អានតួអត្ថបទ
ថៃ

ថៃរៀប​ចំ​ការបោះឆ្នោត​ជាថ្មីនៅ​ថ្ងៃ​អាទិត្យនេះ

នៅថ្ងៃ​អាទិត្យទី ២ មីនា ប្រទេស​ថៃ បាន​រៀបចំ​ការបោះឆ្នោត​ឡើង នៅ​តំបន់​ណា​ដែល​បាន​ទទួល​ការរារំាង​ពីក្រុមប្រឆាំង កាលពី​ថ្ងៃ​ទី ២​កុម្ភៈ​កន្លងមក។ តាមអគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ ដំណើរការ​បោះឆ្នោត នៅថ្ងៃ​នេះ​បាន​ប្រព្រឹត្ត​ដោយ​រលូន ដោយ​គ្មាន​ការរំខាន​ពីក្រុមប្រឆាំង។  

បុរសថៃ​បោះឆ្នោត​ជាថ្មី​នៅ​ការិយាល័យ​ដែលធ្លាប់​ទទួល​ការរារាំង​ពី​ក្រុមប្រឆាំង កាលពីថ្ងៃ​ទី ២​កុម្ភៈ
បុរសថៃ​បោះឆ្នោត​ជាថ្មី​នៅ​ការិយាល័យ​ដែលធ្លាប់​ទទួល​ការរារាំង​ពី​ក្រុមប្រឆាំង កាលពីថ្ងៃ​ទី ២​កុម្ភៈ © REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

 

នៅព្រឹកថ្ងៃ​អាទិត្យ ប្រជាជន​ថៃ​មួយចំនួន បាន​ត្រលប់​ចូល​បោះឆ្នោត នៅ​តាម​ការិយាល័យ បន្ទាប់​ពីក្រុម​ប្រឆាំង បាន​រារាំង រំខាន កាលពី​អំឡុង​បោះឆ្នោត​លើកមុន។ ខុសពី​ពេលមុន នៅព្រឹកនេះ ពួកគេ​មិន​បាន​ទទួល​រារាំង​ពី​បាតុករ​ក្រុមប្រឆាំង​ទៀតទេ។ នេះ​បើ​តាម​លោក​ភូជុង នុត្រាវង្ស អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត​ថៃ។ យោងតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ គេ​បាន​រៀបចំ​បោះឆ្នោត​សាជាថ្មី នៅ​តាម​ការិយាល័យ អាក់ខាន មិន​អាច​បើកទ្វារ កាលពីថ្ងៃ​បោះឆ្នោត ទី ២​កុម្ភៈ។

នៅថ្ងៃ​ទី ២​កុម្ភៈ ចលនា​ប្រឆាំង​របស់​បាតុករ​បាន​រារាំង​ដំណើរការ​បោះឆ្នោត រហូត​ធ្វើ​ឲ្យ​មណ្ឌល​ប្រមាណ ១៨ភាគរយ នៃ​មណ្ឌល​សរុប​ជាង​៣០០​ត្រូវ​បិទទ្វារ។ គណបក្ស​ប្រឆាំង ដែល​បដិសេធ​មិនចូលរួម​នៅក្នុង​ការបោះឆ្នោត បាន​ដឹកនាំ​ក្រុម​បាតុករ​ថៃ​ឲ្យ​រារាំង​ដំណើរការ​បោះឆ្នោត។ ក្រុមប្រឆាំង​ថៃ ​មិន​ចង់​ឲ្យ​មាន​ការរើស​ថ្នាក់ដឹកនាំ​ចេញពី​ការបោះឆ្នោត ប៉ុន្តែ ពួកគេ​ចង់​ឲ្យ​ប្រទេស​ថៃ​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ប្រជាជន ជំនួស​លោកស្រី​នាយករដ្ឋមន្រ្តី។ គណបក្ស​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ត្រូវ​គេ​រំពឹង​ថា នឹង​ឈ្នះឆ្នោត ដោយមកពី​មាន​ការគំាទ្រ​ច្រើន​ពី​ប្រជាជន​ថៃភាគច្រើន ដែល​រស់នៅ​តាម​ជនបទ ជាពិសេស នៅ​ខេត្ត​ភាគខាងជើង។

យ៉ាងណាក៏ដោយ តាម​អ្នកវិភាគខ្លះ ការបោះឆ្នោត នៅថ្ងៃ​អាទិត្យ​នេះ អាច​ធ្វើ​ឲ្យ​គណបក្ស​ភឿថៃ​ឈ្នះឆ្នោត ប៉ុន្តែ ទំនង​ជា​មិន​អាច​ជួយ​បង្រ្គប់​ចំនួន​សមាជិក​សភា ដើម្បី​អាច​បោះឆ្នោត​តែងតាំង​ចេញ​ជា​នាយករដ្ឋមន្រ្តី​ទេ។ កន្លងមក បក្ស​ប្រឆាំង​មិន​ត្រឹម​តែ​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត ប៉ុន្តែ ថែម​ទាំង​បាន​រារាំង​មិន​ឲ្យ​គេ​ចុះឈ្មោះ​ធ្វើ​ជា​បេក្ខជន​តំណាងរាស្ត្រ​ទៀត។

ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ធម្មតា នៅថ្ងៃ​អាទិត្យ នៅពេល​ក្រុមបាតុករ​ប្រឆាំង​បាន​ដកខ្លួន​ចេញ​ពីជំរំ​កាន់កាប់ ដែល​ពួកគេ​បាន​បោះទីតាំង តាំង​ពី​ខែ​វិច្ឆិកា ក្នុង​​ទីក្រុង ក្នុង​គោលដៅ​ផ្តួល​អំណាច​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ។ នៅថ្ងៃ​អាទិត្យនេះ ពួកបាតុករ​បន្ត​ដើរហែក្បួន​ធម្មតា នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​បាងកក ដោយ​មិន​បង្ក​ឲ្យ​មាន​ប្រទូស្តរាយ​អ្វីទេ។ លោក​ស៊ូថេប ដែល​ជា​ប្រមុខដឹកនាំ​ក្រុម​បាតុករ​ប្រឆាំង បាន​ប្រកាស​ពីការដក​ខ្លួន លែងកាន់កាប់​ផ្លូវ​នៅក្នុង​ទីក្រុង​បាងកក​តទៅទៀត ប៉ុន្តែ លោក​បាន​សន្យា​មិន​បោះបង់​ចោល​ចលនា​តស៊ូ​ប្រឆាំងទេ។ គេរំពឹង​ថា ការចរចា​រវាង​ភាគី​ជម្លោះ​ទាំងពីរ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​សប្តាហ៍ក្រោយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ