អានតួអត្ថបទ
ចិន-ទីបេ

ព្រះសង្ឃ​​ទីបេ​​បន្ត​ដុត​សម្លាប់​​ខ្លួនឯង​​

កាលពី​ថ្ងៃចន្ទ​ទី១៧​តុលា​ម្សិលមិញ​ ការដុត​សម្លាប់​ខ្លួនឯង​បានកើត​មានឡើង​ជាលើក​ទី​ប្រាំបួន​ក្នុង​ ខេត្តSichuan​ ដែល​នៅជាប់​នឹង​តំបន់​ស្វយ័ត​ទីបេ។​ ប៉ុន្តែ​ ខុសពី​ប្រាំបីលើក​មុន​ដែល​អ្នកបាន​ដុតសម្លាប់​ខ្លួនឯង​សុទ្ធសឹង​ជាព្រះសង្ឃ​ លើកនេះ​គឺជា​ដូនជី​ម្នាក់។

ដូនជី​ទីបេ​ម្នាក់​ប្រកប​ដោយ​ទឹកមុខ​ស្រងូតស្រងាត់
ដូនជី​ទីបេ​ម្នាក់​ប្រកប​ដោយ​ទឹកមុខ​ស្រងូតស្រងាត់ © Paula Bronstein/Getty Images
ផ្សាយពាណិជ្ជកម្ម

 

ដូនជី​ទីបេ​រូបនោះ​បានស្លាប់​កាលពី​ថ្ងៃចន្ទ​ទី១៧​តុលា។​ នេះគឺ​ជាការ​ដុត​សម្លាប់​ខ្លួនឯង​លើកទី​ប្រាំបួន​ហើយ​ តាំងពី​ខែមីនា​មក​នៅក្នុង​ខេត្ត​Sichuan។ អ្នកដែល​បាន​សាកល្បង​ធ្វើ​អត្តឃាត​បែបនេះ​ប្រាំបី​លើកមុន​ សុទ្ធសឹង​ជាលោកសង្ឃ​ទីបេ​ក្នុងនោះ​បីអង្គ​បាន​សុគត​ រីឯ​ប្រាំអង្គ​ទៀត​ត្រូវបាន​គេជួយ​សង្គ្រោះទាន់។

ការដុត​សម្លាប់​ខ្លួនឯង​បន្ត​បន្ទាប់​គ្នាបែបនេះ ស្តែងឲ្យ​ឃើញ​នូវ​ការរីក​រាលដាល​នៃ​ចលនា​ទីបេ​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន​នៅក្នុង​ខេត្តមួយ​ដែល​នៅជាប់​ជិត​បង្កើយ​នឹង​តំបន់​ស្វយ័ត​ទីបេ។​ «ព្រះសង្ឃ​ទីបេ​នៅ​ទីនោះ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង​ដែល​បន្ត​បំបិទ​សិទ្ធិ​សាសនា​និង​វប្បធម៌​របស់​ជនជាតិ​ទីបេ»។​ នេះ​បើយោង​ទៅតាម​សេចក្តី​ថ្លែងការណ៍​របស់​ចលនា​ Free ​Tibet​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុងដ្រឹ៍​ប្រទេស​អង់គ្លេស។

ចលនា​ Free​ Tibet​ បាន​ទាំង​អះអាងថា​ ជនជាតិ​ទីបេ​នៅ​ Sichuan​ ថែមទាំង​បាន​នាំគ្នា​អំពាវនាវ​រៀបចំ​ក្បួន​បាតុកម្ម​មួយ​នៅថ្ងៃ​ពុធ​ទី១៩​តុលា​ស្អែកនេះ​ទៀតផង។

ព្រះសង្ឃ​នៃ​វត្ត​ Kirti​ ក្នុង​ខេត្ត​Sichuan​បានផ្តើម​ធ្វើ​អត្តឃាត​ដោយ​ដុតខ្លួន​ឯង​នៅថ្ងៃទី​១៦​មីនា​កន្លង​ទៅនេះ​ដែលជា​ថ្ងៃខួប​គម្រប់​បីឆ្នាំ​នៃការ​ងើបបះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាចចិន​នៅទីក្រុង​ Lhassa។​ ម្ល៉ោះហើយ​ បានជា​អាជ្ញាធរ​ចិន​បាន​និង​កំពុង​បន្ត​ចាប់ខ្លួន​ព្រះសង្ឃ​ រាប់រយ​អង្គ​នៅទីនោះ​បញ្ជូន​ទៅកសាង។​ នេះបើ​យោង​ទៅតាម​ចលនា​ Free Tibet៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ