈ្នះ​ទេ។ ជ័យជំនះ​នេះ​ក៏​មិនមែន​របស់​ហ្វីលីពីន​តែ​ម្នាក់ឯង​ដែរ​ ​គឺ​សម្រាប់​ប្រទេស​ផ្សេងទៀត ​ដែល​ត្រូវ​ចិន​រំលោភ​បំពាន។ តែយ៉ាងណា​ហ្វីលីពីន​ ហាក់​បញ្ចេញ​ឥរិយាបថ​ប្រុង​ប្រយ័ត្ន​ច្រើន​ណាស់​ ក្រោយ​ពេល​ដែល​ទទួល​បាន​លទ្ធផល​ល្អ​នេះ។

ជាការពិត​ សហគម​អន្តរជាតិ ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​សងខាង​ប្រកាន់​ជំហរ​ស្ងៀមស្ងាត់ ​ហាម​និយាយអ្វី​ដែល​មាន​លក្ខណៈ​ឌឺដង​ នាំឲ្យ​ឈាន​ទៅដល់​ជម្លោះ​ប្រើ​កម្លាំង។ យើង​ឃើញ​ថា​ហ្វីលីពិន​ បាន​ខាំមាត់​សង្កត់ចិត្ត​មិន​បាន​និយាយ​អ្វី​ច្រើន ​ឲ្យ​ចិន​ខឹង​ទេ។ តែផ្ទុយ​ទៅ​វិញ​ចិន​ទេ ​ដែល​ក្តៅ​ក្រហល់​ក្រហាយ​ ប្រកាស​ប្រើ​កម្លាំង ​តែ​ម្នាក់​ឯង។

ដូចយើង​ដឹង​ស្រាប់ថា​ អ្នក​ដែល​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អាជ្ញារកណ្តាល​អន្តរជាតិ​នេះ ​គឺ​រដ្ឋាភិបាល​ហ្វីលីពីន​មុន​ ដែល​មាន​លោក​អាគីណូ​ ជា​ប្រធានាធិបតី។ រដ្ឋាភិបាល​ហ្វីលីពីន​ថ្មី ​​ដែល​ដឹកនាំ​ដោយ​លោក រ៉ូឌ្រី​ហ្គោ ឌុយទែតេ ​នេះ ​មានគោល​នយោបាយ​ផ្សេង​ដោយ​ឡែក។ នៅមុន​តុលាការ​សម្រេច​សេចក្តី​២ថ្ងៃ​​ លោក​ប្រធានាធិបតី​នេះ​បាន​ប្រកាស​ថា ​ទោះ​បី​ហ្វីលីពីន​ឈ្នះ​ ​ក៏​ហ្វីលីពីន​សុខចិត្ត​ចរចា ​ដើម្បី​ចែក​ភោគផល​ធម្មជាតិ​នៅ​បាតសមុទ្រ​ជាមួយ​ចិន​ដែរ។ ត្រង់​ចំណុច​នេះ​ យើង​ឃើញ​ថា​រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន​ថ្មី ​ខ្លាច​ចិន​រួច​ទៅ​ហើយ។

តាម​ការ​សន្និដ្ឋាន ​លោក​រ៉ូឌ្រីហ្គោ ឌុយទែតេ ​មាន​ទំនោរ​ចង់​ចាប់ដៃ​ចង​មិត្ត​ជាមួយ​ចិន ​ព្រោះ​ត្រូវ​ការ​ហ៊ុន​វិនិយោគ​ចិន ​ ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ។ គាត់​ធ្លាប់​ប្រកាស​ច្រើន​លើក​មក​ហើយ​ ថា​ចង់​ស្តារទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន ​ឲ្យ​ល្អ​ឡើងវិញ។

អ្វីដែល​គួរ​ឲ្យចាប់​អារម្មណ៍​ ចាប់​ពីពេល​នេះ​ទៅ ​តើ​សហគម​អន្តរជាតិ ​មាន​ជា​អាទិ៍ ​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​និង​ សហគម​អាស៊ាន ​មាន​គោល​ជំហរ​យ៉ាងណា​ចំពោះ​ចិន ​ដែល​កំពុង​តែ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​តែ​ម្នាក់​ឯង​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ។ តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ​គឺ​ជា​ច្រក​ចរាចរណ៍​នាវា​ដឹក​ទំនិញ​ដ៏សំខាន់​ ដែល​មួយឆ្នាំៗ​ គិត​ជា​ទឹកប្រាក់​ស្មើនឹង​៤៥០០​ពាន់​លាន​ដុល្លារ។ ដូច្នេះ​បើ​តំបន់​នេះ​ត្រូវ​ចិន​អាងយ៉ាង​តែ​ម្នាក់​ឯង ​រឺ​ក៏​មាន​ការ​ប៉ះទង្គិច​ផ្នែក​យោធា ​អាមេរិក​បាន​សន្យា​ហើយ​ថា ​អាមេរិក​មិន​អាច​ឱប​ដៃ​មើល​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ