អានតួអត្ថបទ
សេដ្ឋកិច្ច-ចិន-Apec

ទីក្រុងប៉េកាំង​ទាមទារ​តួនាទី​សំខាន់​នៅក្នុង​កិច្ចការ​សេដ្ឋកិច្ច​ពិភពលោក​

នាឱកាស​ធ្វើ​អន្តរាគមន៍​នៅថ្ងៃសៅរ៍​ម្សិលមិញ​ ​ នៅជំនួប​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក​នៅទីក្រុង​ហូណូលូលូ​ ​ លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ ​បាន​ថ្លែង​អះអាងប្រាប់​អ្នកដឹកនាំ​នៃ​ប្រទេស​អាស៊ី-​ប៉ាស៊ីហ្វិក​ពី​នយោបាយ​បើកចំហ​របស់​ចិន​ឆ្ពោះ​ទៅ​រក​ការដោះដូរ​ពាណិជ្ជកម្មសេរី​ ហើយនិង​ការបន្ត​ធ្វើ​កំណែ​ទម្រង់។

លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ ​
លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ ​ © REUTERS/Herwig Prammer
ផ្សាយពាណិជ្ជកម្ម

នៅជំនួប​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ហៅកាត់ថា​ APEC ​នៅ​ទីក្រុង​ហូណូលូលូ​ ​ លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ បាន​ថ្លែង​គូសបញ្ជាក់​ប្រាប់​ថា​ ​ ប្រទេសចិន​ត្រូវមាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រេច​ទិសដៅ​នៃ​សេដ្ឋកិច្ច​ពិភពលោក។​ ហើយ​កិច្ចចរចា​ពាក់ព័ន្ធ​នឹង​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ត្រូវ​ឋិត​នៅ​ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ OMC ​។

 
ក៏​ប៉ុន្តែ​ទស្សនៈ​របស់​លោក​ ហ៊ូ ជិនតាវ​ នេះ​បាន​ប៉ះទង្គិច​នឹង​គោលជំហរ​ការពារ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​បាន​ឲ្យ​អាទិភាព​ទៅលើ​ គម្រោង​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក​ឬ​ Trans-Pacific Partnership ​(TPP)​។

លោក​ ហ៊ូ ជិនតាវ​បាន​ថ្លែង​ប្រាប់​អ្នកដឹកនាំ​សហគ្រាស​សំខាន់ៗថា​ ​ “​ប្រទេសចិន​បាន​ប្តេជ្ញាចិត្ត​ជួយ​ជំរុញ​នយោបាយ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​នៅ​តំបន់​ជុំវិញ​មហាសាគរ​ប៉ាស៊ីហ្វិក។​ ហើយ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្មសេរី​ពហុភាគី​ដែលក្នុង​នោះ​មាន​ គម្រោង​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក​ឬ​ Trans-Pacific Partnership ​(TPP)​ ​ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​គឺពិតជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​នយោបាយ​ “ការពារនិយម”​ ពោលគឺ​នយោបាយ​ការពារ​ផលិតផល​ក្នុងស្រុក​ទល់នឹង​ផលិតផល​បរទេស​ដោយ​ប្រើ​វិធានការ​ពន្ធគយ​ Le Protectionnisme ។

“​ប្រទេសចិន​នឹង​ជួយ​ធ្វើ​កំណែទម្រង់​ទៅលើ​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ​ ហើយនិង​ជួយ​បង្កើត​ឲ្យមាន​ប្រព័ន្ធ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ដែលមាន​លក្ខណៈ​យុត្តិធម៌​និង​ត្រឹមត្រូវ​ជាងនេះ”​។​ នេះ​ជា​សេចក្តី​ថ្លែង​ប្រកាស​របស់​លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ ​ ដោយ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​ “​ទីក្រុង​ប៉េកាំង​នឹង​មាន​តួនាទី​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​អន្តរជាតិ​និង​នៅក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ”​។

ចំណែកឯ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អឺរ៉ុប​វិញ​ ​ ច្បាស់ជា​បដិសេធ​ពុំព្រម​ប្រគល់​អំណាច​ឲ្យ​បាន​ធំទូលាយ​ជាងនេះ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់ៗ​ដូចជា​ប្រទេសចិន​ឡើយ។

ក៏ប៉ុន្តែ​ ការទាមទារ​របស់​ប្រទេស​ចិន​ពិតជា​ធ្វើឲ្យ​ប្រទេស​អឺរ៉ុប​មាន​ការលំបាក​នឹង​ប្រកែក​បដិសេធ​ ​ ដោយហេតុថា​ ប្រទេស​អឺរ៉ុប​កំពុង​ងាកទៅរក​ប្រទេសចិន​ដើម្បី​សុំ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​ដ៏​សែន​ធ្ងន់ធ្ងរ​របស់ខ្លួន។​ ហើយ​ម្យ៉ាងទៀត​ ​ ប្រទេស​ចិន​ក៏​ជា​ម្ចាស់បំណុល​ទីមួយ​របស់​សហរដ្ឋ​អាមេរិក​ផងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ