អានតួអត្ថបទ
ថៃ

វិបត្តិ​នយោបាយថៃ ៖ស្ថានភាព​ធូរស្បើយ ប៉ុន្តែ​មិនមែន​ជា​ការបញ្ចប់​វិបត្តិ

សកម្មជន​ថៃ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​បាតុកម្ម​តាំង​ពី​ជិត​បួន​ខែ​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ បាន​ប្រកាស​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ក្រុង​បាងកក​ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ៣​ មីនាទៅ។ រនាំង ជំរំ​កាន់កាប់​ តាម​ចំណុច​ផ្លូវ​បំបែក​សំខាន់​ក្នុង​ក្រុង​នឹង​ត្រូវ​រុះរើ​ចេញទាំង​អស់​វិញ ដោយ​រក្សា​ទុក​ជំរំ​នៅ​ក្នុង​ឧទ្យាន​លុមពិនី​ មួយ​ប៉ុណ្ណោះ។ ក្នុង​ខណៈ​ដែល​​​វិបត្តិ​នយោបាយ​​​ហាក់​បាន​ធូរ​ស្រាល​មួយ​កំរិត សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​បើក​អង្កេត​រក​មុខ​អ្នក​បង្ក​​អំពើហិង្សា។

លោក Suthep Taugsuban មេ​ដឹកនាំ​បក្សប្រឆាំង​ថៃ ប្រកាស​លើកការ​បិទ​ខ្ទប់​ក្រុង​បាងកក នៅ​ថ្ងៃទី ២៨ កុម្ភៈ ២០១៤
លោក Suthep Taugsuban មេ​ដឹកនាំ​បក្សប្រឆាំង​ថៃ ប្រកាស​លើកការ​បិទ​ខ្ទប់​ក្រុង​បាងកក នៅ​ថ្ងៃទី ២៨ កុម្ភៈ ២០១៤ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក បាន​បង្ខំ​ឱ្យអាជ្ញាធរ​ថៃ បើក​អង្កេត ដើម្បី​បំភ្លឺ​​ឱ្យ​ឆាប់​រហ័សទំនួល​ខុស​ត្រូវ​ក្នុង​​អំពើ​ហិង្សា​។ អំពើ​ហិង្សា​ដែល មាន​បង្កប់​លាយ​លំ​ដោយ​មូលហេតុ​នយោបាយ ​បាន​ផ្តាច់​ជិវិត​មនុស្ស ២៣​នាក់ និង​របួស​ជា​ច្រើន​នាក់​ និង​មិន​មែន​ជា​មធ្យោបាយ​សម​ស្រប​សម្រាប់​សម្តែង​អំពី​ភាព​ខុសគ្នា​ផ្នែក​នយោបាយ​ឡើយ។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​​​សហរដ្ឋ​អាមេរិក។

សូម​បញ្ជាក់​ថា សេចក្តី​អំពាវនាវ​របស់​អាមេរិក​នេះ ធ្លាក់​មក​ជួន​ចំពេល ដែល​បាតុករ​ថៃ ត្រៀម​នឹង​រុះ​រើ បោះបង់​​ជំរំ ដក​ខ្លួន​ចេញ​ លែង​ធ្វើ​រនាំង​បិទ​ខ្ទប់​ក្រុង​បាងកក តាម​រយៈ​​សេចក្តី​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត ! នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ របស់​លោក ស៊ូថេប ថងស៊ូបាន ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​និង​ចលនា​បាតុកម្មតាំង​ពី​ជាង​បួន​ខែ​មក។

បញ្ចប់​ប្រតិបត្តិការ​​បិទ​ខ្ទប់​រាជធានី​ក្រោម​ហេតុ​ផល​ជា​ផ្លូវការ​ គឺ​ដើម្បី​សម្រួល​ចរាចរណ៍​ ប៉ុន្តែ​បើ​គេ​សង្កេត​ជា​ទូទៅឃើញ​ថា សកម្មភាព​បាតុករ​ បាន​ធ្លាក់​ចុះជា​លំដាប់​ បន្ទាប់​ពី​មាន​ការ​បាញ់ គប់​គ្រាប់​បែក​ទៅ​លើ​ជំរំ​​​​គ្មាន​ម​នុស្ស​ស្នាក់​នៅពេល​ថ្ងៃ​ នៅ​តែ​ពេល​យប់។ ម្យ៉ាង​ទៀត​ ទំនង​ជាអាច​មាន​ការ​ចរចា​រវាង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល និង​លោក​ស៊ូថេប ប្រមុខ​បក្ស​ប្រឆាំង ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​នេះ។

បញ្ឈប់​ការ​បិទ​ខ្ទប់​​ក្រុង​បាងកក​ ជា​ក្តីសង្ឃឹម​ថ្មី​សម្រាប់​បិទ​បញ្ចប់​អំពើ​ហិង្សា ប៉ុន្តែ​ដំបៅ​នយោបាយ​មិន​ប្រាកដ​ថា​អាច​ជា និង​ដោះស្រាយ​ចេញ​រួច​ទេ ព្រោះ​បក្ស​ប្រឆាំង​ អ្នក​ជាតិនិយម​បំផុត​ មិន​បោះបង់​គំនិត​ផ្តួល​ត្រកូល​ថាក់ស៊ីនឡើយ។ លោកស៊ូថេប ក្រោយ​ពី មិន​សម្រេច​ផែនការ​តាម​រយៈ​ចលនា​បះបោរ​ប្រជាជន និង​រដ្ឋប្រហារ​យោធា ​ កំពុង​រក​យុទ្ធសាស្ត្រ​ថ្មី។ រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់ មាន​លក្ខណៈ​ផុយស្រួយ​ដដែល ដោយ​ត្រូវ​ប្រឈម​មុខ​នឹងតុលាការ។ សេចក្តី សម្រេច​នឹង​ត្រូវ​ធ្លាក់​មក​នៅ​ខែ​មីនា នេះ អាច​នឹង​ធ្វើ​ឱ្យ​លោកស្រី​យីងឡាក់ បាត់បង់​អំណាច និង​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ទៅ​៥​ឆ្នាំ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ