អានតួអត្ថបទ
ថៃ

សាច់ញាតិ​ម្នាក់ទៀត របស់​ថាក់ស៊ីន​ត្រូវ​គេ​ប្តឹង​ទៅ​តុលាការ​ពីបទ​​រំលោភ​អំណាច

ប្អូនថ្លៃ​ប្រុស​របស់​លោក​ថាក់ស៊ីន​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បង្ហាញមុខ នៅ​តុលាការ នៅ​ថ្ងៃ​ទី ១១​មិថុនា ខាងមុខ បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ប្រឆាំង​រូបលោក ពី​សំណាក់​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។ នេះ​បើតាម​ប្រភព​ពី​មន្រ្តី​តុលាការ​កំពូល​ថៃ ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP កាលពីថ្ងៃ​ពុធ​ទី ១១ កុម្ភៈ។ 

លោក​ស៊ុមឆៃ វង្សសាវ៉ាត អាយុ ៦១​ឆ្នាំរៀន​ផ្នែកច្បាប់ធ្លាប់​បាន​សំឡេង​ភាគច្រើន​ពី​សភា ដើម្បីចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ថៃនៅ​ឆ្នាំ ២០០៨
លោក​ស៊ុមឆៃ វង្សសាវ៉ាត អាយុ ៦១​ឆ្នាំរៀន​ផ្នែកច្បាប់ធ្លាប់​បាន​សំឡេង​ភាគច្រើន​ពី​សភា ដើម្បីចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ថៃនៅ​ឆ្នាំ ២០០៨ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

របប​សឹក​យោធា​បន្ត​យុទ្ធនាការ​បិទ​ខ្ទប់​សំលេង​របស់​គ្រួសារ​លោកថាក់ស៊ីន។ តាម​ការចុះ​ផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តី​តុលាការ​កំពូល​ថៃ លោក​ស៊ុមឆៃ វង្សសាវ៉ាត ប្អូនថ្លៃ​ប្រុស​របស់លោក​ថាក់ស៊ីន ត្រូវ​បាន​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដាក់​ពាក្យ​ប្តឹង ក្នុង​បទ​រំលោភអំណាច នៅក្នុង​ពេល​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ថៃ នៅ​ឆ្នាំ ២០០៨។ នៅ​ឆ្នាំ​នោះ លោក​ស៊ុមឆៃ វង្សសាវ៉ាត ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ បាន​តែ​៨០​ថ្ងៃ ប៉ុណ្ណោះ។ នៅ​ខែ​តុលា ឆ្នាំ ២០០៨ បន្ទាប់ពី​បាតុកម្ម​រ៉ាំរ៉ៃ​របស់​ក្រុមអាវលឿង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​របស់​លោកថាក់ស៊ីន ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​បំបែក​ហ្វូងបាតុករ រហូត​ឈាន​ដល់​ការប្រឈមមុខ​ដាក់​គ្នា​រវាង​បាតុករ​អាវលឿង និង​ប៉ូលិស ដែល​បាន​សម្លាប់​មនុស្ស​២​នាក់ និង​របួស ជាច្រើន​នាក់។

 
សំណុំរឿង​ប្តឹង​ប្អូនថ្លៃ​ប្រុស​របស់លោកថាក់ស៊ីន រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ។ ពាក្យ​ប្តឹងផ្តល់​ប្រឆាំង​លោក​ស៊ុមឆៃ ពីសំណាក់​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ រឹតតែ​ជា​​រឿង​ចម្រូងចម្រាស នៅក្នុង​សង្គម​ថៃ ព្រោះថា រហូត​មកដល់​នេះ គណៈកម្មការ​ជាតិ មួយនេះ​មិនដែល​ហ៊ាន​ដាក់ពាក្យ​ប្តឹង​ប្រឆាំង លោក​អាភីស៊ីត វីចាជីវ៉ា មក​ក្រុម​អាវលឿង ម្តងណា​ទេ។ នៅក្នុង​ពេល​កាន់អំណាច​របស់ខ្លួន នៅ​ឆ្នាំ ២០១០ លោក​អាភីស៊ីត ធ្លាប់​បាន​បញ្ជា​ឲ្យ​ទាហាន និង​ប៉ូលិស​បើកការបង្រ្កាប​បាតុករ ក្រុមអាវក្រហម ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ប្រតិបត្តិការ​របស់​អាជ្ញាធរ​ថៃ នៅ​ក្រោមអំណាច​របស់​លោកអាភីស៊ីត​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៩០​នាក់ និង​របួស​ជាង​មួយពាន់នាក់។ ប៉ុន្តែ លោកអាភីស៊ីត និង​លោកស៊ូថេប ឧបនាយក​រដ្ឋមន្រ្តី​ថៃ នៅ​ឆ្នាំ ២០១០ នៅ​តែ​រួចខ្លួន ពី​ការចោទប្រកាន់​តាម​ផ្លូវតុលាការ។

អ្នកសង្កេតការណ៍​នយោបាយ​ថៃ និង​ក្រុមអាវក្រហម​បាន​រិះគន់​គណៈកម្មការជាតិ​ប្រឆាំង​អំពើពុករលួយ​ថា ជា​ឧបករណ៍​តុលាការ​ដែល​របប​សឹក​ថៃ​ប្រើ​ដើម្បី​ប្រឆាំង បំបាក់​សំឡេង​គណបក្ស​ប្រឆាំង​នឹង​ខ្លួន ដែល​មាន​និន្នាការ​គាំទ្រ​លោក​ថាក់ស៊ីន។ លោក​ស៊ុមឆៃ ត្រូវ​បាន​គេមើល​ឃើញ​ថា អាច​ជា​អនាគត​មេដឹកនាំ​បក្ស​ប្រឆាំង បក្ស​ភឿថៃ បន្ទាប់​ពី​លោកស្រី​យីងឡាក់ ត្រូវ​បាន​របបសឹក​ថៃ ធ្វើរដ្ឋប្រហារ​ទម្លាក់​ចេញពីតំណែង កាលពី​ខែ​ឧសភា​​ឆ្នាំមុន។ ប្រមុខយោធា​ថៃ លោក​ប្រាយុទ្ធ​ចាន់អូចា បាន​ប្រកាស​ថា នឹង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​មួយ នៅ​ដើម​នៅ​ឆ្នាំ​ក្រោយ។ ប៉ុន្តែ ការប្តឹងផ្តល់​មេដឹកនាំ​ក្រុមអាវក្រហម ដែល​ជាប់ជិតស្និទ្ធ ឬ ជា​សាច់ញាតិ​របស់​លោកថាក់ស៊ីន ទៅ​តុលាការ ត្រូវ​បាន​គេ​មើលឃើញថា ជា​យុទ្ធសាស្រ្ត​របស់​របបសឹកថៃ ដើម្បី​ធានា​ថា នឹង​គ្មាន​ត្រកូល​ថាក់ស៊ីន នៅក្នុង​ចំណោម​អ្នកនយោបាយ ដែល​ចង់​ឈរ​ឈ្មោះ សម្រាប់​កាបោះឆ្នោត សភា​ថៃ នៅ​ឆ្នាំ​ក្រោយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ