អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន​ត្រូវការ​ពង្រឹង​កម្លាំង​ជើងទឹក និង​យន្តហោះ​គ្មានមនុស្ស​បើក ​ដើម្បី​ការពារ​ដែន​សមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅព្រឹកថ្ងៃ​សុក្រ​ទី ២៦ កក្កដា កប៉ាល់ល្បាត​របស់​ចិន​បាន​បើក​ចូល​ទៅ​ក្បែរ​កោះ​សេនកាគូ របស់ជប៉ុន និង​ស្ថិតនៅ​ទីនោះ អស់ជាច្រើនម៉ោង មុន​នឹង​ត្រូវ​ឆ្មាំល្បាត​ជប៉ុន​បណ្តេញចេញ​ទៅវិញ។ កាលពីថ្ងៃ​ព្រហស្បតិ៍ របាយការណ៍​ក្រសួងការពារ​ជាតិ​ជប៉ុន​បាន​សរសេរ​ថា គេត្រូវការ​ពង្រឹង​កងទ័ព​ជើងទឹក និង​យន្តហោះ​គ្មានមនុស្ស​បើក Drone។

កប៉ាល់​ល្បាត​របស់​ចិន(រូបកប៉ាល់ធំ) ​អម​ដោយ​កប៉ាល់​ល្បាត និងទូកនេសាទ​របស់​ជប៉ុន នៅ​ជិតប្រជុំកោះ​សេនកាគូ​
កប៉ាល់​ល្បាត​របស់​ចិន(រូបកប៉ាល់ធំ) ​អម​ដោយ​កប៉ាល់​ល្បាត និងទូកនេសាទ​របស់​ជប៉ុន នៅ​ជិតប្រជុំកោះ​សេនកាគូ​ ©REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

កប៉ាល់​ល្បាត​របស់​ចិន​បាន​បើក​ចូល​ទៅជិត កាន់​តែ​ក្បែរ កោះ សេនកាគូ​តែម្តង គឺ​ទៅក្នុង​ដែនទឹក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ជប៉ុន។ លើកមុនៗ ចិន​បញ្ជូន​កប៉ាល់​រដ្ឋាភិបាល ឬ​ទូកនេសាទ​ចូល​ទៅក្រវែល នៅម្តុំ​ប្រជុំកោះ​សេនកាគូ គឺ​ស្ថិតនៅ​ប្រមាណ ចម្ងាយ ជាង​២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ មិន​ដែល​បាន​ចូល​ទៅជិត​កោះដែល​ខ្លួន​ទាមទារ និង​ដាក់ឈ្មោះ​ថា កោះ​ទាវយូ​ទេ។

លើកនេះ ចិន​ប្រើ​កប៉ាល់​ល្បាត​ដល់​ទៅ៤គ្រឿង​ទៅ​ចូល​សំចត​នៅក្នុង​ដែនទឹក​ជប៉ុន ដែល​នេះ​មិន​ធ្លាប់​មាន​ទេពីមុនមក ពោល​គឺ​នៅ​តែពីរថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ចិន​បាន​ប្រើ​យន្តហោះ​ចម្បាំង​ជាលើកទីមួយ ទៅ​បើក​ត្រួតពិនិត្យ (ក្នុង​ដែន​អាកាស​អន្តរជាតិ) ពី​លើ​កោះ​សេនកាគូ កាលពី​ថ្ងៃ​ពុធទី ២៤ កក្កដា។ សម្រាប់​ជប៉ុន ចិន​កំពុង​ចង់​គំរាមកំហែង​ជប៉ុន តាមរយៈ​បង្អួត បញ្ជូន​យន្តហោះ និង​កប៉ាល់ល្បាត​របស់ខ្លួន ចូល​មក​ក្នុង​ដែនទឹក​របស់​ជប៉ុន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទើប​នឹង​សម្រេច​បញ្ចូល ផ្នែកនេសាទ ពន្ធដា និង​ការដើរត្រួតពិនិត្យ​ដែនសមុទ្រ ឲ្យ​ចូលរួម​គ្នា​ក្នុង​អង្គភាព​ពិសេស​តែមួយ​ឈ្មោះ ឆ្មាំការពារ​សមុទ្រ ដែល​ឆ្មាំសមុទ្រ​លើ​កប៉ាល់ សុទ្ធ​តែ​ត្រូវ​បំពាក់​ដោយ​អាវុធគ្រប់ដៃ។ នយោបាយ​ថ្មី​របស់​ចិន ត្រូវ​បាន​គេ​មើលឃើញថា នឹង​អាច​បង្ក​ឲ្យ​មាន​ឧប្បតិ្តហេតុ នៅថ្ងៃ​ណាមួយ មិន​ខាន ដោយសារ​កប៉ាល់​ល្បាត​របស់ចិន ដែល​មាន​បំពាក់អាវុធ​នឹង​មាន​កាន់តែ​ច្រើន នៅក្នុង​តំបន់ទឹក​ដែល​មាន​ជម្លោះ ជាមួយ​​ជប៉ុន​តែម្តង។

ចិន​ដែល​ចេះ​តែ​បង្កើន​សមត្ថភាព និង​បង្ហាញ​វត្តមាន​ទ័ព​ជើងទឹក​របស់ខ្លួន នៅក្នុង​ដែនសមុទ្រ​មាន​ជម្លោះ ក៏ព្រោះ​តែ​ចិន​បាន​ឃើញ​នយោបាយ​របស់​រដ្ឋាភិបាល​ជប៉ុន​មាន​ការផ្លាស់ប្តូរ ខុសពីមុន។ ជាញឹកញយ ចិន តាមរយៈ​ទិនានុប្បវត្ត​របស់​បក្សកុម្មុយនិស្ត បាន​រិះគន់​រដ្ឋាភិបាល​ជប៉ុនថ្មី ដែល​ ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​ជាតិនិយម គឺ​លោក​Shinzo Abe​ថា ជា​រដ្ឋាភិបាល​ញុះញង់។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុងរបាយការណ៍​បណ្តោះអាសន្ន ដាក់ជូន​ទៅ​រដ្ឋាភិបាល ក្រសួង​ការពារ​ជប៉ុន បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការត្រួតពិនិត្យ និង​ពង្រឹង​អង្គភាព​ការពារ​ដែនសមុទ្រ។

ក្នុង​របាយការណ៍​បណ្តោះអាសន្ន​របស់​ក្រសួងការពារ​ជាតិ​ដែល​ត្រូវ​បញ្ចប់ នៅចុងឆ្នាំនេះ ទៅតាម​ការបញ្ជា​របស់​លោកនាយករដ្ឋមន្រ្តី​Abe ក្រសួងការពារ​ជាតិ​ជប៉ុន​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ពី​ការបំពាក់​សព្វាវុធ​ទំនើប​ថ្មីៗ ដល់​វិស័យការពារជើងទឹក ដូចជា គេ​ត្រូវការ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​តាមដាន​ត្រួតពិនិត្យ គ្រប់គ្រង​កោះ ទាំង​៦៥០០​របស់​ជប៉ុន។ រដ្ឋមន្រ្តីជប៉ុន​ទាមទារ​ផងដែរ ឲ្យ​មាន​អង្គភាព​ទ័ព​មួយ​ដែល​អាច​អន្តរាគម​បាន​ភ្លាមៗ ទាំងនៅលើ​ក្នុង​ទឹក និង​នៅលើ​ដែនគោក គឺ​ដូច​​នាវាចម្បាំង​ផ្ទុក​មនុស្ស និង​រថពាសដែក​របស់​អាមេរិក ដែល​មាន​សមត្ថភាព​អន្តរគម ទាំងក្នុងទឹក និង​នៅលើ​គោក។

កន្លងមក កាសែត​ក្នុងស្រុក​ជប៉ុន​បាន​ឲ្យ​​ដឹង​ថា ជប៉ុន​គ្រោង​បង្កើត​អង្គភាព​ពិសេស​មួយ ដែលមាន​ទាហាន ៦០០នាក់ និង​នាវា ១២គ្រឿង ដើម្បី​ការពារ​ប្រជុំកោះ​សេនកាគូ ។ លើសពីនោះ រដ្ឋាភិបាល​ក្រុង​តូក្យូ​​មាន​គម្រោង​បង្ហោះ​ផ្កាយរណប​ចំនួន ៩គ្រឿង ក្នុងរយៈពេល ៥ឆ្នាំ​ខាងមុខ ដើម្បី​​ទុក​ឃ្លាំមើល​ដែន​សមុទ្រ។

នៅក្នុង​របាយការណ៍​បណ្តោះ​អាសន្ន​ដែល​ត្រូវ​គេ​បង្ហាញ​កាលពីថ្ងៃ​ម្សិលមិញ ក្រសួងការពារជាតិ​ជប៉ុន​លើកឡើង​ផងដែរ ពី​ជម្រើស​យោធា​ថ្មី តើ​ជប៉ុន​គួរ​តែ​ពឹងផ្អែក​ទាំងស្រុង​លើ​សម្ព័ន្ធមិត្ត​អាមេរិក ដើម្បី​ធានាសន្តិសុខ​ឲ្យ​ជប៉ុន​តទៅទៀត ឬ​យ៉ាងណា? ចាប់តាំងពី​ចប់​សង្រ្គាម​លោកលើកទីពីរ អាមេរិក​និង​ជប៉ុន​បាន​ចុះ​សន្ធិសញ្ញាមួយ ដែល​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​អន្តរាគម​ជួយ​ជប៉ុន នៅពេល​ជប៉ុន​រង​ការវាយប្រហារ​ពី​ប្រទេស​ណាមួយ។

ជប៉ុន​ពេលនេះ កំពុង​ពិចារណាផងដែរ ក្នុងការទិញ​មីស៊ីល​ទំនើបៗ ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​មីស៊ីល​អន្តរទ្វីប​កូរ៉េខាងជើង។ មន្រ្តី​យោធា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា វា​ចាំបាច់ ដែលគេ​អាច​វាយប្រហារ​ទៅលើ​ទីតាំង​មីស៊ីល​របស់​សត្រូវ។ ប៉ុន្តែ ទោះជា​យ៉ាងណា មន្រ្តី​ដដែល​នោះ​បាន​បញ្ជាក់ថា ជប៉ុន​នឹង​មិនគិត​វាយប្រហារ​ទៅលើ​ទីតាំង​របស់សត្រូវ​ទេ បើសិន​ជា​ជប៉ុន​មិនរងការវាយប្រហារ​នោះ។

តាម​រដ្ឋធម្មនុញ្ញសន្តិភាព​ជប៉ុនដែល​សរសេរ​ឡើង​ដោយ​អាមេរិក កងទ័ព​ជប៉ុន​មិនអាច​វាយប្រហារ​ទៅលើ​ប្រទេស​ដទៃ​បាន​ទេ ប៉ុន្តែ យោធាជប៉ុន​មាន​សិទ្ធិ​ត្រឹម​ស្វ័យការពារ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ