អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិ​ជោគជ័យ​នៃ​ក្រុមហ៊ុន ​AirAsia ​នៅ​មុន​ពេល​ជួប​ហេតុការណ៍​ធ្លាក់​យន្តហោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia កំពុង​ក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍​​ដ៏ធំមួយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន នៅ​ក្រោយ​ពេល​ដែល​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់ កាល​ពី​ថ្ងៃអាទិត្យ នៅ​ក្នុង​ពេល​ហោះហើរ​ចេញ​ពី​ឥណ្ឌូណេស៊ី ឆ្ពោះ​ទៅ​កាន់​សិង្ហបុរី។ ក៏ប៉ុន្តែ មកទល់​នឹង​ពេល​​​មាន​ហេតុការណ៍​នេះ ក្រុមហ៊ុន AirAsia ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ប្រកប​ដោយ​ជោគជ័យ​បំផុត​មួយ នៅ​ក្នុង​តំបន់​អាស៊ី។

យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia
យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia REUTERS/Enny Nuraheni/Files
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន AirAsia ថ្វីដ្បិត​តែ​មិនសូវ​មាន​គេ​ស្គាល់​ច្រើន ដូចក្រុមហ៊ុន​​អាកាសចរណ៍​ជាតិ​ផ្សេងទៀត​ តែ​តាមពិត គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ធំ និងប្រកប​ដោយ​ជោគជ័យ​មួយ នៅ​ក្នុង​តំបន់​អាស៊ី។ ក្រុមហ៊ុន AirAsia ត្រូវ​បាន​​គេ​ចាត់ទុក​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប (Low-Cost Airlines) ដ៏ល្អ​បំផុត នៅ​លើ​ពិភពលោក នៅ​ក្នុងរយៈពេល ៦ឆ្នាំ​ជាប់ៗគ្នា ចាប់តាំង​ពី​ឆ្នាំ​២០០៩ រហូតមកទល់​នឹង​ឆ្នាំ​២០១៤​នេះ។

ក៏ប៉ុន្តែ ក្រុមហ៊ុន​អាកាសចរណ៍​ប្រកប​ដោយ​ជោគជ័យ​មួយ​នេះ កាលពីមុន​ ធ្លាប់​​ជា​ក្រុមហ៊ុន​ដែល​ទទួល​បរាជ័យ​រហូត​ហៀបតែ​នឹង​ត្រូវ​ក្ស័យធន។ ដំណើររឿងជោគជ័យ​របស់​ AirAsia បាន​ចាប់ផ្តើមឡើង កាល​ពី​ឆ្នាំ​២០០១ នៅ​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ហៀបនឹង​ក្ស័យធន​មួយ​នេះ​ត្រូវ​បាន​​អ្នកជំនួញ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ​ថា Tony Fernandes ទិញ​យក​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី។ នៅ​ពេលនោះ លោក Tony Fernandes  ​បាន​ចំណាយលុយ​តែ ២៥សេន​​ប៉ុណ្ណោះ ដើម្បី​ទិញយក​ក្រុមហ៊ុន AirAsia ​ដែល​មាន​យន្តហោះ​កញ្ចាស់ៗ​ ២គ្រឿង ហើយ​មាន​ជាប់​ជំពាក់​បំណុលគេ​រហូតដល់​ទៅ​ជាង ១០លាន​ដុល្លារ។

នៅ​ពេលនោះ ថ្វីដ្បិត​តែ​ទីផ្សារ​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក​កំពុង​រំជើបរំជួល ដោយសារ​ហេតុការណ៍​ភេរវកម្ម ១១កញ្ញា តែ​លោក Tony Fernandes មាន​ចក្ខុវិស័យ​មួយថា អនាគត​នៃ​ទីផ្សារ​អាកាសចរណ៍ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី ពីព្រោះ អាស៊ី គឺ​ជា​តំបន់​ដែល​មាន​ប្រជាជន​ច្រើន ហើយ​ជាមួយ​នឹង​​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជា​រៀងរាល់ឆ្នាំ អ្នក​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ក៏​នឹង​មាន​ចំនួន​កើនឡើង ដែល​បង្កើត​ទៅ​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​មួយ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍។

សម្រាប់​លោក Tony Fernandes យុទ្ធសាស្រ្ត​គោល ក្នុងការ​អភិវឌ្ឍ​មុខជំនួញ​របស់​ក្រុមហ៊ុន AirAsia គឺ​ការ​បង្កើត​ជា​ក្រុមហ៊ុន​អាកាសចរណ៍​​ដែល​លក់​សំបុត្រ​ក្នុង​តម្លៃ​ទាប (Low-Cost) ដើម្បី​ទាញ​យក​អតិថិជន​ពីរប្រភេទ។ ទីមួយ គឺ​អតិថិជន ដែល​​គ្រាន់តែ​ចង់​ធ្វើ​ដំណើរ​ពី​ទីក្រុងមួយ​ទៅក្រុង​មួយ​ទៀត ឬ​ពីប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត ដោយ​ចំណាយ​ពេល​តិច និង​ក្នុង​តម្លៃ​សមរម្យ ដោយ​មិន​ទាមទារ​ចង់​បាន​​​សេវាកម្ម​ល្អប្រណីត។ ទីពីរ គឺ​​​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម ហើយ​ដែល​​កាលពីមុន​ មិនធ្លាប់​ធ្វើ​ដំណើរ​តាម​យន្តហោះ ដោយសារ​តែ​មិនមាន​លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ ដែល​មាន​តម្លៃ​ថ្លៃ។

ជាមួយ​នឹង​ពាក្យស្លោក “Now Everyone Can Fly” ដែល​មានន័យថា “ឥឡូវនេះ​អ្នកណា​ក៏​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះបាន” ក្រុមហ៊ុន AirAsia លក់​សំបុត្រ​យន្តហោះ​ក្នុងតម្លៃ​​គិតជា​មធ្យម​តែ​ប្រមាណ​ជា ៥០ដុល្លារតែ​ប៉ុណ្ណោះ។ ការលក់​សំបុត្រ​ក្នុង​តម្លៃ​ថោក​នេះ​​​បាន​ធ្វើ​ឲ្យ​ AirAsia ​អាច​ទាក់ទាញ​អតិថិជន​បាន​កាន់តែច្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​បូករួម​ជាមួយ​នឹង​ការ​ប្រើប្រាស់​យន្តហោះ​ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​មិន​ទុក​ឲ្យ​យន្តហោះ​ទំនេរ​នៅ​ដី​ក្នុងរយៈពេល​យូរ ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ហៀប​នឹង​ក្ស័យ​ធន​មួយ​នេះ ក៏​ចាប់ផ្តើម​រក​ប្រាក់​ចំណេញ​​បាន​ នៅ​ឆ្នាំ​២០០២ ពោលគឺ តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ពី​លោក Tony Fernandes ទិញ​យក​ពី​រដ្ឋម៉ាឡេស៊ី។

បន្តិចម្តងៗ AirAsia ក៏​បាន​ពង្រីក​ផ្លូវ​ហោះហើរ រហូត​ដល់​បច្ចុប្បន្ន​នេះ​ AirAsia មាន​​​​ទិសដៅ​​ហោះហើរ​​ចំនួន ១២១ ក្នុងនោះ ក៏​មាន​ការហោះហើរ​ទៅកាន់​សៀមរាប​ប្រទេស​កម្ពុជា​ផងដែរ។ កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ AirAsia ដឹកអ្នក​ដំណើរ​សរុប​ចំនួន​ប្រមាណ​ជា ៨លាន​នាក់ ហើយ​​រក​ប្រាក់​ចំណូល​​បាន​រហូតដល់​ទៅ​ជាង ១០០លាន​ដុល្លារ​អាមេរិក។

ក្រៅពី​ក្រុមហ៊ុន​មេ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី AirAsia ក៏​មាន​សាខា​ជាច្រើន​ផងដែរ នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ នៅ​អាស៊ី ដូចជា នៅ​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ឥណ្ឌា ជាដើម ហើយ​យន្តហោះ​ដែល​ធ្លាក់ កាល​ពីថ្ងៃ​អាទិត្យ គឺ​ជា​ជើងហោះហើរ​របស់​សាខា AirAsia នៅ​ឥណ្ឌូណេស៊ី។

នៅ​មុនពេល​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ ក្រុមហ៊ុន AirAsia ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​​ជា​ក្រុមហ៊ុន​ ដែល​មាន​ប្រវត្តិ​​សុវត្ថិភាព​ល្អ និងមាន​យន្តហោះ​ថ្មីៗ ដែល​សុទ្ធតែ​ជា​យន្តហោះ​របស់​ក្រុមហ៊ុន Airbus។

តាមពិត ក្រុមហ៊ុន AirAsia គឺ​​ជា​អតិថិជន​ដ៏ធំបំផុត​​របស់​ក្រុមហ៊ុន Airbus ដោយ​​គិតចាប់តាំង​ពី​ឆ្នាំ​២០០២មក បានបញ្ជា​ទិញ​យន្តហោះ Airbus រហូត​ដល់​ទៅ​ជិត ៥០០​​គ្រឿង។ ការបញ្ជាទិញ​ដ៏ធំ​ចុងក្រោយ ត្រូវ​បាន​ធ្វើ​ កាល​ពី​ពាក់កណ្តាល​ខែធ្នូ កន្លងទៅថ្មីៗ​នេះ គឺ​ការ​បញ្ជាទិញ​យន្តហោះ​ធុន A330 ចំនួន ៥៥គ្រឿង ដែល​មាន​តម្លៃ​សរុប​ ១៥ពាន់លាន​ដុល្លារ។ យន្តហោះ​ដែល​ធ្លាក់​ កាល​ពីថ្ងៃ​អាទិត្យ គឺ​ជា​យន្តហោះ​ Airbus ធុន A320៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ