អានតួអត្ថបទ
ចិន-ហ្វីលីពីន

សេចក្ដី​សម្រេច​ស្ដី​ពី​សមុទ្រ​ចិន​ខាង​ត្បូង៖​ ហ្វីលីពីន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​អត់​ធ្មត់ ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់

ហ្វីលីពីន កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​បន្ត​អត់​ធ្មត់ ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។ ការអំពាវនាវ​នេះ ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​តុលាការ​អចិន្ត្រៃយ៍​នៃ​អាជ្ញាកណ្ដាល​ក្រុង​ឡាអេ ចេញ​សេចក្ដី​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន ជុំ​វិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង @RFI
ផ្សាយពាណិជ្ជកម្ម

ហ្វីលីពីន​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​អចិន្ត្រៃយ៍​នៃ​អាជ្ញាកណ្ដាល​ក្រុង​ឡាអេ ដែលបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចិន​គ្មាន​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រនៅ​សមុទ្រ​ចិន​ខាង​ត្បូង ដូច​ដែល​បាន​លើក​ឡើង​ឡើយ​។ នេះ​គឺ​ជា​សេចក្ដី​ថ្លែង​ការណ៍​របស់រដ្ឋ​មន្ដ្រី​ការ​ប្រទេស​ហ្វីលីពីន ​លោក Perfecto Yasay កាល​ពី​ថ្ងៃ​អង្គារ​។ សម្រាប់​លោក Perfecto Yasay សេចក្ដី​សម្រេច​របស់​តុលាការ​ដូច្នេះ គឺ​ជា​ជំហាន​ប្រវត្តិសាស្ត្រ ដែល​រួម​ចំណែក​ដោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​។ លោក Perfecto Yasay បាន​អះអាង​ពី​ការ​​​តាំង​ចិត្ត​និង​សេចក្ដី​គោរព​យ៉ាង​មុត​មាំ​របស់​ហ្វីលីពីន ក្នុង​ការអនុវត្ត​សេចក្ដី​សម្រេច​នេះ។ ហើយ​បើ​តាម​ប្រមុខ​ការទូត​ដដែល ហ្វីលីពីន​ក៏​​សូម​​អំពាវនាវ​ឲ្យគ្រប់​​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ​បន្ត​អត់​ធ្មត់ ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

សូម​ជម្រាប​ជូន​ថា ការ​អំពាវនាវ​ឲ្យ​ហ្វីលីពីន​ដូច្នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ភាគី​ជម្លោះ​ម្ខាង​ទៀត​គឺ​ចិន បន្ត​ច្រាន​ចោល​ មិន​ទទួល​ស្គាល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​។ ទន្ទឹម​នឹង​ប្រតិកម្ម​មិន​ទទួល​ស្គាល់​សេចក្តីសម្រេច​របស់​តុលាការ ចិន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​សិទ្ធិ​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​សមុទ្រចិនខាងត្បូង​ដែល​ចិន​បាន​រក​ឃើញ និង​បាន​ធ្វើ​អាជីវកម្ម​តាំង​ពី​ប៉ុន្មាន​សតវត្ស​មក​ហើយ។ ជំហ​របស់​ចិន តាំង​ពី​ដើម​មក​ហើយ​នៅ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គឺ ចង់​បន្ត​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ និង​ដោយ​មិន​ចាំ​បាច់​មាន​អាជ្ញា​កណ្ដាល​។

ជាការ​ពិត ជំហរ​​នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ពិភព​លោក​ឡើយ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្ដរជាតិ​បាន​នាំ​គ្នា​ចេញ​មុខ​អន្តរាគមន៍ ដោយ​​ស្នើ​ឲ្យ​ចិន​ក៏​ដូច​ជា​ហ្វីលីពីន គោរព​តាម​​​សេចក្ដី​សម្រេច​របស់​តុលាការ​អចិន្ត្រៃយ៍​នៃ​អាជ្ញាកណ្ដាល​ក្រុង​ឡាអេ។ ការ​មិនអើ​ពើ មិន​ទទួល​ស្គាល់ ឬ​មិន​គោរព​ចំពោះ​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​សហគមន៍​អន្ដរជាតិ ចាត់​ទុក​ថា ជា​ការ​រំលោភលើ​ច្បាប់​និង​​នីតិវិធី​អន្ដរជាតិ​យ៉ាង​ធ្ងន់​ធ្ងរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ