អានតួអត្ថបទ
ប្រេស៊ីល​-ចិន-ទីបេ

រដ្ឋាភិបាល​ប្រេស៊ីល​​មិន​ទទួល​ស្វាគមន៍​សម្តេច​សង្ឃ​ដាឡៃឡាម៉ា

សម្តេច​សង្ឃ ដាឡៃឡាម៉ា បាន​និមន្ត​ទៅ​ដល់​ក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល​ ហើយ​សម្រាប់​ទស្សនកិច្ច​បី​ថ្ងៃ ដោយ​ពាំនាំ​ទៅ​ជាមួយ​ នូវសារ​សន្តោស​ប្រណី​ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់ គឺ​គ្មាន​ឥស្សរជន​នយោបាយ​​ជាន់​ខ្ពស់​ណាម្នាក់​ក្នុង​ជួរ​​រដ្ឋាភិបាល​ ទទួល​ជួប និង​ធ្វើ​គារវកិច្ច​ ​សម្តេច​សង្ឃ​ទីបេ​ឡើយ។ ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចាំបាច់​របស់​ប្រេស៊ីល បាន​តាម​ដាន​ដំណើរ​ទស្សនកិច្ច​​របស់​សម្តេច​សង្ឃ​ ដាឡៃឡាម៉ា យ៉ាង​ប្រកៀក​ប្រកិត​បំផុត។

សម្តេច​​សង្ឃ​ ដាឡៃ ឡាម៉ា ពេល​និមន្ត​ដល់​ក្រុង​Sao Paulo ប្រទេស​ប្រេស៊ីល ថ្ងៃ​ទី​១៦​កញ្ញា ២០១១
សម្តេច​​សង្ឃ​ ដាឡៃ ឡាម៉ា ពេល​និមន្ត​ដល់​ក្រុង​Sao Paulo ប្រទេស​ប្រេស៊ីល ថ្ងៃ​ទី​១៦​កញ្ញា ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ប្រេស៊ីល មាន​ទំហំ​ធំធេង​ណាស់ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដូច្នេះ​ប្រេស៊ីល​មិន​អាច​បណ្តែត​បណ្តោយ​ឲ្យ​​​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចម្បង​របស់​ខ្លួន​ឡើយមិន​សប្បាយ​ចិត្ត ព្រោះ​ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ទេ។

 
ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ម៉ិចស៊ិក លោក​ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ទទួល​ជួប​​សម្តេច​សង្ឃ ជា​លក្ខណៈ​ឯកជន​ ជា​ហេតុ​ធ្វើ​ឲ្យ​​​ចិន​ក្រេវក្រោធ​យ៉ាង​ខ្លាំង ព្រោះមិន​ចង់​ឃើញ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​ទីបេ និង​ចាត់​ទុក​ថា​ម៉ិចស៊ិក​​ចង់​លូក​លាន់​ ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​ចិន។ ដោយ​ហេតុ​តែ​ប្រតិកម្ម​របស់​ចិន​ដូច្នេះ ទើប​​គេ​ពុំ​ឃើញ​មាន​អ្នក​ទទួល​ខុសត្រូវ​​ណា​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​ប្រេស៊ីល​ ទទួល​ជួប សម្តេច​សង្ឃ​​ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ។

ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ ក៏​​ការ​នេះ​​មិន​បាន​ធ្វើ​ឲ្យ​រំខាន​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ឡើយ។​ សម្តេច​បាន​ចាត់​ទុក​ខ្លួន​ព្រះ​អង្គ ដូច​ជាមនុស្ស​ទូទៅ​លើលោក​ទាំង​ជាង​៧ពាន់​លាន​នាក់​ដែរ។ ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ធម៌​ ឲ្យ​ពិភពលោក​ទាំង​មូល ជួប​តែ​នឹង​សេច​ក្តី​ស្រឡាញ់- ការ​អភ័យ​​ទោស​ និង​ការ​សន្តោស​ប្រណី ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ សម្តេច​ក៏​បាន​ទទួល​ឆ្លើយ​ចំពោះ​សំណួរ​ទាំង​ឡាយ​ ដែល​គ្មាន​លក្ខណៈ​​​នយោបាយ។

នៅ​ថ្ងៃសៅរ៍​នេះ ព្រះ​អង្គ​នឹង​ថ្លែង​​សុន្ទរកថា​ នៅពហុកីឡាឋាន​ កណ្តាល​ក្រុង​ សៅប៉ូឡូ  (Sao Paulo) ប៉ុន្តែ​នឹង​គ្មាន​វត្តមាន​ឥស្សរជន​ជាន់​ខ្ពស់​ប្រេស៊ីល ណា​ម្នាក់​ ហ៊ាន​​ចូល​រួម​ស្តាប់​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ