អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បំណែក​យន្តហោះ​AirAsia ​និង​សាកសព​ ត្រូវ​បាន​រក​ឃើញ​ក្នុង​សមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​AirAsia ដែល​ដឹក​មនុស្ស​១៦២​នាក់ ​ហើយ​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨​ ធ្នូ ​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី ​ផ្តល់​ព័ត៌មាន​ថា​ ពួក​គេ​បាន​រក​ឃើញ ​បំណែក​របស់​យន្តហោះ​នេះ ​ដែល​អណ្តែត​ក្នុង​សមុទ្រ នៅ​ម្តុំ​ចន្លោះ​កោះ​ប័រណេអូ ​និង​កោះ​ស៊ូម៉ាត្រា។ ក្រុម​អ្នក​រុករក ក៏​បាន​ប្រទះ​ឃើញ សាកសព​មនុស្ស អណ្តែត​ផង​ដែរ។

ក្រុមរុករក​​ កំពុង​តែមើល ផែនទីតំបន់ដែលយន្តហោះ អាចធ្លាក់ នៅម្តុំ​កោះ បាតាំ ក្នុង​សមុទ្រ​ហ្សាវ៉ា
ក្រុមរុករក​​ កំពុង​តែមើល ផែនទីតំបន់ដែលយន្តហោះ អាចធ្លាក់ នៅម្តុំ​កោះ បាតាំ ក្នុង​សមុទ្រ​ហ្សាវ៉ា Reuters/路透社
ផ្សាយពាណិជ្ជកម្ម

បំណែក​យន្តហោះ និង​សាកសព​មនុស្ស​ជាង​៤០ ត្រូវ​បាន​រកឃើញ៖

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ ដែល​ជា​ក្រុម​រករក​យន្តហោះ​ ដែល​បាន​ជួប​គ្រោះថា្នក់ ​បាន​ផ្តល់​ដំណឹង​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។ លោក អគ្គនាយក​អាកាសចរ​ស៊ីវិល​ របស់​ឥណ្ឌូនេស៊ី បាន​រៀបចំ​សន្និសីទ​កាសែត​មួយ ដើម្បី​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ លោក​បាន​និយាយ​ថា នៅ​ម៉ោង​ប្រមាណ​ជា ១-៣០​នាទី រសៀស ​ក្រុម​អ្នក​រុករក បាន​ប្រទះ​ឃើញ​ វត្ថុ​មួយ​ចំនួន​ អណ្តែត​លើ​ទឹក​សមុទ្រ​​​ព្រម​ទាំង​មាន​វត្ថុ​មួយ​ទៀត ​ដែល​ទំនង​ប្រហែល​ជា​សាកសព​មនុស្ស ដែល​អណ្តែត។

ក្រោយ​មក​បន្តិច អាជ្ញាធរ​បាន​ចេញ មក​បញ្ជាក់​ម្តង​ទៀត​ថា វត្ថុ​ដែល​អណ្តែត​ លើ​ទឹក​សមុទ្រ​នោះ ពិត​ជា​សាកសព​មនុស្ស​មែន តែ​ថា​ជា​សាកសព​ របស់​អ្នក​ជិះ​យន្តហោះ​មែន រឺ​មិន​មែន គេ​មិន​ទាន់​អាច​និយាយ​បាន​ទេ។ ទូរទស្សន៍ ឥណ្ឌូនេស៊ី​ ក៏​បាន​ផ្សាយ​រូបភាព សាកសព​មនុស្ស អណ្តែត​ក្នុង​ទឹក​សមុទ្រ ផង​ដែរ។ អាជ្ញាធរ ក៏​បាន​បញ្ជាក់​ទៀត​ថា បំណែក​វត្ថុ​ផ្សេងទៀត​ ដែល​គេ​រកឃើញ​អណ្តែត អាច​ជា ទ្វារ​យន្តហោះ អាវ​ពោង ជើងទម្រ​ដាក់​ឥវ៉ាន់​អ្នក​ដំណើរ និង​កញ្ចប់​ស្ពាន​ពោង​ខ្យល់​ របស់​យន្តហោះ។ យន្តហោះ​ស៊ើប​ការណ៍ ដែល​ហោះ​ស្រាវជ្រាវ​រក​ដាន​យន្តហោះ ក៏​បាន​ឃើញ​ ស្រមោល​ក្នុង​បាត​​សមុទ្រ ដែល​មាន​ទ្រង់ទ្រាយ​ ស្រដៀង​នឹង យន្តហោះ​ដែរ។

សូម​បញ្ជាក់​ផង​ដែរ ថា​ដោយ​ផ្អែក​ទៅ​លើ​រយៈពេល​ហោះហើរ​របស់​យន្តហោះ ​មុន​ពេល​ជួប​គ្រោះថ្នាក់ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ​យន្តហោះ​អាច​ធ្លាក់​ក្នុង​សមុទ្រ​ហ្សាវ៉ា ​នៅ​ចន្លោះ​កោះ​ប័រណេអូ និង​កោះ​ស៊ូម៉ាត្រា របស់​ឥណ្ឌូនេស៊ី។ ពេល​នេះ ​ក្រុម​អ្នក​រុករក​ បាន​ពង្រីក ផ្ទែ​ក្រឡា​នៃ​តំបន់​ដែល​ត្រូវ​រុករក ​ព្រោះ​ថា រលក និង​ខ្យល់ អាច​បោកបក់​សំណាត់ ទៅ​ទី​ឆ្ងាយៗ ដាច់​ពី​គ្នា។

សហរដ្ឋ​អាមេរិក ​ក៏​បាន​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង ទៅជួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ​ក្នុង​ការ​ស្វែងរក​ក្នុង​សមុទ្រ។ ដូច​គ្នា​ដែរ អូស្រា្តលី  សឹង្ហបុរី ម៉ាឡេស៊ី ​បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ ជា​ច្រើន​គ្រឿង ដើម្បី​សហការ​ជាមួយ​ឥណ្ឌូនេស៊ី ​ក្នុង​ការ​ស្វែងរក បំណែក​យន្តហោះ និង​សាកសព​មនុស្ស។

តាម​ព័តមាន​ចុងក្រោយ ​ដែល​យើង​ទើប ទទួល​បាន​ពី​ភ្នាក់ងារ​ ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា ទាហាន​ជើងទឹក ឥណ្ឌូនេស៊ី​ ទើប​តែ​បាន ស្រង់​សាកសព​មនុស្ស ចំនូន​ជាង​៤០ ចេញ​ពី​ទឹក​សមុទ្រ។ ដូច្នេះ វា​គ្មាន​អ្វី​ គួរឲ្យ​សង្ស័យ​ទៀត​ទេ ថា​យន្តហោះ​ ពិត​ជា​បាន​ធ្លាក់​​ ចូល​ទៅ​ក្នុង​សមុទ្រ​ហ្សាវ៉ា​ ប្រាកដ​មែន 

ឥណ្ឌូនេស៊ី​ដឹកនាំ​ការ​ស៊ើបអង្កេត ទាំង​ខ្វះ​មុខ​ខ្វះ​ក្រោយ៖
តាម​ធម្មតា គ្រោះថ្នាក់​កើតឡើង​នៅ​ប្រទេស​ណា ប្រទេស​នោះ​ ជា​អ្នក​មាន​ទួនាទី ក្នុង​ការ​ស៊ើបអង្កេត ស្វែងរក​មូលហេតុ​នៃ​ការ​ធ្លាក់ តាំង​ពី​ដើម​ដល់​ចប់។ ក្នុង​ករណី​នេះ គ្រោះថ្នាក់​បាន​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដូចនេះ គឺ​ឥណ្ឌូនេស៊ី ដែល​ជា​អ្នក​មាន​ទួនាទី​ស៊ើប​អង្កេត។ ប៉ុន្តែ ម៉ូនីកា គេ​អាច​ប្រគល់ ការ​សហការ​ក្នុង​ការ​ស៊ើបអង្កេត​ ទៅ​ឲ្យ ប្រទេស​ផ្សេង​ទៀត​ដែរ ដូចជា​ប្រទេស​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ប្រទេស​អ្នក​​ផលិត​យន្តហោះ​ ដែល​ធ្លាក់​ផ្ទាល់​តែ​ម្តង។ ដូចគ្នា​ដែរ ប្រទេស​ដែល​មាន​ប្រជាជន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ក៏​អាច​ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត​ដែរ។

យើង​ដឹង​ហើយ​ថា យន្តហោះ​នេះ ជា​ប្រភេទ​យន្តហោះ Airbus-A320 ដែល​ផលិត​ដោយ ក្រុមហ៊ុន​Airbus របស់ បារាំង។ ដូចនេះ បារាំង​អាច​បញ្ជូន​ អ្នក​ជំនាញ​របស់​គេ ទៅ​ចូលរួម​សហការ​ក្នុង​ការ​ស៊ើបអង្កេត។ និយាយ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ វិញ តាម​ពិត​ទៅ​ក្រុមហ៊ុន​AirAsia គឺ​ជា​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជីរ​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏​ពិត​មែន ប៉ុន្តែ​យន្តហោះ​ដែល​បាន​ធ្លាក់ មិន​មែន​ជា​របស់​ក្រុមហ៊ុន​AirAsia ម៉ាឡេ​ទេ តែ​ជា​ របស់​សាខា​មួយ​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​ចុះ​បញ្ជីរ​ នៅ​ឥណ្ឌូនេស៊ី។ ចំណែក​អ្នក​ដំណើរ​ដែល​នៅ​លើ​យន្តហោះ​វិញ ភាគច្រើន​ ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី ទាំង​អស់។ ក្រៅ​ពី​នោះ មាន​កូរ៉េ​ម្នាក់ ម៉ាឡេស៊ី ៣​នាក់ អង់គ្លេស​ម្នាក់ និង​បារាំង​ម្នាក់ ប៉ុណ្ណោះ។

ដូច្នេះ យើង​ឃើញ​ថា ឥណ្ឌូនេស៊ី សឹងតែ​ត្រូវ​ រ៉ាប់រង​ការ​ស៊ើបអង្កេត​តែ​ឯង បើសិន​ជា​ប្រទេស​ពាក់ព័ន្ធ​ដ៏ទៃ​ទៀត គេ​មិន​មក​ សុំ​ចូល​រួម​សហការ​ទេ។ ប៉ុន្តែ ម៉ូនីកា ឥណ្ឌូនេស៊ី ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ខ្លួន​គ្មាន​លទ្ធភាព និង​សម្ភារៈ​ទំនើបៗ ឯណា ឲ្យ​បាន គ្រប់គ្រាន់​សម្រាប់​ការ​ស្រាវជ្រាវ​ រក​ ប្រអប់​ខ្មៅ នៅ​ក្នុង​បាត​សមុទ្រ​ទេ។ ឥណ្ឌូនេស៊ី អាច​នឹង​ជួប​ការ​លំបាក បើ​សិន​ជា​គ្មាន​ជំនួយ​ពី​គេឯង។

អាកាសធាតុ​អាក្រក់ អាច​ជា​មូលហេតុ​ធ្វើឲ្យ​យន្តហោះ​ធ្លាក់៖
មូលហេតុ ​អាច​មាន​ច្រើន គួប​ផ្សំគ្នា ដែល​យើង​មិន​ទាន់​អាច​ស្មាន​បាន​ទេ ក្នុង​ពេល​នេះ ដ៏រាប​ណា​គេ​មិនទាន់​រក​ប្រអប់ខ្មៅ​ របស់​យន្តហោះ​ឃើញ។ មាន​តែ​ប្រអប់​ខ្មៅ​ទេ ដែល​អាច​ឲ្យ​យើង​សន្និដ្ឋាន​បាន ព្រោះ​វា​បាន​កត់​ទុក​ នូវ​ទិន្នន័យ​ហោះហើរ​ របស់​យន្តហោះ​ទាំង​ស្រុង ព្រមទាំង​ការ​ឆ្លើយឆ្លង​គ្នា​របស់​អ្នក​បើកបរ ជាមួយ​ក្រុម​ការងារ​​លើ​យន្តហោះ។

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី គ្រាន់​តែ​បាន​ប្រាប់​ឲ្យ​ដឹង​ត្រួសៗ ពី​ការ​ឆ្លើយឆ្លង​គ្នា រវាង​អាកាសយានិក និង​អ្នក​ត្រួត​ពិនិត្យ​ការ​ហោះហើរ​ ប្រចាំការ​នៅ​ព្រលាន​យន្តហោះ​ស៊ូរ៉ាបាយ៉ា។ អាជ្ញាធរ​ប្រាប់​ថា មុន​ពេល​ចេញ​ដំណើរ​បន្តិច អាកាសយានិក បាន​ស្នើសុំ ហោះ​ឲ្យ​បាន​ខ្ពស់ លើស​ពី​កំពស់​ដែល​បាន​គ្រោង​ទុក ដើម្បី​ចៀស​ពី​ផ្លូវ​ដែល​មាន​ខ្យល់ និង​ព្យុះ​ខ្លាំង។ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ ត្រូវ​បាន​បដិសេធ ដោយសារ​ផ្លូវ​ហោះហើរ ខាង​លើ មាន​លក្ខណៈ​ចង្អៀត ព្រោះ​មាន​យន្តហោះ​ច្រើន​ពេក​ ក្នុង​ពេល​នោះ។

បន្ទាប់​មក​ទៀត ពេល​កំពុង​ហោះហើរ អាកាសយានិក បាន​ស្នើសុំ​ បត់​ទៅ​ខាង​ឆ្វេង​បន្តិច ដើម្បី​គេច ម្តុំ​ដែល​មាន​សម្ពាធ​ខ្លាំង។ ការ​ស្នើសុំ​នេះ ក៏​ត្រូវ​បាន​អ្នក​ត្រូត​ពិនិត្យ នៅ​ខាងក្រោម​ យល់​ព្រម។ ប៉ុន្មាន​នាទី​ក្រោយ​មក​ អ្នក​បើកបរ​ បាន​សុំ​ហោះឡើង​ទៅ​ខ្ពស់​ម្តង​ទៀត ប៉ុន្តែ អ្នក​បញ្ជា​ខាង​ក្រោម មិន​ព្រម ដោយសារ​ខាង​លើ កំពុង​មាន​យន្តហោះ​ ហោះ​កាត់។ បី​នាទី​ក្រោយ​មក អ្នក​បញ្ជា​ខាងក្រោម​ រៀប​នឹង​ឲ្យ​សញ្ញា ថា​ព្រម​ឲ្យ​ហោះ​ទៅ​ខាង​លើ​បាន ប៉ុន្តែ​យន្តហោះ​ បាន​បាត់​ចេញ​ពី​រ៉ាដា លែង​ឲ្យ​សញ្ញា​អ្វី​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ