អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ាគីស្ថាន​ឋិតនៅក្រោម​សម្ពាធ​នៃសម្ព័ន្ធភាព​ឥណ្ឌា-អាហ្វហ្កានីស្ថាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

“​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​"​​ថ្មី​ដែល​សម្រេចបាន​នៅ​សប្តាហ៍​នេះ​ រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​បណ្តាល​ឲ្យ​ប្រទេស​ ប៉ាគីស្ថាន​កើតមាន​ក្តី​បារម្ភ​យ៉ាងខ្លាំង​ ​ ហើយអាច​នាំឲ្យ​មាន​ភាពតានតឹង​នៅក្នុង​តំបន់​ទៀតផង។​ ទីក្រុង​អ៊ីស្លាម៉ាបាដ​ខ្លាច​ឋិត​នៅ​ឯកា​ដោយ​ហេតុ​តែ​មាន​សម្ព័ន្ធភាព​ ឥណ្ឌា-អាហ្វហ្កានីស្ថាន​នេះ។​ ជាពិសេស​ក្នុង​ខណៈដែល​ទំនាក់​ទំនង​អាមេរិក-ប៉ាគីស្ថាន​កំពុង​ស្គាល់​ភាព​ រកាំ​រកូស។

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ប៉ាគីស្ថាន​កំពុង​ទទួលរង​ការទិតៀន​យ៉ាងខ្លាំងក្លា​ពី​សំណាក់​សហគមន៍​អន្តរជាតិ។​ ប្រទេស​ប៉ាគីស្ថាន​ដែល​បាន​កើតចេញ​ជា​រូបរាង​ក្រោយពី​មាន​ការ​បែងចែក​ជាមួយ​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ១៩៤៧​ដែល​ពោរពេញ​ទៅដោយ​ទង្វើ​យ៉ាង​​ហិង្សា​និង​យ៉ាង​វេទនា​។

 
ប៉ាគីស្ថាន​ដែល​មាន​ប្រទេស​ឥណ្ឌា​ជាប់​នៅ​ព្រំដែន​ប៉ែក​ខាងកើត​ ​ បាន​ត្រូវ​គេចោទថា​ ​ ចង់​រៀបចំ​ឲ្យ​មាន​ “​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​”​មួយ​នៅ​ប៉ែក​ខាងលិច​នៃ​ប្រទេស ​ ​ពោលគឺ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយ​ជួយ​ធ្វើការ​គាំទ្រ​ពួក​តាលីបង់​ ​ ហើយនិង​ជួយ​ចាក់ប្រេង​បន្ថែម​ភ្លើង​សង្គ្រាម​ឲ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត។​ ភ្លើង​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន​បាន​ក្លាយ​ទៅជា​ទីកន្លែង​ធ្វើឲ្យ​កងកម្លាំង​នៃ​បក្ស​សម្ព័ន្ធ​អូតង់​ក្រោមការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ជាប់ផុង។​ សហរដ្ឋ​អាមេរិក​ដែល​បាន​លើកទ័ព​មក​ដេញកំចាត់​ពួក​តាលីបង់​ចេញពី​រដ្ឋ​អំណាច​នៅ​ចុងឆ្នាំ២០០១។

នារយៈកាល​ចុងក្រោយនេះ​ ​ ប្រទេស​ប៉ាគីស្ថាន​ទទួលរង​ការទិតៀន​កាន់តែ​ខ្លាំងឡើងៗ​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​កាប៊ូល។​ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ថ្លែង​ឲ្យដឹង​នៅ​ពេល​ថ្មីៗ​នេះថា​ ​ ឃាតកម្មដែលបានប្រព្រឹត្តទៅលើរូបលោកអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន​ Rabbani ដែលជាអ្នកមានបន្ទុកជួយជំរុញឲ្យពួកតាលីបង់ចូលមករកតុចរចាដើម្បីសន្តិភាពជាមួយទីក្រុងកាប៊ូលជាស្នាដៃរបស់ប៉ាគីស្ថាន។ហើយទីក្រុងអ៊ីស្លាម៉ាបាដក៏បានផងទៀតខាឃាំងបង្កើតឲ្យមានឧបសគ្គដល់ការស៊ើបអង្កេតទៅលើបញ្ហាឃាតកម្មលើរូបលោករ៉ាបានី។

ឆ្លើយតប​ទៅនឹង​សំណួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដៃគូ​យុទ្ធសាស្ត្រ​ឥណ្ឌា-អាហ្វហ្កានីស្ថាន​ដែល​ប្រទេស​ទាំងពីរ​ទើបនឹង​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ​ ​ លោកនាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Yousuf Reza Gilani បាន​ឆ្លើយ​បែប​ព្រងើយថា​ ​ “​ប្រទេស​ទាំងពីរ​ជា​ប្រទេស​អធិបតេយ្យ​ ​ ដូច្នេះ​គេមាន​សិទ្ធិ​ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ”។

ក៏​ប៉ុន្តែ​អ្នក​សង្កេតការណ៍​ប៉ាគីស្ថាន​បារម្ភ​ខ្លាចក្រែង​ទំនាក់​ទំនង​ឥណ្ឌា-អាហ្វហ្កានីស្ថាន​ថ្មីនេះ​ ​ នឹង​មក​ជួយ​ពង្រឹង​តួនាទី​របស់​ឥណ្ឌា​កាន់តែ​ខ្លាំងឡើង​បន្ថែម​ទៀត​ក្នុងការ​ជួយ​បណ្តុះ​បណ្តាល​កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ ដែល​មាន​ភារកិច្ច​ការពារ​ប្រទេស​ក្រោយពី​កងកម្លាំង​នៃ​បក្សសម្ព័ន្ធ​អូតង់​ដកទ័ព​ចេញ​នៅ​ចុង​ឆ្នាំ២០១៤។

រីឯ​ប្រទេស​ឥណ្ឌាវិញ​ ​ ដោយ​បារម្ភ​ខ្លាចក្រែង​ពួក​តាលីបង់​វិល​ត្រឡប់​ឡើងមក​កាន់កាប់​អំណាច​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ ​ ក៏បាន​ផ្តល់​ជំនួយ​ប្រមាណ​ជាង​ពីរពាន់លាន​ដុល្លារ​ឲ្យ​ទៅ​ទីក្រុង​កាប៊ូល​។​ ទាំងនេះ​ក្នុងគោល​បំណង​ប្រយុទ្ធ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប៉ាគីស្ថាន​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។​ គួរគូស​បញ្ជាក់ថា​ ​ ទីក្រុង​អ៊ីស្លាម៉ាបាដ​ជាអ្នក​ជួយ​គាំទ្រ​ជ្រោមជ្រែង​ពួក​តាលីបង់​នៅ​ទសវត្សរ៍​១៩៩០។

សម្រាប់​អ្នកឯកទេស​ប៉ាគីស្ថាន​ជាច្រើន​ ​ កិច្ចព្រមព្រៀង​ឥណ្ឌា-អាហ្វហ្កានីស្ថាន​នេះ​ ​ នឹង​មក​បង្ក​បង្កើត​ឲ្យ​មាន​បញ្ហា​កាន់តែ​ច្រើន​រវាង​ទីក្រុង​អ៊ីស្លាម៉ាបាដ​និង​ទីក្រុង​កាប៊ូល​ ​ ហើយ​ពុំ​មែន​ជា​កត្តា​វិជ្ជមាន​សម្រាប់​ជួយ​ជំរុញ​ឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន​ឈាន​ទៅរក​វឌ្ឍនភាព​និង​សន្តិភាព​ឡើយ។

ចំណែកឯ​ពួកតាលីបង់​ឯណោះវិញ​ ​ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ពួកគេ​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅលើ​ កិច្ចព្រមព្រៀង​ឥណ្ឌា-អាហ្វហ្កានីស្ថាន​នេះ​ ​ ដោយបាន​វិនិច្ឆ័យថា​ ​ ជា​កិច្ចព្រមព្រៀង​ពុំអាច​ទទួល​យកបាន​និង​ជា​កិច្ច​ព្រមព្រៀង​ពុំស្របច្បាប់​ ​ ដោយហេតុថា​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ពុំ​ស្របច្បាប់​ ​ ជា​រដ្ឋាភិបាល​ស្ដាប់បង្គាប់​តាម​ការបញ្ជា​របស់​សហរដ្ឋ​អាមេរិក។

ឆ្លើយតប​ទៅនឹង​ប៉ាគីស្ថាន​ ​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ទីក្រុង​អ៊ីស្លាម៉ាបាដថា​ ​ បានយក​ក្រុម​ Haqqani​ ដែលជា​សាខា​មួយ​របស់​ពួក​តាលីបង់​ធ្វើជា​កងកម្លាំង​អាវុធ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។

គួរកត់​សម្គាល់ថា​ ​ ទំនាក់​ទំនង​អាមេរិក-ប៉ាគីស្ថាន​បាន​ធ្លាក់​ដល់​កម្រិត​មួយ​ដ៏​សែនទាប​ ​ ចាប់តាំង​ពី​មាន​កងកម្លាំង​យោធា​អាមេរិក​បាន​ចូល​ទៅ​បាញ់​សម្លាប់​មេដឹកនាំ​អាល់កៃដា​ Ben Laden​ នៅ​ខែ​ឧសភា​កន្លងទៅ។​ ប្រតិបត្តិការ​យោធា​អាមេរិកាំង​ចូលទៅ​បាញ់​សម្លាប់​ Ben Laden​ ជា​ឯកតោភាគី​បែបនេះ​ ​ ក៏​ពីព្រោះតែ​ទីក្រុង​វ៉ាស៊ីនតោន​យល់ឃើញថា​ ​ ទីក្រុង​អ៊ីស្លាម៉ាបាដ​ពុំ​ស្មោះត្រង់​នឹងខ្លួន​ ​ លេងល្បែង​ “ស៊ីរះ”​ ទាំងសងខាង​ ​ ទាំងខាង​អាមេរិក​ផង​ ​ ទាំងខាង​តាលីបង់​ផង។

នៅ​ពេលថ្មីៗ​នេះទៀត​ ​ ប្រទេស​ប៉ាគីស្ថាន​បាន​បដិសេធ​ពុំ​ព្រម​ធ្វើតាម​ការបញ្ជា​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ទាមទារឲ្យ​ប៉ាគីស្ថាន​មាន​ប្រតិកម្ម​ប្រឆាំងនឹង​ពួក​ Haqqani ​នៅតាម​ព្រំដែន​ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន។

ក៏​ប៉ុន្តែ​ ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ហាមីឌ​ការហ្សៃ​ ទទួល​ស្គាល់ថា​ “សន្តិភាព​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​អាចមាន​ទៅកើត​ ​ លុះត្រា​ណាតែ​មាន​កិច្ច​សម្រុះ​សម្រួល​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ផងដែរ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ